អត្ថបទទើបផ្សាយចេញ

មេរៀនជីវិត (ប៊ុត សាវង្ស)




មេរៀនជីវិត


ស្រង់ពីសៀវភៅ មេរៀនជីវិត
លោកគ្រូធម្មាចារ្យ ប៊ុត សាវង្ស

១-មនុស្សល្អ ព្រោះចេះទូន្មានខ្លួន

មនុស្សខ្លះ សិក្សាចំណេះដឹងទូទៅបានច្រើនក៏ពិតមែនតែមិនបាន
ហ្វឹកហាត់អប់រំទូន្មានខ្លួន ទើបប្រមាទក្នុងការធើ្វការនិយាយ និង
ការសម្ដែងចេញផ្សេងៗទៀត។ ការធើ្វ ការនិយាយ និងការសម្ដែង

ចេញផ្សេងៗទៀតរបស់មនុស្ស គឺជាការប្រាប់ឱ្យដឹងដល់ការអប់រំ
ទូន្មានខ្លួន មិនមែនប្រាប់ពីការសិក្សានូវចំណេះដឹងផ្សេងៗនោះទេ។

មនុស្សយើង បើមិនហ្វឹកហាត់អប់រំទូន្មានខ្លួនឯងហើយ ទោះជា
អ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកឱ្យទៅជាមនុស្សល្អបានដែរ
ប្រៀបដូចជាអ្នកពូកែបើករថយន្ត ថាបើរថយន្តខូចទៅហើយនោះ
នឹងបើកបរយ៉ាងដូចម្ដេចទៅ។

***************************************
២- ធើ្វល្អបានល្អ

អ្នកណាដឹង អ្នកណាឃើញ ឬមិនដឹងមិនឃើញក៏ដោយ អ្នកណា
សរសើរ ឬមិនសរសើរក៏ដោយ បានលាភបានយស ឬអត់ក៏ដោយ
សេចក្ដីល្អជាការងារដែលត្រូវធើ្វ ព្រោះសេចក្ដីល្អគឺជារង្វាន់ដ៏
ពិសេស ដែលអ្នកធើ្វល្អត្រូវបានទទួលទាន់ពេល ។

***************************************

៣- បានប្រាក់ខែ តែជីវិតត្រូវអស់៣០ថ្ងៃ

មានមនុស្សច្រើនអ្នកណាស់ ដែលធើ្វការមានប្រាក់ខែហើយតែងតែ
ទន្ទឹងរង់ចាំថ្ងៃដាច់ខែ ដើម្បីនឹងបានបើកប្រាក់។ នៅក្នុងសេចក្ដីនេះ
គេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់ទៅអស់ ៣០ថ្ងៃនោះឡើយ។

ជីវិតកាន់តែខិតជិតទៅរកសេចក្ដីស្លាប់ ឬសេចក្ដីស្លាប់កាន់តែខិត
ចូលមកជិត។ បានប្រាក់មកមែន តែជីវិតត្រូវរបេះខាត ។ ជីវិតថ្លៃ
ពេលពន់មហាសេដ្ឋី មហាមូលធន ក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរ

ដល់ពេលស្លាប់គឺស្លាប់ហើយ ប្រសិនបើធានាដោយទ្រព្យអ្នកមាន
ទ្រព្យមិនព្រមស្លាប់ឡើយ ដូច្នេះ ជីវិត ៣០ថ្ងៃមិនមែនមានតម្លៃស្មើ
នឹងប្រាក់ខែនោះទេ អ្នកមានបញ្ញាគប្បីសន្សំនូវប្រយោជន៍ទុកដាក់
ក្នុងចិត្តសន្តាន ទើបបានមិនខាតនូវជីវិតដ៏មានតម្លៃនេះ ។

***************************************
៤-មើលធម្មជាតិ ក្នុងការសិក្សា

បើយើងចេះគិត ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់សុទ្ធតែទុកជា
គ្រូរបស់យើងបានទាំងអស់។ មនុស្សល្អគឺជាតួយ៉ាងឱ្យយើងឃើញ
ថា យ៉ាងនេះល្អគួរបដិបត្តិតាម ចំណែកមនុស្សអាក្រក់ បានទទួល

