អត្ថបទទើបផ្សាយចេញ

ប្រវត្តិក្បាច់គុន “​​ល្បុក្កតោ”


ពេលណាពលរដ្ឋខ្មែរជាច្រើនស្គាល់ក្បាច់គុនល្បុក្កតោ។ តែពួកគេមិនបានដឹងប្រវត្តិ នៃការកកើតក្បាច់គុនមួយនេះទេ។ តើក្បាច់គុនល្បុក្កតោកកើតពី? តើពាក្យ«ល្បុក្កតោ»មានន័យដូចម្តេច? ការសិក្សាខ្លះថា ក្បាច់គុននេះទំនងជាកកើតឡើងដំណាលគ្នា នឹងការកកើតទឹកដីខ្មែរផង។



គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់ នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។

ក្បាច់គុននេះទំនងជាកើតឡើងដំណាលគ្នា នឹងការកកើតទឹកដីខ្មែរផងដែរ។ រឿងរ៉ាវនេះ អាចត្រូវបានស្វែងយល់តាមរយៈរឿងព្រេងខ្មែរ។ តាមការដំណាលតៗគ្នារបស់ដូនតាខ្មែរ ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ កើតចេញពីពលទាហានម្នាក់ ដែលបានប្រើប្រាស់ដំបងរួមជាមួយនឹងក្បាច់ដៃនិងជង្គង់ ដើម្បីវាយសត្វតោមួយក្បាល ដែលតែងតែមកវាយប្រហារ យាយី សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិជាញឹកញាប់។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំ នៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូប នៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។

ដូចក្បាច់គុនខ្មែរផ្សេងទៀតដែរ គុនល្បុក្កតោប្រមូលផ្តុំនូវក្បាច់ និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់តាមតថភាពធម្មជាតិ នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ និងកាយវិការរបស់សត្វដូចជាសត្វបក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។ ជាងនេះទៅទៀត ទម្រង់នៃគុនល្បុក្កតោបានបង្កប់ខ្លួន នៅក្នុងសិល្បៈបុរាណរបស់ខ្មែរ ដូចជារបាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ។ ចលនា ស្នៀត ក្បាច់ និងកាយវិការនីមួយៗនៃក្បាច់គុននេះ បានបង្កប់នូវភាពទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និងឥរិយាបថ រស់នៅរបស់មនុស្សនៅក្នុងសង្គម។ ក្បាច់គុននេះតម្រូវឲ្យវាយកៀកនឹងគូប្រយុទ្ធ ដោយប្រើកែងដៃនិងជង្គង់ជាមូលដ្ឋាន។


គុនល្បុក្កតោចែកចេញជា១២ទ្វារ ដែលទ្វារទី១ដល់ទី៨ប្រើប្រាស់កាយសម្បទា ហើយទ្វារទី៩ដល់ទី១២ប្រើប្រាស់អាវុធ ដែលរួមមានអាវុធគ្រោះថ្នាក់ និងអាវុធគ្មានគ្រោះថ្នាក់។ អាវុធគ្រោះថ្នាក់រួមមានកាំបិត ដាវ លំពែង ព្រួញ និងស្នា។ អាវុធគ្មានគ្រោះថ្នាក់រួមមានតម្បៀតបោកស្រូវ ដំបងខ្លី ដំបងវែង ខែល និងដំបងផ្កាឈូក។ ជាងនេះទៅទៀត គុនល្បុក្កតោក៏អាចប្រើក្រមាធ្វើជាអាវុធបានដែរ។ និយាយរួមទៅក្បាច់នេះមានភាពបត់បែន អាចការពារខ្លួនទប់ទល់នឹង ការវាយប្រហារពីទិសទាំង៨ ហើយអ្វីៗដែលនៅជុំវិញខ្លួន សុទ្ធតែអាចយកមកប្រើជាអាវុធបានទាំងអស់។



