ប្រវត្តិក្រុង អយុធ្យា
(ponlork-library)
ប្រវត្តិខេត្តអយុធ្យា ដែលត្រូវទ័ពភូមាដុតកំទេចនៅឆ្នាំ ១៧៧៩ នោះ នៅមានការខ្វែងគំនិតគ្នាអំពីកាលបរិច្ឆេទ ឬចំណាស់។ អ្នកប្រវត្តិវិទូថៃ ដែលសំអាងលើច្បាប់ព្រះរាជពង្សាវតារអយុធ្យា បានអះអាងថា ទីក្រុងខាងលើនេះដែលជា “កោះ” ឬ “ទីក្រុងទឹក” ត្រូវបាន កសាងឡើងដោយស្តេចថៃ ព្រះនាមថា អ៊ូថង នៅឆ្នាំ១៣៥០។
លោក អៃម៉ូនីយេ ជនជាតិបារាំងមិនយល់ស្របនឹងទស្សនៈនេះទេ ដោយលោកបានបញ្ជាក់ថា អយុធ្យាគឺជាទឹកដីខ្មែរហើយធ្លាប់មានប្រវត្តិ ដ៏យូរលង់ជាច្រើនសតវត្ស មុនការមកដល់នៃជនជាតិថៃទៅទៀត។ តើការពិតស្ថិតនៅត្រង់ណា?
ដើម្បីចូលរួមវិភាគទាន ក្នុងការស្វែងយល់អំពីឫសកែវនៃទីក្រុងអយុធ្យា យើងសូមអនុញ្ញាតផ្តល់នូវឯកសារសំណេរមួយ គឺផ្ទាំងសិលាចារឹក ដែលគេបានរកឃើញក្នុងខេត្តនេះនៅឆ្នាំ១៩៣៩ នៅពេលសាងសង់ផ្លូវនៅលើទួលបុរាណមួយមានឈ្មោះថា បូតព្រាហ្មណ៍។ ទួលប្រាសាទនាសម័យអង្គរខាងលើនេះ ស្ថិតនៅខាងកើតនៃទីក្រុងអយុធ្យា ក្បែរស្ពានចាស់មួយឈ្មោះថា សះផានជីគុន សម្រាប់ភ្ជាប់កោះអយុធ្យា ទៅនឹងត្រើយម្ខាងទៀតនៃព្រែក។
សូមរំលឹកថា ផ្ទាំងសិលាចារឹកខ្មែរចារនៅឆ្នាំ ៩៣៧ នៃគ.ស ដែលយើងនឹងយកមកសិក្សាវិភាគឡើងវិញនេះ ត្រូវបានផ្សព្វផ្សាយម្តងរួចមកហើយ នៅឆ្នាំ១៩៤៤ ដោយលោក ហ្ស៊ក ស៊ឺដេស (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។
ផ្ទាំងសិលាចារឹកខ្មែរនៃខេត្តអយុធ្យាមានកំពស់ ០,៤៥ម. កម្រាស់ ០,២២ម. ហើយមានចារអក្សរទាំងសងខាង។
ផ្នែកទី១ នៃសិលាចារឹក មានតួអក្សរ ១៨បន្ទាត់ ជាកាព្យឃ្លោងសំស្ត្រឹត។
រីឯនៅផ្នែកទី២វិញ ដែលសរសេរជាភាសាខ្មែរមានតួអក្សរ ១៧បន្ទាត់ ពាក់ព័ន្ធទៅនឹងបញ្ជីពួកខ្ញុំបម្រើប្រាសាទខាងលើ។
បើពិនិត្យលើខ្លឹមសារនៃសិលាចារឹក យើងអាចនិយាយបានថា គ្មានអ្វីគួរឲ្យមានភាពស្រពិចស្រពិលឡើយ។
នៅខេត្តអយុធ្យា យើងមានភស្តុតាងជាប្រវត្តិសាស្ត្របញ្ជាក់ ដោយមានសំណង់ស្ថាបត្យកម្មប្រាសាទ និងសិលាចារឹក ទោះបីបានឈូសឆាយ បាត់បង់ហើយក៏ដោយ។ នេះជាការពិតមួយដែលអ្នកប្រវត្តិវិទូថៃ និងអឺរ៉ុបខ្លះ ដែលមិនបានដឹង ឬមិនបានទទួលស្គាល់ ព្រោះគេយល់ច្រឡំប្រវត្តិសាស្ត្រ ដោយចេតនា ឬអចេតនារបស់គេ។
ម្យ៉ាងវិញទៀត ថ្វីត្បិតតែយើងមិនមានគំនិតខ្វែងគ្នានឹងមតិរបស់លោក ហ្សក សឺដេស ក៏ប៉ុន្តែ យោងតាមទិន្នន័យខាងបុរាណវិទ្យាថ្មីៗ យើងអាចកំណត់ទីតាំងនៃទីក្រុង ចានាសៈបុរី ច្បាស់ជាងលោកហ្សក សឺដេសបន្តិច ហើយដែលវត្តមានរបស់ទីក្រុងនេះ ត្រូវបានគូសបញ្ជាក់ក្នុងសិលាចារឹក។