ផលអាក្រក់ គឺជាតួយ៉ាងឱ្យយើងឃើញថា យ៉ាងនេះអាក្រក់ គួរ
ជៀសវាងឱ្យឆ្ងាយ។

កំហុសរបស់យើងដែលកន្លងទៅហើយ ក៏អាចទុកជាគ្រូបានដែរ
គ្រាន់តែសូមកុំឱ្យសុខដដែលៗ ប៉ុណ្ណោះ។

ដើមឈើព្រៃភ្នំ ទន្លេសមុទ្រជាដើម បើយើងចេះសម្លឹងមើល យើង
នឹងបាននូវចំណេះដឹង ចម្រើនបញ្ញា ព្រោះថាធម្មជាតិទាំងអស់
សុទ្ធបើកបង្ហាញ់នូវការពិតរបស់ខ្លួន។

***************************************
៥- មើលមនុស្សដោយស្មារតី

ការសម្លឹងមើលមនុស្សដទៃក្នុងផ្នែល្អ ជាសេចក្ដីល្អម្យ៉ាង
ជាការឱ្យកិត្តិយសដល់គេ និងជាការហ្វឹកហាត់ទូន្មានខ្លួន
ឱ្យជាមនុស្សចិត្តទូលាយ មិនឃើញតែពីខ្លួនឯង។ ជាធម្មតា
មនុស្សដោយច្រើន តែងតែសម្លឹងមើលខ្លួនឯងក្នុងផ្នែកល្អ
ហើយមើលអ្នកដទៃក្នុងផ្នែកអាក្រក់។ បើយើងរៀនសម្លឹង
មើលក្នុងផ្នែកផ្ទុយគ្នាពីមនុស្សដោយច្រើននោះវិញ ជាការ
ប្រសើរណាស់ នោះគឺព្យាយាមចាប់កំហុសរបស់ខ្លួនឯង
ហើយសម្លឹងមើលអ្នកដទៃក្នុងផ្នែកល្អ ដែលល្មមនឹងឱ្យ
ឃើញបាន ទាំងនេះដើម្បីកាត់បន្ថយនូវកំហុសរបស់ខ្លួនផង
និងដើម្បីសេចក្ដីសប្បាយចិត្តក្នុងជីវិតរស់នៅផង។

***************************************

៦- រឿងល្អឬអាក្រក់ នៅលើគំនិត

មិនមានរឿងអ្វីដែលអាក្រក់នោះទេ បើយើងមិនគិតថា
អាក្រក់។ រឿងតែម្យ៉ាង អាក្រក់សម្រាប់មនុស្សម្នាក់ព្រោះ
គេគិតថាអាក្រក់ តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀត

ឡើយ ព្រោះគេមិនបានគិតដូច្នោះ ។ សេចក្ដីពិតដូចនេះ
សម្ដែងឱ្យឃើញថា អាក្រក់ ឬមិនអាក្រក់មិនបាននៅនឹង
រឿងខាងក្រៅឡើយ គឺនៅនឹងការគិតរបស់មនុស្សម្នាក់។

កាលបើដូច្នេះ យើងព្រមឱ្យគំនិតរបស់យើងធើ្វអាក្រក់ឱ្យ
ខ្លួនយើងធើ្វអ្វី ។

***************************************

៧- ខ្លាចប្រឡាក់ ត្រូវកុំប៉ះ

ជ្រូកបបួលរាជសីហ៍ច្បាំងគ្នា ព្រោះច្រណែននឹងកេរ្តិ៍ឈ្មោះ
របស់រាជសីហ៍ តែរាជសីហ៍មិនព្រមទាំង ព្រោះជ្រូកស្មោក
គ្រោក មានខ្លួនប្រឡាក់ដោយលាមក។ រាជសីហ៍មិនចង់
ប្រឡាក់លាមក ទើបមិនព្រមច្បាំង ប្រគល់ជ័យជម្នះឱ្យ
ជ្រូក តែកេរ្តិ៍ឈ្មោះរាជសីហ៍័មិនបានធ្លាក់ចុះឡើយ។