ខុសពីក្បាច់គុននៅប្រទេសផ្សេងៗដូចជាការ៉ាតេដូ យូដូ ឬហាប់គីដូ កម្រិតនៃគុនល្បុក្កតោត្រូវបានបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ ដោយពណ៌នៃក្រមាដែលរួមមាន ក្រមា«ស», បៃតង, ក្រហម, ត្នោត, ខៀវ, និងក្រមាខ្មៅ ហើយកម្រិតចុងក្រោយគេបង្អស់គឺកម្រិតក្រមាមាស។ ក្រមាខ្មៅមានចាប់ពីកម្រិតទី ១ជាន់ រហូតដល់កម្រិត ១០ជាន់ ដែលសិស្សគុនទាំងអស់ត្រូវហាត់យ៉ាងតិច១០ឆ្នាំ និងចេះយ៉ាងហោចណាស់ចំនួនមួយពាន់ក្បាច់។ កម្រិតខ្ពស់បង្អស់់នៃគុនល្បុក្កតោ គឺកម្រិតក្រមាមាស ដែលអ្នកទទួលបានកម្រិតនេះ ត្រូវចេះគុនល្បុក្កតោស្ទើរគ្រប់សព្វទាំងអស់។ អ្នកហាត់គុនល្បុក្កតោមានឯកសណ្ឋាន ស្រដៀងនឹងទាហានខ្មែរនាសម័យបុរាណ។ សិស្សគុនត្រូវយកក្រមាមកចងជុំវិញចង្កេះ ហើយយករង្វេលសូត្រពណ៌ក្រហម «ថ្ងៃសង្វារ» មកចងជុំវិញក្បាលដែលជានិមិត្តរូបនៃពលានុភាព។

នៅក្នុងរយៈកាលនៃសម័យអង្គរគុនល្បុក្កតោ បានផ្សារភ្ជាប់យ៉ាងជ្រៅទៅក្នុងយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកចម្បាំងសម័យអង្គរ គឺជាភស្តុតាងជាក់ស្តែង ដែលបានច្បាំងពង្រីកចក្រភពខ្មែរ ឲ្យគ្របដណ្តប់លើទឹកដីច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចម្លាក់នៅតាមជញ្ជាំងប្រាសាទ ដែលមានចាប់តាំងពីសតវត្សរ៍ទី៩ ដល់ទី១២ បានបង្ហាញឲ្យឃើញថា ព្រះមហាក្សត្រនិងបុព្វបុរសយើង បានយកគុនល្បុក្កតោធ្វើជាមូលដ្ឋានមួយយ៉ាងសំខាន់ ក្នុងការការពារ និងកសាងប្រទេសក្នុងសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ ជាងនេះទៅទៀត គុនល្បុក្កតោបានផ្សារភ្ជាប់នឹងវប្បធម៌ជាតិ។ នៅពេលមានពិធីបុណ្យផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ បុណ្យដារលាន ឬពិធីបុណ្យដទៃទៀតអ្នកហាត់គុនល្បុក្កតោ តែងតែណាត់ជួបគ្នា ដើម្បីប្រកួតជាការកម្សាន្តកំដរពិធីបុណ្យ។





នៅក្នុងសម័យអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ គុនល្បុក្កតោបានទៅលាក់ខ្លួននៅតាមទីវត្តអារាម និងនៅតាមតំបន់ដាច់ស្រយាល ដោយមិនមានស្ថាប័នទ្រទ្រង់ ជាលក្ខណៈប្រព័ន្ធឲ្យបានត្រឹមត្រូវទេ។ ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យនៅតាមស្រុកភូមិ បានដើរតួនាទីជាអ្នកថែរក្សាក្បាច់គុននេះ ដោយបានផ្ទេរចំណេះដឹងក្បាច់គុនទៅអ្នកជំនាន់ក្រោយ នៅក្នុងន័យអភិរក្សផង សម្រាប់ការពារខ្លួនទប់ទល់នឹងអំពើឆក់ប្លន់ផង និងដើម្បីកសាងកម្លាំងប្រឆាំង នឹងការត្រួតត្រារបស់បារាំងផង។