បើតាមយើង ចានាសៈបុរី ស្ថិតនៅខ្ពង់រាបនគររាជ លាតសន្ធឹងរហូតដល់អយុធ្យា ហើយក៏បានភ្ជាប់ទៅនឹងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ននេះផងដែរ។ ហេតុនេះព្រះនាមរបស់ព្រះមហាក្សត្រ ដែលបានសោយរាជ្យនៅទីនោះ មានលក្ខណៈខុសពីព្រះរាជវង្សានុវង្សខ្មែរ នៅឯម្ខាងទៀតនៃជួរភ្នំដងរែក ជាពិសេស ព្រះបាទជ័យវរ័្មនទី៤ កំពុងសោយរាជ្យនៅក្នុងសម័យកាលដូចគ្នានេះនៅតំបន់ កោះកេរ (ឆោកគរគ្យរ ឬគគីរ) ជាដើម។
នេះគឺជាទទ្បី្ហករណ៍មួយបង្ហាញអំពីស្វយ័តភាព នៃភូមិភាគនេះ មុនការប្រមូលផ្គុំគ្នា នូវរដ្ឋខ្មែរតូច-ធំទាំងឡាយ ឲ្យក្លាយទៅជារដ្ឋតែមួយ គឺចក្រភពកម្ពុជទេសក្នុងរាជរបស់ព្រះបាទ សុរិយាវរ័្មនទី១ និងទី២។
តទៅនេះ គឺសេចក្តីសង្ខេបនៃសិលាចារឹកអយុធ្យា អានដោយលោកហ្ស៊កសឺដេស៖
ខ្លឹមសារនៃសិលាចារឹកនៅផ្នែកទី១ បានឲ្យដឹងថា មានការមកដល់ព្រះសិវៈក្រោមព្រះនាមចន្ករៈ និងព្រះ នាងបា័វតី ដែលជាព្រះជាយារបស់ទ្រង់។ បន្ទាប់មកទៀត សិលាចារឹកបានបង្ហាញអំពីប្រវត្តិនៃព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យ នៅចានាសៈបុរី។ ប្រការនេះមានន័យថា ខេត្តនេះ ស្ថិតនៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់វង្សក្សត្រខ្មែរ មុនការមកដល់នៃជនជាតិថៃ ហើយខេត្តនេះ ជាកេរដំណែលរបស់ខ្មែរ យ៉ាងប្រាកដ។
នៅក្នុងសិលាចារឹកបានឲ្យដឹងថា ព្រះមហាក្សត្រទី១ ដែលបានគ្រងរាជសម្បត្តិដំបូងបង្អស់នៅចានាសៈបុរី គឺព្រះបាទ សន្ទរបរាក្រម។ ព្រះមហាក្សត្រអង្គនេះមានព្រះរាជបុត្រមួយអង្គមានព្រះនាមថា ភគវត្ត ដែលបានប្រសូត បុត្រពីរព្រះអង្គគឺ មារបតិសិង្ហវរ័ន្ម ដែលជាព្រះរៀម និង មង្គលវរ័ន្ម ដែលជាព្រះអនុជ។ សិលាចារឹក ក៏បានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ មារបតិសិង្ហវរ័ន្ម បានក្លាយទៅជាអធិបតីគ្រប់គ្រងនគរចានាសៈបុរៈ រីឯព្រះអនុជរបស់ព្រះអង្គវិញ គឺជាអ្នកដែលបានកសាងរូបសំណាកដំណាងឲ្យព្រះមាតារបស់ទ្រង់ ក្រោមរូបភាពនៃព្រះសិវៈ ឬព្រះឥសូរ។
ផ្នែកទី២នៃសិលាចារឹកអយុធ្យា ដែលសរសេរជាភាសាខ្មែរសុទ្ធសាធ បានពិពណ៌នាអំពីឈ្មោះរបស់ពួកខ្ញុំបម្រើទេវស្ថាននោះ។ ក្នុងចំណោមបញ្ជីឈ្មោះអ្នកបម្រើ ឃើញមានជាអាទិ៍ គោតៃ និង ស៊ី ជាដើម។ ក្រៅពីនេះគេក៏បានឃើញស័ព្ទខ្មែរមួយចំនួន នៅជំនាន់អង្គរដូចជា រនោច, កំបិត, កូន, ពៅ, រត់វារ, គន្ធី..។ល។