ពេលខ្លះ មនុស្សល្អក៏ត្រូវចាំបាច់ធើ្វព្រងើយជាមួយមនុស្ស
អាក្រក់ដែរ មិនព្រមប្រឆាំងតប ត នេះមិនមែនព្រោះខ្លាច
តស៊ូមិនបាននោះទេ តែព្រោះខ្លាចដល់ការប្រឡាក់​ប្រឡូស
នូវគ្រឿងសៅហ្មងផ្សេងៗនោះឯង

***************************************

៨- ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏ទុក្ខ

បើគេធើ្វមិនល្អជាមួយខ្លួន ក៏មិនពេញចិត្ត បង្កទុក្ខឱ្យ
កើតឡើងមួយបែប គឺទុក្ខព្រោះស្អប់ មានការលំអៀង
ទៅខាងផ្នែកអន្ទះសាក្នុងការរុញចេញ។ បើគេធើ្វល្អ
ជាមួយខ្លួនក៏ពេញចិត្ត ជាប់ជំពាក់ហួងហែង ចង់ជួប
ចង់ឃើញ ចង់ឱ្យនៅជីវិត នេះជាទុក្ខមួយបែបទៀត
ព្រោះស្រឡាញ់ មានការលំអៀងទៅខាងផ្នែកអន្ទះ
សាក្នុងការទាញចូល ហើយបើមានអ្នកណានិយាយ
ដល់បុគ្គលនោះ ក្នុងរឿងមិនល្អ ក៏ឈឺ មកដល់ខ្លួន
ឯងដែរ។

ជាការមិនបានសុខទាំងពីរយ៉ាង។ កាលបើលះបង់នូវ
ការមិនពេញចិត្ត និងការពេញចិត្តចេញបាន ដោយមាន
ចិត្តឋិតក្នុងឧបេក្ខាញាណ រមែងជាឥស្សរៈនិងជាសុខដ៏
ល្អិតប្រណីត។

***************************************

៩- ចង់រួចពីគ្រោះថ្នាក់ ត្រូវប្រយ័ត្ននុយ

ទេវតាមកគាល់ព្រះសម្មាសម្ពុទ្ធ ហើយបានក្រាបទូលថា ជីវិតនេះ
ចិត្តណាស់ កាលជរានាំចូលទៅរកសេចក្ដីស្លាប់ហើយ ការតតាំង
ទប់ទល់ពុំមានឡើយ ។ អ្នកឃើញភ័យចំពោះសេចក្ដីស្លាប់ គួរធើ្វ
បុណ្យទាំងឡាយដែលនាំសេចក្ដីសុខមកប្រគល់ឱ្យ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដូចពាក្យទេវតាខាងដើមដែរ តែកន្លែង
ដែលទេវតាទូព្រះអង្គថា គួរធើ្វបុណ្យទាំងឡាយនោះ ព្រះសម្មា
សម្ពុទ្ធទ្រង់ត្រាស់ផ្សេងដោយឡែក ថាអ្នកសម្លឹងសេចក្ដីស្ងប់ គួរ

លះបង់នូវលោកាមិសទាំងឡាយចោលចេញ (លោកាមិសំ បជហេ
សន្តិបេក្ខោ) លោកាមិស គឺជានុយរបស់លោក បានដល់អារម្មណ៍ជា
ទីតាំងនៃតម្រេកផ្សេងៗ។

ទេវតាពោលក្នុងបរិយាយថ្នាក់ក្រោម ចំណែកព្រះសម្មាសម្ពុទ្ធជា
អង្គម្ចាស់ ត្រាស់ក្នុងបរិយាយថ្នាក់ខ្ពស់។

