អត្ថបទទើបផ្សាយចេញ

ប្រវត្តិសម្ដេចព្រះសង្ឃរាជ ជួន ណាត

មេរៀនសង្ខេប ថ្នាក់ទី៨ (A B C D) សប្ដាហ៍ទី ៣ ខែតុលា អំណានៈសម្ដេចសង្ឃរាជជួនណាត ក.សិក្សាពាក្យគន្លឹះ • រែកពុន (កិ) : ទទួលរ៉ាប់រងការងារ ឬទទួលបន្ទុកការងារណាមួយដ៏ធ្ងន់ធ្ងរ។ • ឆ្លកឆ្លាក់ (កិ) : ខ្មីឃ្មាត ប្រឹងប្រែងបំពេញកិច្ចការណាមួយ។ • ហ្លួង (ន) : ព្រះរាជា។ • ប្រសូត (កិ) : សម្រាលកូន។ • ឧបសម្បទា (ន) : ការបំបួសសាមណេរឱ្យបានជាភិក្ខុ។ ខ.អត្ថបទ សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតាសម្តេចនាម យក់ និងព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។ កាលពីព្រះជន្មាយុប្រមាណ ១២វស្សា មាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លុះមានព្រះជន្មាយុ ១៤វស្សា បានបួសជាសាមណេរ នៅថ្ងៃទី ១៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៤៤១ គ.ស ១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្ត ពោធិព្រឹក្ស អស់រយៈពេល២ឆ្នាំ ទើបចាកចេញពីវត្តពោធិព្រឹក្ស ទៅរៀនព្រះបរិយត្តិធម៌ ឯវត្តឩណ្ណាលោម ក្រុងភ្នំពេញ។ លុះសម្តេចមានជន្មាយុគម្រប់ ២១វស្សា ទ្រង់និមន្តត្រឡប់ទៅសូមឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តសម្តេចសាងបួសដំបូងវិញ ហើយសម្តេចទ្រង់ទទួលព្រះនាមបញ្ញាត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញ ឧបសម្បទា ជាភិក្ខុភាពរួចហើយទ្រង់ក៏និមន្តទៅគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈ វិញទៀត។ សម្តេចព្រះសង្ឃរាជទ្រង់មានសេចក្តីព្យាយាមប្រកបដោយថាមពលក្លៀវក្លាក្នុងការសិក្សាទាំងផ្នែកបាលី និងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម ហើយការសិក្សារបស់សម្តេចព្រះសង្ឃរាជមានជោគជ័យប្រសើរណាស់។ សម្តេចព្រះសង្ឃរាជទ្រង់បើចាប់រៀនមុខវិជ្ជាណាមួយគឺទ្រង់យកព្រះទ័យទុកដាក់ និងខំប្រឹងប្រែងខ្លាំងណាស់ អត់មានបន្ធូរបន្ថយក្នុងក្នុងការសិក្សាលើមុខវិជ្ជានោះឡើយ ដូចជាភាសាបាលីជាដើម។ សម្តេចទ្រង់ទទួលការសិក្សានោះគឺសិក្សាដោយឆន្ទះដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាមុខវិជ្ជាណាមួយដោយលេងៗនោះទេ។ វិជ្ជាខាងភាសាបាលី សំស្រ្កឹត និងភាសាបារាំង គឺសុទ្ធតែវិជ្ជាប្រដាប់ដោយវេយ្យាករណ៍យ៉ាងហ្មត់ចត់ និងជ្រាលជ្រៅបំផុត លំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្តេចព្រះសង្ឃរាជអាចរៀន អាចយល់យ៉ាងច្បាស់លាស់ បានយ៉ាងឆាប់រហ័សដែលគួរសឲ្យកោតសរសើរពន់ពេកណាស់។ សម្តេចទ្រង់ចេះដឹងយល់វេយ្យាករណ៍គ្រប់ភាសាដែលសម្តេចបានសិក្សារៀនសូត្រដូចជាភាសាបាលី សំស្រ្កឹត ទាំងភាសារបស់ជាតិ និងពាក្យពេចន៍ផ្នែកវប្បធម៌បុរាណក៏ទ្រង់ចេះចាំយល់ហេតុផលជាច្រើន។ ភាសាឡាវ ភាសាសៀម និងភាសាបារាំងដែលសម្តេចរៀនគឺអាចប្រាស្រ័យទាក់ទងជាមួយនិងជនជាតិដើមទាំងនោះបាន។ សម្តេចឆ្លាតវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចបាន ភាសាអង់គ្លេស ភាសាវៀតណាម ដែលសម្តេចបានរៀនអាចមើល សរសេរ និងប្រាស្រ័យទាក់ទងបានដែរ។ នៅ គ.ស ១៩១៣ សម្តេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាមវិហារព្រះកែវមរកត ចំពោះព្រះភ័ក្រ្តព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ បាន៤ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។ នៅ គ.ស ១៩១៥ សម្តេចទ្រង់បានប្រឡងជាបលំដាប់លេខ២ ហើយបានទទួលការតែងតាំងជាសាស្រ្តាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជា ពុទ្ធិកវិទ្យាល័យសុរាម្រឹត។ សំណួរ ១.តើសម្ដេចព្រះសង្ឃរាជ ប្រសូតនៅថ្ងៃណា ? ខែណា? ឆ្នាំណា? ហើយមានទីកន្លែងកំណើតនៅឯណា ? មានគោរមងារយ៉ាងដូចម្ដេច? ២.តើអត្ថបទដកស្រង់នេះ ជាប្រភេទអត្ថបទរឿងពិត ឬជារឿងប្រឌិត? ហេតុអ្វី? ៣.តើស្នាដៃរបស់ព្រះអង្គណាមួយដែលមានប្រជាប្រិយភាពជាងគេនៅក្នុងសំណាក់អ្នកសិក្សា រហូតដល់សព្វថ្ងៃនេះ? ហេតុដូចម្ដេចបានជាអ្នកយល់យ៉ាងនេះ?

No comments