អត្ថបទទើបផ្សាយចេញ

ប្រវត្តិ ឧកញាក្រឡាហោមគង់

ប្រវត្តិ ឧកញាក្រឡាហោមគង់


ponlork library





ក្រឡាហោម "គង់"

មហាវិរបុរសខ្មែរ ឆ្នាំ(១៨៨៥ ដល់ ៨៦)

==========================


ប្រិយមិត្រ អ្នកអាន ជាទីមេត្រី !.
ដោយមានបំណងចង់ស្វែងរកប្រវត្តិលោក ឧកញ៉ាក្រឡាហោមគង់ ដែលដឹកនាំការបះបោរវាយបារាំងនៅទូទាំងប្រទេស ចន្លោះឆ្នាំ១៨៨៤ ដល់ឆ្នាំ១៨៨៦ នោះ ខ្ញុំបាទបានឃើញ គោរមងារ ”ឧកញ៉ាក្រឡាហោម” នេះតាមរយៈឯកសារប្រវត្តិសាស្ត្រជាច្រើន។ ប៉ុន្តែ មិនបានឃើញឯកសារណាមួយ និយាយអំពីប្រវត្តិលោក ឧកញ៉ាក្រឡាហោមគង់ ឡើយ។ 

បើយោង លើសៀវភៅប្រវត្តិសាស្ត្រមហាបុរសខ្មែរ របស់លោក អេង សុត បានបញ្ជាក់ថា «នៅឆ្នាំវក សំរឹទ្ធិស័ក គ.ស. ១៨៤៨ “ព្រះបាទ អង្គដួង” បានចាត់លោក “ឧកញ៉ាក្រឡាហោម ប៉ុក” និង “ឧកញ៉ាចក្រី មាស” ឲ្យយកព្រះរាជសារ និងបណ្ណាការទៅស្រុកសៀម ក្រាបបង្គុំទូលព្រះចៅសៀម ព្រះបាទព្រះណាំងក្លាវ..» នោះ ឃើញថា មានគោរមងារ"ឧកញ៉ាក្រឡាហោ ប៉ុក" ដែលយើងមិនដឹងថាគាត់ ទលដំណែងនេះដល់ឆ្នាំណាឡើយ។ ការបាត់ព័ត៌មាននៃគោរមងារ “ឧកញ៉ាក្រឡាហោម” តាំងពីឆ្នាំ ១៨៤៨ បន្តរហូតដល់ឆ្នាំ ១៩០៨ (៦០ឆ្នាំ) ទើបឃើញមានការតែងតាំង លោក សឺន ឌៀប ជា “ឧកញ៉ាក្រឡាហោម ឌៀប” ក្នុងរាជព្រះបាទ ស៊ីសុវត្ថិ ទៅវុញ។ 
ចន្លោះនេះ ហាក់ដូចជាបាត់ “ងារឧកញ៉ាក្រឡាហោម” នេះ ឈឹងតែម្តង ដែលយើងសង្ស័យថា នឹងមានលោក “ឧកញ៉ាក្រឡាហោម គង់” ទទួលបានងារនេះ នៅចន្លោះឆ្នាំនោះ។

ម្យ៉ាងទៀត គ្មាននរណាស្គាល់ឈ្មោះពិត របស់មហាបុរសខ្មែរ ក្រឡាហោមគង់ ទេ និងមិនដឹងថាលោកកើតនៅឆ្នាំណាឡើយដែរ។ 
គេស្គាល់តែឈ្មោះ គោរមងារជាមេទ័ព ក្រឡាហោម(១) គង់ ដោយសារល្បីថារៀនរបៀន"ស្បែកគង់" (កាប់មិនមុតដុតមិនឆេះ)។ មានទឹកចិត្តក្លាហានក្រៃលែង ធ្លាប់បានទទួល ការគាំទ្រ ពីព្រះបាទនរោត្តម ពីប្រជាកសិករទូទាំងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ និង ពីព្រះសង្ឃខ្មែរ ដែលតែងតែហៅគាត់ថាជា ឧកញ៉ា(២) ក្រឡាហោមគង់ៗ រៀងមក។

