អត្ថបទទើបផ្សាយចេញ

​តើ​ទង្វើ​បែបណា​ទើប​ជា​បទ​បរិហារកេរ្តិ៍​?

​តើ​ទង្វើ​បែបណា​ទើប​ជា​បទ​បរិហារកេរ្តិ៍​?

លោក ជាវ សំណាង​៖ ធី​រិ​ទ្ធ តើ​អ្វី​ទៅជា​បទល្មើស​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ​?
​លោក ជា ធី​រិ​ទ្ធ​៖ តាមពិតទៅ​នៅក្នុង​ច្បាប់ ពោលគឺ​នៅក្នុង​ក្រម​ព្រម​ទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣០៥ បានចែង​អំពី បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ថា បទល្មើស​នេះ​សំដៅ​ទៅលើ គ្រប់ការ​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​។ ហើយ​បើតាម​ច្បាប់​ដដែល​នេះ សកម្មភាព​ដែល អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត នាំ​ឲ្យ​ខូច​កិ​ត្តិយស​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​នោះ លុះត្រាតែ​ធ្វើឡើង​តាមរយៈ​សកម្ម​សភាព​ចំនួន ៣ ចំណុច ទើប​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​បរិហារកេរ្តិ៍ ទី ១ តាមរយៈ​សំដី ទោះជា​សំដី​ប្រភេទ​ណាក៏ដោយ​ដែល​បញ្ចេញ​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​។ ចំណុច​នេះ ខ្ញុំ​សូម​លើក​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​ងាយ​យល់​។ 

ឧទាហរណ៍​ថា កញ្ញា ចន្ថា និយាយ​តែ​ពីរ​នាក់​កញ្ញា រដ្ឋា អំពី​រឿង​កញ្ញា ចន្ទ្រា ដោយ​កញ្ញា ចន្ថា ប្រាប់​រដ្ឋា ថា កញ្ញា ចន្ទ្រា មាន​ផ្ទៃពោះ​ទាំង​មិនទាន់មាន​ប្តី​។ តែ​ការពិត កញ្ញា ចន្ទ្រា មិនមាន​ផ្ទៃពោះ ដូច ចន្ថា និង​រដ្ឋា និយាយ​គ្នា​ឡើយ​។ ផ្អែក​តាច​ចំណុច​ទី ១ យើង​អាច​សន្និដ្ឋានបានថា អ្វីដែល​បានលើកឡើង​ក្នុង​ឧទាហរណ៍​នេះ មិនមែនជា​បទល្មើស​ប​រិ​ហារ​កេរ្តិ៍​ជា​សាធារណៈ​ទេ​ ព្រោះចន្ថា និងរដ្ឋា និយាយ​តែពីរនាក់​។ តទៅ​ចំណុច​ទី ២ ធាតុ​ផ្សំ​ដែល​អាច​ចាត់​ចូល​ជា​បទ​បរិហារកេរ្តិ៍ គឺ​ការធ្វើសកម្មភាព​តាមរយៈ​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​ហា​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណៈជន​មើល​។ ទី ៣ តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​។​

