អត្ថបទទើបផ្សាយចេញ

ប្រវត្តិជនជាតិរ៉ូហ៊ីងយ៉ា

ប្រវត្តិជនជាតិរ៉ូហ៊ីងយ៉ា 



(Ponlork-Library)

មុខវិជ្ជា ៖ ប្រវត្តិទំនាក់ទំនងអន្តរជាតិ 

ណែនាំដោយសាស្រ្តាចារ្យ៖ ចាន់ សារឿន 

ស្រាវជ្រាវដោយក្រុមទី ០៥ នៃក្រុម P2A3 ៖ 

· អ៊ីវ ស្រីលីន              -ពុត សុក្រិត 

· ចៅ កុជេង           -ងុន ស្រីណាន 

  -ធិន សៅដា            -ងុន ស្រីណាន 

 ឆ្នាំ សិ ក្សា ២ ០ ១ ៧ ~ ២ ០ ១ ៨ 


សេចក្ដីថ្លែងអំណរគុណ 

ជាបឋមក្រុមស្រាវជ្រាវរបស់យើងខ្ញុំដែលមានសមាជិក០៥នាក់មាន ៖ អ៊ីវ ស្រីលីន ធិន សៅដា ងុន ស្រីណាន ពុត សុក្រិត និង ចៅ កុជេង សូមលំឱនកាយក្រាបប្រណិបតន៍សម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឪពុកអ្នកម្តាយ ដែលបានផ្ដល់កំណើត និងយកចិត្តទុកដាក់បីបាច់ ថែរក្សា អប់រំទូន្មានកូន តាំងពីតូចដល់ធំ ជាពិសេសលោកទាំងពីរតែងតែទំនុកបម្រុងគ្រប់បែបយ៉ាងទាំងស្មារតី ទាំងសម្ភារៈ និងបានផ្តល់ឱកាសដ៏មានតម្លៃឱ្យកូនទាំងអស់គ្នាបានសិក្សារៀនសូត្រឲ្យមាន ចំណេះដឹងមកដល់បច្ចុប្បន្ន នេះជាគុណូបការៈយ៉ាងវិសេសវិសាល និងថ្លៃថ្លាបំផុត ដែលមិនអាចកាត់ថ្លៃបាន របស់លោកអ្នកមានគុណទាំងទ្វេ ។ 

យើងខ្ញុំទាំងអស់គ្នា សូមគោរព និងសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាស្ត្រាចារ្យ ចាន់ សារឿន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្ហាត់បង្រៀន ណែនាំ និងខិតខំយកចិត្តទុកដាក់ត្រួសត្រាយផ្លូវសម្រាប់និស្សិតទាំងអស់ ក៏ដូចជារូបពួកយើងខ្ញុំផ្ទាល់ និងបានផ្តល់នូវទស្សនៈល្អៗយ៉ាងច្រើន ដែលធ្វើឲ្យក្រុមរបស់យើងខ្ញុំ បានបញ្ចប់នូវការស្រាវជ្រាវនេះដោយជោគជ័យគួរជាទីមោទនៈ ។ 

យើងខ្ញុំទាំងអស់គ្នា សូមគោរពនិងសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី សាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការបណ្តុះបណ្តាលពួកយើងខ្ញុំ រួមទាំងនិស្សិតដទៃទៀតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។ 

យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមកិច្ចការស្រាវជ្រាវទាំងអស់នៃថ្នាក់ P2A3 ដែលបានជួយណែនាំ ផ្ដល់យោបល់ ផ្ដល់បទពិសោធន៍ល្អៗ និងជួយលើកទឹកចិត្តចំពោះការធ្វើកិច្ចការស្រាវជ្រាវនេះរហូតបានជោគជ័យ ។ 



  អារម្ភកថា 

កិច្ចការស្រាវជាវ ស្តីពី "ជនជាតិរ៉ូហ៊ីងយ៉ា" នេះ គឺជាកិច្ចការស្រាវជ្រាវមួយ ដែលត្រូវបានតាក់តែងឡើង ដោយប្រមូលផ្តុំនូវទិន្នន័យមួយចំនួនដែលទាក់ទងនឹងជនជាតិរ៉ូហ៊ីងយ៉ា ដូចជា ដើមកំណើត និងព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងលើជនជាតិរ៉ូហ៊ីងយ៉ាជាដើម ។ ការរៀបចំនូវការស្រាវជ្រាវនេះ គឺធ្វើឡើងនៅក្នុងគោលបំណងពីរសំខាន់ គឺ ទី០១ ដើម្បីពង្រីកចំណេះដឹងផ្នែកទំនាក់ទំនងអន្តរជាតិ ក៏ដូចជាយល់ដឹងពីបញ្ហាដែលកំពុងឆាបឆេះក្នុងពេលបច្ចុប្បន្ន និងទុកជាឯកសារសម្រាប់និស្សិតជំនាន់ក្រោយៗ ក៏ដូចជាអ្នកស្រាវជ្រាវផ្សេងៗទៀត ប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់ស្វែងយល់ និងសិក្សាស្រាវជ្រាវបន្តទៀត និងទី០២ ដើម្បីជាការឆ្លើយតបទៅនឹងការតម្រូវរបស់កម្មវិធីសិក្សា នៃថ្នាក់បរិញ្ញាបត្រ ជំនាញនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។ 

ដោយហេតុថា ពេលវេលាមានកម្រិត និងកង្វះខាតនៃឯកសារ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសគឺចំណេះដឹង និងបទពិសោធន៍ ចំពោះការសិក្សាស្រាវជ្រាវរបស់ក្រុមយើងខ្ញុំនៅមានកម្រិត ដូច្នេះយើងខ្ញុំជឿជាក់ថា កំហុសឆ្គងដោយប្រការណាមួយនឹងអាចកើតមានឡើងជាមិនខាន តួយ៉ាងដូចជាកំហុសអក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យពេចន៍ វេយ្យាករណ៍ និងឃ្លាល្បះណាមួយពុំបានត្រឹមត្រូវទៅតាមក្បួនច្បាប់ជាដើម ។ អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នាសូមមេត្តាខន្តីអភ័យទោសទុកជាមុន នូវកំហុសឆ្គងទាំងឡាយណា ដែលអាចកើតមានឡើងដោយមិនបានព្រៀងទុកទាំងនេះ ។ ក្រុមរបស់យើងខ្ញុំនឹងទទួលយកនូវការណែនាំ និងការរិះគន់នានា ក្នុងគោលបំណងដើម្បីស្ថាបនា និងកែលម្អរាល់កំហុសឆ្គង ដែលកើតមានឡើងនៅក្នុងកិច្ចការស្រាវជ្រាវនេះ ពីសំណាក់លោក លោកស្រី សាស្រ្តាចារ្យ និងមិត្តអ្នកអានទាំងឡាយ ។ 

ជាទីបញ្ចប់ក្រុមយើងខ្ញុំសង្ឃឹមនិងមានការជឿជាក់យ៉ាងមុតមាំថាអត្ថបទស្រាវជ្រាវនេះនឹងបានជួយសម្រួលដល់អ្នកអាន នូវពុទ្ធិមូលដ្ឋាន និងវិភាគទានមួយចំនួន ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវណាមួយបន្តទៀត ។ សូមអរគុណ ! 