នៅអំឡុងឆ្នាំ ១៨៨៥ ដល់ ១៨៨៦ ឧកញ៉ាក្រឡាហោម"គង់" និង ឧកញ៉ាវិស្ណុលោក"ឈូក" ជាមេទ័ពជើងទឹក និងជាស្តេចត្រាញ់ កាន់កាប់ការពារ ទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំ ចលនាបះបោរមួយ ក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះ ប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមន៍បារាំង និង រំដោះខែត្រខ្មែរ នៅកម្ពុជាក្រោម ពីកិច្ចសន្យារបស់បារាំង ដែលនឹងសន្យាប្រគល់ទឹកដីខ្មែរក្រោម ទៅអោយយួនកាន់កាប់ (តាមឯកសារបណ្ឌិត ឃីង ហុកឌី)។ 


នៅឆ្នាំ១៨៨៦ បារាំងនិងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោក ចងផ្អោបទៅនឹងបំពង់ផ្សែងកប៉ាល់ អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។ ចំណែក លោកឧកញ៉ាវិស្ណុលោក ឈូក ក៏បានក្ស័យជីវិត នៅវេលានោះ ព្រមជាមួយគ្នាដែរ។



ចំណែកឯកសារប្រវត្តិសាស្ត្ររបស់លោក អាដេម៉ារ ឡឺក្លែរ (Adhemard LECLERE) ដែលក្រោយមកជារ៉េស៊ីដង់ធំប្រចាំប្រទេសកម្ពុជា បានសរសេរថា ព្រឹត្តិការណ៍ដែលកើតឡើងនោះ គឺដោយសារកំហុសរបស់អ្នកបកប្រែភាសាបារាំង”ខុស” ទៅវិញទេ។ លោកថា «មានព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្តាយមួយបានកើតឡើង ដែលធ្វើឱ្យព្រះរាជាទ្រង់ភិតភ័យជាខ្លាំងគឺ លោក កុលដឺម៉ុងតេរ៉ូ ដែលជាអ្នកបកប្រែរបស់ព្រះរាជា បានប្រែពាក្យ”មួយម៉ាត់ខុស” ព្រោះអីពាក្យនោះមានន័យ ២យ៉ាង។ ហើយដោយសារលោក “ប៉ាវី” (ជាអ្នករុករក និងស្រាវជ្រាវជនជាតិបារាំងសម្រាប់ប្រទេសលាវ) បានកែតម្រូវលើការបកប្រែនោះវិញ ជាហេតុធ្វើឱ្យគេឃាត់ខ្លួនលោក កុលដឺម៉ុងតេរ៉ូ ហើយឱ្យទាហាន ២នាក់ ដែលឈរសង្ខាង វាយធ្វើបាបគាត់បន្តិចបន្តូច ផងដែរ។ លោក កុល ដឺម៉ុងតេរ៉ូ (ហៅកុល) គឺជាកូនកាត់ ដែលមានម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិព័រទុយហ្គេស ដែលជាសាសនទូត មករស់នៅស្រុកខ្មែរ ជាយូរមកហើយ។

លោក អាដេម៉ារ ឡឺក្លែរ បានបញ្ញជាក់ថា កាលនោះលោក ស្ហាលថុមសុន (Charl Thomson) ជាទេសាភិបាល និងជាតំណាងនៃប្រទេសបារាំងនៅកូសាំងស៊ីន ហើយជាមួយគ្នានោះ ដោយសារនាយករដាមន្រ្តីបារាំង លោក “ហ្ស៊ុលហ្វេរី” អត់ទ្រាំនឹងរបាយការណ៍ពីការយឺតយ៉ាវនៃការអនុវត្តន៍ព្រះរាជក្រឹត្យតាំងពីឆ្នាំ ១៨៧៧ ដែលអសកម្មអស់ពេល៧ឆ្នាំមកហើយ បន្តទៅទៀតមិនបាន ក៏បានចាត់ឱ្យលោក “ស្ហាលថុមសុន” សហការជាមួយអ្នកតំណាងអាណាព្យាបាលបារាំងនៅភ្នំពេញ ចូលគាល់ព្រះបាទនរោត្តម ហើយយាងព្រះអង្គឱ្យឡាយព្រះហស្ថលេខាលើអនុសញ្ញាមួយ ដើម្បីប្រគល់កិច្ចដឹកនាំព្រះរាជាណាចក្រ ដែលកន្លងមកព្រះអង្គក្តោបក្តាប់តែមួយព្រះអង្គឯង ទៅឱ្យអាណាព្យាបាលបារាំងចាត់ចែងជំនួសវិញម្តង។ ដោយមិនបានគិតអ្វីវែងឆ្ងាយ លោក “ស្ហាលថុមសុន” បានឡើងជិះកប៉ាល់ជាមួយទាហាន ១០០នាក់ មកឡើងគោកនៅខាងអាគេ្នយ៍ព្រះរាជវាំង។ 