***************************************
១០- ព្រះធម៌ថ្លាស្អាត គួរដល់ការក្រេបផឹក

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ព្រះធម៌របស់តថាគតដូចទឹក
ដែលថ្លាស្អាតគួរដល់ការក្រេបផឹក។
ទឹកថ្លាស្អាតអាចងូត និងបរិភោគ រម្ងាប់នូវភាពក្ដៅស្អុះស្អាប់
និងការស្រេកឃ្លាន បានជាប្រយោជន៍ដល់រូបរាងកាយយ៉ាង
ណា ធម៌របស់ព្រះពុទ្ធអង្គ ក៏ជាប្រយោជន៍ដល់ចិត្តសន្ដាន
យ៉ាងនោះដែរ គឺជាគ្រឿងរម្ងាប់នូវសេចក្ដីក្ដៅក្រហាយនិង
កម្ចាត់បង់នូវការស្រេកឃ្លានផ្លូវចិត្តដោយពិត។

***************************************

១១- ហ្វឹកហាត់ សាងឧបនិស្ស័យល្អ

អ្នកឃើញកាលឆ្ងាយ គួរហាត់លះបង់ម្ដងបន្តិចៗ ជាការសាងនូវ
ឧបនិស្ស័យល្អនិងអធ្យាស្រ័យល្អដល់ខ្លួនឯង។

ឧបនិស្ស័យនេះនឹងចាក់ឫសសន្សឹមៗចុះជ្រៅក្នុងសន្ដាន មានការ
រឹងមាំមិនងាយនឹងទម្លាយឡើយ។ ការយកចិត្តទុកដាក់ក្នុងការ
ទំនុកបម្រុង និងការបរិច្ចាគលះបង់ក៏រីកផ្សាយសន្សឹមៗយ៉ាង

ទូលំទូលាយចេញទៅ រហូតអាចធើ្វនូវអំពើដែលមនុស្សទាំងឡាយ
ដទៃ ធើ្វបានដោយលំបាក ដូចជាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់
ដែលទ្រង់លះបង់បានគ្រប់យ៉ាងដើម្បីសេចក្ដីល្អនិងសេចក្ដីសុខ
របស់សត្វលោក ។

***************************************
១២- កុំចង់បានរបស់ដែលអត់

អ្វីៗមានហេតុទើបកើតឡើង ។ មិនមែនអ្នកដទៃគេមិនឱ្យយើងទេ
នូវសេចក្ដីល្អផ្សេងៗ តាមដែលយើងត្រូវការរាល់ថ្ងៃនោះ តែព្រោះ
សេចក្ដីល្អនោះមិនមានហេតុនាំឱ្យកើតឡើង ទើបសេចក្ដីល្អហ្នឹង
ឯងមិនមានក្នុងអ្នកដទៃនោះ ។

ជាប្រក្រតី យើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃព្រោះយើង
គិតថាអ្នកដទៃមិនឱ្យយើងនូវអ្វីដែលយើងចង់បានប៉ុន្តែ បើយើង
បានដឹងថា អ្វីៗដែលមិនមានក្នុងអ្នកដទៃនោះព្រោះមិនមានហេតុ

មិនមែនព្រោះអ្នកដទៃមិនធើ្វនោះទេ ដូច្នេះយើងមិនខឹងក្រោធនឹង
អ្នកដទៃឡើយ។ សេចក្ដីនេះក៏ដូចជាអ្វីៗដែលមិនមានក្នុងខ្លួនយើង
អ៊‍ីចឹងដែរ យើងត្រូវការអ្វីៗពីខ្លួនយើងច្រើនណាស់ តែយើងមិន
អាចធើ្វឱ្យខ្លួនយើងបានឡើយ ចាំបាច់និយាយថ្វីដល់ទៅអ្នកដទៃ
ទៀត ។

***************************************
១៣- បាត់បង់គុណធម៌ ជាអន្តរាយដ៏ក្រៃលែង

មនុស្សដែលពឹងខ្លួនឯងបានតាមផ្លូវកាយនោះ រកបានងាយជាង
មនុស្សដែលពឹងខ្លួនឯងបានតាមផ្លូវចិត្ត។ មនុស្សខ្លះបានជួប
ប្រសព្វនូវសេចក្ដីសម្រេចខាងផ្លូវសេដ្ឋកិច្ចយ៉ាងល្អតែត្រូវវិនាស