​លោក ជាវ សំណាង​៖ ក្រោយពី​បាន​ស្តាប់​ការពន្យល់​របស់ ធី​រិ​ទ្ធ ធ្វើ​ឲ្យ​ខ្ញុំ​ងឿងឆ្ងល់​ដល់​រឿងរ៉ាវ ដែល​កើតឡើង​នៅក្នុង​ពិភព​នយោបាយ​ខ្មែរ​បច្ចុប្បន្ន ជាពិសេស​គឺ​រឿងរ៉ាវ​របស់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​តែម្តង​។ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ កញ្ញា ធី សុវណ្ណ​ថា បានប្រកាសថា គ្រោង​នឹងដាក់​ពាក្យ​ប្តឹង​ឯកឧត្តម កឹម សុខា ទាមទារ​សំណង​ជំងឺ​ចិត្ត ដល់​ទៅ ១ លាន​ដុល្លារ​អាមេរិក ដោយ​នាង​យល់ថា ឯកឧត្តម កឹម សុខា និយាយ​បរិហារកេរ្តិ៍​ខ្លួន ជាមួយ​កញ្ញា​ស្រីមុំ​តាម​ទូរ​សព្ទ​។ ធី​រិ​ទ្ធ តើក​ញ្ញា ធី សុវណ្ណ​ថា ប្តឹង​ឯកឧត្តម កឹម សុខា អាច​ត្រូវ​តាមច្បាប់​កំណត់​នៅក្នុង​បទ​បរិហារកេរ្តិ៍​ដែរ​ទេ​?
​លោក ជា ធី​រិ​ទ្ធ​៖ បាទ មុននឹង​ខ្ញុំ​ឆ្លើយ​សំណួរ​សំណាង ខ្ញុំ​សូមបញ្ជាក់​បន្តិច​ថា នៅក្នុង​គោលការណ៍​ច្បាប់ មាន​ធាតុ​ផ្សំ​សំខាន់​នៃ​បទល្មើស​ទាំងអស់ ចំនួន ៣ គឺ​ទី ១ ធាតុ​ផ្សំ​នីត្យានុកូល សំដៅ​ទៅលើ​ធាតុ​ផ្សំ​នៃ​ច្បាប់ ពោល​គឺមាន​បទល្មើស​លុះ​ត្រាតែ​មានច្បាប់​ចែងថា ទង្វើ​ណាមួយ ជា​បទល្មើស​។

 ទី ២ ធាតុ​ផ្សំ​សត្យានុម័ត សំដៅលើ​សកម្មភាព​ដែល​ប្រព្រឹត្ត​បទល្មើស​ពិតប្រាកដ​។ ធាតុ​ផ្សំ​ទី ៣ គឺ​ធាតុ​ផ្សំ អត្តនោម័ត សំដៅលើ​ឆន្ទៈ ពោលគឺ​ជន​ដែល​ប្រព្រឹត្ត​អំពើ​នោះ ពិត​ជាមាន​ឆន្ទៈ​ក្នុង​ការធ្វើសកម្មភាព​ដែលជា​បទល្មើស​នោះ​មែន ដោយ​មិនមាន​ការបង្ខំ​ឡើយ​។ សំណាង ធាតុ​ផ្សំ​ទាំង ៣ នេះ​សំខាន់​ណាស់​ដែល​ត្រូវតែមាន​ព្រម​គ្នា បើ​ខ្វះ​ធាតុ​ផ្សំ​មួយណា​ហើយ មិនអាច​ចាត់ជា​បទល្មើស​បានទេ​។

 ត្រឡប់មក​ឆ្លើយ​នឹង​សំណួរ​របស់​សំណាង​វិញ តើ​ករណី​កញ្ញា គ្រោង​ប្តឹង​ឯកឧត្តម កឹម សុខា ពីបទ​បរិហារកេរ្តិ៍​ស្របតាម​ច្បាប់​ដែរឬទេ​? ខ្ញុំ​និយាយ​នៅក្នុង​ទិដ្ឋភាព​ច្បាប់ ដោយ​លើកឡើង​តែ​ធាតុ​ផ្សំ​នីត្យានុកូល​មួ​យមក​និយាយ​។ យើង​មើល​នៅក្នុង​បទល្មើស​បរិហារកេរ្តិ៍​ដែល​ចែង​នៅក្នុង​មាត្រា ៣០៥ ដូចដែល​ខ្ញុំ​បានលើកឡើង​ខាងដើម​ហើយ​ថា ធាតុ​ផ្សំ​ដែល​អាច​ចាត់​ចូល​ជា​បទ​បរិហាកេរ្តិ៍​គឺ អះអាង​បំ​ផ្លើស តាមរយៈ​សំដី ដែល​បញ្ចេញ​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ ការធ្វើសកម្មភាព​តាមរយៈ​លិខិត ឬ​គំនូរ ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​ហា​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណៈជន​មើល និង​ការអះអាង​បំ​ផ្លើស ទម្លាក់កំហុស តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​។