លោក “ស្ហាលថុមសុន” គឺជាមនុស្សខ្វះការប៉ិនប្រសប់ គ្មានបទពិសោធន៍ជាអ្នកការទូតម្នាក់ដែលឆ្លាតវាងវៃ មិនមានអំណត់ និងយល់ដឹង ពីកាលៈទេសៈឡើយ ដើម្បីដោះស្រាយបញ្ហាឱ្យបានល្អជាមួយព្រះរាជាកម្ពុជា ដែលទ្រង់ក៏មិនយល់ដឹងច្បាស់ អំពីរបៀបធ្វើការរបស់បារាំងដែរ។ គាត់មិនចេះប្រើវិធីសាស្ត្រពន្យារពេលដែលនឹងនាំមកនូវលទ្ធផលល្អ នៅពេលក្រោយទេ។ គាត់បានសមេ្រចចិត្តថាត្រូវបង្ខំសភាពការណ៍ ដោយចាប់បង្ខំឱ្យព្រះរាជា ឲ្យឡាយព្រះហស្តលេខាដោយធ្វើឱ្យព្រះអង្គភ័យខ្លាច តាមការបង្ហាញកម្លាំងទ័ព។ គាត់បានចាត់មន្រ្តីម្នាក់ នាំយកអនុសញ្ញា ដែលលោករដ្ឋមន្រ្តីមហាផ្ទៃ ក្លូប៊ូ កូវស្គី បានរៀបចំប្រញិបប្រញាប់ជាមួយគាត់ មុននឹងចេញពីសាយហ្គនមក ដើម្បីឱ្យព្រះរាជាឡាយព្រះហស្តលេខា។

មុនដំបូង ព្រះរាជាមិនយល់ថាតើគេចង់ឱ្យព្រះអង្គធ្វើអ្វីទេ។ ពួកមន្រ្តីខ្មែរទាំងឡាយគិតថា បារាំងចង់លុបបំបាត់ព្រះរាជាណាចក្រចោល ហើយដឹកនាំប្រទេសដោយគ្មានពួកគេ។ គឺទុកកម្ពុជា ជាអាណានិគមន៍របស់បារាំង ម្ល៉ោះហើយពួកគេបានថ្វាយយោបល់ដល់ព្រះរាជា សូមកុំឱ្យព្រះអង្គយល់ព្រមតាម។ មានការតឹងតែងអស់ពេលប៉ុន្មានថ្ងៃ រហូតដល់មានឱសានវាទ។ 

ពេលនោះព្រះបាទនរោត្តម បានប្រកែកមិនព្រមទទួលលោកទេសាភិបាល ដោយយកលេសថាព្រះអង្គប្រឈួន។ បារាំង កំញើញថា បើព្រះអង្គមិនយល់ព្រមទេ គេនឹងយកព្រះអង្គទៅដាក់នៅប្រទេសអាល់ហេ្សរី។ ព្រះអង្គបានត្រូវហ៊ុមព័ទ្ធដោយនាយទាហាន និងមន្រ្តីបារាំងជាច្រើនរូប ក្នុងនោះមានលោក “ហ្វ៊រ៉ែស” និងលោក “លូស” ។ ហើយគេធ្វើឱ្យព្រះអង្គអាចទតពីព្រះបរមរាជវាំងទៅឃើញកប៉ាល់ ដែលត្រៀមចាំតែដឹកយកព្រះអង្គចេញទៅ ជាហេតុធ្វើឱ្យព្រះរាជាភ័យញ័ររន្ធត់ អត់មិនបានក៏ឡាយព្រះហស្តលេខាលើអនុសញ្ញា ដែលបារាំងយកមកបង្ខំព្រះអង្គទៅ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ១៨៨៤។ 


