អត្ថបទទើបផ្សាយចេញ

លក្ខខណ្ឌក្នុងការបង្កើតគណបក្សនយោបាយ



 គណបក្សនយោបាយ  នៅកម្ពុជា

ប្រជាពលរដ្ឋខ្មែរយ៉ាងតិច ៨០នាក់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំហើយដែលមានលំនៅជា អចិន្ត្រៃយ៍















សេចក្ដីផ្ដើម
ក្រោយពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យនិងសន្តិភាពពេញលេញ ក្រោយមកព្រះបាទនរោត្តមសីហនុបានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃទី២មិនាឆ្នាំ១៩៥៥ ដើម្បីបង្កើតគណបក្សសង្គមរាស្ត្រនិយម ក្នុងគោលបំណងប្រកួតប្រជែងការបោះឆ្នោតឆ្នាំ១៩៥៥ ព្រោះបើតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ គឺ ព្រះមហាក្សត្រពុំមានសិទ្ធិធ្វើនយោបាយឡើយ ជាលទ្ធផលទ្រង់ទទួលជោគជ័យយ៉ាងធំធេង និងបានកាន់តំណែងជានាយករដ្ឋ-មន្ត្រី។

ជាអកុសលប្រទេសកម្ពុជាបានជួបពន្លឺត្រឹមតែរយៈពេល១៥ឆ្នាំ ក៏ជួបវិបត្តិផ្ទៃក្នុងដែលបង្កើតឡើងតាមរយៈការធ្វើរដ្ឋប្រហារ​ពីសំណាក់ លោកឧត្តមសេនីយ៍ លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ប្រជាជនរស់នៅយ៉ាងលំបាកវេទនា រស់នៅដោយភាពភ័យខ្លាច។ បន្ទាប់មក ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឲ្យកម្ពុជា រៀបចំការបោះឆ្នោតជាសកល ដោយសេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះ បង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និង កសាងនីតិរដ្ឋ។ យ៉ាងណាមិញក្រោយពីការបង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ១៩៩៣ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ខែកញ្ញាឆ្នាំ១៩៩៣ ដែលអនុញ្ញាតិឲ្យមានការបង្កើតគណបក្សនយោបាយដែលស្របទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ពីនីតិកាលមួយទៅនីតិកាលមួយ គណបក្សនយោបាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការប្រកួតប្រជែងក្នុងគោលនយោបាយដើម្បីជ្រើសរើសយកគោលនយោបាយណាមួយ ដែលជួយដល់ដំណើរការរបស់ប្រទេសបានល្អជាងគេ។ជាក់ស្តែងគេសង្កេតឃើញមានគណបក្សនយោបាយ ជាច្រើនត្រូវបានបង្កើតនិងអមទៅដោយគោលនយបាយរៀងៗខ្លួនដើម្បីឲ្យប្រជាជនដែលជាម្ចាស់ឆ្នោតជ្រើសរើសគោលនយោបាយដែលគេពេញចិត្ត។


សរុបជារួមមក គណបក្សនយោបាយពិតជាមានចំណុចសំខាន់មួយចំនួនទៀត ដែលពោពេញទៅដោយអត្ថន័យខ្លឹមសារ ជាពុទ្ធិសំខាន់ដែលអ្នកសិក្សាមួយចំនួនពុំទាន់យល់បានស៊ីជម្រៅ ពោលគឺខ្លឹមសារដែលរួមមានលក្ខខណ្ឌក្នុងការបង្កើត ការចុះបញ្ជី និងការធ្វើសកម្មភាពដែលស្ថិតនៅក្នុងប្រធានបទនេះព្រមទាំងផ្តល់នូវចំណេះដឹងមួយចំនួនទៀតអំពីចំណុចល្អនិងចំណុចអាក្រក់។


គណបក្សនយោបាយពិភពលោក
១.និយមន័យ

គណបក្ស” Party” ចេញពីភាសាឡាតាំង មានន័យថា ផ្នែក ឬ ពួក ឬ ក្រុម ក្រុមប្រជាជន ឬសង្គម។

តាមទ្រឹស្ដីរបស់លោក កាល់ម៉ាក្ស និងលោកហ្វ្រេដឌឺរិក អង់ហ្គែល៖ គណបក្សនយោបាយ ជាអង្កការបង្រួបបង្រួមប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយសេរី ដោយឈរលើគោលការណ៍មួយច្បាស់លាស់ ដែលបម្រើផលប្រយោជន៍ឲ្យពួកគេ ពិសេសគឺការប្រើប្រាស់អំណាចនយោបាយមកកាន់កាប់ក្នុងដៃឲ្យបានចំទិសដៅ។

២.ដើមកំណើតគណបក្សនយោបាយ

ការបង្កើតគណបក្សនយោបាយ ត្រូវឆ្លើយតបទៅនឹងកត្តាចាំបាច់ជាមូលដ្ឋាននៅក្នុងរចនា-សម្ព័ន្ធសង្គមនយោបាយ ឆ្លុះបញ្ចាំងពីដំណើរការទំនាក់ទំនងទៅនឹងទំនាក់ទំនងនយោបាយក្នុងជួរមហាជន។​ លោក​ ម៉ាក្ស​ វែប៊ែរ អ្នកនយោបាយវិទូអាមេរិកបានបែងចែកដំណើរវិវត្តន៍របស់គណបក្នយោបាយជាបួនដំណាក់កាលគឺ៖
· នៅសតវត្សទី១២-១៥ គណបក្សបានកើតឡើងមុនគេនៅប្រទេសអ៊ីតាលី របៀបជាក្រុមផលប្រយោជន៍ ។
· នៅសតវត្សទី១៦-១៧ គណបក្សនយោបាយនៅក្នុងទ្វីបអឺរ៉ុប មានសារធាតុរបស់ខ្លួន ជាគណបក្សរបស់ពួកក្រុមគហបតី ដែលបង្រួបបង្រួមដោយអ្នកតំណាងអេលីតមិនច្រើនប៉ុន្មានទេ។