សេចក្ដីផ្ដើម

ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសមួយនៅក្នុងអាស៊ីអាគ្នេយ៍ដីគោក ដែលចម្រុះទៅដោយជាតិសាសន៍ជាងមួយរយ។នៅក្នុងនោះគេឃើញមានជនជាតិមួយក្រុមដែលហាក់បីដូចជាមានបញ្ហាចម្រូងចម្រាស់និងរងការធ្វើបាបពីសំណាក់រដ្ឋាភិបាលភូមាយ៉ាងខ្លាំងក្លាជាងគេនោះគឺជនជាតិរ៉ូហ៊ីងយ៉ា។ 

ជនជាតិរ៉ូហ៊ីងយ៉ា ជាជនជាតិភាគតិចមួយក្រុមដែលរស់នៅរដ្ឋរ៉ាឃីន ហើយទទួលបានការរើសអើង និងស្អប់ខ្ពើមយ៉ាងក្រៃលែងពីសំណាក់ប្រជាជនភូមាដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ​ ខណៈដែលប្រជាជនរ៉ូហ៊ីងយ៉ាជាម៉ូស្លីមសាសនិក។ វិវាទរវាងជនជាតិរ៉ូហ៊ីងយ៉ា និង​ រដ្ឋាភិបាលភូមា មានការកើនឡើងកម្ដៅយ៉ាងខ្លាំងនាសតវត្សចុងក្រោយនេះ ដែលធ្វើឲ្យកំណើនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅប្រទេសបង់ក្លាដេស និងប្រទេសមួយចំនួនទៀតកាន់តែច្រើនឡើងៗ។ 

ជនជាតិរ៉ូហ៊ីងយ៉ាបានពណ៌នាថា រដ្ឋាភិបាលភូមាបានធ្វើទុក្ខបុកម្នេញមកលើពួកគេយ៉ាងសាហាវក្រៃលែង ដូចជាការប្រើប្រាស់អំពើហិង្សាយ៉ាងឃោរឃៅ ការរំលោភបំពានលើស្ត្រីរ៉ូហ៊ីងយ៉ា និងការសម្លាប់យ៉ាងរង្គាល ប្រៀបបានទៅនឹងអំពើប្រល័យពូជសាសន៍ ដើម្បីឲ្យជនជាតិមួយនេះរលាយបាត់ពីផែនដី។

ក្នុងវិវាទនេះពុំមាននរណាដឹងច្បាស់ថាតើនរណាជាអ្នកបង្កឡើងឡើយ។ សព្វថ្ងៃនេះ ជនជាតិរ៉ូហ៊ីងយ៉ាជាសហគមន៍ដែលគ្មានរដ្ឋធំជាងគេបង្អស់លើពិភពលោក ព្រមទាំងកំពុងទទួលបានការការពារពីសំណាក់អង្កការសង្គមស៊ីវិលនិងអង្កការសហប្រជាជាតិផងដែរទៅលើបញ្ហានេះជាមួយរដ្ឋាភិបាលមីយ៉ាន់-ម៉ា។

ភាពរកាំរកូសរវាងជនជាតិមីយ៉ាន់ម៉ានិងរ៉ូហ៊ីងយ៉ាគឺជារឿងមួយដែលមានការរំជើបរំជួលយ៉ាងខ្លាំងដល់បណ្ដាប្រទេសទាំងឡាយក្នុងពិភពលោក ជាពិសេសគឺបញ្ហាជនភៀសខ្លួនដ៏ធំដែលមិនធ្លាប់មានពីមុនមក ក្នុងទឹកដីអាស៊ីអាគ្នេយ៍។ ដើម្បីជ្រាបច្បាស់អំពីបញ្ហានេះក្រុមយើងខ្ញុំបានលើកចំណុចសំខាន់៥គឺ ដើម


១. រ៉ូហ៊ីងយ៉ានិងទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា
    ១.១ រ៉ូហ៊ីងយ៉ាជានរណា?

ប្រជាជនរ៉ូហ៊ីងយ៉ា ជាក្រុមជនជាតិដើមម៉ូស្លីមដែលភាគច្រើនរស់នៅរដ្ឋ Rakine ។ យោងទៅតាមប្រជាជនរ៉ូហ៊ីងយ៉ាបានឲដឹងថា ពួកគេជាជនជាតិភាគតិចនៅភាគខាងលិចមីយ៉ានម៉ា ដែលមានមរតកជាង១០០០ឆ្នាំ និងមានឥទ្ធិពលមកពីអារ៉ាប់ម៉េហ្គែល និងព័រទុយហ្គាលហើយ សហគមន៍នោះបានត្រូវបានចុះបញ្ជីដោយមនុស្សនៅក្នុងស្រុក Arakan ។

ប្រជាជនរ៉ូហ៊ីងយ៉ាមួយចំនួន​បាននិយាយថាពួកគេបានធ្លាក់ចេញពីកប៉ាល់លិចទឹកនាសតវត្សទី៨ ដែលភ្ជាប់ពួកគេទៅនឹងអារ៉ាប់ ឬ ព្សែរនៅភាគខាងលិច ។ គួបផ្សំជាមួយរឿងព្រេងដែលនិយាយអំពីការលិចកប៉ាល់កាលពីដើមនៅក្នុងសង្កាត់របស់ពួកគេកប៉ាល់ kular បានលិចក្នុងនោះមាន អ្នកដំណើរ និងទាហាន​ ។ ម៉ូស្លីមដំបូងបានមកដល់ Arakan ហើយបានផ្លាស់ប្ដូរទៅតំបន់ត្រើយខាងកើតឆ្ពោះទៅកាន់ក្រុង មូដាដ ។ ពេលវេលាដែលពួកម៉ូស្លីមមកដល់ភូមា និង Arakan នៅតែមិនច្បាស់លាស់ ។ 

១.២ ទស្សនៈជនជាតិមីយ៉ាន់ម៉ា

បើយោងទៅតាម ប្រជាជនភូមាខ្លះបានឲ្យដឹងដែលថារ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិភូមា ហើយក៍មិនមែនជាមនុស្សដែលរស់នៅក្នុងប្រទេសភូមាដែរបើផ្អែកទៅលើប្រវត្តិសាស្រ្ត ។ ខ្លះទៀតយល់ថា រ៉ូហ៊ីងយ៉ាគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ដែលបានចាកចេញពីបង់ក្លាដេសមករស់នៅប្រទេសភូមាក្នុងអំឡុងអាណានិគមអង់គ្លេស។ រីឯអ្នកខ្លះទៀតក៏បាននិយាយថា រ៉ូហ៊ីងយ៉ាជាជនជាតិបង់ហ្គាលី បើយោងទៅតាម ការស្លៀកសម្លៀកបំពាក់ វប្បធម៌ ទំនៀមទម្លាប់ និងភាសា ដែលពួកគេប្រើគឺដូចនឹង ពួកបង់ក្លាដេសទាំងអស់ ។

បើយោងតាមគេហទំព័រwikipediaបានឲ្យដឹងថាជនជាតិរ៉ូហ៊ីងយ៉ាបានចូលមករស់នៅក្នុងប្រទេសភូមាតាំងពីដើមសតវត្សទី៨មកម្ល៉េះក៏ប៉ុន្តែការចូលមករស់នេះមានចំនួនតិចតួចប៉ុណ្ណោះ រហូតដល់ចក្រភពអង់គ្លេសបានចូលមកអាណានិគមលើប្រទេសភូមាទើបមានការកើនឡើងនៃជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakine ដោយសារតែពួកអង់គ្លេសបាននាំយកពួករ៉ូហ៊ីងយ៉ាមកធ្វើទាសករ ។