អនុសញ្ញាឆ្នាំ ១៨៨៤ នោះ ខ្ញុំបាទ បាន Post មុននេះរួចម្តងហើយ និងសូមភ្ជាប់ Link នេះដើម្បីអាន បន្ត៖
ពេលវេលាបានកន្លងផុតទៅប៉ុន្មានខែហើយ បារាំងហៀបតែនឹងចាប់ផ្តើមអនុវត្តតាមអនុសញ្ញា ដោយការសើរើ រៀបចំ រចនាសម្ព័ន្ធថ្មីនោះទៅហើយ ស្រាប់តែលោកតំណាងអាណាព្យបាល ទទួលដំណឹងថាមានការបង្កបង្កើតជាទ័ពទីងនៅកន្លែងជាច្រើនក្នុងប្រទេស ហើយគំរាមកំហែងមកលើទីតាំងរ៉េស៊ីដង់ថ្មីៗរបស់បារាំង។



លោក អាដេម៉ារ ឡឺក្លែរ ដែលហាក់ដូចជាព្យាយាម ពន្យល់អំពីព្រឹត្តិហេតុ ដែលកើតឡើងនោះថា កំហុសអ្នកបកប្រែ និងចង់ស្តីបន្ទោសទៅទេសាភិបាលកូសាំងស៊ីន ព្រមទាំងមន្ត្រីបារាំងដែលនៅស្រុកខ្មែរ ថាមិនបានធ្វើកិច្ចការសម្រាប់កែទម្រង់ អស់រយៈពេល៧ឆ្នាំមកហើយ និងខិតខំបញ្ជាក់ថា មានការផ្លាស់ប្តូរ ស្ហាលថុមសុន (Charl Thomson) ចេញហើយដាក់ទេសាភិបាលស្តីទីវិញ បានបន្តថា 


សង្គ្រាមបានផ្ទុះឡើង ហើយគេបានចេញបញ្ជាពីកូសាំងស៊ីនមក ឱ្យកាន់កាប់ទីប្រជុំជនឱ្យបាន ហើយឱ្យចាត់បពោ្ចញទ័ពចល័តតាមវាយទៅលើពួកបះបោរ។ 
ការបះបោរនេះបានកើតឡើងក្រោមការញុះញង់ពីពួកមន្រ្តី និងតាមបញ្ជាពីព្រះរាជាផងដែរ ហើយស៊ីពេលអស់ ១៨ខែ។ 
សង្គ្រាមនេះ មិនមានការប្រយុទ្ធអ្វីធំដំប៉ុន្មានទេ ក៏ប៉ុនែ្ត វាបានធ្វើឱ្យប្រទេសហិនហោចយ៉ាងឆាប់រហ័ស។ 


លោក អាដេម៉ារ ឡឺក្លែរ មិនបានបញ្ជាក់ឈ្មោះលោកឧកញ៉ាក្រឡាហោមគង់ទេ តែបានរៀបរាប់អំពីការខូចខាតនាព្រឹត្តិការណ៍នោះថា ការបះបោរបានរីករាលដាលទៅពេញទូទាំងកម្ពុជា នៅចុងឆ្នាំ១៨៨៥ បារាំងមានប៉ុស្តិ៍យោធាទាំងអស់ ៥២ នៅក្នុងព្រះរាជាណាចក្រ។ សង្គ្រាមនោះ គឺព្រះរាជាបានបង្កឡើង ហើយសង្គ្រាមនោះ បានធ្វើឱ្យបារាំងបាត់បង់កម្លាំងអស់ប្រហែលជា ១ ០០០នាក់ ដែលភាគច្រើនត្រូវស្លាប់ដោយជំងឺគ្រុន និងកម្តៅព្រះអាទិត្យ មិនមែនស្លាប់ដោយគ្រាប់កាំភ្លើងសត្រូវទេ។ ប៉ុនែ្ត សង្គ្រាមនោះបានធ្វើឱ្យខ្មែរប្រហែល១ម៉ឺននាក់ស្លាប់ ដោយអត់ឃ្លាន ដោយទុរ្ភិក្ស និងការខ្វះខាត ដោយជំងឺគ្រុន និងជំងឺផេ្សងៗទៀតនៅពេលរត់គេចទៅរស់នៅក្នុងព្រៃរបោះ និងព្រៃរនាម។
មហាវីរភាពរបស់លោក ក៏ត្រូវបាន អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត យកទៅច្រៀងរំលឹកនូវគំរូដ៏ក្លាហាននេះ បានយ៉ាងពីរោះស្រណោះស្រណោក មួយបទផងដែរ ។


