អត្ថបទទើបផ្សាយចេញ

អត្ថន័យនិងអត្ថប្រយោជន៍នៃការកាន់សីល៥

អត្ថន័យនិងអត្ថប្រយោជន៍នៃការកាន់សីល៥



អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ថា មនុស្សនៅក្នុងសកលលោក រួមមានទាំងប្រទេសកម្ពុជាផង សព្វថ្ងៃនេះ ភាគច្រើនហាក់មិនសូវចាប់អារម្មណ៍ឲ្យតម្លៃទៅលើគុណធម៌នៃការរក្សាសីលទេ ពិសេសគឺសីល៥ ឬសិក្ខាបទ៥។ ប្រការនេះជាហេតុនាំឲ្យមនុស្សក្នុងប្រទេស ឬសង្គមជាតិទាំងឡាយនោះ បានជួបវិបត្តិមិនចុះសម្រុងគ្នា មានអំពើហិង្សា កាប់សម្លាប់ ច្រណែននិន្ទាឈ្នានីស ប្រទេចផ្ដាសាគ្នាមិនចេះចប់។ តើសីល៥ មានអត្ថន័យយ៉ាងដូចម្ដេច និងមានប្រយោជន៍យ៉ាងណាខ្លះដែល

អាចជួយដល់សង្គមមនុស្សឲ្យមានសុខសន្តិភាពបាន? ការរស់នៅរបស់មនុស្សដែលគេប្រាថ្នាចង់បានបំផុតនោះ គឺសេចក្ដីសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ នៅក្នុងទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាបានចែងថា មនុស្សអាចសាងសេចក្ដីសុខសន្តិភាពបាន លុះត្រាតែគេនាំគ្នាអនុវត្ត ឬរក្សាសីល៥ ឲ្យបានខ្ជាប់ខ្ជួន ពីព្រោះសីល៥ នេះគឺជាច្បាប់មួយដែលនិយាយទាក់ទងទាំងស្រុងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។ ដូចជាសីលទី១ ដែលហៅតាមភាសាបាលីថា «បាណាតិបាតា វេរមណី» ជាដើម។

 ពាក្យនេះគឺសំដៅអប់រំបណ្ដុះគំនិតបុគ្គលម្នាក់ៗឲ្យមានធម៌មេត្តា មិនបៀតបៀនដល់គ្នានឹងគ្នា ឬ
មិនផ្ដាច់ផ្ដិលអាយុជីវិតផងគ្នាដែលសូម្បីតែសត្វតូចតាចក៏មិនបៀតបៀនឲ្យបាត់បង់ជីវិតដែរ។ អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ថា សីលទី១ ឬសិក្ខាបទទី១នោះ គឺជាច្បាប់យ៉ាងសំខាន់ដែលបង្ហាញអំពីគុណតម្លៃនៃជីវិត មិនថាជីវិតមនុស្ស ឬជីវិតសត្វទេ ពីព្រោះបុគ្គលគ្រប់រូបគឺសុទ្ធសឹងតែស្រឡាញ់ជីវិតរបស់ខ្លួន។ ព្រះតេជព្រះគុណ ព្រះភិក្ខុ ឈួន ចំរើន គង់នៅអាស្រមវត្តជំនាប់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានមានព្រះថេរដីកាបញ្ជាក់អំពីអត្ថន័យនៃសីលទី១នេះថា គឺជាច្បាប់