 ដូច្នេះ បើ​ពិនិត្យ​ទៅ​មើល​អង្គហេតុ​កញ្ញា ធី សុវណ្ណ​ថា ដែល​គ្រោង​ប្តឹង​ឯកឧត្តម កឹម សុខា ពីបទ​បរិហារកេរ្តិ៍​ដោយសារ​នាង​យល់ថា សំឡេង ឯកឧត្តម កឹម សុខា និយាយ​ទូរ​សព្ទ​ជាមួយ​កញ្ញា ស្រីមុំ បរិហារកេរ្តិ៍​ខ្លួន​នោះ ហាក់ដូច​ពុំ​ស្រប​នឹង​អ្វីដែល​ច្បាប់​បានចែង​នៅក្នុង​មាត្រា ៣០៥ នៃ​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

​លោក ជាវ សំណាង​៖ ធី​រិ​ទ្ធ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ តើ​បទល្មើស​នេះ ត្រូវ​ទទួល​ទោសទណ្ឌ​ដូចម្តេច​? ហើយ​ថា តើ​នីតិវិធី​ប្តឹង​ចំពោះ​បទ​បរិហារកេរ្តិ៍​នេះ​ត្រូវធ្វើឡើង​ដូចម្តេច​?
​លោក ជា ធី​រិ​ទ្ធ​៖ ខ្ញុំ​សូមបញ្ជាក់ថា បទល្មើស​បរិហារកេរ្តិ៍​នេះ មាន​ទោសទណ្ឌ​ត្រឹមតែ​ពិន័យ​ជា​ប្រាក់​ប៉ុ​ណ្ណោះ តែ​មិន​មានទោស​ជាប់ពន្ធនាគារ​នោះទេ​។ មាត្រា ៣០៥ បាន​ចែងថា បទល្មើស​នេះ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១ សែន ទៅ ១០ លាន​រៀល​។ ហើយ​ទាក់ទង​នឹង​នីតិវិធី​នៃ​បណ្តឹង​ចំពោះ​បទ​បរិហារកេរ្តិ៍​នេះ​វិញ មាត្រា ៣០៩ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា ក្នុងករណី​ដែលមាន​ការបរិហារកេរ្តិ៍ ចំពោះ​សមាជិក​រាជរដ្ឋាភិបាល មន្ត្រីរាជការ​សាធារណៈ ឬ​ពលរដ្ឋ​ដែល​ទទួលបន្ទុក​បេសកកម្ម​សាធារណៈ ឬ​អាណត្តិ​សាធារណៈ ការចោទប្រកាន់​នឹងត្រូវ​ធ្វើឡើង​តាម​បណ្តឹង​របស់​សាមី​ខ្លួន ឬ​បណ្តឹង​របស់​ប្រធាន​ស្ថាប័ន​សាមី​។ ហើយ​ក្នុងករណី​ដែលមាន​ការបរិហារកេរ្តិ៍ ចំពោះ​បុគ្គល​ឯក ការចោទប្រកាន់​នឹងត្រូវ​ធ្វើឡើង​តាម​បណ្តឹង​របស់​សាមីខ្លួន​ដែល​ទទួលរង​នូវ​ការបរិហារកេរ្តិ៍​នោះ​។​

​ពាក្យបណ្តឹង​របស់​សាមីខ្លួន ឬ​ប្រធាន​ស្ថាប័ន​សាមី ដែល​មានចែង​ខាងលើ គឺជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការចោទប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ ដោយ​អយ្យការ ហើយ​ការដក​ពាក្យ​ប្តឹង​វិញ​របស់​អ្នកប្តឹង នាំ​ឲ្យ​បណ្តឹងអាជ្ញា​រលត់​។ ប៉ុន្តែ​ការចោទប្រកាន់​នឹង​អាច​ត្រូវធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ​ដោយ​ព្រះរាជអាជ្ញា កាលបើ​ការបរិហារកេរ្តិ៍​នោះ ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​បុគ្គល​ម្នាក់ ឬ​បុគ្គល​មួយក្រុម ដោយ​មូលហេតុ​ដើមកំណើត ពូជសាសន៍ សញ្ជាតិ ឬ​សាសនា របស់​បុគ្គល​នោះ​៕








No comments