អត្ថបទទើបផ្សាយចេញ

ដើមកំណើតភាសា និងអក្សរខ្មែរ(លី ធាមតេង)

 


ដើមកំណើតភាសា និងអក្សរខ្មែរ

ក-ដើមកំណើតភាសាខ្មែរ
        កំណត់ត្រាប្រវត្តិសាស្ត្រនៅកោះគោកធ្លក ដែលបង្ហាញថា ដំបូងឡើយមនុស្សពុំមានការប្រាស្រ័យទាក់ទងគ្នាឡើយ ដោយទំនាក់ទំនងអចិន្ត្រៃយ៍តែក្នុងចំណោមអ្នកជិតខាងខ្លួន ហើយពិបាកយល់គ្នាទៀត។ ក្រោយមក មានការប្រមូលផ្តុំគ្នានៅក្រោមការត្រួតត្រាមេតែមួយ ដែលជានារី។ នារីដែលជាមេដឹកនាំនោះ មានរឿងតំណាល និងការដាក់ឈ្មោះផ្សេងៗគ្នា ដោយខ្លះថា «នាងសក់ក្រអូប», «សុវណ្ណកេរី», «នាគីសោមា» ហើយកំណត់ត្រាចិន កត់នាមថា «លីវយី»។ តាមការសង្កេត អ្នកស្រុកគោកធ្លក មានភាសានិយាយប្រចាំខ្លួនរួចទៅហើយ ប៉ុន្តែវត្តមានព្រះនាងនាគីសោមា ឬលីវយី គឺភស្តុតាងនៃចេះរួបរួមប្រាស្រ័យទាក់ទងគ្នា។

        បន្ទាប់មក ភាសាបានបែងចែកជាមែកធាងជាច្រើន រួមមាន ភាសាតូចតាចរបស់អ្នករស់នៅក្នុងព្រៃ និងតំបន់ផ្សេងៗដូចជា ព្នង ជង រដែ សម្រែ កួយ ជាដើម។មានការភ័ន្តច្រឡំថា ភាសាខ្មែរ មានដើមកំណើតពីបាលី-សំសង្ក្រឹត ដោយសារតែមានការប្រើប្រាស់ច្របូកច្របល់ ប៉ុន្តែយើងអាចបកស្រាយវិញថា ភាសាទាំងនោះ មិនមែនកើតឡើងមុនសម័យជនជាតិឥណ្ឌៀចូលស្រុក ពោលគឺមុនរាជ្យព្រះបាទកៅណ្ឌន្យនោះឡើយ។ភាសាបាលី និងសំស្រ្កឹត គ្រាន់តែជាភាសាចំណូលថ្មី ដែលហូរតាមអារ្យធម៌ឥណ្ឌៀ បូកបញ្ចូលបន្ថែមក្នុងភាសាដើមរបស់យើងប៉ុណ្ណោះ។

ខ-ដើមកំណើតអក្សរខ្មែរ
អក្សរខ្មែរមិនបានកើតឡើងស្មើភាសាឡើយ ដោយគ្មានការសរសេរសំបុត្រស្នាម ឬការកត់ត្រាអ្វីឡើយ។ អាចមានការកត់ចំណាំក្នុងចិត្ត ឬយករដូវ ឬផ្លែឈើជាគ្រឿងចំណាំពេលវេលា។ លុះក្រោយពេលទទួលអារ្យធម៌ឥណ្ឌៀ អ្នកប្រាជ្ញខ្មែរចេះប្រឌិតយកតាមអក្សរឥណ្ឌៀ។
        ដំបូងអាចចេញពីអក្សរ «ព្រាហ្មី» ដែលជាអក្សរចាស់ជាងគេរបស់ឥណ្ឌៀ ដោយសារតែមានពិធីផ្សំស្រះ ព្យញ្ជនៈ ដូចអាក្សរខ្មែរសព្វថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជាតិខ្មែរបុរាណមានទេព្យកោសល្យជាប់ខ្លួន ដោយការប្រើប្រាស់មិនមែនយកតាមរបៀបឥណ្ឌៀសុទ្ធនោះឡើយ គឺមានគំរូដោយឡែក និងលក្ខណៈពិសេសជាអក្សរជាតិខ្លួន។អ្នកប្រាជ្ញស្រាវជ្រាវឃើញថា អក្សរសិលាចារឹកខ្មែរបុរាណ ពិតជាមានទ្រង់ទ្រាយដូចអក្សរឥណ្ឌៀប៉ែកខាងត្បូង ជាពិសេសតាមរយៈសិលាចារឹកខ្មែរនៅវ៉ូកាញ់ (ញ៉ាត្រាំង-យៀកណាម), សិលាចារឹកនៅភ្នំហាន់ជ័យ (កំពង់ចាម)។តួអក្សរទាំងនោះ មិនដូចអក្សរខ្មែរសព្វថ្ងៃទេ ដោយសារតែបុព្វបុរសយើងចេះរកវិធីកែប្រែ។ តែដោយសារមានអំបូរចេញពីប្រភពជាមួយគ្នា ទើបអ្នកប្រាជ្ញទាំងឡាយឲ្យឈ្មោះថា មានអំបូរក្នុងរង្វង់ភាសា «មន-ខ្មែរ»។ 

        សរុបសេចក្តី ខ្មែរមានភាសាប្រចាំជាតិយូរហើយ តាំងពីមុនសម័យប្រវត្តិសាស្ត្រ រីឯអក្សរវិញ ទើបនឹងចាប់មានត្រឹមរជ្ជកាលព្រះបាទ កៅណ្ឌិន្យ ជាមួយគ្នានៅអារ្យធម៌ឥណ្ឌៀ ហើយអ្នកប្រាជ្ញ-អក្ខរវិទូព្យាយាមកែប្រែជាបន្តបន្ទាប់។ ឯភាសា ក៏មានការប្រែក្លាយបញ្ចូលជាច្រើនក្នុងភាសាដើមដែរ។ 
ភាសាសំស្ក្រឹតចូលមកជាមួយលទ្ធិសាសនាព្រាហ្មណ៍ និងពុទ្ធសាសនាមហាយានមុនសម័យអង្គរ ហើយចាប់ពីពាក់កណ្តាលចុងសម័យអង្គរ យើងទទួលបានភាសាបាលីមួយទៀត ពោលគឺចាប់តាំងពីការហូរចូលនៃលទ្ធិពុទ្ធសាសនាហីនយាន។

No comments