· នៅសតវត្សទី១៧-១៩ ជាក្លឹបនយោបាយដែលប្រឹងប្រែងទាក់ទាញប្រជាជនឲ្យចូលរួមធ្វើសកម្មភាពនៅក្នុងវិស័យនយោបាយ ដែលមានឥទ្ធិពលមិនត្រឹមតែក្នុងវិស័យនយោបាយ និងវិស័យផ្សេងៗទៀតផងដែរនៅក្នុងប្រទេសអង់គ្លេស បារាំង សហរដ្ឋអាមេរិក។ល។

 នៅសតវត្សទី១៩-២០ បានបង្កើតឡើងនូវរចនាសម្ព័ន្ធគណបក្ស ដូចបច្ចុប្បន្ន ដែលនៅជួរមុខមហាជន។ គណបក្សបែបនេះ បានបង្កើតឡើងជាលើកទីមួយនៅឆ្នាំ ១៨៦១ គឺសហគមន៍សេរីភាព ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅក្នុងប្រទេសអង់គ្លេសឆ្នាំ១៨៦៧ គឺ គណបក្សការងារ។

គណបក្សនយោបាយកម្ពុជា

ច្បាប់ស្ដីពីគណបក្សនយោបាយកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៧ នាសម័យប្រជុំលើកទី៨ នីតិកាលទីមួយ ហើយបានប្រកាសឲ្យប្រើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧។

ក.និយមន័យ

គណបក្សនយោបាយគឺជាក្រុមមនុស្សដែលមានគំនិត និងឆន្ទៈស្របគ្នាហើយរួបរួមគ្នាដោយស្ម័គ្រចិត្តតាមកិច្ចសន្យាបង្កើតឡើងនូវអង្គការមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ និងស្វ័យភាព ដើម្បីចូលរួមក្នុងឆាកនយោបាយជាតិតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធជាធរមាន។

១,គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នា ក្នុងការទទួលបុព្វសិទ្ធិនិងការយកចិត្តទុកដាក់
ដោយស្មើភាពគ្នា ពីរាជរដ្ឋាភិបាលនិងអាជ្ងារធរគ្រប់ជាន់ថ្នាក់។
២ ,គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណបក្សនយោ
បាយបរទេសឬ រដ្ឋាភិបាលបរទេស។
៣,ការចុះបញ្ជីគណបក្សនយោបាយជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

៤,ខ.លក្ខខណ្ឌក្នុងការបង្កើតគណបក្សនយោបាយ


ប្រជាពលរដ្ឋខ្មែរយ៉ាងតិច ៨០នាក់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំហើយដែលមានលំនៅជា អចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិផ្ដើមបង្កើតគណបក្សនយោបាយមួយបាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខអក្សរទៅក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃត្រូវឆ្លើយតបជា លាយលក្ខអក្សរថាទទួលសេចក្ដីដំណឹងនេះ ក្នុងរយៈពេលយ៉ាងយូរ ១៥ថ្ងៃ ។ បើហួសការកំណត់ ១៥ថ្ងៃនេះ ត្រូវចាត់ទុកថាទទួលបានសេចក្ដីជូនដំណឹងនេះ។

គណបក្សនយោបាយដែលទើបផ្ដើមបង្កើត ត្រូវធ្វើការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការបណ្ដោះអាសន្នដែលមានសមាជិកយ៉ាងតិច ៧រូប ហើយដែលម្នាក់ៗមានអាយុយ៉ាងតិច២៥ឆ្នាំ សម្រាប់រៀបចំបែបបទនិងបំពេញលក្ខខ័ណ្ឌនៃការសុំចុះបញ្ជីគណបក្សនយោបាយ​ ដោយត្រូវមានសមាជិកយ៉ាងតិច ៤០០០នាក់ មកពីបណ្ដាខេត្តក្រុងមួយចំនួន​ ដើម្បីទទួលសុពលភាព។៥
គណបក្សនយោបាយនីមួយៗ ត្រូវរៀបចំលក្ខន្តិកៈនិងគោលនយោបាយសំខាន់ៗ ជាលាយលក្ខអក្សរ ដែលមានចំណុចសំខាន់ៗយ៉ាងតិចណាស់ដូចខាងក្រោមនេះ៖

លក្ខន្តិកៈត្រូវមាន

 ឈ្មោះជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់។

 អាស័យដ្ឋាននៃទីស្នាក់ការកណ្ដាល។
 កាលបរិច្ឆេទនៃការបង្កើតគណបក្សនយោបាយ ។​ កាលបរិច្ឆេទគណបក្សនយោបាយ នេះមិនត្រូវជាន់លើថ្ងៃបុណ្យជាតិឬអន្តរជាតិ។

 វិធានស្ដីពីការបញ្ជូលជាសមាជិកភាព និងការបណ្ដេញចេញពីសមាជិកភាព។

 សិទ្ធិនិងភារកិច្ចរបស់សមាជិក។

 រចនាសម្ព័ន្អថ្នាក់ជាតិ និងថ្នាក់ក្រោមបន្តបន្ទាប់។

 សមត្ថិកិច្ចនៃអង្គការនានា របស់គណបក្សនយោបាយ។

 បែបបទនៃការជ្រើសរើសនិងដកហូតមុខងារ របស់សមាជិកគណៈកម្មាធិការនាយក។

 ការកំណត់អំពីការប្រជុំសាមញ្ញ នៃអង្គការនានារបស់គណបក្សនយោបាយ។
 ចំនួនសមាជិកចាំបាច់ កូរ៉ុម ដែលត្រូវ​ចូលរួមក្នុងអង្គប្រជុំនៃអង្គការនានារបស់គណបក្ស នយោបាយ ដើម្បីឲ្យអង្គប្រជុំនោះយកជាការបាន។

 ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់គណបក្សនយោបាយ។

 វិធានស្ដីពីការរំលាយគណបក្សនយោបាយ និងការចាត់ចែងទ្រព្យសម្បត្តិរបស់ គណបក្សនយោបាយនៅពេលត្រូវរំលាយ។
 វិធានស្ដីពីការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សនយោបាយ។៦

គ្រប់គណបក្សនយោបាយត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ដូច ខាងក្រោម៖

· ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយ​ត្រូវតែខុសគ្នាពីឈ្មោះជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់ គណបក្សនយោបាយនានា។

· ឈ្មោះរបស់គណបក្សនយោបាយ មិនត្រូវធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិច បន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវ័ន្តបុគ្គលមកដាក់ ឡើយ។

· សញ្ញាសម្គាល់របស់គណបក្សនយោបាយមិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាពតំណាងឲ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាក របស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គលឡើយ។៧

គ.សមាជិកភាព

ប្រជាពលរដ្ឋខ្មែរដែលមានអាយុយ៉ាងតិច ១៨នាក់ និងមានសិទ្ធិពលរដ្ឋអាចចូលជា សមាជិកគណបក្សនយោបាយបាន។៧

ការចូលជាសមាជិកនៃគណបក្សនយោបាយ ត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ សមាជិកគណបក្សនយោបាយអាចលាឈប់ពីគណបក្សនយោបាយបានគ្រប់ពេលវេលា ដោយមិនបាច់បញ្ជាក់ពីមូលហេតុឡើយ។
៨,ប្រជាពលរដ្ឋម្នាក់មិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយក្នុងពេលតែ មួយក្នុងពេលតែមួយបានទេ។ ក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្ស នយោបាយនានាយ៉ាងច្រើនសមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ទុកជាបានការ។៩

សមាជិកគណបក្សនយោបាយត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ក្នុងករណីមួយ ចំនួនដូចខាងក្រោម៖

១.បានលាឈប់ ឬបានបោះបង់សមាជិកភាពនៃគណបក្សនយោបាយ។

២.ត្រូវបានបណ្ដេញចេញពីគណបក្សនយោបាយ ស្របតាមលក្ខន្តិកៈរបស់គណបក្ស នយោបាយសាម៉ី។១០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃ.អង្គការនានារបស់គណបក្សនយោបាយ

- មហាសន្និបាត ឬសមាជ ឬអង្គការសមមូល

- ក្រុមប្រឹក្សាជាតិ ឬគណៈកម្មាធិការកណ្ដាល ឬអង្គការសមមូល។

- គណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល។

- គណៈកម្មាធិការអាជ្ញាកណ្ដាល ឬគណៈកម្មាធិការត្រួតពិនិត្យ ឬគណៈកម្មាធិការវិវាទឬអង្គការ

សមមូលឈ្មោះអង្គការដឹកនាំរបស់គណបក្សនយោបាយគ្រប់ថ្នាក់នេះ អាចប្រែប្រួលអាស្រ័យ ទៅតាមការកំណត់របស់លក្ខន្តិកៈនៃគណបក្សនយោបាយនីមួយៗ។

គណបក្សនយោបាយនីមួយៗ ត្រូវរៀបចំឲ្យមានប្រធាន និងអាចមានអនុប្រធានតាមការចាំ បាច់។ ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ ត្រូវជ្រើសរើសដោយអនុវត្តលក្ខន្តិកៈនៃ គណបក្សនយោបាយនីមួយៗ។១១

ពលរដ្ឋទាំងពីរភេទ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ)ឆ្នាំ អាចធ្វើជាប្រធាន ឬអនុប្រធាននៃគណបក្សនយោបាយ ឬធ្វើជាសមាសភាពនៃអង្គការ ដឹកនាំនៃគណបក្សនយោបាយបាន។
ប្រធាននិងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។

ប្រធាន និង អនុប្រធាននៃគណបក្សនយោបាយនិង សមាសភាពនៃគណៈកម្មាធិការនា យក​ឬគណៈកម្មាធិការអចិន្រៃ្តយ៍ ឬអង្គការសមមូលនិងគណៈកម្មាធិការនាយក ឬគណៈកម្មាធិកាអចិន្រៃ្តយ៍នៃគណៈបក្សនយោបាយ ត្រូវបាតបង់នូវតួនាទីរបស់ខ្លួន​ ក្នុងករណីណាមួយដូចខាងក្រោម៖

- សាមីខ្លួនទទួលមរណៈភាព។

- សាមីខ្លួនបានសុំលាឈប់ជាលាយលក្ខណ៍អក្សរ។

- សាមីខ្លួនត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យូរ ទោសលើកលែងតែទោសនោះត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រ។

គណបក្សនយោបាយ ត្រូវចាត់នីតិវិធីដើម្បីជំនួសប្រធានគណបក្សនយោបាយដែលបាត់បង់តួនាទី ដូចមាន ចែងក្នុងកថាខណ្ឌខាងលើ ក្នុងរយៈពេលយ៉ាងយូរ ៩០(កៅសិប)ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ។
បទប្បញ្ញត្តិនេះ ក៏ត្រូវយកទៅអនុវត្តផងដែរចំពោះបុគ្គលដែលមានតួនាទី ឬសិទ្ធិអំណាច ប្រហាក់ប្រហែលទៅនឹងប្រធាន ឬអនុប្រធាននៃគណបក្សនយោបាយ​ឬសមាសភាពនៃគណកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍​ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស នយោបាយ។១២