២. ប្រទេសមីយ៉ាន់ម៉ាក្នុងសម័យអាណានិគម

ប្រទេសមីយ៉ាន់ម៉ា (ប្រទេសភូមា) មានប្រវត្តិសាស្រ្តយូរអង្វែងណាស់មកហើយ ជនជាតិ

ដែលមករស់នៅក្នុងតំបន់នេះមុនគេគឺ ជនជាតិមន រហូតមកដល់សតវត្សទី៨មិនទាន់មានឯកសារណាមួយ ដែលសរសេរបញ្ជាក់ពីប្រវត្តិសាស្រ្ត ក៏ដូចជាការដឹកនាំរបស់ប្រទេសមួយនេះ នៅចន្លោះសម័យកាលនេះឲ្យបានច្បាស់លាស់ឡើយ ។ ប៉ុន្តែចាប់ពីសតវត្សទី៨ មកដល់បច្ចុប្បន្ន​ ទើបមានការសរសេរ ចងក្រងជាឯកសារទុក ។ ចាប់ពីសតវត្សទី៨ មកដល់ត្រឹមអាណានិគមរបស់អង់គ្លេស គេឃើញមានការគ្រប់គ្រងដោយរាជវង្សមួយចំនួន ជាបន្តបន្ទាប់ ដូចជា ៖ 
រាជវង្សភុកាម (៨៤៩ - ១៥១០) 
រាជវង្សតងអ៊ូ (១៥១០ - ១៧៥២) 
រាជ្យវង្សអាឡងព្យា (១៧៥២ - ១៨២៤) ។ 

២.១ អាណានិគមអង់គ្លេស 

ដោយសារការខិតខំពង្រីកអំណាចរបស់អង់គ្លេស កងទ័ពអង់គ្លេសបានចូលធ្វើសង្គ្រាមជាមួយភូមា ក្នុងឆ្នាំ ១៨២៤ ។ សង្គ្រាមរវាងភូមា និងអង់គ្លេសលើកទី១ (១៨២៤ - ១៨២៦) ត្រូវបានបញ្ចប់ដោយអង់គ្លេសជាអ្នកទទួលបានជ័យជម្នះ ធ្វើឲ្យភូមាត្រូវប្រគល់ដែនដីអាសាំ មណីបុរៈ អារ៉ាកាន និងត្រាក់ណាវស៊ីទៅឱ្យអង់គ្លេស ។ សង្គ្រាមរវាងភូមា និងអង់គ្លេសលើកទី២ នៅក្នុងឆ្នាំ ១៨៥២ លទ្ធផលចុងក្រោយពួកអង់គ្លេសជាអ្នកទទួលជ័យជម្នះទៀត ហើយអង់គ្លេសបានបញ្ចូលហង្សាវត្ដី និងតំបន់ជិតខាងជារបស់ខ្លួន ដោយហៅតំបន់ទាំងនោះជាថ្មីថា ភូមាខាងត្បូង ។ សង្គ្រាមរវាងភូមាជាមួយអង់គ្លេសជាលើកទី៣ នៅក្នុងឆ្នាំ ១៨៨៥ លទ្ធផលនៃសង្គ្រាមលើកនេះ ធ្វើឱ្យអង់គ្លេសអាចកាន់កាប់ដែនដីភូមាដែលសេសសល់បានទាំងអស់ ។ នៅក្នុងកំឡុងពេលសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលមកមានអំណាចនៅអាស៊ីអាគ្នេយ៍ ដោយធ្វើសង្រ្គាមជាមួយកងទ័ពអង់គ្លេស និងបានគ្រប់គ្រងនូវតំបន់មួយចំនួនរបស់ភូមាដូចជា អារ៉ាកាន ត្រាក់ណាវស៊ី និងតំបន់មួយចំនួនទៀត ។ រហូតដល់ពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ទើបគេឃើញមានការចរចាជាមួយពួកអង់គ្លេសដើម្បីទាមទារឯករាជ្យ ដល់ថ្ងៃទី ០៤​ ខែ មករា ឆ្នាំ ១៩៤៨ ទើបអង់គ្លេសប្រគល់ឯករាជ្យពេញលេញឲ្យដល់ប្រទេសភូមា ។

២.២ ជនជាតិរ៉ូហ៊ីងយ៉ា 

យើងបានដឹងពីខាងលើហើយថា​ ជនជាតិរ៉ូហ៊ីងយ៉ាបានចូលមករស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា តាំងពីសតវត្សទី៨ មកម្លេះ ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ រហូតមកដល់អង់គ្លេសមកដាក់អាណានិគមលើមីយ៉ាន់ម៉ា ទើបជនជាតិភាគតិចមួយក្រុមនេះមានការកើនឡើងជាលំដាប់ ព្រោះអង់គ្លេសបាននាំយកជនជាតិភាគតិចនេះ មកធ្វើជាទាសករ សម្រាប់បម្រើខ្លួននៅក្នុងប្រទេសភូមា ។

បើយោងតាម កំណត់ត្រាជំរឿនឆ្នាំ ១៨៧១ បាននិយាយថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើនបានចូលមករស់នៅក្នុងប្រទេសភូមា ក្នុងឋានៈជាទាសកររបស់ពួកអង់គ្លេស ហើយពួករ៉ូហ៊ីងយ៉ាបានធ្វើការដាំដុះស្រូវ ក៏ដូចជាដំណាំផ្សេងៗ ដើម្បីបម្រើឲ្យពួកអង់គ្លេស ។ 

នៅក្នុងសម័យអាណានិគមអង់គ្លេស ជនជាតិភាគតិចរ៉ហ៊ីងយ៉ាជាជនជាតិមួយ ពូកែក្នុងការយកចិត្ត និងចេះអែបអបចៅហ្វាយនាយ (ពួកអង់គ្លេស) ជាខ្លាំង ដែលផ្ទុយពីពួកជនជាតិមីយ៉ាន់ម៉ា ព្រោះជនជាតិមីយ៉ាន់ម៉ាគឺស្អប់ពួកអង់គ្លេស ដែលជាហេតុធ្វើឲ្យមានការស្អប់ខ្ពើមកើតឡើង ពីសំណាក់ជនជាតិមីយ៉ាន់ម៉ាទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។

