មេរៀន ជីវិត
ជាការពិតដំណើររាប់ពាន់យោជន៍ប្រាកដជាត្រូវចាប់ផ្តើមពីមួយជំហាន ។ នៅលើវិថីជីវិតដ៏សែនវែងឆ្ងាយគឺយើងត្រូវរៀននិងជួបប្រទះរឿងរ៉ាវជាច្រើនន ។ ខ្ញុំក៏ដូចជាអ្នក អ្នកក៏ដូចជាខ្ញុំ ម្ដងសើចម្ដងយំ ជារឿងធម្មតា ។
រាល់ថ្ងៃយើងបានរៀនពីមនុស្សនៅក្នុងសង្គម ប៉ុន្តែត្រូវរៀនពីអ្វីដែលហៅថាផ្ទុយ ។ រៀនពីមនុស្សអាត្មានិយមមកជាមនុស្សចិត្តទូលាយ រៀនពីមនុស្សសោះអង្គើយឲ្យក្លាយជាមនុស្សផ្អែមល្ហែម រៀនពីមនុស្សកុហកដើម្បីក្លាយជាមនុស្សស្មោះត្រង់ រៀនពីមនុស្សអួតក្អេងក្អាងដើម្បីក្លាយជាមនុស្សសាមញ្ញ រៀនពីមនុស្សឆេវឆាវដើម្បីក្លាយជាមនុស្សចិត្តធ្ងន់… ។ មានពេលមិនតិចទេដែលពួកយើងខកបំណង ពួកយើងឈឺចាប់និងហត់នឿយ… ជួបមនុស្សដែលយើងមិនគួរជួប ស្រលាញ់មនុស្សដែលយើងមិនគួរស្រលាញ់ លះបង់ចំពោះមនុស្សដែលមិនគួរលះបង់… គ្រប់យ៉ាងអាចជាការបរាជ័យនិងភាពជាសោកសៅ ប៉ុន្តែយើងត្រូវស្វែងរកចំនុច«វិជ្ជមាន»ពីពួកគេ ។ សំនួរនៅត្រង់ថាតើអ្នកចង់ក្លាយជាមនុស្សប្រភេទបែបនោះដែរឬទេ? អ្នកនឹងខ្ញុំច្បាស់ជាមានចម្លើយតែមួយគឺ«មិនចង់» ។ ហេតុផលដែលយើងមិនចង់ព្រោះយើងយល់ពីអារម្មណ៍ដែលប៉ះទង្គិច ថាតើវាមានរសជាតិពិបាកលេបប៉ុណ្ណា? ដូច្នេះក្នុងនាមជាមនុស្សមានមនសិការម្នាក់ យើងច្បាស់ជាមិនបញ្ច្រកឲ្យនរណាម្នាក់នូវរសជាតិអាក្រក់បែបនេះ។ ខ្ញុំនៅទីនេះកំពុងតែញញិមនិងរីករាយក្នុងចិត្តប្រសិនបើអ្នកជ្រើសយកចម្លើយ«មិនអាចឬមិនចង់» ។
រៀនពី«ភាពអវិជ្ជមានដើម្បីភាពវិជ្ជមាន» រៀនពីមនុស្សអាក្រក់ដើម្បីខ្លួនយើងក្លាយជាមនុស្សល្អ រៀនពីមនុស្សដែលខ្វះខាតដើម្បីខ្លួនយើងពេញលក្ខណៈ ។ ខ្ញុំជឿថាមនុស្សដែលចេះរៀននិងរៀនចេះពី«មេរៀនជីវិត» គឺជាមនុស្សដែលពេញលក្ខណៈ ដូចជាពាក្យដែលខ្ញុំធ្លាប់បាននិយាយពីមុនគឺ«ចេះធ្វើមនុស្ស» ចេះរស់ ចេះចុះសម្រុង ចេះបែងចែក ចេះវិភាគនិងចេះអនុវត្តន៍។
ពួកយើងកើតមកគឺមានជីវិតតែមួយដូចគ្នា បើយើងអាចប្រើជីវិតក្នុងផ្លូវដ៏ត្រឹមត្រូវ «មួយ» គឺគ្រប់គ្រាន់ ។ កុំអស់សង្ឃឹម កុំទម្លាក់ចោលការព្យាយាម កុំបាត់បង់ជំនឿចិត្តនិងការតស៊ូ… ។ ការធ្វើអំពើអាក្រក់វាស្រួលដូចកាលដែលអ្នកយកជើងឈូសដុំថ្មតូចមួយឲ្យធ្លាក់ពីលើកំពូលភ្នំ ក្នុងខណៈដែលការធ្វើអំពើល្អវាពិបាកដូចជាការដែលអ្នកលើកដុំថ្មដ៏ធំឡើងលើកំពូលភ្នំ ប៉ុន្តែអ្នកពិតជាមិនបោះបង់វានោះទេមែនទេ?
#Copy from មានសង្ឃឹម
No comments