តាមប្រសាសន៍របស់លោក សឺដេស ព្រះរាជវង្សានុវង្សខ្មែរ ដែលបានគ្រប់គ្រងនៅខេត្តអយុធ្យានៅឆ្នាំ ៩៣៧ នេះ បានបន្តពូជពង្សពីបព្វជិត ភគទវត្ត ដែលនោះគឺជាព្រះនាមរបស់ស្តេចមួយអង្គដែលបាន សោយរាជ្យនៅឆ្នាំ៥១៥ នៅក្នុងរដ្ឋមួយនៅម្តុំជ្រោយ មលយូ ដែលមានឈ្មោះថា ឡាំងយ៉ាស៊ីវសី (យោងតាមឯកសារចិន)។
ម្យ៉ាងទៀត អ្នកប្រាជ្ញខាងលើ ក៏បានបញ្ជាក់បន្ថែមទៀតថា ស្តេចភគវត្ត នៃនគរឡាំងយ៉ាស៊ីវសី ត្រូវបានជ្រើសតាំងធ្វើជាស្តេច ២០ឆ្នាំ ក្រោយពីបាននិរទេស ទៅកាន់ប្រទេសឥណ្ឌា។ តែទោះបីយ៉ាងនេះក្តី លោកមិនហ៊ានបញ្ជាក់អំពីអត្តសញ្ញាណពិត របស់ព្រះមហាក្សត្រអង្គនេះឡើយ ព្រោះថា ព្រះនាមនេះ គឺជាព្រះនាមមួយដែលមានលក្ខណៈសាមញ្ញពេក ក្នុងសម័យនោះ។
គួររំលឹកនៅទីនេះថា ពេលវេលាមកដល់ហើយ សម្រាប់យើង ដើម្បីបង្ហាញទស្សនៈរបស់យើងជុំវិញ គោរម្យងារ ភគវត្ត ខាងលើនេះឲ្យបានជាក់លាក់។
សូមជម្រាបថា គោរម្យងារ ភគវត្ត ខាងលើនេះ ពុំមានលក្ខណៈទូទៅនោះទេ។ ក៏ប៉ុន្តែ គឺជាមុខងារ ឬឋានន្តរស័កិ្តនៅសតវត្សទី១១ ដែលជិតប្រហែលព្រះមហាក្សត្រ ឯណោះទេ។
ឧទាហរណ៍ ឈ្មោះរបស់ព្រះរាជគ្រូរបស់ព្រះឧទយាទិត្យវរ្ម័នទី២ គឺ ភគវត្តបាទវ្រៈកម្រតេង ឬ ធូលីជើងវ្រៈកម្រតេងអញ។
យើងក៏មានព័ត៌មានទៀតថា ព្រាហ្មណ៍បុរោហិតម្នាក់ទៀត ដែលមានការចេះដឹងយ៉ាងជ្រៅជ្រះបំផុត ហើយដែលជាព្រះរាជគ្រូរបស់ព្រះបាទជយវរ្ម័នទី៦ ផងនោះ ក៏មានគោរម្យងារដូចគ្នានេះដែរ គឺ ’ភគវត្តបាទកម្រតេងអញ”។
មូលហេតុ ដែលយើងលើកឧទាហរណ៍ទាំងនេះឡើង គឺព្រោះតែតាមទស្សនៈរបស់យើង គោរម្យងារភគវត្ត គឺមានឋានៈឲ្យស្មើនឹងព្រះរាជា តាមសន្មត ហើយការលើកតម្កើងឋានៈនេះ គឺជាប្រពៃណីខ្មែរដែលមានតាំងពីសម័យនគរភ្នំមកម្ល៉េះ។
ម្យ៉ាងទៀត វត្តមានរបស់គោរម្យងារខាងលើនេះ ដែលមានប្រភពចេញពីជ្រោយមលយូ ក៏មិនធ្វើឲ្យយើងភ្ញាក់ផ្អើលដែរ។ ព្រោះថាព្រះមហាក្សត្រខ្មែរបុរាណធ្លាប់បានគ្រប់គ្រងទៅលើផែនដីជ្រោយមលយូ មុនការលេចធ្លោឡើងនៃរដ្ឋឈ្មោះ ស្រីវីជ័យ នៅក្នុងអំឡុងសតវត្សទី៧-៨នៃគ.ស មកម្ល៉េះ។ ហើយបើយោងតាមកំណត់ហេតុចាស់ៗ ដែលជនជាតិចិនបានបន្សល់ទុក បានឲ្យដឹងថា ទឹកដីនេះគឺជាភាគមួយនៃរដ្ឋហ្វូ-ណន ឬនគរភ្នំ យ៉ាងជាក់ច្បាស់ផងដែរ។
សរុបសេចក្តីមក ដោយសារតែគេពុំបានឃើញវត្តមានរបស់ជនជាតិមន ដូចនៅខេត្តលវៈ ឬលពបុរី និងជនជាតិថៃ នៅក្នុងខេត្តនេះ ទើបយើងពុំអាចសន្និដ្ឋានថា តំបន់នេះ គឺជាទឹកដីរបស់មន ឬថៃ បានជាដាច់ខាត។ ផ្ទុយទៅវិញនៅទីនោះ គេបានឃើញវប្បធម៌ខ្មែរ មានការវិវត្តន៍មិនឈប់ឈរ ចាប់តាំងពីសម័យបុរេអង្គររហូតដល់សម័យអង្គរ។ នេះជាកត្តាមួយ ដែលគេមិនត្រូវមើលរំលងឡើយ កាលបើគេចង់សរសេរប្រវត្តិរបស់ទីក្រុងអយុធ្យាដោយសុក្រិតនោះ៕
No comments