អត្ថបទទើបផ្សាយចេញ

ប្រវត្តិៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត

មេរៀនសង្ខេប

ថ្នាក់ទី៨ (A B C D)​

សប្ដាហ៍ទី ៣ ខែតុលា



 

អំណានៈសម្ដេចសង្ឃរាជជួនណាត

ក.សិក្សាពាក្យគន្លឹះ

·         រែកពុន (កិ) : ទទួលរ៉ាប់រងការងារ ឬទទួលបន្ទុកការងារណាមួយដ៏ធ្ងន់ធ្ងរ។

·         ឆ្លកឆ្លាក់ (កិ) : ខ្មីឃ្មាត ប្រឹងប្រែងបំពេញកិច្ចការណាមួយ។

·         ហ្លួង    (ន) : ព្រះរាជា។

·         ប្រសូត (កិ) : សម្រាលកូន។

·         ឧបសម្បទា (ន) : ការបំបួសសាមណេរឱ្យបានជាភិក្ខុ។

ខ.អត្ថបទ

        សម្ដេច​​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​​ប្រសូត​​នៅ​​ថ្ងៃ​អង្គារ ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​​រកា​​កោះ ស្រុក​​គង​​ពិសី ខេត្ត​​កំពង់​ស្ពឺ។
        សម្ដេច​​មាន​​ព្រះជាតិ​​ក្នុង​​ត្រកូល​​កសិករ ព្រះមាតាសម្តេចនាម យក់ និងព្រះបិតា​​នាម ព្រហ្ម ជួន គ្រួសារ​នេះ​​មាន​​បុត្រ​តែ​​ពីរ​នាក់​​គឺ អង្គ​​សម្ដេច​ព្រះសង្ឃរាជ និង​លោក​​ឧកញ៉ា​​សោភណ្ឌ​​មន្ត្រី ជួន នុត ជា​ព្រះ​​អនុជ​​នៃ សម្ដេច​​ព្រះសង្ឃ​រាជ។ កាលពីព្រះជន្មាយុប្រមាណ ១២វស្សា មាតាបិតាបាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។
       លុះមានព្រះជន្មាយុ ១៤វស្សា បានបួសជាសាមណេរ នៅថ្ងៃទី ១៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៤៤១ គ.ស ១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្ត ពោធិព្រឹក្ស អស់រយៈពេល២ឆ្នាំ ទើបចាកចេញពីវត្តពោធិព្រឹក្ស ទៅរៀនព្រះបរិយត្តិធម៌ ឯវត្តឩណ្ណាលោម ក្រុងភ្នំពេញ។ លុះសម្តេចមានជន្មាយុគម្រប់ ២១វស្សា ទ្រង់និមន្តត្រឡប់ទៅសូមឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តសម្តេចសាងបួសដំបូងវិញ ហើយសម្តេចទ្រង់ទទួលព្រះនាមបញ្ញាត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញ ឧបសម្បទា ជាភិក្ខុភាពរួចហើយទ្រង់ក៏និមន្តទៅគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈ វិញទៀត។
        សម្តេចព្រះសង្ឃរាជទ្រង់មានសេចក្តីព្យាយាមប្រកបដោយថាមពលក្លៀវក្លាក្នុងការសិក្សាទាំងផ្នែកបាលី និងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម ហើយការសិក្សារបស់សម្តេចព្រះសង្ឃរាជមានជោគជ័យប្រសើរណាស់។  សម្តេចព្រះសង្ឃរាជទ្រង់បើចាប់រៀនមុខវិជ្ជាណាមួយគឺទ្រង់យកព្រះទ័យទុកដាក់ និងខំប្រឹងប្រែងខ្លាំងណាស់ អត់មានបន្ធូរបន្ថយក្នុងក្នុងការសិក្សាលើមុខវិជ្ជានោះឡើយ ដូចជាភាសាបាលីជាដើម។
        សម្តេចទ្រង់ទទួលការសិក្សានោះគឺសិក្សាដោយឆន្ទះដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាមុខវិជ្ជាណាមួយដោយលេងៗនោះទេ។ វិជ្ជាខាងភាសាបាលី សំស្រ្កឹត និងភាសាបារាំង គឺសុទ្ធតែវិជ្ជាប្រដាប់ដោយវេយ្យាករណ៍យ៉ាងហ្មត់ចត់ និងជ្រាលជ្រៅបំផុត លំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្តេចព្រះសង្ឃរាជអាចរៀន អាចយល់យ៉ាងច្បាស់លាស់ បានយ៉ាងឆាប់រហ័សដែលគួរសឲ្យកោតសរសើរពន់ពេកណាស់។ សម្តេចទ្រង់ចេះដឹងយល់វេយ្យាករណ៍គ្រប់ភាសាដែលសម្តេចបានសិក្សារៀនសូត្រដូចជាភាសាបាលី សំស្រ្កឹត ទាំងភាសារបស់ជាតិ និងពាក្យពេចន៍ផ្នែកវប្បធម៌បុរាណក៏ទ្រង់ចេះចាំយល់ហេតុផលជាច្រើន។ ភាសាឡាវ ភាសាសៀម និងភាសាបារាំងដែលសម្តេចរៀនគឺអាចប្រាស្រ័យទាក់ទងជាមួយនិងជនជាតិដើមទាំងនោះបាន។ សម្តេចឆ្លាតវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចបាន ភាសាអង់គ្លេស ភាសាវៀតណាម ដែលសម្តេចបានរៀនអាចមើល សរសេរ និងប្រាស្រ័យទាក់ទងបានដែរ។
        នៅ គ.ស ១៩១៣ សម្តេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាមវិហារព្រះកែវមរកត ចំពោះព្រះភ័ក្រ្តព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ បាន៤ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
នៅ គ.ស ១៩១៥ សម្តេចទ្រង់បានប្រឡងជាបលំដាប់លេខ២ ហើយបានទទួលការតែងតាំងជាសាស្រ្តាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជា ពុទ្ធិកវិទ្យាល័យសុរាម្រឹត។

សំណួរ

១.តើសម្ដេចព្រះសង្ឃរាជ ប្រសូតនៅថ្ងៃណា ? ខែណា? ឆ្នាំណា? ហើយមានទីកន្លែងកំណើតនៅឯណា ? មានគោរមងារយ៉ាងដូចម្ដេច?

២.តើអត្ថបទដកស្រង់នេះ ជាប្រភេទអត្ថបទរឿងពិត ឬជារឿងប្រឌិត? ហេតុអ្វី?

៣.តើស្នាដៃរបស់ព្រះអង្គណាមួយដែលមានប្រជាប្រិយភាពជាងគេនៅក្នុងសំណាក់អ្នកសិក្សា រហូតដល់សព្វថ្ងៃនេះ?

ហេតុដូចម្ដេចបានជាអ្នកយល់យ៉ាងនេះ?

 

 

 

 

No comments