តើអ្វីជាធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ និងរដ្ឋប្បវេណី?
តើអ្វីជាធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ និងរដ្ឋប្បវេណី?
នៅក្នុងប្រព័ន្ធតុលាការមានប្រើពាក្យពីរគឺ «ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី»។ តើបទព្រហ្មទណ្ឌនេះតាមផ្លូវច្បាប់សម្គាល់ទៅលើបទល្មើសប្រភេទណាហើយរដ្ឋប្បវេណីសម្គាល់ទៅលើបទល្មើសអ្វី?
ដើម្បីបានជ្រាបច្បាស់អំពីការបែងចែករវាងពាក្យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីមានអត្ថន័យយ៉ាងណានោះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ហុង គឹមសួន ជាមេធាវីនៅការិយាល័យគម្រោងអ្នកការពារច្បាប់កម្ពុជា (CDP) មានខ្លឹមសារដូចខាងក្រោម ៖
ដូចម្តេចហៅថាបទល្មើសព្រហ្មទណ្ឌហើយបទល្មើសនេះសំដៅទៅលើធាតុផ្សំអ្វីខ្លះទើបអាចហៅបានថាជាបទល្មើសព្រហ្មទណ្ឌបាន?
ដែលហៅថាបទល្មើសព្រហ្មទណ្ឌគឺជាបទល្មើសដែលមានចែងក្នុងក្រម (ច្បាប់) ព្រហ្មទណ្ឌ,ជនប្រព្រឹត្តបទល្មើសអាចមានទោសជាប់ពន្ធនាគារ។ អំពើប្រព្រឹត្ត ឬសកម្មភាពប្រព្រឹត្តរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលនោះដែលផ្ទុយនឹងច្បាប់ហើយធ្វើទៅលើមនុស្សសត្វសម្ភារទ្រព្យសម្បត្តិជាដើមហើយលទ្ធផលនៃអំពើនោះបណ្តាលឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬបណ្តាលឲ្យខូចខាតផលប្រយោជន៍ ឬអន្តរាយទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ដល់រូបរាងកាយ ឬបណ្តាលឲ្យពិការ ឬរហូតបាត់បង់ជីវិតមនុស្ស។ល។
បទល្មើសព្រហ្មទណ្ឌចែកចេញជាបទឧក្រិដ្ឋ បទបជ្ឈិម និងបទលហុ។
-បទល្មើសព្រហ្មទណ្ឌសំដៅទៅលើធាតុផ្សំបីយ៉ាង៖ (១) ធាតុនីត្យានុកូល=ច្បាប់ (២) ធាតុសត្យានុមតិ=អំពើប្រព្រឹត្ត ឬសកម្មភាពប្រព្រឹត្ត (បានសម្រេច ឬមិនបានសម្រេច) (៣) ធាតុអត្តនោមតិ=ចេតនា ឬបំណង។
តើអ្វីទៅហៅថាបទល្មើសរដ្ឋប្បវេណី តើបទល្មើសរដ្ឋប្បវេណីនេះសម្គាល់ទៅលើបទល្មើសប្រភេទណា?
-មិនហៅថាជាបទល្មើសរដ្ឋប្បវេណីទេគឺហៅថាវិវាទ ឬទំនាស់ដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្បវេណី និងមានចែងនៅក្នុងក្រម (ច្បាប់) រដ្ឋប្បវេណី និងច្បាប់ទូទៅនៃនីតិឯកជន។ល។ វិវាទ ឬទំនាស់ក្នុងរឿងរដ្ឋប្បវេណីមានទំនាក់ទំនងទៅនឹងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិ, កេរមរតក, ទំនាក់ទំនងកិច្ចការជំនួញជួញដូរ,កិច្ចសន្យា ឬកិច្ចព្រមព្រៀង, ទំនាក់ទំនងសិទ្ធិ និងកាតព្វកិច្ច។ល។ ឧទាហរណ៍៖ បណ្តឹងលែងលះផ្តាច់សមគ្គសង្វាស,ទាមទារសិទ្ធិលើទ្រព្យសម្បត្តិ,បែងចែកកេរមរតក,បណ្តឹងមោឃភាពកិច្ចសន្យា។ល។
តើបណ្តឹងរដ្ឋប្បវេណីអាចក្លាយជាបណ្តឹងព្រហ្មទណ្ឌបានទេហើយបទល្មើសព្រហ្មទណ្ឌក្លាយជាបទល្មើសរដ្ឋប្បវេណីបានទេ?