នៅក្នុងកំឡុងពេលសង្គ្រាមលោកលើកទី២ ឆ្នាំ ១៩៤២ ជប៉ុនជាមហាអំណាចដែលទើបក៏កើតថ្មីនៅអាស៊ីបានធ្វើការពង្រីកអំណាចរបស់ខ្លួន ហើយបានចូលដល់ប្រទេសភូមា ។ បន្ទាប់មកអង់គ្លេស បានធ្វើការសន្យាជាមួយនឹងពួកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាថា នឹងបែងចែកទឹកដីស្វ័យ័តមួយកន្លែងឲ្យទៅពួករ៉ូហ៊ីងយ៉ាកាន់កាប់ និងដឹកនាំផ្ទាល់ (តំបន់ជនជាតិម៉ូស្លីម) ហេតុផលនៃការសន្យានេះ គឺដើម្បីធ្វើការដោះដូរជាមួយនឹងការគាំទ្ររបស់ពួករ៉ូហ៊ីងយ៉ាមកលើខ្លួន ។ ដោយសារតែការចង់បានតំបន់ស្វ័យ័តមួយមកកាន់កាប់ ក៏ដូចជាធ្វើការដឹកនាំខ្លួនឯង ជនជាតិរ៉ូហ៊ីងយ៉ាក៏ព្រមគាំទ្រ និងស្ដាប់តាមបញ្ជារបស់អង់គ្លេស ខណៈដែលអ្នកស្នេហាជាតិមីយ៉ាន់ម៉ាគាំទ្រខាងជប៉ុន (មូលហេតុមួយដែលធ្វើឲ្យជនជាតិមីយ៉ាន់ម៉ាស្អប់ជនជាតិរ៉ូហ៊ីងយ៉ា) ។ ដោយសំអាងលើការសន្យានេះ ពួកអង់គ្លេសបានបង្គាប់បញ្ជាឲ្យពួករ៉ូហ៊ីងយ៉ាជួយវាយទប់ទល់ជាមួយនឹងពួកជប៉ុន ក៏ដូចជាពួកអ្នកស្នេហាជាតិមីយ៉ាន់ម៉ា ។ ក្រោយពេលសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ ដោយជប៉ុនជាអ្នកចាញ់សង្គ្រាម ជប៉ុនត្រូវដកកងទ័ពរបស់ខ្លួនចេញពីប្រទេសដែលខ្លួនបានវាយដណ្ដើមកាន់កាប់ទាំងអស់ ក្នុងនោះក៏មានប្រទេសមីយ៉ាន់ម៉ាផងដែរ ។ បន្ទាប់ពីបានបញ្ចប់សង្គ្រាម ជនជាតិរ៉ូហ៊ីងយ៉ាបានធ្វើការស្នើសុំទៅអង់គ្លេសឲ្យអនុវត្តការសន្យា ប៉ុន្តែពួកអង់គ្លេសបែរជាមិនព្រមធ្វើតាមការសន្យាឡើយ ពួកគេបែរជាធ្វើការផ្ដល់រង្វាន់មួយផ្សេងទៀតទៅឲ្យពួកជនជាតិរ៉ូហ៊ីងយ៉ាវិញ ។ ការទាមទារតំបន់ស្វ័យ័តរបស់ពួករ៉ូហ៊ីងយ៉ាបានបន្តរហូតដល់ប្រទេសមីយ៉ាន់ម៉ាទទួលបានឯករាជ្យនៅថ្ងៃទី ០៤ ខែ មករា​ ឆ្នាំ ១៩៤៨ ហើយនៅតែមិនបានទៀត បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាទទួលបានឯករាជ្យ ពួកគេក៏បានស្នើសុំនូវតំបន់ស្វ័យ័តមួយពី រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាដែរ​ តែគ្មានការយល់ព្រមណាមួយបានកើតឡើងឡើយ ។

៣.ព្រឹត្តិការណ៍សំខាន់ៗរបស់រ៉ូហ៊ីងយ៉ាក្រោយមីយ៉ាន់ម៉ាទទួលបាន​ឯករាជ្យ

៣.១ ការបះបោររបស់ជនជាតិរ៉ូហ៊ីងយ៉ា 

ក.​ម៉ូហែអ៊ីដិន( Majahideen)

នៅខែឧសភាឆ្នាំ១៩៤៦ មេដឹកនាំមូស្លីមមកពីអារ៉ាកាន (បច្ចុប្បន្ន រដ្ឋរ៉ាឃីន) បានជួប ជាមួយលោក Muhammad Ali Jinnah ដែលជាស្ថាបនិកប្រទេសប៉ាគីស្ថាន បានស្នើសុំបញ្ចូលជាផ្លូវការនៃទីប្រជុំជនពីរ គឺក្នុងតំបន់Mayu, Buthidaung និងMaungdaw ដោយប៉ាគីស្ថានខាងកើត (បង់ក្លាដេសបច្ចុប្បន្ន) តែ Jinnah បានបដិសេធ ដោយគាត់មិន អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ភូមាបានឡើយ ។ បន្ទាប់ពីទទួលបានការបដិសេធ មេដឹកនាំមូស្លីមក៏ធ្វើការស្នើទៅកាន់រដ្ឋាភិបាលភូមាដោយស្នើសុំសម្បទាននៃទីប្រជុំជនទាំងពីរទៅប៉ាគីស្ថាន តែត្រូវបានបដិសេធដោយសភាភូមា ។ ក្រោយមក Majahideen ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងរដ្ឋាភិបាលភូមា ដឹកនាំដោយលោក ម៉ាវកាសេម បានបណ្ដេញប្រជាជនរ៉ាឃីនចេញពីស្រុកភូមិ ហើយបានកាន់កាប់រ៉ាឃីន ។ នៅឆ្នាំ ១៩៤៨ ខែ វិច្ឆិកា “ច្បាប់អាជ្ញាសឹក” ត្រូវបានប្រកាសឡើង ហើយរដ្ឋាភិបាលភូមាបានបញ្ជូនកងវរសេនាតូច ទី៥ នៃកាំភ្លើងភូមា និងកងវរសេនាតូចទី២ ដើម្បីរំដោះតំបន់នេះ ។ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែ កងកម្លាំងភូមាអាចរុញច្រាន មូហែអ៊ីដិន ត្រឡប់ទៅព្រៃភ្នំនៅតំបន់យូអែល ក្បែរព្រំប្រទល់ប្រទេសប៉ាគីស្ថានខាងកើត ។ ភូមាបានចោទប្រកាន់មូហែអ៊ីដិនថាជាអ្នកនាំជនជាតិ រូហ៊ីងយ៉ារាប់ពាន់នាក់ក្នុងអំឡុងនៃការគ្រប់គ្រងរបស់គេលើអារ៉ាកាន ។ ខែមិនា ១៩៥០ មានប្រតិបត្តិការយោធាលើកដំបូង បន្ទាប់មកមានប្រតិបត្តិការទី២ “ម៉ាយ៉ា” នៅខែ តុលា ១៩៥២ ប្រឆាំងនឹងពួក នៅខាងជើងអារ៉ាកាន ធ្វើឲ្យពួកមូហែអ៊ីដិន ជាច្រើនបានយល់ព្រមដកអាវុធប្រគល់ឲ្យរដ្ឋាភិបាលភូមា ។ មូហែអ៊ីដិន ពួកគេបានធ្វើការវាយប្រហារទៅលើអាជ្ញាធរមូលដ្ឋាន និងយោធាភូមា ឈរនៅជុំវិញ ម៉ូនដា ប៊ូហ្សុង និងរតនៈ ធ្វើឲ្យពុទ្ធសាសនិកធ្វើកូដកម្ម អត់អាហារនៅរ៉ង់ហ្គូន ជាការឆ្លើយតបរដ្ឋាភិបាលបានបើកយុទ្ធនាការ មូសុងនៅខែ តុលា ១៩៥៤ ដើម្បីបន្ថយឥទ្ធិពលភេរវករ​ និងបានបណ្ដេញជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ២០០​ ០០០នាក់ទៅបង់ក្លាដេស ។ នៅដើមទសវត្ស ១៩៦០ មូហែអ៊ីដិនបានបាត់បង់សន្ទុះ បន្ទាប់ពីរដ្ឋាភិបាលរបស់ភូមា និងប៉ាគីស្ថាន បានធ្វើការចរចារគ្នាលើបញ្ហាពួកឧទ្ទាមនៅព្រំដែនរបស់ពួកគេ ។ 

ខ.គណបក្សរំដោះរូហ៊ីងយ៉ា (RLP)