ង.ការចុះបញ្ជីគណបក្សនយោបាយ

ក្នុងរយៈពេលយ៉ាងយូរ១៨០ (មួយរយប៉ែតសិប)ថ្ងៃ បន្ទាប់ពីគណបក្សនយោបាយត្រូវ បានបង្កើតឡើងស្របតាមមាត្រា៩ នៃច្បាប់នេះ គណបក្សនយោបាយនោះត្រូវស្នើសុំចុះ បញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយ ស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលដោយត្រូវមានសមាជិកយ៉ាងតិច ៤០០០(បួនពាន់) នាក់ និងត្រូវបំពេញបែបបទ និង លក្ខខណ្ឌដូចមានចែងក្នុងមាត្រា ២០នៃច្បាប់នេះ។

គណបក្សនយោបាយដែលមិនទទួលបានការចុះបញ្ជី ស្របតាមបទប្បញ្ញត្តិនៃជំពូកនេះ មិនអាចធ្វើសកម្មភាពនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ។១៣

គណបក្សនយោបាយ ត្រូវបំពេញបែបបទនិងល័ក្ខខ័ណ្ឌដូចខាងក្រោម៖

១.ពាក្យសុំចុះបញ្ជីគណបក្សនយោបាយត្រូវមានហត្ថលេខារបស់ប្រធានគណបក្សនយោ-បាយ។
២.ឈ្មោះជាអក្សរពេញ និងអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយ។
៣.អាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាលរបស់គណបក្សនយោបាយ។
៤.ច្បាប់ដើមនៃលក្ខន្តិកៈ គណបក្សនយោបាយចំនួនពីរច្បាប់។
៥.បទបញ្ជាផ្ទៃក្នុងរបស់គណបក្សនយោបាយ ប្រសិនបើមាន។
៦.គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗ របស់គណបក្ស។
៧.សេចក្ដីថ្លែងការជាលាយលក្ខអក្សររបស់គណបក្សនយោបាយស្ដីពីការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយនិងបទប្បញ្ញត្តិផ្សេងៗជាធរមាន និងគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។

៨.បញ្ជីឈ្មោះ ដោយមានអាយុ អាស័យដ្ឋាន និងស្នាមមេដៃរបស់សមាជិកទាំង៤០០០នាក់ ដោយមានបញ្ជាក់លេខប័ណ្ណសមាជិកគណបក្ស និងកាលបរិច្ឆេទនៃការចូលសមាជិកភាព គណបក្សនយោបាយ។
៩.ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិកចំនួន៣នាក់យ៉ាងតិចក្នុងមួយនាក់មួយច្បាប់ ដោយមានបិទរូបថតទំហំ ៤គុណនឹង៦។
១០.សេចក្ដីប្រកាសអំពីគណនីធនាគារ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។
១១.បង្កាន់ដៃថ្លៃអាករចុះបញ្ជីគណបក្សនោយបាយមួយច្បាប់។ ថ្លៃអាករនេះត្រូវកំណត់ ដោយប្រកាសអន្តរក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។១៤

ក្រសួងមហាផ្ទៃត្រូវចេញបង្កាន់ដៃទទួលពាក្យសុំមួយច្បាប់ឲ្យគណបក្សនយោបាយ ដែលបានបំពេញទម្រង់បែបបទគ្រប់គ្រាន់ រួចក្រសួងមហាផ្ទៃត្រូវពិនិត្យខ្លឹមសារនៃសំណុំ ឯកសាររបស់គណបក្សនយោបាយបន្ទាប់ពីថ្ងៃចេញបង្កាន់ដៃទទួលពាក្យសុំ។ ក្នុង​ រយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រសួងត្រូវសម្រេចយល់ព្រម ឬមិនយល់ព្រមឲ្យចុះបញ្ជី គណបក្សនយោបាយ។១៤

ក្នុងករណីពិនិត្យឃើញថា សំណុំឯកសាររបស់គណបក្សនយោបាយមានលក្ខណៈគ្រប់ គ្រាន់និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយនិងច្បាប់នានាជាធរមាន ក្រសួងមហាផ្ទៃត្រូវធ្វើលិខិតឆ្លើយតបស្ដីពីការយល់ព្រមឲ្យចុះបញ្ជី ផ្ញើជូនទៅសាមី គណបក្សនយោបាយនោះវិញ ដោយភ្ជាប់ជាមួយលក្ខន្តិកៈមួយច្បាប់​ ដែលមានចារបញ្ជាក់ កាលបរិច្ឆេទ នៃការចុះបញ្ជីគណបក្សនយោបាយ ដោយមានចុះហត្ថលេខានិងត្រារបស់ ក្រសួងមហាផ្ទៃ។១៥

ក្នុងករណីពិនិត្យឃើញថា សំណុំឯកសាររបស់គណបក្សនយោបាយ ដែលមិនទាន់មាន
លក្ខណៈគ្រប់គ្រាន់និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយនិង ច្បាប់នានាជាធរមាន ក្រសួងមហាផ្ទៃត្រូវធ្វើលិខិតជូនដំណឹងផ្ញើទៅសាមីគណបក្ស នយោបាយនោះវិញ។ គណបក្សនយោបាយនោះត្រូវបំពេញបន្ថែមលើសំណុំឯកសារតាម លិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃយ៉ាងយូរ ១៥ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតនោះ។ បើហួសរយៈពេលកំណត់ ១៥ថ្ងៃនេះ ក្រសួងមហាផ្ទៃ​ ត្រូវធ្វើលិខិតមិនយល់ព្រមឲ្យចុះបញ្ជី គណបក្សនយោបាយផ្ញើទៅសាមីគណបក្សនយោបាយ។១៦