អប់រំទូន្មានមួយរបស់ព្រះពុទ្ធសាសនាដែលលើកតម្កើងមនុស្សឲ្យចេះគោរពជីវិតគ្នាទៅវិញទៅមក គឺមានន័យប្រហាក់ប្រហែលគ្នាទៅនឹងច្បាប់សិទ្ធិមនុស្សដែលគេកំពុងផ្សព្វផ្សាយសព្វថ្ងៃនេះដែរ គឺសិទ្ធរស់រានមានជីវិត។ ព្រះតេជព្រះគុណ ឈួន ចំរើន៖ «ចំរើនពរ! ខាន់ណាស់សព្វសត្វទាំងអស់ហ្នឹងតែងតែត្រូវការរស់នៅ សូម្បីតែរូបកាយហ្នឹងវិកល ពិការ ទាប តឿ ខ្វាក់ ខ្វិន យ៉ាងណាក៏ដោយហ្នឹង តែងតែស្រឡាញ់នូវអាយុជីវិតខ្លួន មិនចង់ឲ្យអ្នកដទៃមកប៉ះពាល់ មកបៀតបៀនដល់ការរស់នៅរបស់ខ្លួនទេ។ ដូច្នេះគេខំរកវិធីផ្សេងៗដើម្បីរក្សាការរស់នៅរបស់គេហ្នឹងឲ្យបានស្ថិតនៅ។ ដូច្នេះការសម្ដែងអំពី បាណាតិបាតាហ្នឹង ពីសិទ្ធិមនុស្សហ្នឹង ជាគោលការណ៍មួយ ជាគ្រឹះមួយលើកតម្កើងក្នុងសិទ្ធិនៃការរស់នៅរបស់មនុស្ស និងសព្វសត្វទាំងអស់...»។

ចំណែកឯសីលទី២ ឬសិក្ខាបទទី២ ដែលភាសាបាលីថា «អទិន្នា ទានា វេរមណី» គឺសំដៅអប់រំមនុស្សមិនឲ្យបៀតបៀន លួច ឆក់ប្លន់ទ្រព្យសម្បត្តិគ្នាទេ បើទោះបីជាទ្រព្យសម្បត្តិនោះមានតិច ឬច្រើនក្តីក៏ដោយ ពីព្រោះថា ធម្មតាមនុស្សគ្រប់រូបមុននឹងបានទ្រព្យសម្បត្តិឯណានីមួយជាកម្មសិទ្ធិរបស់គេ គឺម្នាក់ៗបានប្រឹងប្រែងបញ្ចេញកម្លាំងពលកម្ម បញ្ញាស្មារតីគ្រប់បែបយ៉ាង។ ដូច្នេះនៅពេលដែលបានទ្រព្យមកហើយ គឺគេពិតជាស្រឡាញ់ទ្រព្យសម្បត្តិដែលខ្លួនរកបានមកនោះ។ អ្នកប្រាជ្ញផ្នែកព្រះពុទ្ធ

សាសនាបានបញ្ជាក់អំពីសារប្រយោជន៍នៃការរក្សាសីលទី២នេះថា បើមនុស្សទាំងអស់បាននាំគ្នារក្សាសិក្ខាបទនេះ គឺសង្គមរបស់គេនឹងមានទំនុកទុកចិត្តរវាងគ្នានឹងគ្នា ឬផ្ដល់សុខសន្តិភាពឲ្យគ្នា ដោយមិនចាំបាច់ភ័យព្រួយថា មានអ្នកណាមកគំរាមកំហែង លួច ឆក់ប្លន់ទ្រព្យរបស់ខ្លួនឡើយ ហើយនៅក្នុងផ្ទះក៏សឹងតែមិនចាំបាច់ចាក់សោការពារក៏បាន។ ចំពោះសីលទី៣វិញ ដែលពោលជាភាសាបាលីថា «កាមេសុមិច្ឆាចារា វេរមណី » គឺសំដៅអប់រំអំពីគុណធម៌របស់មនុស្សម្នាក់ៗ ដែលមានធម្មសញ្ញាខ្ពង់ខ្ពស់ប្រសើរជាងសត្វ ឬមានការយល់ដឹងពីការប្រព្រឹត្តរបស់ខ្លួនថាអ្វីខុស អ្វីត្រូវជាដើម ពិសេសគឺមិនប្រព្រឹត្តរំលោភបំពានរាងកាយអ្នកដទៃ រួមមានប្រពន្ធ កូន ចៅ ប្ដីសីរបស់គេជាដើម។ អ្នកប្រាជ្ញផ្នែក