គុនល្បុក្កតោបានធ្លាក់ចុះធ្ងន់ធ្ងរបំផុត នៅក្នុងសម័យនៃរបបខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ដូចប្រជាជនកម្ពុជានៅទូទាំងប្រទេសដែរ អ្នកដែលចេះក្បាច់គុនក្បុក្កតោជាច្រើនត្រូវបានសម្លាប់ ជម្លៀសឲ្យទៅរស់នៅតំបន់ដាច់ស្រយាល និងបង្ខំឲ្យធ្វើការជាទម្ងន់។ គ្រូគុនល្បុក្កតោផ្សេងទៀត បានលាក់អត្តសញ្ញាណមិនហ៊ានបង្ហាញ ឬបង្ហាត់ក្បាច់គុនល្បុក្កតោនេះទេ ដោយសារតែការហាត់ក្បាច់គុន និងសកម្មភាពទាំងឡាយណា មិនត្រូវបានអនុញ្ញាតដោយអង្គការខ្មែរក្រហម និងហាមឃាត់ជាដាច់ខាត។

ក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅខែមករា ឆ្នាំ១៩៧៩ អ្នកចេះក្បាច់គុនល្បុក្កតោ ដែលនៅរស់រានមានជីវិតពីរបបនេះ មានចំនួនតិចតួចណាស់។ គ្រូគុនល្បុក្កតោមួយចំនួន បានរត់ភៀសខ្លួនទៅរស់នៅបរទេស ហើយគ្រូគុនដែលសេសសល់ក្នុងប្រទេស មិនមានលទ្ធភាពបន្តសកម្មភាពក្បាច់គុននេះបានទេ។ ដោយសារប្រទេសទើបងើបពីរបបប្រល័យពូជសាសន៍ និងដោយមិនមានការស្រាវជ្រាវ និងអភិរក្សផងនោះ គុនល្បុក្កតោស្ទើរតែត្រូវបានបំភ្លេចចោល និងបាត់ឈ្មោះពីក្នុងប្រវត្តិសាស្ត្រខ្មែរទៅហើយ។

អត្តភាពនៃគុនល្បុក្កតោត្រូវបានស្តារឡើងវិញ ដោយសារគ្រូតាជាង ១០នាក់ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម និងដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកគ្រូតាទាំងអស់បានខិតខំស្រាវជ្រាវចងក្រងឯកសារ បង្កើតសាលាគុន លើកទឹកចិត្ត និងបំផុសឲ្យមានការហ្វឹកហាត់គុនល្បុក្កតោ កសាងក្លិប និងសមាគមនៅទូទាំងប្រទេស ហើយថែមទាំងបានបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដោយជោគជ័យនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៤ ដើម្បីអភិរក្សក្បាច់គុនល្បុក្កតោ ដែលជាព្រលឹងវប្បធម៌ជាតិ និងជាកេរមរតកដូនតាទុក សម្រាប់កូនចៅជំនាន់ក្រោយតទៅ។



ចាប់តាំងពីបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានេះមក គុនល្បុក្កតោទទួលបានការគាំទ្រកាន់តែច្រើន ពីសំណាក់សាធារណជន តាមរយៈការចងក្រងជាខ្សែភាពយន្ត ការអញ្ជើញឲ្យទៅចូលរួមសម្តែង ការចូលរួមប្រកួត នៅក្នុងកម្មវិធីសំខាន់ៗទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ នៅទីបំផុត ក្បាច់គុនល្បុក្កតោត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីសារពើភ័ណបេតិកភណ្ឌវប្បធម៌អរូបីជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាឆ្នាំ២០១១។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច បង្កើតគណៈកម្មការអន្តរក្រសួង រៀបចំបញ្ចូលក្បាច់គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកីឡា នៅថ្នាក់មធ្យមសិក្សាទូទាំងប្រទេសទៀតផង៕

​លោក​ ​សាន​ ​គឹម​ស៊ាន​ ជា​ប្រធាន​​នៃ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​​ និង ជា​អ្នក​ចង​ក្រង​សៀវភៅ​ដែល​មាន​​ចំណង​ជើង​ថា​ “គុនល្បុក្កតោ​“ ក្នុង​កម្រិត​ថ្នាក់​​ក្រមា​ស​បាន​រៀប​រាប់​ថា​​​ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ ដែល​ខាង​សហព័ន្ធ​របស់​លោក​បាន​ពុម្ព​លក់​នូវ​សៀវភៅ​នេះ​​ឡើង​​ ដែល​​បរិយាយ​​​​​អំពី​ក្បាច់​​គ្រឹះ​របស់​​កំពូល​ក្បាច់​គុណ​ល្បុក្កតោ​របស់​ខ្មែរ​។​ ​​​


No comments