អន្តរាយនូវសម្បត្តិខាងផ្លូវចិត្ត ជាការខាតបង់ដ៏ធំធេង។ ការវិនាស
អន្តរាយនូវសម្បត្តិខាងផ្លូវចិត្ត ជាការវិនាសអន្តរាយដ៏ក្រៃលែង
របស់មនុស្ស ។

***************************************
១៤- ស្គាល់ទុក្ខដោយបញ្ញា ទើបបានសុខ

មិនមានជីវិតណាដែលប្រព្រឹត្តទៅដោយរាបស្មើប្រាសចាកទុក្ខ
គ្រប់យ៉ាងនោះឡើយ តើទុក្ខនោះឯង បើចេះមើល ចេះប្រើវា
ឱ្យល្អ នឹងជាដើមហេតុឱ្យកើតសេចក្ដីសុខដ៏មាំមួន។

យើងដឹងពីភាពត្រជាក់នៃម្លប់ដើមឈើ ក៏ព្រោះមានកម្ដៅថ្ងៃនៅ
ជុំវិញ។ ជីវិតនេះ កាលដែលត្រូវព័ទ្ធជុំវិញទៅដោយកម្ដៅថ្ងៃគឺ
សេចក្ដីទុក្ខ អ្នកប្រាជ្ញអាចរកសេចក្ដីសុខបានក្នុងទីដែលមានទុក្ខ
នៅព័ទ្ធជុំវិញនោះឯង ។

***************************************
១៥- ទិសដៅដ៏សំខាន់ គឺសេចក្ដីស្ងប់

ការបើទិសដៅដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិត ឋិតនៅត្រង់សេចក្ដីស្ងប់
ហើយ អ្វីៗដែលបានខូចខាតទៅ ក៏ឈ្មោះថាខ្លួនមិនបានខូចខាត
អ្វីឡើយ ព្រោះសម្បតិ្តដ៏មានតម្លៃថ្លៃថ្លាបំផុតគឺដួងចិត្តដែលស្ងប់
ដោយធម៌របស់អ្នកប្រាជ្ញ។

អ្វីៗដែលបានមក ក៏គ្រាន់តែថាបានមក ព្រោះសម្បត្តិទាំងឡាយ
ក្នុងលោកនេះ ជារបស់លោក យើងគ្រាន់តែមកអាស្រ័យប្រើប្រាស់
មួយគ្រាប៉ុណ្ណោះ ហើយក៏លះបង់ចោលទៅ ។

***************************************
១៦- ដឹងអារម្មណ៍ដូចគ្នា តែផលសម្រេចផ្សេងគ្នា

របស់តែមួយ អាចនាំឱ្យអន្តរាយសម្រាប់មនុស្សម្នាក់តែមិននាំឱ្យ
អន្តរាយដល់មនុស្សម្នាក់ផ្សេងទៀតឡើយ នេះព្រោះអាស្រ័យ
គ្រឿងទទួលរ៉ាប់រង។ បាតដៃដែលមានដំបៅនិងមិនមានដំបៅ

កាលដែលដាក់ថ្នាំពិសទៅក្នុងបាតដៃដែលមានដំបៅ វារមែង
ជ្រាបចូលទៅក្នុងបាតដៃនោះ រត់ទៅតាមសរសៃឈាម នាំឱ្យ
អន្តរាយដល់ជីវិត តែកាលដាក់ថ្នាំពិសនោះទៅក្នុងបាតដៃដែល

មិនមានដំបៅ វាមិនមានផ្លូវជ្រាបចូលទៅក្នុងរូបកាយ អន្តរាយ
ក៏មិនមាន យ៉ាងណាមិញអារម្មណ៍តែម្យ៉ាងដូចគ្នា កើតឡើង
ដល់បុគ្គលផ្សេងគ្នា ផលដែលចេញមកក៏រមែងផ្សេងគ្នា ក៏
យ៉ាងនោះដែរ ។

***************************************
១៧- មានដំបៅចិត្ត ត្រូវបិទថ្នាំ

មនុស្សដែលច្រើនដោយសេចក្ដីក្រោធ ព្រោះចិត្តមានដំបៅទោសៈ
ពាក្យសម្ដីអ្នកដទៃមកប៉ះខ្ទប់តែបន្តិចបន្តួចជាដើមប៉ុណ្ណោះ ក៏ហូរ
ទឹករងៃចេញតាមដៃជើង អាកប្បកិរិយាទឹកមុខ ពាក្យសម្ដី រូច

