អត្ថបទទើបផ្សាយចេញ

អក្សរសាស្ត្រខ្មែរចែកជា៥សម័យកាល(លី ធាមតេង)

អក្សរសាស្ត្រចែកជាសម័យ

ដើម្បីឱ្យងាយសិក្សាពីប្រវត្តិហូរហែដ៍វែងឆ្ងាយនៃអក្សរសាស្ត្រ តាំងពីពេលកើបានជារូបរាងរហូតដល់គ្រាបច្ចុប្បន្ននេះ យើងចែកសម័យធំៗជា៥ សម័យ គឺ

១- សម័យមុនអង្គរ

២- សម័យអង្គរ

៣- សម័យកណ្ដាល

 ៤- សម័យអាណាព្យាបាល

៥- សម័យបច្ចុប្បន្ន

១. សម័យមុនអង្គរ

សម័យមុនអង្គរ រាប់តាំងពីប្រទេសខ្មែរចាប់កសាងអារ្យធម៌របស់ខ្លួន គឺ ពេលដែលចាប់ផ្ដើមមានប្រវត្តិសាស្ត្រជាដំបូង តាំងពីសតវត្សទី១នៃគ្រិស្តសករាជរហូតដល់ចុងសតវត្សទី៨។ គ្រានោះព្រះបឋមក្សត្រខ្មែរ គី ព្រះបាទកៅណ្ឌិន្យ ទ្រង់បានដឹកនាំអារ្យធម៌ឥណ្ឌៀផ្នែកខាងត្បូងមកសាបព្រោះលើប្រទេសយើង ដែលមានអក្សរសាស្ត្រជាអាទិ ហើយទ្រង់បណ្តុះបណ្តាលនូវ ពូជធារទាំងនោះ ឱ្យកើតកាលវាលគុម្ពសាយភាយទៅគ្រប់និគមជនបទនៅក្នុងដែនដីយើង ។ មិនតែប៉ុណ្ណោះ ទ្រង់បានបន្តនូវព្រះរាជសន្តតិវង្ស ដើម្បីពង្រីកនូវអារ្យធម៌ទាំងនេះ មានរស្មីកាន់តែភ្លឺស្វាងឡើងសំរាប់ជនខាងក្រោយទៀត ។ បានសេចក្តីថា៖ កាលនោះអក្សរសាស្ត្រខ្មែរ ស្ថិតនៅក្នុងពេលកសាងនៅឡើយ តែតែងបានភព្វប្រទះនឹងភ័ព្វវាសនាល្អ គឺសេចក្តីចំរើនជាលំដាប់ ។ ប៉ុន្តែអក្សរសាស្ត្រខ្មែរជំនាន់នោះ មាននិន្នាការសំស្ក្រឹតគ្របដណ្តប់ជានិច្ច ព្រោះលទ្ធិព្រហ្មញ្ញសាសនា និងពុទ្ធសាសនាបែបមហាយាន កំពុងលាតសន្ធឹងអានុភាពនៅក្នុងប្រទេសយើង ។ លទ្ធិទាំងនោះ សុទ្ធតែ មានសំស្រ្កឹតជាមូលដ្ឋាន ។