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧២ មេដឹកនាំ មូហៃឌីន លោក ហ្សហ្វារកាវវ៉ាល ​បានបង្កើតគណបក្ស រំដោះរូហ៊ីងយ៉ា (RLP) ដែលកម្លាំងរបស់ពួកគេកើនឡើងពី ២០០ ដល់ ៥០០នាក់ នៅឆ្នាំ១៩៧៤។ មូលដ្ឋានរបស់ពួកគេគឺនៅក្នុងព្រៃរបស់ប៊ូហុងដុង តែត្រូវបង្ក្រាបដោយប្រតិបត្តិការយោធាដ៏ធំមួយរបស់កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ានៅ ខែកក្កដា ឆ្នាំ ១៩៧៤ ពួកគេក៏បានភៀសខ្លួនទៅបង់ក្លាដេស ។

ខ.រណសិរ្សស្នេហាជាតិរ៉ូហ៊ីងយ៉ា (RPF)

នៅឆ្នាំ​​​ ១៩៧៤ រណសិរ្សស្នេហាជាតិរ៉ូហ៊ីងយ៉ា (RPF) ត្រូវបានបង្កើតដោយលោក Muhammad Jafar Habib អតីតលេខាធិការនៃ RLP បន្ទាប់ពី RLP បរាជ័យដែលមានសមាជិក ៧០នាក់ តែត្រូវបរាជ័យដោយប្រតិបត្តិការណ៍យោធាដ៏ធំមួយដែលមានឈ្មោះថា “ Operation King Dragon” បណ្ដេញអ្នកប៉ះបោររ៉ូហ៊ីងយ៉ានៅតំបន់នោះ ធ្វើឲ្យប្រជាជនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់រត់ទៅព្រំដែនបង់ក្លាដេស ។

គ.អង្កការសាមគ្គីរ៉ូហ៊ីងយ៉ា (RSO)

នៅឆ្នាំ ១៩៨២ អង្គការសាមគ្គីរ៉ូហ៊ីងយ៉ា Solidarity ​Organization (RSO) បានបង្កើតឡើងដោយបំបែកចេញពី RPF ដឹកនាំដោយលោក Muhammad Yunus អតីតអគ្គលេខាធិការ RPF ។ ហើយ (RSO) ជាបក្សពួកប្រឆាំងដែលមានឥទ្ធិពលបំផុត និងខ្លាំងបំផុតក្នុងចំណោមក្រុមបះបោររ៉ូហ៊ីងយ៉ា ។ ពួកគេមានការគាំទ្រពីក្រុមឥស្លាមនិយមជា ច្រើនដូចជា ចាម៉ាតអេលអ៊ីស្លាមី (បង់ក្លាដេស និង ប៉ាគីស្ថាន) ហ៊ីបអ៊ីអេលអ៊ីស្លាម(​ អាហ្គានីស្ថាន)​ Hizb-ut- Muahideen (HM) នៅJammuនិង Kashmir និង Angkatan Belia Islam sa- Malasia (ABIM) និងអង្គការយុវជនឥស្លាមម៉ាឡេស៊ីនៅម៉ាឡេស៊ី ។

ឃ. រណសិរ្សអ៊ីស្លាមរ៉ូហ៊ីងយ៉ា (ARIF)

នៅថ្ងៃទី១៥ តុលា ១៩៨២ ច្បាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាបានបង្កើតឡើង ដោយបដិសេធពីភាពជាប្រជាពលរដ្ឋរបស់រ៉ូហ៊ីងយ៉ាធ្វើឲ្យក្រុមបះបោរថ្មីមួយទៀតបានកើតឡើងគឺរណសិរ្សអ៊ី-ស្លាមរ៉ូហ៊ីងយ៉ា(ARIF) នៅឆ្នាំ១៩៨៦ ដោយលោក ណារុលអ៊ីស្លាម ជាអតីតអនុប្រធាន (RPF) ដោយរួបរូមជាមួយ(RPF) និង(RSO) ។

នៅឆ្នាំ១៩៩០ ជំរុំយោធារបស់ (RSO) ដែលមានទីតាំងនៅស្រុក Coz’s Baza ភាគខាងត្បូងនៃប្រទេសបង់ក្លាដេស ពួកគេមានអាវុធជាច្រើនដែលផលិតដោយ ចក្រភពអង់គ្លេសគឺ កាំភ្លើងវាយប្រហារ M-164 និង M-303ទុកត្រៀមសម្រាប់ប្រយុទ្ធ ។ ពេលនោះរដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាបានបង្កើតការវាយលុកដ៏ធំមួយដែលមានឈ្មោះថា Operation Clean and Beautiful nation ដើម្បីបណ្តេញ (RSO) ចេញទៅតាមព្រំដែន ។ នៅខែមេសា ១៩៩២ ជនជាតិរ៉ូហ៊ីងយ៉ា ជាង២៥០ ០០០នាក់ ត្រូវបានបង្ខំឲ្យចេញពីរដ្ឋរ៉ាឃីន ។ នៅថ្ងៃទី ២៨ មេសា​ ១៩៩៤ គ្រាប់បែក៩ ក្នុងចំណោម១២ដែលបានដាក់ក្នុងក្រុងម៉ាដាដដោយRSO បានផ្ទុះបំផ្លាញម៉ាស៊ីនពន្លត់អគ្គិភ័យនិងអគារមួយចំនួន ព្រមទាំងធ្វើឲ្យមនុស្សចំនួន ៤នាក់របួសធ្ងន់ធ្ងរ ។ នៅថ្ងៃទី២៨ តុលា ១៩៩៨ RSO រួមគ្នាជាមួយ ARIF បានបង្កើតជាអង្កការជាតិរ៉ូហ៊ីងយ៉ា (ARNO) ។

ង. កងទ័ពសង្រ្គោះរ៉ូហ៊ីងយ៉ា អារ៉ាកាន (ARSA)

ARSA ត្រូវបានបង្កើតដោយ Ata Ullah នៅឆ្នាំ២០១៣ ក្រោយពីមានកុបកម្មនៅរដ្ឋរ៉ាឃីនឆ្នាំ២០១២ ។ ​ARSA មានគោលដៅដើម្បីបញ្ឈប់ការធ្វើបានទៅលើជនជាតិរ៉ូហ៊ីងយ៉ា ហើយពួកគេបានបដិសេធថា ពួកគេមិនមែនជាក្រុមជីហាដនិយម ពួកគេគ្មានទំនាក់ទំនងជាមួយក្រុមភេវរករ ឬពួកឥស្លាមបរទេសទេ ។ ពួកគេស្លៀកសម្លៀកបំពាក់ស៊ីវិល គ្មានឋានៈយោធា ឬឯកសណ្ឋាន ភាគច្រើនពួកគេប្រដាបដោយកាំបិត និងដំបងឬស្សី ។

៣.២ សកម្មភាពសំខាន់ៗដែលកំពុងកើតមានឡើងរវាងរ៉ូហ៊ីងយ៉ានិងមីយ៉ាន់ម៉ា

មន្ត្រីរដ្ឋាភិបាលនៅរដ្ឋរ៉ាឃីនដើមឡើយបានបន្ទោសដល់អង្គការសាមគ្គី Rohingya (RSO) ដែលជាក្រុមបះបោរអ៊ីស្លាមនិយមសកម្មក្នុងឆ្នាំ 1980 និង 1990 សម្រាប់ការវាយប្រហារ ប៉ុន្តែនៅថ្ងៃទី 17 ខែតុលាឆ្នាំ 2010 ក្រុមមួយហៅខ្លួនឯងថាកងទ័ពរំដោះ Rohingya Arakan (ARSA) បានអះអាងទទួលខុសត្រូវចំពោះរឿងដែលបានកើតឡើងកន្លងមកក្នុងឆ្នាំ1980និង1990 ។ នៅថ្ងៃបន្ទាប់ក្រុមប្រាំមួយផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍ទាំងអស់ដោយលើកឡើងពីមេដឹកនាំដែលបានធ្វើការបះបោរដដែលនោះ ។