ហើយក៏ជះក្លិនស្អុយទៅទាំងបណ្ដោយខ្យល់ ទាំងបញ្ច្រាសខ្យល់
ជាការប្រកាសសេចក្ដីអាក្រក់របស់ខ្លួនឯងប្រាប់អ្នកដទៃ។

ចំណែកមនុស្សដែលមានចិត្តមាំទាំល្អ បរិសុទ្ធមិនមានដំបៅ
ទោះជាអារម្មណ៍មិនល្អយ៉ាងណា មកប៉ះខ្ទប់ក៏ដោយក៏មិនអាច

ជ្រួតជ្រាបទៅ ធើ្វឱ្យចិត្តមានការថ្នាំងថ្នាក់បានដែរដូចទឹកមិន
ជ្រាបទៅក្នុងស្លឹកឈូក ឬគ្រាប់ពេជ្រដែលមិនមានស្មាមប្រេះ
ដូច្នោះឯង ។

***************************************
១៨- ឃើញតែខ្លួនឯង តែងប៉ះទន្គិចដល់អ្នកដទៃ

មនុស្សយើងទោះជាបានទទួលការសិក្សាខាងក្រៅខ្ពង់ខ្ពស់ដល់
ណាក៏ដោយ ចិត្តវិញ្ញាណរបស់មនុស្សយើងមិនអាចភ្លឺស្វាងទៅ
បានឡើយ លើកលែងតែការបែរមករកសិក្សានិងបដិបត្តិផ្នែក
ចិត្តផងប៉ុណ្ណោះ ។

ការសិក្សាវិជ្ជាការផ្សេងៗជាខាងក្រៅ មិនបានជួយឱ្យមនុស្សយើង
កាត់បន្ថយគំនិត គិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។

ការទាស់ទែងគ្នាក្នុងសង្គម រហូតដល់កាប់សម្លាប់ប្រហារជីវិត
គ្នានោះ គឺមកពីការឃើញតែខ្លួនឯង គិតតែពីជីវិតរបស់ខ្លួនមិន
គិតដល់ជីវិតអ្នកដទៃផងហ្នឹងឯង ។

***************************************
១៩- មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស

ក្នុងលោកបច្ចុប្បន្នច្រើនដោយសម្ភារៈ ការប្រជែងគ្នាក៏មានច្រើន
សេចក្ដីត្រូវការក៏ច្រើន អំពើឃោរឃៅក៏ច្រើន ។

មនុស្សយើងសព្វថ្ងៃ រកតែនិយាយឱ្យត្រូវថា ចង់បានអ្វីឱ្យពិតប្រាកដ
នោះ ក៏និយាយមិនបានដែរ។ សេចក្ដីសុខសឹងដោយប្រក្រតីជារបស់
រកបានងាយ ក៏ត្រឡប់ទៅជារកបានដោយលំបាកវិញ នេះព្រោះមក

អំពីការភ្លាំងភ្លាត់របស់មនុស្សយើង ពោលគឺមនុស្សយើងមានការ
ព្រងើយកន្តើយដល់ការអប់រំចិត្ត មិនឃើញតម្លៃក្នុងការដុសខាត់
សម្អាតចិត្តរបស់ខ្លួនហ្នឹងឯង ។

***************************************
២០- ធម្មទាន ឈ្នះអស់ទានទាំងពួង

ទុក្ខរបស់មនុស្សលោក មិនអាចកែខៃបាន ដោយការជួយខាង
ផ្លូវកាយតែម្យ៉ាងនោះឡើយ ដរាបណាឧបនិស្ស័យអាក្រក់
របស់មនុស្សលោកនៅមិនដូរផ្លាស់ទេ មនុស្សលោកនៅតែមាន
សេចក្ដីដឹងខ្លួនជាទុក្ខដដែល។