២-សម័យអង្គរ

ដែលហៅថាសម័យអង្គរក្នុងទីនេះ គឺរាប់តាំងពីសតវត្សទី៩ដែលព្រះបាទជ័យវរ័្មនទី២ បានចាប់កសាងទីក្រុងថ្មីនៅអង្គរ ក្នុងភូមិភាគខាងជើងបឹងទន្លេសាប រហូតដល់ចុងសតវត្សទី១៥ ត្រាដែលព្រះបាទស្រីសុរិយោពណ៌ទី ២ ចៅពញាយ៉ាត លើកទីក្រុងពីអង្គរមកកសាងនៅទន្លេចតុមុខវិញ ។ សម័យនេះ  អក្សរសាស្ត្រខ្មែរក៏បានចំរើនលូតលាស់ ទទួលការរុងរឿងយ៉ាង ខ្ពស់បំផុត ព្រោះប្ញទ្ធីបារមីរបស់ប្រទេសកំពុងស្ថិតក្នុងជោគជ័យដ៏ថ្កុំថ្កើង ។ អាណាចក្របានរីកទូលាយ ជាគ្រឿងបើកអំណាចឱ្យអក្សរសាស្ត្របានហូរ ហៀរចេញទៅផ្សាយគ្រប់ទិសទីក្នុងបូរី និងស្រុកតូចតាច ព្រមទាំងប្រទេសចំណុះខ្លះផង។ ឯអ្នកប្រាជ្ញរាជបណ្ឌិត ក៏កើតមានឡើងជាច្រើន ព្រោះតែងបានទទួលការនិយមរាប់អានពីគ្រប់មជ្ឈដ្ឋាន រហូតតាំងពីរាស្ត្រប្រជាដល់ នាម៉ឺនសព្វមុខមន្រ្តីដែលមានឋានៈខ្ពស់ៗ ។ ជាពិសេស គឺព្រះមហាក្សត្រ ដែលព្រះអង្គតែងសព្វព្រះរាជហឫទ័យ (សន្តោសប្រោសប្រាណ រាប់រកអ្នក ប្រាជ្ញសព្វមុខវិជ្ជា មានវិជ្ជាអក្សរសាស្ត្រជាដើម។ ហើយព្រះអង្គតែងប្រោស មេត្តា តែងតាំងអ្នកប្រាជ្ញអក្សរសាស្ត្រទាំងនោះឱ្យមានគោរម្យងារ ឬឋានះខ្ពង់ខ្ពស់  សំរាប់ចេញចូលគាល់ហៅព្រះអង្គ គ្រប់ពេលដែលទ្រង់ត្រូវការ ផង។ នៅខាងដើមនៃសម័យនេះ  អក្សរសាស្ត្រខ្មែរត្រូវនៅក្នុងឥទ្ធិពលនៃភាសាសំស្ក្រឹតដូចសម័យមុនអង្គរដែរ ប៉ុន្តែមកដល់ផ្នែកខាងចុង បែរជាភាសាបាលីមានអានុភាពលាតសន្ធឹងក្នុងអក្សរសាស្ត្រយើងទៅវិញ ដ្បិតសម័យនេះ ព្រះមហាក្សត្រនិងបណ្តាជនទាំងឡាយ បានវិលមកគោរពលទ្ធិពុទ្ធ សាសនាបែបហីនយានវិញហើយ ហើយលទ្ធិពុទ្ធសាសនាបែបហីនយាននេះ សុទ្ធតែមានគោលចារឹកជាភាសាបាលីទាំងអស់ ដូចយើងឃើញកេរ្តិ៍ដំណែល នៅសល់រហូតដល់សព្វថ្ងៃនេះ ។


