តើអ្វីទៅជាបទល្មើសជាក់ស្តែង?
តើអ្វីទៅជាបទល្មើសជាក់ស្តែង?
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាប្រធានសម្របសម្រួលសម្ព័ន្ធអង្គការដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម និងជាប្រធានសម្របសម្រួលគណៈកម្មការប្រព្រឹត្តិកម្មនៃអង្គការសិទ្ធិមនុស្សបានផ្តល់កិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីអំពីបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖
តាមនីតិវិធីព្រហ្មទណ្ឌតើអ្វីទៅដែលហៅថាបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិម? និងអ្វីជាបទល្មើសជាក់ស្តែង?តើការចាប់ឃាត់ខ្លួនជនល្មើសនោះមានលក្ខណៈខុសគ្នាដូចម្តេចដែរ?
បទល្មើសឧក្រិដ្ឋ គឺជាបទល្មើសដែលត្រូវជាប់ពន្ធនាគារលើសពី ៥ ឆ្នាំឡើងទៅ។ ចំណែកបទល្មើសជាប់គុកក្រោម ៤ ឆ្នាំគឺជាបទល្មើសមជ្ឈិម។ ការប្រព្រឹត្តបទល្មើសជាក់ស្តែងគឺមានន័យថាការប្រព្រឹត្តបទល្មើសនោះគឺជនល្មើសកំពុងតែប្រព្រឹត្តជាក់ស្តែងហើយជនល្មើសនោះកំពុងតែត្រូវបានសមត្ថកិច្ចនគរបាលកំពុងតែដេញប៉ផាប់ចាប់ពភីង (ដូចជាករណីចោរឆក់ ឬចោរប្លន់ដែលត្រូវបានសមត្ថកិច្ចនគរបាលកំពុងតែដេញប្រមាញ់ ឬតាមចាប់ខ្លួន) ហើយសមត្ថកិច្ចនគរបាលអាចចាប់ខ្លួនជនល្មើសនោះដោយមិនចាំបាច់សុំដីកាចាប់ខ្លួនពីតុលាការនោះឡើយ។
ចំពោះករណីការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងលោក ហុង សុខហួរ នោះគឺមិនអាចចាត់ទុកថាជាបទល្មើសជាក់ស្តែងបានទេពីព្រោះករណីនេះគាត់បានបង្ហោះពីឯកសារក្លែងក្លាយនៅលើ Facebook របស់គាត់នោះជាយូរមកហើយ ហើយនៅពេលសមត្ថកិច្ចតាមចាប់ខ្លួនគាត់នោះគាត់ក៏មិនបានកំពុងតែធ្វើសកម្មភាពក្លែងឯកសារនោះដែរ។
ចំណែកឯ ការចាប់ខ្លួនគាត់ពីបទញុះញង់ឲ្យមានអសន្តិសុខសង្គមក៏មិនអាចចាត់ទុកជាបទល្មើសជាក់ស្តែងបានផងដែរពីព្រោះគាត់មិនបានកំពុងតែធ្វើការញុះញង់ប្រជាពលរដ្ឋឲ្យប្រឆាំងរដ្ឋាភិបាលនោះទេហើយសកម្មភាពគាត់នេះវាមិនទាន់បណ្តាលឲ្យកើតមានអំពើអសន្តិសុខសង្គមនោះដែរ។
យោងតាមមាត្រា ៨៥ នៃនីតិវិធីក្រមព្រហ្មទណ្ឌកម្ពុជាអំណាចរបស់មន្ត្រីនគរបាលយុត្តិធម៌នៅក្នុងករណីស៊ើបបទល្មើសជាក់ស្តែងក្នុងករណីមានបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្តែងមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែគោរពតាមបទបញ្ញត្តិនៃមាត្រានេះ។
មាត្រា ៨៦ ៖ បទល្មើលឧក្រិដ្ឋ ឬបទល្មើសជាក់ស្តែងគឺបទល្មើសដែលកំពុងតែប្រព្រឹត្តបទល្មើសដែលទើបកើតមានភ្លាម។ ត្រូវចាត់ទុកថា៖ ជាបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្តែងកាលណានៅក្រោយមានបទល្មើសរួចចប់បន្តិចមក។ ជនដែលត្រូវគេសង្ស័យត្រូវសាធារណៈជនស្រែកដេញប៉ផាប់ចាប់ពភីងបុគ្គលដែលគេឃើញមានវត្ថុតាង ឬ ស្លាកស្នាម ឬតម្រុយច្បាស់លាស់ហើយស៊ីចង្វាក់ផ្សេងទៀតដែលនាំឲ្យគេសន្និដ្ឋានបានថាបុគ្គលនោះបានប្រព្រឹត ឬបានចូលរួមប្រព្រឹត្តបទល្មើស។
មាត្រា ៨៧ ៖ការចាប់ខ្លួនក្នុងករណីបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្តែងក្នុងករណីមានបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្តែងគ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើសបានហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត។
មាត្រា ៨៨៖ ការចាត់ទុកដូចជាបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្តែង៖ ត្រូវចាត់ទុកដូចជាបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្តែងផងដែរបើទោះបីជាស្ថិតនៅក្រៅពីករណីដែលមានចែងនៅក្នុងមាត្រា ៨៦ គ្រប់បទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមទាំងឡាយណាដែលត្រូវបានប្រព្រឹត្តនៅក្នុងទីកន្លែងដែលអ្នកកាន់កាប់នៅទីនោះសុំឲ្យព្រះរាជអាជ្ញា ឬមន្ត្រីនគរបាលយុត្តិធម៌ចូលមកពិនិត្យ ឬ ភ្នាក់ងារនគរបាលយុត្តិធម៌ក្នុងករណីដែលគ្មាននគរបាលយុត្តិធម៌នៅកន្លែងនោះ។ ក្នុងករណីចុងក្រោយនេះភ្នាក់ងារនគរបាលយុត្តិធម៌ត្រូវរាយការណ៍បន្ទាន់ជូនមន្ត្រីនគរបាលយុត្តិធម៌។
មាត្រា ៨៩ ៖ ក្នុងករណីបទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្តែងមន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា។ មន្ត្រីនគរបាលយុត្តិធម៌ត្រូវចុះទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យបទល្មើស។ មន្ត្រីនគរបាលយុត្តិធម៌ត្រូវធានារ៉ាប់រងរក្សាទុកនូវតម្រុយនៃភ័ស្តុតាងទាំងឡាយដែលអាចបាត់បង់។ មន្ត្រីនគរបាលយុត្តិធម៌អាចហាមឃាត់បុគ្គលគ្រប់រូបកុំឲ្យទៅទីណាឆ្ងាយពីកន្លែងបទល្មើសរហូតដល់ពេលបញ្ចប់ប្រតិបត្តិការងាររបស់ខ្លួន។
ប្រសិនបើមានប្រយោជន៍ព្រះរាជអាជ្ញាចុះទៅកន្លែងកើតហេតុ និងដឹកនាំការស៊ើបអង្កេត។ បើមានការបន្ទាន់ព្រះរាជអាជ្ញាអាចអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ណាម្នាក់ធ្វើវិសាលភាពទាំងមូលនៃដែនដីជាតិដោយគោរពតាមលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងមាត្រា ៦៨ (ការពន្លាតសមត្ថកិច្ចដែនដី) នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕
...(សូមរង់ចាំអាននៅលេខក្រោយទៀត)
No comments