វិធីដ៏ប្រសើរបំផុតសម្រាប់ដោះស្រាយនូវបញ្ហានេះ គឺការជួយឱ្យ
មនុស្សលោកមានការចេះដឹង និងមាននូវសេចក្ដីបរិសុទ្ធកើតឡើង។

សេចក្ដីល្ងង់ខ្លៅគឺជាឫសគល់ដ៏សំខាន់នៃអំពើអាក្រក់ និងទុក្ខ
ទាំងពួង ដូច្នេះអ្នកដែលមានបំណងចង់ជួយដោះស្រាយនូវទុក្ខ
ក្នុងលោក សូមជួយឱ្យមនុស្សបាននូវការសិក្សាល្អ បានទទួល
នូវភាពភ្លឺស្វាង និងបរិសុទ្ធក្នុងចិត្តផងចុះ ។

***************************************
២១- មានធម៌ទើបចេះគ្រប់

ការខ្វះខាត់ធម៌ស្មើគ្នានឹងការខ្វះខាតនូវអ្វីៗគ្រប់យ៉ាងការ
បណ្ដុះបណ្ដាលឱ្យមនុស្សមានធម៌ ក៏ស្មើគ្នានឹងឱ្យមនុស្ស
មានអ្វីៗគ្រប់យ៉ាងដែរ។ សេចក្ដីនេះគ្រប់គ្នាពិសោធបាន
ដោយខ្លួនឯង និងពិសោធបានគ្រប់ពេលវេលា។

ទោះជាមិនបានសម្បត្តិណាៗក៏ដោយ សេចក្ដីសំខាន់គឺនៅ
ត្រង់មិនត្រូវការ ដូច្នេះ សម្បត្តិទាំងពួងក៏អស់ន័យ។
ការអស់សេចក្ដីប្រាថ្នា ឈ្មះអស់នូវទុក្ខទាំងពួង ។

***************************************
២២- សរីរៈដាក់គុណធម៌ ទើបសមគួរ

សរីរៈនេះ បើមិនជាទីទទួលរងនូវសេចក្ដីល្អហើយ ក៏ជារបស់
អាក្រក់ក្រៃលែង ជាទុក្ខខ្លាំងផង មានភារៈមិនចេះចប់ផង
ជាមារផង ទោះជាមាននូវសេចក្ដីសុខខ្លះក៏ជាសេចក្ដីសុខ
បោកប្រាស់ដែរ ។

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ៖

ភារា ហវេ បញ្ចក្ខន្ឋា ខន្ធ ៥ដោយពិតគឺជាភារៈដ៏ធ្ងន់ ។

នត្ថិ ខន្ឋសមា ទុក្ខា ទុក្ខណាៗ ស្មើដោយខន្ធមិនមានឡើយ។

***************************************
២៣- សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌

ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ទើបនឹងមានឱកាស បានជួបនូវសេចក្ដី
សុខស្ងប់ដោយពិតប្រាកដទៅបាន។ ទោះបីផ្នែកខាងក្រៅនៃជីវិត
សម្បូណ៍ទៅដោយសេចក្ដីសុខយ៉ាងណាក៏ដោយ ថាបើផ្នែកខាង

ក្នុងមានសេចក្ដីក្ដៅក្រហាយហើយ មិនអាចមានឈ្មោះថាមាន
ជីវិតជាសុខបានឡើយ។

ជីវិតខាងក្រៅអាស្រ័យបច្ច័យ ៤ តែជីវិតខាងក្នុងអាស្រ័យធម្មាហារ
បានដល់អាហារគឺ ធម៌ ។

របៀបដូចមនុស្សដែលមានអាហារល្អ មានសម្លៀកបំពាក់ស្អាត ទីនៅ
អាស្រ័យក៏ដល់ព្រម តែមានរោគបៀតបៀនប្រចាំកាយ ដូច្នេះគឺមិន
អាចមានសេចក្ដីសុខពេញទីទៅបានទេ។

រោគផ្លូវចិត្តដុតរោលជីវិត អាក្រក់ក្រៃលែងជាងរោគផ្លូវកាយដោយពិត
ព្រោះហេតុនេះ ទើបបានពោលថាត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ។

