ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ
ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ
(ponlork library)
ពាក្យពេចន៍រំលេចផ្សេង តែន័យថ្លាថ្លែងក៏មិនសូវជាខុសពីខ្លឹមសារមុនប៉ុន្មានដែរ។ រឿងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃមនុស្សនិងទេវតា ព្រះធម៌ទាំង៨៤០០០ ព្រះធម្មក្ខន្ធ ដែលព្រះអង្គទ្រង់សំដែងផង សាវ័ករបស់ព្រះអង្គបានសំដែងផង សុទ្ធសឹងតែជាអមតធម៌ ជាធម៌នាំសត្វទៅកាន់ភាពសុខសាន្ត ជាបរមសុខគឺព្រះនិព្វាន។
កុំថាឡើយដល់ទៅព្រះធម៌ ៨៤០០០ ព្រះធម្មក្ខន្ធ សូម្បីតែពុទ្ធភាសិតមួយគាថាដែលបរិស័ទបានស្តាប់យល់ហើយ ប្រតិបត្តិតាម គង់នឹងអាចទទួលបានផលដ៏មហាសាលឥតកាត់ថ្លៃបាន ផ្ទុយទៅវិញបើទុកជាបរិស័ទចេះចាំព្រះធម៌ទាំងអស់ដែលព្រះពុទ្ធទ្រង់សំដែងមក តែមិនបានយកទៅប្រតិបត្តិឲ្យបានជាប្រយោជន៍ ព្រះធម៌ទាំងនោះក៏គ្មានប្រយោជន៍ដល់ជនទាំងឡាយនោះដែរ។ ហេតុនេះបានជាព្រះសម្ពុទ្ធវិសុទ្ធលើសលោក ទ្រង់បានត្រាស់សំដែងចែងជាបណ្តាំឲ្យសព្វសត្វចងចាំទុកជាមេរៀននៅក្នុងធម្មបទដ្ឋកថា ដូច្នេះថា៖ យថាបិ រុចិរំ បុបំ្ផ វណ្ណវនំ្ត សគន្ធកំ ឯវំ,សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។ បុប្ផជាតិដែលមានពណ៌ស្រស់ល្អ តែមិនមានកិ្លនក្រអូប យ៉ាងណាមិញ, វាចាសុភាសិត ជាវាចាដែលមិនមានផលដល់បុគ្គលដែលមិនធ្វើតាម ក៏យ៉ាងនោះដែរ, ចំណែកបុប្ផជាតិ ដែលមានពណ៌ស្រស់ល្អព្រមទាំងមានកិ្លនក្រអូបសាយ ដល់អ្នកប្រដាប់យ៉ាងណាមិញ, វាចាដែលជាសុភាសិត ជាវាចាមានប្រយោជន៍ដល់អ្នកដែលបានធ្វើតាមដោយល្អ ក៏យ៉ាងនោះដែរ។ ពហុម្បិ ចេ សហតំ ភាសមានោ ន តក្ករោ ហោតិ នរោ បមត្តោ គោបោវ គាវោ គណយំ បរេសំ ន ភាគវា សាមញ្ញស្ស ហោតិ ។ អប្បម្បិ ចេ សហិតំ ភាសមានោ ធម្មស្ស ហោតិ អនុធម្មចារី រាគញ្ច ទោសញ្ច បហាយ មោហំ សម្មប្បជានោ សុវិមុត្តចិត្តោ អនុបាទិយានោ ឥធ វា ហុរំ វា ស ភាគវា សាមញ្ញស្ស ហោតិ ។ បើបុគ្គល និយាយធម៌ដែលមានប្រយោជន៍ ទោះបីជាច្រើនយ៉ាងណាក៏ដោយ តែជាអ្នកប្រមាទមិនប្រព្រឹត្តធ្វើតាមធម៌នោះ ដូចជាអ្នកចិញ្ចឹមគោ រាប់គោឱ្យអ្នកដទៃ ជាអ្នកមិនមានចំណែកនៃសាមញ្ញផលយ៉ាងនោះឯង។តែផ្ទុយទៅវិញ បើបុគ្គលនិយាយធម៌ដែលមានប្រយោជន៍ ទោះបីជាតិចតួចក៏ដោយតែជាអ្នកប្រព្រឹត្តសមគួរដល់ធម៌នោះ លះបង់ចោលនូវរាគៈ ទោសៈនិងមោហៈ អស់ហើយ ជាអ្នកចេះដឹងសព្វគ្រប់ មានចិត្តរួចផុតស្រឡះហើយ ជាអ្នកមិនប្រកាន់មាំក្នុងលោកនេះឬលោកខាងមុខ បុគ្គលនោះជាអ្នកមានចំណែកនៃសាមញ្ញផលដោយពិត។ ហេតុនេះ បរិយត្តិ និងបដិបត្តិ ត្រូវតែដើរទៅជាមួយគ្នា បរិយត្តិ គឺការសិក្សាពីទ្រឹស្តី នាំឲ្យមានការបដិបត្តិត្រូវការបដិបត្តិត្រូវនាំឲ្យបាននូវបដិវេធ គឺផលបានដល់ការរួចចាកទុក្ខទាំងពួង។ ប្រភព ដោយ៥០០០ឆ្នាំ |
អានលម្អិត | read more >>> http://5000-years.org/kh/read/289#ixzz51dnyjgQ7
No comments