-បណ្តឹងរដ្ឋប្បវេណីមិនអាចក្លាយជាបណ្តឹងព្រហ្មទណ្ឌបានទេពីព្រោះកាលណាចៅក្រមពិនិត្យឃើញថាភ័ស្តុតាងដែលភាគីប្តឹងដាក់ជូនតុលាការមិនគ្រប់គ្រាន់ ឬមិនគួរជឿបានទេនោះចៅក្រមលើកបណ្តឹងនោះចោល។ ក៏ប៉ុន្តែភ័ស្តុតាងក្នុងបណ្តឹងរដ្ឋប្បវេណីខ្លះអាចនាំឲ្យភាគីម្ខាងទៀតយកជាសំអាងប្តឹងជារឿងព្រហ្មទណ្ឌបកទៅលើភាគីដើមបណ្តឹងវិញដែលបានដាក់ភ័ស្តុតាងនោះបានដូចជាឯកសារមានស្នាមផ្តិតមេដៃក្លែងបន្លំ ឬក្លែងលិខិតកម្មសិទ្ធិជាដើម។
ការសម្រេចថាបទល្មើសមួយជាបទល្មើសព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីគឺនៅដំណាក់កាលតំណាងអយ្យការ ឬនៅដំណាក់កាលណា?ឧទាហរណ៍ថាជនម្នាក់ប្តឹងទៅតុលាការរឿងឡានបុកសមាជិកគ្រួសារគាត់ស្លាប់។
-ការសម្រេចថាបទល្មើសមួយជាបទល្មើសព្រហ្មទណ្ឌគឺចាប់ផ្តើមកសាងសំណុំរឿងព្រហ្មទណ្ឌពីមន្ត្រីនគរបាលយុត្តិធម៌ហើយបញ្ជូនទៅព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌតាមមាត្រានៃច្បាប់ព្រហ្មទណ្ឌ។
នៅក្នុងឧទាហរណ៍“ជនម្នាក់ប្តឹងទៅតុលាការរឿងឡានបុកគ្រួសារគាត់ស្លាប់,”(១) ក្នុងរឿងក្តីបែបនេះមន្ត្រីនគរបាលចរាចរណ៍ដែលបានចុះប្រតិបត្តិការដល់ទីតាំងកើតហេតុគឺជាអ្នកកសាងសំណុំរឿងព្រហ្មទណ្ឌបញ្ជូនទៅព្រះរាជអាជ្ញាអំពីឧប្បត្តិហេតុកើតឡើងយ៉ាងម៉េច? នរណាជាជនដែលបង្កហេតុ? ការគូសវាស និងវាស់វែងទីតាំងកើតហេតុ,ការវាយតម្លៃដំបូងពីករណីគ្រោះថ្នាក់ចរាចរណ៍ជារឿងព្រហ្មទណ្ឌ។ល។ ពីព្រោះនគរបាលចរាចរណ៍ក្រោយពេលពិនិត្យ និងវាស់វែងទីតាំងបទល្មើសហើយគឺគាត់អាចវាយតម្លៃបានថាជារឿងព្រហ្មទណ្ឌឬអត់? (២) គ្រួសារជនរងគ្រោះដោយឡានបុកស្លាប់នោះអាចប្តឹងនៅនគរបាលចរាចរណ៍ក៏បាន ឬប្តឹងនៅការិយាល័យព្រះរាជអាជ្ញាក៏បាន។
តើបណ្តឹងនេះគេហៅថាបណ្តឹងព្រហ្មទណ្ឌ ឬបណ្តឹងរដ្ឋប្បវេណី?
-បន្ទាប់ពីព្រះរាជអាជ្ញាទទួលសំណុំរឿងពីមន្ត្រីនគរបាលចរាចរណ៍រួចហើយព្រះរាជអាជ្ញាជាម្ចាស់បណ្តឹងអាជ្ញាគឺធ្វើការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌទៅលើជនបង្កហេតុ និងបញ្ជូនរឿងទៅចៅក្រមស៊ើបសួរ។ បណ្តឹងនេះគេហៅថាបណ្តឹងព្រហ្មទណ្ឌ។
រីឯគ្រួសារជនរងគ្រោះវិញគាត់មានសិទ្ធិដាក់ពាក្យប្តឹងតាមរយៈការិយាល័យព្រះរាជអាជ្ញាសុំឲ្យរកយុត្តិធម៌ជូនជនរងគ្រោះដោយគាត់មានសិទ្ធិទាមទារសំណងការព្យាបាល,ថ្លៃធ្វើបុណ្យ,ចំណាយផ្សេងៗ និងសំណងជំងឺចិត្ត។ល។ បណ្តឹងបែបនេះហៅថាបណ្តឹងរដ្ឋប្បវេណី៕
ចុចទីនេះ សម្រាប់អត្ថបទច្រើនទៀតទាក់ទងនឹងច្បាប់
No comments