រដ្ឋាភិបាលភូមាបានបដិសេធថាមិនបានរៀបចំក្រុមប្រដាប់អាវុធនោះទេ ហើយមិនដែលបានកាត់ទោសនរណាម្នាក់ចំពោះការវាយប្រហារប្រឆាំងនឹងក្រុមរ៉ូហ៊ីងយ៉ាឡើយ។សេដ្ឋកិច្ចវិទូបានលើកហេតុផលថាចាប់តាំងពីការផ្លាស់ប្តូរទៅលទ្ធិប្រជាធិបតេយ្យនៅភូមាក្នុងឆ្នាំ 2011 យោធាបាននឹងកំពុងព្យាយាមរក្សាឋានៈជាឯកសិទ្ធិរបស់ខ្លួនដោយបង្កើតឱ្យមានការលើកទឹកចិត្តដើម្បីលើកទឹកចិត្តដល់ក្រុមកុបកម្មក្នុងឆ្នាំ 2012 និងអនុញ្ញាតឱ្យវាបង្កើតជាអ្នកការពារព្រះពុទ្ធសាសនាប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ាមូស្លីម ។

ក. កុបកម្មរដ្ឋរ៉ាឃីនរវាងពួកមូស្លីមរ៉ូហ៊ីងយ៉ា ឆ្នាំ២០១២

កុបកម្មរដ្ឋរ៉ាឃីននៅឆ្នាំ 2012 គឺជាជម្លោះជាបន្តបន្ទាប់គ្នារវាងពួកមូស្លីមរ៉ូហ៊ីងយ៉ាដែលបានបង្កើតភាគច្រើននៅភាគខាងជើងនៃរដ្ឋរ៉ាឃីន និងជនជាតិភាគតិចរ៉ាឃីនដែលភាគច្រើនជាភាគខាងត្បូង ។ មុនការបះបោរមានការភ័យខ្លាច ក្នុងចំណោមពួករ៉ាឃីនព្រះពុទ្ធសាសនាដែលថាពួកគេនឹងក្លាយទៅជាជនជាតិភាគតិចឆាប់ៗនៅក្នុងរដ្ឋដូនតារបស់ពួកគេ ។ កុបកម្មនេះបានកើតឡើងបន្ទាប់ពីមានជម្លោះនិកាយជាច្រើនសប្តាហ៍ រួមទាំងការចាប់រំលោភជាក្រុម និងការសំលាប់ស្រ្តីជនជាតិរ៉ាឃីនម្នាក់ដោយក្រុមរ៉ូហ៊ីងយ៉ានិងការសម្លាប់អ្នកកាន់សាសនាអ៊ីស្លាមភូមា 10 នាក់ដោយពួក Rakhines ។ មានភ័ស្តុតាងដែលបង្ហាញថាឆ្នាំ 2012 ត្រូវបានជំរុញដោយរដ្ឋាភិបាលស្នើឲ្យបុរសជនជាតិ Rakhine ការពារ "ពូជសាសន៍និងសាសនា" របស់ពួកគេ ។ បុរសនៅរដ្ឋរ៉ាឃិនត្រូវបានគេនិយាយថាគេបានឱ្យកាំបិតនិងម្ហូបអាហារដោយឥតគិតថ្លៃហើយត្រូវបានគេយកមកពីទីក្រុង Sittwe ។ 

នៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2012 ស្ថានភាពនៃភាពអាសន្នមួយត្រូវបានប្រកាសនៅក្នុងរដ្ឋរ៉ាឃីនដែលអនុញ្ញាតឱ្យយោធាចូលរួម ។ អង្គការក្រៅរដ្ឋាភិបាលរ៉ូហ៊ីងយ៉ានៅបរទេសបានចោទប្រកាន់កងទ័ពភូមានិងប៉ូលីស ក្នុងការផ្ដោតការចាត់ចែងទៅលើមូស្លីមរ៉ូហ៊ីងយ៉ាតាមរយៈការចាប់ខ្លួននិងចូលរួមក្នុងអំពើហិង្សា ។ នៅលើភាគីទាំងសងខាងភូមិទាំងអស់ត្រូវបាន "បំផ្លាញ" ។ យោងទៅតាមអាជ្ញាធរភូមាអំពើហិង្សារវាងជនជាតិភាគតិចរ៉ាឃីន និងពួកមូស្លីមរ៉ូហ៊ីងយ៉ាបានធ្វើឱ្យមនុស្ស 78 នាក់បានស្លាប់ 87 នាក់បានរងរបួសនិងរហូតដល់ 140.000 នាក់បានភៀសខ្លួន ។ រដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាបានឆ្លើយតបទៅពួកគេវិញដោយការដាក់បំរាមគោចរ និងការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ឬតាមភូមិ ។ 

អំពើហិង្សារវាងក្រុមរ៉ូហ៊ីងយ៉ា និងអ្នកកាន់សាសនាព្រះពុទ្ធបានចាប់ផ្ដើមឆេះឡើង នៅខែ មិថុនា ឆ្នាំ ២០១២ បន្ទាប់ពីមានការរំលោភ និងសម្លាប់ស្រ្តីជនជាតិដើមភាគតិចក្នុងរដ្ឋ រ៉ាឃីន នៅក្នុងតំបន់ភូមា ដែលបណ្ដាឲ្យមានអ្នកស្លាប់ មានចំនួន ៧៨នាក់ ហើយធ្វើឲ្យមានអ្នកដែលផ្លាស់ប្ដូរទីលំនៅរហូតដល់ជាង ១០០ ០០០នាក់ ។ រហូតមកដល់នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១២ ពួកសកម្មប្រយុទ្ធម៉ូស្លីម នៅមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារលើប៉ុស្ដិ៍ប៉ូលីសចំនួន ៣០ និងមូលដ្ឋានកងទ័ពនៅរដ្ឋ រ៉ាឃីន ។ 

ជាថ្មីម្ដងទៀត កុបកម្មបានកើតឡើងនៅក្នុងខែ តុលា ឆ្នាំ២០១២ដោយសារតែរដ្ឋាភិបាលបានផ្លាស់លំនៅជនជាតិរ៉ូហ៊ីងយ៉ាជាង ១០០០ ០០០ (មួយលាន)នាក់ទៅជំរុំជនភៀសខ្លួន ។ ការប៉ះទង្គិចជនជាតិភាគតិចបានផ្ទុះឡើង ខណៈដែលអំពើហិង្សាសាសនាបានរីករាលដាលដល់បណ្ដាខេត្តផ្សេងៗនៃប្រទេសមីយ៉ាន់ម៉ា។នៅក្នុងការវាយប្រហារប្រឆាំងដែលធ្វើឡើងដោយកងកម្លាំងយោធានេះ យ៉ាងហោចណាស់ធ្វើឲ្យមនុស្ស ៥៩នាក់ នៃក្រុមបះបោរ និងបុគ្គលិកសន្តិសុខ ១២នាក់ត្រូវបានសម្លាប់ ។