ព្រះពុទ្ធសាសនាបានបញ្ជាក់ទៀតថា នៅក្នុងពិភពលោក រួមមានទាំង ប្រទេសកម្ពុជាផង សព្វថ្ងៃនេះបានកើតមានអំពើប្រព្រឹត្តខុសក្នុងសីលទី៣នេះយ៉ាងខ្លាំង រហូតដល់បុគ្គលខ្លះវង្វេងវង្វាន់មិនដឹងខុសត្រូវ ដូចជាឪពុករំលោភបំពានកូនស្រីខ្លួនឯងបង្កើត មានអំពើជួញដូរស្ត្រី ឬកុមារី អំពើជះទឹកអាស៊ីដដាក់គ្នា មានបញ្ហាកើតជំងឺតម្កាត់ព្យាបាលមិនជា ដូចជាជំងឺអេដស៍ ។ល។បញ្ហាទាំងអស់នេះ ក៏ដោយសារតែមនុស្សទាំងនោះមិនរក្សា និងឲ្យតម្លៃសិក្ខាបទ ឬសីលទី៣នោះឯង។ ព្រះតេជព្រះគុណ ព្រះភិក្ខុ ឈួន ចំរើន គង់នៅអាស្រមវត្តជំនាប់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានមានព្រះថេរដីកាថា ការដាច់មិនគោរពសិក្ខាបទទី៣នេះ គឺធ្វើឲ្យមនុស្ស ទាំងប្រុសស្រីរងទុក្ខលំបាកខ្លាំងណាស់

ឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត៖ «ប្តីប្រពន្ធយើងមានហើយ យើងមានចិត្តអនុគ្រោះដល់គ្នាទៅវិញទៅមកទៅ មិនមានចិត្តវៀចវេរ ទៅមានថ្មី នឹងធ្វើឲ្យសង្គមក្រុមគ្រួសារយើងហ្នឹងបានសេចក្ដីសុខ ហើយយើងនឹងផ្ដល់នូវចំណែកសេចក្ដីសុខយ៉ាងធំទៀតដល់សង្គមក្រុមគ្រួសារដែលនៅជុំវិញខ្លួនយើង ដែលយើងមិនបៀតបៀន មិនប្រព្រឹត្តខុសក្នុងភរិយាគេ ស្វាមីគេ ក្នុងកូនប្រុសកូនស្រីគេ។ តាំងចេតនាវៀរចាកការប្រព្រឹត្តខុសនៅក្នុងកាម...»។ រីឯសីលទី៤ ដែលមានជាភាសាបាលីថា «មុសាវាទា វេរមណី» គឺចង់អប់រំមនុស្សឲ្យរក្សាសំដីត្រូវ ឬវាចាត្រូវ ដោយមិនពោលពាក្យកុហក ញុះញង់ ស៊កសៀតផ្លែផ្កា ចាក់ដោត ទ្រគោះបោះបោកដាក់អ្នកដទៃ ឬមិនពោលពាក្យរាយមាយ ឡេះឡោះឥត

ប្រយោជន៍ជាដើម។ នៅក្នុងទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាបានចែងថា ការរក្សាសិក្ខាបទទី៤នេះ គឺនឹងនាំមកនូវសុខសន្តិភាពដល់មនុស្សផងគ្នា ពីព្រោះមនុស្សគ្រប់រូប មិនថាក្មេង ចាស់ ប្រុសស្រីទេ គឺចង់បានតែសម្ដីល្អ សម្ដីស្មោះត្រង់។ ដូច្នោះប្រសិនបើមានបុគ្គលណាមួយមិនគោរព រក្សាសីលទី៤នេះទេ ដោយប្រើពាក្យមិនសមរម្យទៅលើអ្នកដទៃ គឺអ្នកដែលទទួលរងនូវពាក្យនេះនឹងមិនសប្បាយចិត្តទេ ហើយអាចនឹងឈានទៅរកការប្រើអំពើហិង្សា។ ចំពោះសីលទី៥ ដែលហៅតាមភាសាបាលីថា «សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី » គឺអប់រំមនុស្សអំពីទុក្ខទោសនៃការប្រព្រឹត្តគ្រឿងស្រវឹង