៣.​សម័យកណ្ដាល

សម័យនេះមានរយៈកាលវែងឆ្ងាយណាស់ រាប់តាំងពីសតវត្សទី៥គឺ បន្តពីពេលចាកចោលក្រុងអង្គរ រហូតដល់សតវត្សទី១៩នៅគ្រាដែលហៀបនឹងចាកចោលក្រុងឧត្តុង្គ។ មានព្រះមហាក្សត្រជាច្រើនអង្គ បានគ្រប់គ្រងរាជសម្បត្តិនៅរាជវាំងជាច្រើនកន្លែងយដូចជានៅស្រីសឈរ, ល្វាឯម, កោះឃ្លោក, ឧត្តុង្គមានជ័យនិងលង្វែកជាដើម ដែលមានកវីបណ្ឌិតជាច្រើន កើតឡើងបន្តៗគ្នាតាមលំដាប់រាជ្យជាហូរហែ គឺលើកពីក្រុងមួយទៅក្រុងមួយនាំយកទាំងពូជធារ និងមូលដ្ឋានអក្សរសាស្ត្រទៅផ្សាយតាមទីកន្លែងទាំងនោះ ឱ្យប្រជាពលរដ្ឋជក់ចិត្តជក់គំនិតក្នុងរស្មីពណ្ណរាយនៃអក្សរសាស្ត្រតាំងពីគ្រានោះមក ។ ភស្តុតាងជាក់ស្ដែងជាស្នាដៃអក្សរសាស្ត្រក្នុងសម័យនេះ ទុកកេរ្តិ៍ ឱ្យយើងជាច្រើនអនេកគឺសាស្ត្រារឿងរ៉ាវ ឬច្បាប់ទំលាប់ផ្សេងៗ សុទ្ធតែកើតឡើងក្នុងពេលនេះ ដោយសារកវីបណ្ឌិតច្រើនរូប ហើយជាសំខាន់បំផុត មានព្រះរាជាច្រើនព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់ជួយឧបត្ថម្ភពេញព្រះកាយពល និងមានស្នាព្រះហស្ថទុកកេរ្តិ៍ឱ្យយើង ដូចជាព្រះបាទជ័យ ជេដ្ឋា, ព្រះស្រីធម្មរាជាព្រះរាជសម្ភារៈ, ព្រះបាទអង្គចន្ទ និងព្រះបាទសម្តេចហរិរក្សរាមាធិបតីព្រះអង្គឌួងជាដើម ។ ក្នុងពេលនោះប្រទេសយើង បានចាក់ឫសលទ្ធិពុទ្ធសាសនាបែបហីនយានយ៉ាងមាំមួនហើយ បណ្ដាជនគ្រប់ប្រភេទសឹងគោរពលទ្ធិនេះតែមួយគ្រប់ៗគ្នា។ ព្រះរាជាគ្រប់ព្រះអង្គ ទ្រង់គោរពលទ្ធិសាសនាព្រះពុទ្ធតាមបែបតែមួយ ហើយទ្រង់តែងជួយឧបត្ថម្ភ ដល់ព្រះសង្ឃនិងវត្តអារាមទាំងឡាយ ឱ្យកាន់តែមានច្រើនឡើងៗ។ សមបើព្រះអង្គទាំងនោះ ជាអ្នករក្សាឃ្លាំងវិជ្ជាអក្សរសាស្ត្រយ៉ាងដិតដល់ណាស់ផង វណ្ណកម្មរបស់បុព្វបុរសយើងក៍កាន់តែមានស្ថិរភាពមាំទាំ សំរាប់បំពេញ កិច្ចត្រូវការរបស់ជនទូទៅក្នុងប្រទេស។ បើយើងសង្កេតឱ្យច្បាស់លាស់ទៅ គ្រានោះមានតែវត្តអារាមនេះឯង ជាសាលាទិសាបាមោក្ខ គឺជាទីប្រជុំនៃ ដំរេះវិជ្ជាគ្រប់បែបគ្រប់យ៉ាង។ អ្នកណាចង់បានចំណេះដាក់ខ្លួន ឬចង់កសាងខ្លួនឱ្យទៅជាមនុស្សចេះដឹង ត្រូវតែទៅនៅជ្រករៀនសូត្រជាមួយព្រះ សង្ឃតាមវត្តអារាមទាំងនោះជានិច្ច។ ព្រោះគម្ពីរសាស្ត្រាទាំងឡាយដែលជាមូលដ្ឋានរបស់វិជ្ជា សុទ្ធតែមានដំកល់ទុកនៅវត្តអារាមនោះឯង ។ ដោយ ហេតុសម័យនោះមានការសិក្សាជាឯកភាពដូចៗគ្នាពាសពេញប្រទេស ព្រោះមានគោលចារឹកតែមួយផ្សាយចេញនូវពន្លឺរស្មីជាយូរអង្វែងឆ្នាំ។ ដូចពោលមកខាងលើនេះហើយ ទើបប្រទេសយើងបានចំរើនលូតលាស់ខាងអក្សរសាស្ត្រ លើសសម័យមុនៗ ព្រោះអក្សរសាស្រ្តគេត្រូវរៀនជាបឋម គឺជាកតព្វកិច្ចមួយសំរាប់ឱ្យគេមានមូលដ្ឋានខាងចំណេះប្រាជ្ញាដើម្បីនឹងបន្តវិជ្ជាទៅកាន់ទីខ្ពង់ខ្ពស់ថែមទៀត ។