គណបក្សនយោបាយណា ដែលក្រសួងមហាផ្ទៃបានចេញលិខិតមិនយល់ព្រមចុះបញ្ជី គណបក្សនយោបាយ គណបក្សនយោបាយនោះមានសិទ្ធិប្ដឹងទៅតុលាការកំពូល។ តុលាការកំពូលត្រូវសម្រេចក្នុងរយៈពេលយ៉ាងយូរ ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹងរបស់សាមីគណបក្សនយោបាយនោះ។ ក្រោយពីទទួលបានសេចក្ដីសម្រេច របស់តុលាការកំពូល ដែលសម្រេចលើភាពត្រឹមត្រូវនៃខ្លឹមសារនៃសំណុំឯកសាររបស់គណ បក្សនយោបាយនោះ ក្រសួងមហាផ្ទៃត្រូវចុះបញ្ជីគណបក្សនយោបាយនោះភ្លាម តាមការកំណត់ដូចមានចែងក្នុងមាត្រា២៣នៃច្បាប់នេះ។១៧


គណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយ ត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃនូវបញ្ជី ឈ្មោះប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ ក្នុងករណីដែលមានអនុប្រធាន និង​សមាសភាពនៃគណៈកម្មាធិការនាយកឬ គណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល និងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ ដោយភ្ជាប់មកជាមួយនូវជីប្រវត្តិសង្ខេបដែលមានបិទរូបថត ៤គុណនឹង៦។

ច.ហិរញ្ញវត្ថុរបស់គណបក្សនយោបាយ

ចាត់ទុកជាហិរញ្ញវត្ថុរបស់គណបក្ស ចំណូលដែលបានមកពី៖
· វិភាគទាន ឬភាគទានរបស់សមាជិក។
· ចំណូលផ្សេងៗរបស់គណបក្សនយោបាយដែលបានមកពីការធ្វើអាជីវកម្មស្រប ច្បាប់។
· ប្រាក់ពីថវិការបស់រដ្ឋតាមការកំណត់ ដូចមានចែងក្នុងមាត្រា ២៨នៃច្បាប់នេះ។
· អំណោយរបស់ក្រុមហ៊ុនឯកជនខ្មែរ ឬសប្បុរសជនខ្មែរ។
· ទ្រព្យសម្បត្តិផ្ទាល់របស់គណបក្សនយោបាយ។

រដ្ឋអាចផ្ដល់ប្រាក់ពីថវិកាជាតិស្មើៗគ្នា ដល់គ្រប់គណបក្សនយោបាយសម្រាប់តែ ប្រើប្រាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គណបក្ស នយោបាយណាដែលមិនទទួលសន្លឹកឆ្នោតគាំទ្រចំនួន៣% នៃសន្លឹកឆ្នោតបានការ សរុបទូទាំងប្រទេស ឬមិនបានទទួលអាសនៈមួយក្នុងសភា គណបក្សនយោបាយ នោះត្រូវសងប្រាក់នោះគ្រប់ចំនួនមករដ្ឋវិញ ក្នុងរយៈពេល៣ខែយ៉ាងយូរ ចាប់ពីថ្ងៃ ប្រកាសលទ្ធផលជាស្ថាពរនៃការបោះឆ្នោត។២០
គណបក្សនយោបាយត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទាន ទោះជាតាមរូបភាព ណាក៏ដោយពីស្ថាប័នរដ្ឋ សមាគម អង្គការមិនមែនរដ្ឋាភិបាល សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាស្ថានសាធារណៈ ស្ថាប័នបរទេស ក្រុមហ៊ុនបរទេស​ ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស លើកលែងតែករណីដូចមានចែងក្នុងមាត្រា ២៨នៃច្បាប់នេះ។២១
គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយរួចហើយត្រូវផ្ញើរបាយការណ៍មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានមុនថ្ងៃទី ៣១ ខែធ្នូ រៀងរាល់ឆ្នាំ។
របាយការណ៍ត្រូវចុះហត្ថលេខាដោយប្រធានគណបក្ស
 សកម្មភាពសំខាន់ៗ របស់គណបក្សនយោបាយ។
 តារាងតុល្យភាពដែលបង្ហាញនូវប្រាក់ចំណូល និងប្រាក់ចំណាយប្រចាំឆ្នាំតាមប្រភេទ ដែលត្រូវរៀបចំឡើងដោយគណនេយ្យរបស់គណបក្សនយោបាយ។
 បញ្ជីតុល្យការគណនីរបស់គណបក្សនយោបាយនៅក្នុងធនាគារ។
 បញ្ជីតុល្យការនៃទ្រព្យសម្បត្តិទាំងអស់ រាប់បញ្ចូលទាំងទ្រព្យសម្បត្តិជាកម្មសិទ្ធិ ឬផល កម្រៃក្នុងជំនួញនិងបំណុលរបស់គណបក្សនយោបាយ។២២

ឆ.ការរំលាយ ការរួមបញ្ចូលគ្នានិងការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ

គណបក្សនយោបាយអាចរំលាយខ្លួនឯងបានដោយគ្មានសមត្ថកិច្ចណាអាចរំលាយបានឡើយលើកលែងតែគណបក្សនយោបាយនោះត្រូវបានប្រកាសរំលាយតាមសាលក្រមឬសាលដីកាជាស្ថាពររបស់តុលាការ។ គណបក្សនយោបាយដែលត្រូវបានរំលាយ ទ្រព្យសម្បត្តិដែលនៅសេសសល់ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់មហាសន្និបាត។២៣