ខ. ការឡើងកម្តៅនៃភ្លើងកំហឹងរបស់ពួករ៉ូហ៊ីងយ៉ា

អង្គការសហប្រជាជាតិ បានចោទប្រកាន់រដ្ឋមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធាដល់ឆ្នាំ ២០១១ ពីការសម្អាតជាតិពន្ធុនៅ រ៉ាឃីន ។ ពួកគេបាននិរទេសជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ទៅប្រទេសបង់ក្លាដេស នៅទស្សវត្សរ៍ទី៧០ ។ រឿងរ៉ាវបានផ្លាស់ប្ដូរបន្តិចម្ដងៗ សម្រាប់ក្រុមរូហ៊ីងយ៉ា ថែមទាំងបន្ទាប់ពីកំណែទម្រង់នយោបាយនៅក្នុងឆ្នាំ ២០១១ ដែលបាននាំឲ្យមានការបោះឆ្នោតសកល ជាលើកដំបូងនៅឆ្នាំ ២០១៥ នៅពេលដែលរដ្ឋាភិបាលជាប់ឆ្នោត ដោយគណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយប្រធានាធិបតី Htin Kyaw មិនចង់ផ្ដល់សញ្ជាតិឲ្យជនជាតិរ៉ូហ៊ីងយ៉ានោះទេ ។ រហូតមកដល់ឆ្នាំ ២០១៦ បានធ្វើឲ្យប្រជាជនរ៉ូហ៊ីយ៉ាប្រហែល ៨៧ ០០០នាក់ បានរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស ។

នៅថ្ងៃទី 9 ខែតុលាឆ្នាំ 2016 អ្នកបះបោរមិនស្គាល់អត្តសញ្ញាណរាប់រយនាក់បានវាយប្រហារលើបង្គោលព្រំដែនមីយ៉ាន់ម៉ាចំនួនបី ដែលជាប់ព្រំដែនជាមួយប្រទេសបង់ក្លាដេស ​យោងតាមមន្រ្តីរដ្ឋាភិបាលនៅក្នុងសង្កាត់ព្រំដែនរ៉ូហ៊ីងយ៉ាភាគច្រើននៃក្រុង ម៉ៅដា ពួកអ្នកវាយប្រហារបានធ្វើកាំបិតនិងកាំភ្លើងដៃធ្វើពីដែកដោយប្រើដៃ ។ អាវុធជាច្រើននិងប្រអប់គ្រាប់រំសេវជាច្រើនត្រូវបានលួចដោយពួកអ្នកវាយប្រហារពីបង្គោលព្រំដែន ។ ការវាយប្រហារបានបណ្តាលឱ្យមានមរណភាពមន្រ្តីព្រំដែនចំនួន 9 នាក់។ នៅថ្ងៃទី 11 ខែតុលាឆ្នាំ 2016 ទាហានបួននាក់ត្រូវបានសម្លាប់ នៅថ្ងៃទីបីនៃការប្រយុទ្ធគ្នា។បន្ទាប់ពីការវាយប្រហារនេះរបាយការណ៍បានបង្ហាញពីការរំលោភសិទ្ធិមនុស្សជាច្រើនដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តដោយកងកម្លាំងសន្តិសុខភូមាក្នុងការបង្ក្រាបពួកអ្នកបះបោររ៉ូហ៊ីងយ៉ាដែលគេសង្ស័យ។

កងទ័ពមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2016 ថាពួកបះបោររ៉ូហ៊ីងយ៉ា 69 នាក់និងកងកម្លាំងសន្តិសុខ 17 នាក់ (ប៉ូលិស 10 នាក់និងទាហាន 7 នាក់) ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាថ្មីៗនេះនៅរដ្ឋរ៉ាឃីនភាគខាងជើងដែលនាំឱ្យចំនួនអ្នកស្លាប់មាន 134 នាក់ (អ្នកបះបោរ 102 នាក់និងកងកម្លាំងសន្តិសុខ 32 នាក់) ។ គេក៏បានប្រកាសផងដែរថាមានមនុស្ស 234 នាក់ដែលត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះត្រូវបានចាប់ខ្លួន ។ ពួកគេខ្លះនឹងត្រូវកាត់ទោសប្រហារជីវិតដោយសារការចូលរួមរបស់ពួកគេក្នុងការវាយប្រហារនៅថ្ងៃទី 9 ខែតុលា ។

គ. វិបត្តិ និងការប៉ះទង្គិចរបស់រ៉ូហ៊ីងយ៉ាជាមួយមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧នេះ

ចាប់ផ្តើមនៅដើមខែ សីហា ឆ្នាំ2017 កងកម្លាំងសន្តិសុខភូមាបានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine ។ ប៉ុន្មានសប្តាហ៍ក្រោយមកនៅថ្ងៃទី24 ខែសីហា ឆ្នាំ 2017 គណៈកម្មាធិការ Rakhine (ដែលដឹកនាំដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោកកូហ្វីអាណាន់) ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មី ដើម្បីផ្ដល់អនុសាសន៍ដល់ដំណោះស្រាយចំពោះជម្លោះជនជាតិនិងបញ្ហាពាក់ព័ន្ធនៅក្នុងរដ្ឋរ៉ាឃីនបានចេញអនុសាសន៍របស់ខ្លួនសម្រាប់ ការកាត់បន្ថយការឈឺចាប់របស់ជនជាតិភាគតិច (ជាពិសេសរ៉ូហ៊ីងយ៉ា) ដែលអំពាវនាវឱ្យមានវិធានការដែលនឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់ពួករ៉ូហ៊ីងយ៉ា។នៅព្រឹកថ្ងៃបន្ទាប់បើយោងតាមមន្រ្តីយោធាមីយ៉ាន់ម៉ា ក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា ARSA (កងទ័ពរំដោះ Rohingya) បានដឹកនាំការវាយប្រហារជាច្រើនទៅលើប៉ុស្តិ៍ប៉ូលីសនិងឆ្មាំព្រំដែនដោយបានសម្លាប់កងកម្លាំងរដ្ឋាភិបាលរាប់សិបនាក់ដោយចំណាយអស់ជាង50នាក់ក្នុង ចំណោមពួកឧទ្ទាម ភ្លាមៗនោះកងយោធាមីយ៉ាន់ម៉ាដែលទំនងជាសហការជាមួយអាជ្ញាធរមូលដ្ឋាននិងហ្វូងមនុស្សស៊ីវិលព្រះពុទ្ធសាសនា រ៉ាឃីនបានធ្វើការសងសឹកយ៉ាងច្រើនដែលវាបានពណ៌នាថាជាប្រតិបត្តិការបោសសម្អាតភេរវកម្ម (ដែលក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានកំណត់ថាបានចាប់ផ្តើមពិតប្រាកដមែន ) វាយប្រហារភូមិរ៉ូហ៊ីងយ៉ានៅទូទាំងរដ្ឋរ៉ាឃីនភាគខាងជើង ។ ក្នុងរយៈពេលបីសប្តាហ៍ដំបូងយោធាបានរាយការណ៍ថាមានមនុស្សជាង 400 នាក់បានស្លាប់ (ដែលវាបានពណ៌នាថាភាគច្រើនជា "ពួកសកម្មប្រយុទ្ធ" និង "ពួកភេរវករ") U.N បានប៉ាន់ស្មានថាមានមនុស្សជាង 1,000 នាក់បានស្លាប់ ។