គ្រឿងញៀនផងទាំងឡាយ។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន គេឃើញមានបញ្ហាគ្រោះថ្នាក់ជាច្រើនដល់អាយុជីវិត និងសុខភាពមនុស្ស ដែលបណ្ដាលមកការសេពគ្រឿងស្រវឹង គ្រឿងញៀននេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងអ្នកប្រើប្រាស់ ទាំងអ្នកលក់ទំនិញ និងទាំងថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់នៅមើលស្រាលពីបញ្ហានេះនៅឡើយ។ ព្រះមេគណខេត្តកំពង់ស្ពឺ ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន បានមានព្រះថរដីកាថា គ្រឿងស្រវឹងគ្រឿងញៀន គឺជាថ្នាំពិសមួយដែលអាចសម្លាប់មនុស្សបានបើគេនៅតែប្រព្រឹត្ត។ ប្រការនោះហើយទើបនៅក្នុងព្រះពុទ្ធសាសនាបានបង្ហាញផ្លូវឲ្យមនុស្សនាំគ្នារក្សាសិក្ខាបទទី៥នេះ៖ «អ៊ីចឹងទេ សូមឲ្យញោមញាតិ ពុទ្ធបរិស័ទ មិនថាចាស់ក្មេងប្រុសស្រី បឋមវ័យ មជ្ឈិមវ័យ បច្ឆិមវ័យ ឲ្យមានសីលនៅក្នុងខ្លួនទាំងអស់គ្នា»។ អតីតគ្រូជំនួយវិបស្សនា

 ព្រះតេជព្រះគុណសង្ឃពោធី នាមដើម ពូ តុងហាវ គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ បានមានព្រះថេរដីកាដែរថា នៅក្នុងសីលទាំង៥ ឬសិក្ខាបទទាំង៥ ដែលរាប់តាំងពីសីលទី១ ការវៀរចាកមិនសម្លាប់ មិនលួចទ្រព្យគេ មិនប្រព្រឹត្តខុសក្នុងកាម ប្រពន្ធកូនអ្នកដទៃ មិនពោលពាក្យកុហក ញុះញង់ មិនសេពគ្រឿងស្រវឹង គ្រឿងញៀន ជាដើមនេះ គឺជាច្បាប់សម្រាប់ទូន្មានមនុស្សទាំងអស់ មិនថាជាតិសាសន៍ណានោះទេ។ អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ដែរថា ការកាន់សីល ឬរក្សាសីលនេះ មិនមែនចាំទាល់តែថាមានវ័យចាស់ជរាបានរក្សា ឬទៅសុំសីលពីព្រះសង្ឃនៅវត្តអារាម

នោះទេ។ សីលនេះបើពោលឲ្យចំ គឺមានន័យប្រៀបដូចជាសិរៈ ឬក្បាលរបស់មនុស្ស។ ប្រការនេះ ហើយបើមនុស្សគ្រប់រូបក្នុងសង្គមមួយៗមិនរវល់អើពើយកចិត្តទុកដាក់នាំគ្នារក្សាសីលទាំង៥ ចាប់តាំងពីបឋមវ័យឡើងទៅឲ្យបានជាប់ជាប្រចាំនោះទេ គឺប្រៀបដូចជាគេមិនថែរក្សាក្បាលរបស់គេឲ្យនៅគង់វង្សដែរ។ អ្នកប្រាជ្ញដដែលបានបន្តថា បើគេមិនថែរក្សាសីល ឬរក្សាក្បាលឲ្យគង់វង្ស ពេលនោះការប្រព្រឹត្តទៅនៃដំណើរជីវិតរស់នៅក៏រមែងជួបប្រទះនូវវិបត្តិទុក្ខទោសមិនមានសេចក្ដីសុខសន្តិភាពនៅក្នុងសង្គមគ្រួសារ សង្គមការងារ ឬសង្គមជាតិនោះឡើយ៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។




No comments