សូមប្រិយមិត្រចុច Link ក្នុង Youtube ខាងក្រោម ដើម្បីស្តាប់បទនេះ ៖


ឆ្លៀតនៅក្នុងការសរសេរពីប្រវត្តិរបស់លោកនាពេលនេះ ខ្ញុំក៏សូមបន្ថែមផងដែរ នូវ ការដំណាលតៗគ្នា របស់ពលរដ្ឋខ្មែរយើង អំពីសមត្ថភាព អភិនេហារ កាឡាខ្លួន នែសិល្ប៍សាស្ត្ររបស់លោក បានឲ្យដឹងថា៖
បារាំងនិងយួន បានប្រើល្បិច ដោយសុំឲ្យសម្តេចនរោត្តម អញ្ជើញលោក ឧកញាក្រឡាហោមគង់ និង លោក វិស្ណុលោកឈូក មកក្រុងភ្នំពេញដើម្បីចរចាគ្នា។ 
ដោយសារលោកទាំងពីរគោរព និងស្តាប់តាមព្រះមហាក្សត្រខ្មែរ ក៏ព្រមស្ម័គ្រចិត្តមកភ្នំពេញតាមការអញ្ជើញ។ តែត្រូវបារាំស្ទាក់ចាប់តាមផ្លូវរួចព្យាយាមសម្លាប់លោកចោល។ 


លោក វិស្ណុលោកឈូក ត្រូវបានស្លាប់នៅទីនោះ ឯលោកឧកញាក្រឡាហោមគង់ បាញ់មិនផ្ទះ កាប់ក៏មិនមុត ដុតក៏មិនឆេះ បារាំទាល់តម្រិះ ក៏ថយមកពិគ្រោះគ្នា។
ដោយសារការធ្វើទារុណកម្មធ្ងន់ធ្ងរពីបារាំងពេក លោកក៏មានការគ្រាំគ្រាខ្លួនប្រាណដែរ លោកក៏ប្រាប់បារាំងថា បើចង់ឲ្យលោកស្លាប់ ត្រូវយកដើមចេកមកចងផ្អោមរូបលោកជាមួយនឹងបំពង់ស៊ីម៉ាំងកប៉ាល់ រហូតដល់ដើមចេកស្វិត គឺរូបលោកនឹងស្លាប់ដែរហើយ។ ពេលនោះបារាំងក៏ធ្វើតាមការនិយាយរបស់លោកមែន។ ពេលនោះ គាត់ក៏កាឡាដើមចេកជំនួសខ្លួនគាត់ ហើយគាត់ជិះស្លឹកកណ្តបចេញបាត់ទៅ។ 


ការតំណាលនេះ ក៏បានបញ្ជាក់ថា លោកឧកញាបានទៅរស់នៅជាមួយកូនរបស់គាត់ នៅឯលង្វែក ខេត្តកំពង់ឆ្នាំង ហើយលាក់ឈ្មោះ លាក់ត្រកូលរស់នៅទីនោះរហូតដល់ស្លាប់។
ខាងលើនេះ គឺគ្រាន់តែជាការតំណាលតៗគ្នាប៉ុណ្ណោះ មិនមានឯកសារណាមួយបញ្ជាក់ឡើយ។
សូមបញ្ជាក់ថា រូបភាពលោកត្រូបានពលរដ្ឋខ្មែរយើង ច្រលំគ្នាជាមួយ រូបភាពលោក កុល ដឺម៉ុងតេរ៉ូ Kol De Monteiro ដែលជាអ្នកបកប្រែភាសាបារាំងរបស់ព្រះបាទ នរោត្តម ទៅវិញ (ការបញ្ជាក់បស់លោកស្រី Marie-Francoise Le Guen-chatel ដែលជាជនជាតិបារាំង) ។

................
(១) ក្រឡាហោម = មេទ័ពការពារដែនទឹក

(២) ឧកញ៉ា = ជាឋានន្តរសក្តិមន្ត្រីជាន់ខ្ពស់សម័យដើមរបស់ខ្មែរយើង ដែលសព្វថ្ងៃយើងនិយមហៅថា រដ្ឋមន្ត្រី

---------------------------------------------------
ដោយ៖ Ny Watthanak


យោង៖ +ឯកសារបណ្ឌិត ឃីង ហុកឌី ដែលសម្រួលអត្ថបទដោយ អ្នកស្រី កែវ ចន្ទបូណ៍ 


+ លោកអ៊ំ កែវឈិន ជាអ្នកតំណាលរឿងរ៉ាវនេះ

No comments