នៅថ្ងៃទី 11 ខែតុលាឆ្នាំ 2017 ឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស បានចេញរបាយការណ៍មួយដែលមានចំណងជើងថារបាយការណ៍ បេសកកម្មរបស់បេសកកម្មឆ្លើយតបរហ័សរបស់ OHCHR ទៅកាន់ Cox's Bazar, បង់ក្លាដេស ដែលរៀបរាប់ពី "ដំណើរការជាប្រព័ន្ធ" យោធារបស់ភូមាដែលនាំជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ចេញពីប្រទេសមីយ៉ាន់ម៉ា ។ របាយការណ៍នេះបានកត់សម្គាល់ថាមុនការវាយប្រហារនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ និងការបង្ក្រាបដោយយោធាដែលបណ្តាលឲ្យពួកយោធាអនុវត្តយុទ្ធសាស្ត្រដើម្បី៖ 
មានបុរសរ៉ូហ៊ីងយ៉ាដែលមានអាយុរវាងពី 15ទៅ40ឆ្នាំដែលត្រូវចាប់ខ្លួននិង/ឬជាប់ឃុំតាមទំនើងចិត្ត 
មានអ្នកនយោបាយរ៉ូហ៊ីងយ៉ាវប្បធម៌និងសាសនាហិណ្ឌូត្រូវបានចាប់ខ្លួននិង /ឬឃុំខ្លួនតាមអំពើចិត្ត 
មានការធានាថាការទទួលបានស្បៀងអាហារជីវភាពរស់នៅនិងមធ្យោបាយផ្សេងទៀតដែលធ្វើសកម្មភាពប្រចាំថ្ងៃនិងជីវិតត្រូវបានគេយកចេញពីអ្នកភូមិរ៉ូហ៊ីងយ៉ា 
បណ្ដេញអ្នកភូមិរ៉ូហ៊ីងយ៉ាជាដាច់ខាតតាមរយៈការរំភើប និងអំពើហឹង្សាម្តងហើយម្តងទៀតដូចជាការញុះញង់នៃការស្អប់គ្នា អំពើហិង្សា និងការកាប់សម្លាប់ 
បណ្ដុះការភ័យខ្លាចនិងការប៉ះទង្គិចយ៉ាងជ្រាលជ្រៅនិងជ្រុលនិយម (រូបរាងកាយសម្បទានិងផ្លូវចិត្ត) នៅក្នុងក្រុមរ៉ូហ៊ីងយ៉ាតាមរយៈអំពើឃោរឃៅ។ការសំលាប់ការបាត់ខ្លួនការធ្វើទារុណកម្មនិងការរំលោភ (និងទម្រង់ហិង្សាផ្លូវភេទផ្សេងៗទៀត) ។ 

          ៤. មូលហេតុនៃការស្អប់ខ្ពើមជនជាតិរ៉ូហ៊ីងយ៉ា

សរុបរួមមក មូលហេតុនៃការស្អប់ខ្ពើមជនជាតិរ៉ូហ៊ីងយ៉ាគឺ៖

· ការអែបអប និងទទួលផលប្រយោជន៍ពីអង់គ្លេស

· ការបះបោរទាមទាររដ្ឋឯករាជ្យពីមីយ៉ាន់ម៉ា

· ការរំលោភទៅលើស្ត្រីពុទ្ធសាសនិក ពីសំណាក់បុរសរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន ។





                                                                             សន្និដ្ឋាន

ឆ្លងតាមការបកស្រាយ រួមទាំងអំណះអំណាងខាងលើ ក្រុមយើងខ្ញុំមានមតិពីរ ទៅលើស្ថានភាពជនជាតិរ៉ូហ៊ីងយ៉ានាពេលអនាគត៖

· ជនជាតិរ៉ូហ៊ីងយ៉ា អាចនឹងក្លាយជាពលរដ្ឋស្របច្បាប់របស់មីយ៉ាន់ម៉ា ព្រមទាំងទទួលបានសិទ្ធិសេរីភាពដូចជនជាតិឯទៀតប្រសិនបើរដ្ឋាភិបាលមីយ៉ាន់ម៉ាយល់ព្រមអនុវត្តតាមអនុសារណៈនៃការយោគយល់គ្នារវាងមីយ៉ាន់ម៉ា និងបង់ក្លាដេសស្ដី ពីការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ឲ្យត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ និងយោងទៅតាមលោករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ាទទួលបន្ទុកក្រសួងការងារអន្តោប្រវេសន៍និងប្រជាជនបានថ្លែងថាមីយ៉ាន់ម៉ានឹងឈប់ធ្វើទុកបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ាទៀតហើយ បន្ទាប់ពីការត្រឡប់មកវិញរបស់ពួកគេពីបង់ក្លាដេស។ម៉្យាងទៀតប្រសិនបើរដ្ឋាភិបាលមីយ៉ាន់ម៉ាធ្វើការផ្លាស់ប្ដូរផ្នត់គំនិតស្អប់ខ្ពើមជនជាតិ រ៉ូហ៊ីងយ៉ានូវទង្វើដែលបង្កឡើងដោយសារបុព្វបុរសជនជាតិរ៉ូហ៊ីងយ៉ាពីមុន ព្រោះជនជាតិរ៉ូហ៊ីងយ៉ាទាំងអស់មិនមែនសុទ្ធតែជាមនុស្សអាក្រក់ គឺមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលព្យាយាមធ្វើការបះបោរ បង្កអំពើអសកម្មឥតឈប់ឈរ។ ជនជាតិរ៉ូហ៊ីងយ៉ា នឹងរស់នៅយ៉ាងសុខដុមរមនាជាមួយជនជាតិមីយ៉ាន់ម៉ា ទោះបីជាពួកគេមានវប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ និងការប្រតិបត្តិសាសនាខុសគ្នាក៏ដោយ ។​ 

· ជនជាតិរ៉ូហ៊ីងយ៉ា អាចនឹងក្លាយជាក្រុមភេរវករលេខមួយនៅ អាស៊ីអាគ្នេយ៍ដែលនឹងបង្កបញ្ហាដល់ប្រទេសផ្សេងទៀតដែលកាន់ព្រះពុទ្ធសាសនា ជាពិសេសប្រទេសមីយ៉ាន់ម៉ានេះតែម្ដង ប្រសិនជារដ្ឋាភិបាលមីយ៉ាន់ម៉ានៅតែរឹងទទឹង មិនព្រមធ្វើតាមសំណូមពររបស់អង្កការសហប្រជាជាតិ និងគោរពតាមអនុសារណៈនៃការយោគយល់គ្នារវាងមីយ៉ាន់ម៉ា និងបង់ក្លាដេសស្ដី ពីការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ឲ្យត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន ត្រូវបែកបាក់ក្រុមគ្រួសារ ស្លាប់ឪពុក ស្លាប់ម្ដាយ ស្លាប់ប្រពន្ធកូន ជិវិតពួកគេហាក់បីគ្មានន័យ ជិវិតសេសសល់គឺមានតែគំនុំគុំកួន កំហឹងចងអាឃាតមិនចេះចប់​ មិនចេះហើយ ដល់ដំណាក់កាលនេះគឺមានតែលះបង់ជិវិតដើម្បីការពារសាសនា និងប្រជាពលរដ្ឋរ៉ូហ៊ីងយ៉ាដែលនៅសេសសល់។





No comments