គណបក្សនយោបាយអាចប្រកាសរួមបញ្ចូលគ្នាជាមួយគណបក្សនយោបាយផ្សេងទៀបាន ប៉ុន្តែក្រសួងមហាផ្ទៃត្រូវលុបឈ្មោះគណបក្សនយោបាយចាស់ចេញពីបញ្ជីគណបក្សនយោបាយបន្ទាប់ពីបានទទួលលិខិតជូនដំណឹងពីការរួមបញ្ចូលគ្នានោះ។២៤

ជ.វិធានការរដ្ឋបាល និងទោសប្បញ្ញត្តិ

គ្រប់គណបក្សនយោបាយទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះគណបក្សនយោបាយណាដែលបានប្រព្រឹត្តិខុសទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានដ៏ទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃអាចចាត់វិធានការដូចខាងក្រោម៖

 ចេញលិខិតជូនដំណឹងឲ្យគណបក្សនោះ ធ្វើការកែតម្រូវក្នុងរយៈពេលមួយជាកំណត់។

 ធ្វើការព្រមានជាលាយលក្ខណ៍អក្សរ និងចាត់វិធានការបញ្ឈប់សកម្មភាពខុសច្បាប់ ក្នុងករណីចាំបាច់។

 សម្រេចផ្អាកសកម្មភាពរបស់គណបក្សនយោបាយនោះជាបណ្តោះអាសន្នក្នុងរយៈពេលមួយជាកំណត់
 ប្តឹងទៅតុលាកំពូលដើម្បីរំលាយគណបក្សនយោបាយនោះ ក្នុងករណីមានកំហុសមានលក្ខណៈធ្ងន់ធ្ងរ។

ត្រូវផាកពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០(ប្រាំលាន) រៀល ដោយក្រសួងមហាផ្ទៃចំពោះគណបក្សនយោបាយណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៣១នៃច្បាប់នេះ។ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ផាកពិន័យជាប្រាក់ទ្វេមួយជាពីរ ហើយក្រសួងមហាផ្ទៃអាចសម្រេចផ្អាកសកម្មភាពនយោបាយនោះជាបណ្ដោះអាសន្ន ក្នុងរយៈពេលមួយជាកំណត់។

គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា២៩ថ្មី នៃច្បាប់នេះ ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងមហាផ្ទៃ ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល។ ក្នុងករណីវិភាគទានដែលគណបក្សនយោបាយបានទទួល មានតម្លៃលើសពី ២០ ០០០ ០០០ (ម្ភៃលាន)រៀល ត្រូវផាកពិន័យជាប្រាក់ទ្វេមួយជាពីរនៃតម្លៃនៃវិភាគទាននោះ។ ក្រសួងមហាផ្ទៃ អាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះជាបណ្ដោះអាសន្នក្នុងរយៈពេលមួយជាកំណត់។
ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសទៀតត្រូវផាកពិន័យជាប្រាក់ទ្វេមួយជាពីរនៃប្រាក់ពិន័យលើកមុន ហើយក្រសួងមហាផ្ទៃអាចប្ដឹងរំលាយគណបក្សនយោបាយនោះទៅតុលាការកំពូល។២៧

ដោយមិនគិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៦ថ្មី និងមាត្រា៧ នៃច្បាប់នេះ តុលាការអាចសម្រេចដូចខាងក្រោម៖
- ផ្អាកសកម្មភាពគណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី ៥ឆ្នាំ។
- រំលាយគណបក្សនយោបាយនោះ។២៨
ក្នុងករណីដែលគណបក្សនយោបាយត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើ សកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះសម្រាប់រយៈពេល ០៥​(ប្រាំ)ឆ្នាំបាន។

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវចាត់ទុកជានិរាករណ៍។


គោលនយោបាយរបស់បក្សធំៗពីរ

ក្នុងការបោះឆ្នោតនីតិកាលទី៥ ឆ្នាំ២០១៣-២០១៨ មានគណបក្សចំនួន៨ បានចូលរួមប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមអាសនៈក្នុងរដ្ឋសភា ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស។ គណបក្សនយោបាយនីមួយៗមានគោលនយោបាយរៀងៗខ្លួន សម្រាប់អនុវត្តនៅក្នុងប្រទេសជាតិ ក្រោយពេលខ្លួនជាប់ឆ្នោត។ ក្នុងនីតិកាលទី៥នេះ មានតែគណបក្ស ២ប៉ុណ្ណោះដែលទទួលបានអាសនៈក្នុងសភា គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។

ក.គោលនយោបាយគណបក្សប្រជាជនកម្ពុជា

ឆ្ពោះទៅរកគោលដៅចម្បងជាយុទ្ធសាស្ត្រយូរអង្វែងរបស់គណបក្សក្នុងដំណាក់កាលពីឆ្នាំ ២០១០-២០១៨ គណបក្សមានគោលការណ៍គ្រឹះ ១១ចំណុចគឺ៖

១.សាមគ្គីប្រជាជាតិទាំងមូល ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើត ជាតិ និងឋានៈក្នុងសង្គមឡើយ។

២.កសាង ពង្រឹងខឿនការពារជាតិរបស់ប្រជាជនដែលមានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជា ស្នូលដ៏រឹងមាំ និងមានការគាំទ្រយ៉ាងសកម្មពីប្រជាជន​ ដើម្បីការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានៅគ្រប់កាលៈទេសៈ។

៣.ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងមាំ។
៤.គាំទ្របេក្ខភាពសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត។