៤-សម័យអាណាព្យាបាល

សម័យនេះជាសម័យខ្លីបំផុត គឺរវាងជាង៨០ឆ្នាំប៉ុណ្ណោះ ។ ព្រោះគ្រានោះប្រទេសយើង ស្ថិតនៅក្នុងអាណាព្យាបាលរបស់ពួកបស្ចឹមប្រទេស ។ អក្សរសាស្ត្រនិងវប្បធម៌យើងសម័យនោះ មិនសូវបានរីកសាយតាមចំណង់ ដូចពីមុនមកទេ ព្រោះអំណាចវប្បធម៌របស់បស្ចឹមប្រទេសមានអានុភាពជាង បានចូលមកគ្របដណ្តប់វប្បធម៌យើងឱ្យនៅស្ងប់ស្ងាត់មួយពេល ។ ប៉ុន្តែការស្ងប់ស្ងាត់នេះ មិនមែននៅឈឹងសូន្យទេ មានកវីបណ្ឌិតជាច្រើនរូបបានប្រឹងប្រែឆ្លៀតពេលតុបតែងរឿងរ៉ាវជាស្នាដៃដ៏ល្អ ទុកឱ្យយើង បានន័យថា លោកបានចិញ្ចឹមពន្លឺអក្សរសាស្ត្រ ដែលធ្លាប់មានមកតាំងពីព្រេងនាយឱ្យនៅ តង់វង់ជីវិតតទៅទៀត កុំឱ្យសាបសូន្យតាមការដែលគេក្រឡេកមើលដោយឥតពិចារណានោះឡើយ ។ ចំណែកព្រះសង្ឃដែលជាមេឃ្លាំងវិជ្ជានេះក៏ប្រឹងរក្សាម៉ឹងម៉ាត់មិនព្រមឱ្យក្បួនខ្នាតទាំងនោះ ខ្ចាត់ភ្លាត់ទៅណាបានឡើយ ទោះបីជាបានទទួលការនិយមក្តី ឬមិនបានទទួលក្តី ក៏លោកនៅតែប្រឹងរក្សាដដែល បានសេចក្តីថា ទោះបីជាអក្សរសាស្ត្រនេះមិនបានលេចឡើងក្នុង មជ្ឈដ្ឋានជាផ្លូវការក៏ដោយព្រះសង្ឃនៅតែថែទាំ និងផ្សាយបានខ្លះៗតាមដោយអ្នកស្រុកជិតខាងដែលជាសិស្សគណរបស់លោក។ ចាប់តាំងពីពាក់កណ្តាលសម័យនេះយើងប្រទះឃើញ មានការបោះពុម្ពផ្សាយសៀវភៅផ្នែកពុទ្ធសាសនាជាច្រើនក្បាល និងផ្នែកស្រាវជ្រាវអក្សរសាស្ត្រជាច្រើនណាស់ដែរ ព្រោះសម័យនេះគេបង្កើតឱ្យមានជាអក្សរពុម្ភសំរាប់ប្រើប្រាស់តាមបែបសម័យនិយម ។ តែទោះបីជាមានពុម្ពអក្សរនិងការប្រមូលប្រជុំអ្នកប្រាជ្ញកវី បណ្ឌិតខ្លះហើយ ប៉ុន្តែលក្ខណៈសម្បត្តិរបស់អក្សរយើងនៅតែមិនបានស្ថិតនៅក្នុងមជ្ឈដ្ឋានផ្លូវការនៅឡើយ។ នៅចុងសម័យនេះយើងបានទទួលជោគល្អមួយយ៉ាងសំខាន់ គឺយើងកើតបាន វចនានុក្រ «វចនានុក្រម» ដែលជាមេពាក្យធ្វើជាគោលចារឹកនៃពាក្យទាំងឡាយសំរាប់ឱ្យយើងចេះសរសេរ ឬដឹងរបៀបសរសេរឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ជៀសវាង ពីការភ្លាំងភ្លាត់ដែលធ្លាប់មានមកពីមុន។ ក្រៅពីនេះមានការប្រជុំចំណោមអ្នកប្រាជ្ញខាងអក្សរនិងខាងពុទ្ធសាសនា ធ្វើជាក្រុមមួយសំរាប់ចាត់ចែងការស្រាវជ្រាវនិងផ្ទៀងផ្ទាត់ក្បួនច្បាប់ ព្រមទាំងបានបោះពុម្ភផ្សាយខ្លះផង ។


៥. សម័យបច្ចុប្បន្ន

ដែលហៅថាសម័យបច្ចុប្បន្នក្នុងគ្រានេះ គឺសម័យដែលប្រទេសយើងបានដកខ្លួនចេញពីអាណាព្យាបាលនៃបស្ចឹមប្រទេស។ តាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ ប្រទេសយើងបានលូតលាស់ខាងការផ្សាយសៀវភៅគ្រប់ជំពូក តែច្រើនជាងគេបំផុតគឺសៀវភៅប្រលោមលោក ។ មានអ្នកនិពន្ធជាច្រើនឈ្មោះ ប្រឹងចំណាយពេលរៀបចំចងក្រងនូវរឿងរ៉ាវថ្មីៗ ដែលប្រឌិតឡើងដោយផ្ទាល់ខ្លួនសំរាប់បំពេញចិត្តអ្នកអាន។ ទោះបីជាមិនសូវបានបរិបូណ៍ខាងផ្លូវគំនិត ឬខាងរបៀបសរសេរក៏ដោយ អ្នកនិពន្ធនិមួយ ៗសុទ្ធតែបានសរសេរក្នុងអារម្ភកថា សំដែងនូវគោលបំណងរបស់ខ្លួនថា «ចង់ជួយលើកដំកើងអក្សរសាស្ត្រជាតិ » ដូចៗគ្នា ។ ចំណែកសាស្ត្រាបុរាណជាច្រើនឈ្មោះ  ក៏បានលេចខ្លួនឡើងជាអក្សរពុម្ពប្រណាំងប្រជែងជា មួយរឿងទំនើបៗទាំងនេះដែរ។ 

ឯកសាយោងៈ សៀវភៅអក្សរសាស្ត្រខ្មែរ លី ធាមតេង

ចែករំលែកដោយៈ ថោ ពន្លក


No comments