៥.ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ មានជាអាទិ៍ សិទ្ធិមានជិវិតរស់នៅ សិទ្ធិប្រកបរបរចិញ្ចឹមជិវិត សិទ្ធិធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន។ល។
៦.លើកកម្ពស់ការផ្ដល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជាជន និងគ្រប់មជ្ឈដ្ឋានឲ្យ កាន់តែប្រសើរឡើងទាំងគុណភាព បររសិទ្ធិភាពនិងវិសាលភាព។
៧.បន្តជម្រុញដំណើរការនៃកំណែទម្រង់ដ៏ស៊ីជម្រៅ និងទូលំទូលាយ។
៨.ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យសម្រេចបានកំណើនខ្ពស់ដោយចីរភាពក្នុងរយៈពេលវែងលើមូលដ្ឋានកាន់តែទូលាយ និងកាន់តែមានសកម្មភាពប្រកួតប្រជែងឡើង ទន្ទឹមនឹងការជម្រុញសមាហរណកម្មសេដ្ឋកិច្ចិកម្ពុជានៅក្នុងតំបន់ រួមចំណែកធ្វើឲ្យសហគមន៍សេដ្ឋកិច្ចអាស៊ានបានសម្រេចនៅឆ្នាំ២០១៥។
៩.ថែរក្សា និងបន្តពង្រីករាល់សមិទ្ធផលរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេច អគ្គមហាសេនាបតី ហ៊ុន សែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន​ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជន និងសប្បុរសជនទាំងឡាយដែលបានកសាងជូនប្រជាជន។
១០.អភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ សង្គមកិច្ច។
១១.បន្តខិតខំធ្វើការតស៊ូតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្ដីពីបូរណភាពដែនដីដែលស្ថិតក្នុងអធិបតេយ្យភាពកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ។


.គោលនយោបាយគណបក្សសង្រ្គោះជាតិ

ក.នយោបាយក្នុងប្រទេស
នយោបាយគណបក្សសង្រ្គោះជាតិ ឈរលើមាគ៌ា ផ្សះផ្សារ និងបង្រួបបង្រួមជាតិដោយបំបាត់ចោលនូវការរើសអើងបក្សពួកគ្រួសានិយម ដោយផ្អែកលើគោលការណ៍សំខាន់ៗចំនួន៦គឺ៖
- ប្រកាន់យកគោលការណ៍ តស៊ូដោយអហិង្សា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
- អនុវត្តឲ្យបានត្រឹមត្រូវ នូវការគោរពសិទ្ធមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃអង្គការសហប្រជាតិ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធមនុស្ស និងកតិការសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ដែលទាក់ទងនឹងមនុស្ស សិទ្ធនារី សិទ្ធកុមារ សិទ្ធជនពិការនិងសិទ្ធជនជាតិដើម។
- ដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ ដោយអនុវត្តច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព។

- ប្រកាន់យកគោលការណ៍ យុត្តិធម៌សង្គម ដោយរដ្ឋត្រូវធានាឲ្យប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិ សេរីភាពគ្រប់បែបយ៉ាង និងមានឱកាសស្មើគ្នា ខាងនយោបាយ ខាងសេដ្ឋកិច្ច និងខាងសង្គមកិច្ច។ល។
- ប្រកាន់យកគោលការណ៍ ប្រជាធិបតេយ្យ សេរី ដោយគោរពប្រជាពលរដ្ឋជាម្ចាស់អំណាចដែលក្នុងនោះប្រជាពលរដ្ឋម្នាក់ៗ មិនមែនត្រឹមតែមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គម គ្រប់រូបភាព ដើម្បីពង្រឹងភាពទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលនោះទេ តែមានសិទ្ធិដកអំណាច ពីអ្នកដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមិនបានបម្រើផលប្រយោជន៍ជាតិបានត្រឹមត្រូវ។

- ប្រកាន់យកគោលការណ៍ អភិវឌ្ឍន៍ប្រទេស ប្រកបដោយនិរន្តរភាព ដែលជម្រុញឲ្យមានការពង្រឹង ការផលិត សម្រាប់ការនាំចេញប្រកបដោយភាពរឹងមាំ និងមានការប្រកួតប្រជែង​ ជាមួយការថែទាំធនធានធម្មជាតិ មានព្រៃឈើ មច្ឆាជាតិ​ និងធនធានរ៉ែទាំងឡាយ ឲ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ យូរអង្វែងតទៅ។

ខ.នយោបាយក្រៅប្រទេស

- គណបក្សសង្គ្រោះជាតិ អនុវត្តនយោបាយការបរទេសដោយអនុលោម តាមគោលការណ៍ សន្តសហវិជ្ជមាន។
- ការគោរពទៅវិញទៅមក នូវបូរណភាព ទឹកដីនិងអធិបតេយ្យភាព៖ មានន័យថា ហាមមិនឲ្យបំពារបំពានលើលំហដែនដី របស់ប្រទេសដទៃ។
- មិនឈ្លានពានទៅវិញទៅមក៖ មានន័យថា មិនគម្រាមកំហែង មិនបង្កជម្លោះ ដោយយោធាជាមួយប្រទេសណាមួយ។
- មិនជ្រៀតជ្រែកទៅវិញទៅមក ចូលកិច្ចការផ្ទៃក្នុង៖ មានន័យថា ប្រទេសនីមួយៗ អាចពង្រីករាល់ទំនាក់ទំនងខាងសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងវប្បធម៌រវាងប្រទេសនិងប្រទេស។
- ដោះស្រាយបញ្ហាព្រំដែន ដោយអនុលោមតាម សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ និងប្រើប្រាស់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្របច្បាប់ទាំងអស់ណា ដែលធានាដល់បូរណភាពទឹកដីខ្មែរទាំងមូល។
គណបក្សសង្គ្រោះជាតិមានចំណុចពិសេសមួយគឺ តម្លើងប្រាក់ខែជូនមន្ត្រីរាជការ និងឧបត្ថម្ភប្រាក់៤ម៉ឺនរៀលដល់មនុស្សចាស់។

ការចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយ

ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចំនួន៥លើក រួចមកហើយ។
១.នីតិកាលទី១៖ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩៩៣
មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ២០ សម្រាប់១២០ អាសនៈ។
 គណបក្ស ហ៊្វុនស៊ិនប៉ិច =៥៨ អាសនៈ
 គណបក្ស ប្រជាជនកម្ពុជា =៥១ អាសនៈ
 គណបក្ស សេរីនិយមព្រះពុទ្ធសាសនា =១០ អាសនៈ
 គណបក្ស ម៉ូលីណាការ =០១ អាសនៈ

២.នីតិកាលទី២៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨
មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៣៩ សម្រាប់១២២ អាសនៈ។

 គណបក្ស ប្រជាជនកម្ពុជា =៦៤អាសនៈ

 គណបក្ស ហ៊្វុនស៊ិនប៉ិច =៤៣អាសនៈ
 គណបក្ស សម រង្ស៉ី =១៥អាសនៈ


៣.នីតិកាលទី៣៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣

មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ២៣ សម្រាប់ ១២៣អាសនៈ។
 គណបក្ស ប្រជាជនកម្ពុជា =៦៤ អាសនៈ
 គណបក្ស ហ៊្វុនស៊ិនប៉ិច =៤៣ អាសនៈ
គណបក្ស សម រង្ស៉ី =១៥ អាសនៈ

៤.នីតីកាលទី៤៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០០៨

មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ០៨ សម្រាប់ ១២៣អាសនៈ។
 គណបក្ស សញ្ជាតិខ្មែរ(គ.ស.ក)
 គណបក្ស ហ្វ៊ុនស៊ិនប៉ិច(រ.រ.ជ.ឯ.អ.ស.ស)
 គណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ(គ.ស.រ.ប)
 គណបក្ស ប្រជាជនកម្ពុជា(ប្រ.ជ)
គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច(ប្រ.ជ)
 គណបក្ស ខ្មែរឈប់ក្រ(គ.ខ.ឈ.ក)
 គណបក្ស សង្គ្រោះជាតិ( គ.ស.ជ)
 គណបក្ស សម្ព័ន្ជដើម្បីប្រជាធិបតេយ្យ(គ.ស.ប)


ចំពោះគណបក្សដែលឈ្នះឆ្នោតរួមមាន៖
គណបក្សប្រជាជនកម្ពុជា =៦៨អាសនៈ
 គណបក្សសង្គ្រោះជាតិ =៥៥អាសនៈ


​​​​ សន្និដ្ឋាន
ឆ្លងតាមការបកស្រាយខាងលើ យើងសង្កេតឃើញថាគ្រប់គណបក្សនយោបាយទាំងអស់សុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការចូលរួមក្នុងសកម្មភាពនយោបាយដែលមានការប្រកួតប្រជែងគ្នាដើម្បីទទួលបានអាសនៈក្នុងសភាស្របទៅតាម មាត្រា៥១ថ្មី វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា ប្រទេសកម្ពុជាអនុវត្តគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ពីនីតិកាលមួយទៅនីតិកាលមួយ មានគណបក្សនយោបាយជាច្រើន ចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ ដែលផ្ដល់ជម្រើស និងឱកាសឲ្យប្រជាពលរដ្ឋបោះឆ្នោតតំណាងដែលខ្លួនពេញចិត្ត ដោយសេរី គ្មានការបង្ខិតបង្ខំ។ គណបក្សនយោបាយ ដែលទទួលសំឡេងគាំទ្រលើសលុបពីសំណាក់ប្រជាពលរដ្ឋ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាល ហើយគោលនយោបាយរបស់បក្សនឹងក្លាយទៅជាគោលនយោបាយជាតិ សម្រាប់អនុវត្តទូទាំងប្រទេស។

គណបក្សនយោបាយគឺជាប្រទីបសម្រាប់បំភ្លឺផ្លូវ ឆ្ពោះទៅរកភាពថ្កុំថ្កើង ឧត្តុងឧត្តម ព្រោះប្រទេសមួយមិនអាចអភិវឌ្ឍន៍ ឆ្ពោះទៅមុខដោយគ្មានអ្នកជួយត្រួសត្រាយបានឡើយ។ ជាក់ស្ដែងក្នុងសង្គមយើងបច្ចុប្បន្ន ឃើញថាមានការរីកចម្រើនគ្រប់វិស័យដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង នេះគឺអាស្រ័យដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលជាគណបក្សឈ្នះឆ្នោតរបស់កម្ពុជាក្នុងនីតិកាលនេះ។

ទន្ទឹមនឹងការរីកចម្រើន ផលវិបាកក៏កើតមានឡើងតិចតួចតំណាលគ្នា ព្រោះគណបក្សនយោបាយទាំងអស់មិនសុទ្ធតែអាចធ្វើបានតាមអ្វីដែលខ្លួនបានសន្យា ឬគោលនយោបាយរបស់ខ្លួនទាំងស្រុងឡើយ ដូចជាភាពមិនប្រក្រតីនៃការអនុវត្តអំណាច ការប្រព្រឹត្តខុសពីតួនាទី ដែលធ្វើឲ្យប៉ៈពាល់ដល់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ប៉ៈពាល់ដល់ផលប្រយោជន៍ជាតិ ជាពិសេសប្រជាពលរដ្ឋតែម្ដង។





















No comments