***************************************
២៤- ពន្លត់ភ្នក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់

បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមាន
ឈ្មោះថាស្ងប់ដោយពិតប្រាកដបានឡើយ។ សេចក្ដីស្ងប់
ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ
គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងម្នាក់មួយភ្នក់ កាលបើ
ម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួម
ក៏ឈ្មោះថារលត់ ភាពក្ដៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់
សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ។
សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធិជួយគ្នា
ពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បី
ជួយអនុគ្រោះអ្នកដទៃឱ្យស្ងប់ផង។

***************************************
២៥- ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិតឧត្តម

កាយវចានៃបុគ្គលណា ដែកហ្វឹកហាត់បានល្អហើយគឺជាគ្រឿង
ប្រដាប់ សម្រាប់លើកស្ទួយនូវបុគ្គលិកលក្ខណៈនៃបុគ្គលនោះ
ឱ្យប្រសើរខ្ពង់ខ្ពស់ គួរគោរពរាប់អាន គួរក្រាបសំពះ….។

មនុស្សយើងមិនអាចល្អបានដោយឯងៗទេ គឺត្រុវតែហ្វឹកហាត់
អប់រំ កាលបានបែបបទល្អហើយ រមែងមានផលក្នុងជីវិតបច្ចុប្បន្ន
និងជាប់ជាឧបនិស្ស័យល្អតទៅជាតិមុខទៀតផង ។

សូមកុំភ្លេចថា អ្នកដទៃគ្រាន់តែជាអ្នកជួយប៉ុណ្ណោះមនុស្សដ៏សំខាន់
ក្នុងការហ្វឹកហាត់នេះ គឺជាខ្លួនយើង បើយើងប្រមាទហើយ សូម្បី
អ្នកបង្វឹកនោះថ្នាក់បរមគ្រូ ក៏មិនអាចបង្វឹកយើងបានដែរ។

កាលដែលហ្វឹកហាត់ខ្លួនឯងបានហើយ នាទីដ៏សំខាន់ម្យ៉ាង
របស់យើងនោះគឺ ជួយបង្វឹកជួយទូន្មានអ្នកដទៃផង ។

***************************************
២៦- គ្រប់គ្រងចក្ខុន្រ្ទិយ នាទីសតិ

ចក្ខុន្រ្ទិយដែលបានទទួលនូវការហ្វឹកហាត់ហើយរមែងមានសេចក្ដី
អត់ធន់ចំពោះរូបដែលល្អស្អាត បានច្រើនជាងចក្ខុដែលមិនបាន
ហ្វឹកហាត់អប់រំ គឺអាចមើលក៏បាន មិនមើលក៏បាន កាលបើមើល

ក៏មានសតិគ្រប់គ្រង មិនបានវង្វេងទៅក្នុងរូប រហូតសៅហ្មង
ប្រព្រឹត្តឆ្គាំឆ្គងនោះឡើយ។

ចក្ខុន្រ្ទិយដែលបានអប់រំដោយល្អ រមែងមើលឃើញទោសដោយ
បញ្ញា ដែលទោសនោះជាប់នៅជាមួយនឹងរូបស្អាតនោះៗ ដូចផ្លែ
ឈើពុល ឬផ្កាឈើពិស គឺវាមានទោសបង្កប់នៅក្នុងរូបរាងដ៏ស្រស់
ស្អាតនោះឯង ។

***************************************

២៧- ស្រឡាញ់និងស្អប់ ត្រឡប់ដូរផ្លាស់

ក្នុងខណៈដែលចិត្តកំពុងតែគិតទៅក្នុងកាមនោះ ការគិតព្យាបាទ
ឬគិតបៀតបៀនរមែងមិនមានឡើយ លុះដល់​ការគិតព្យាបាទ
ឬគិតបៀតបៀនកើតឡើង សេចក្ដីត្រិះរិះផ្លូវកាមក៏បាត់ទៅ។
ដោយន័យនេះសបញ្ជាក់ឱ្យឃើញថាកិលេសរមែងកម្ចាត់បង់
គ្នាទៅវិញទៅមក។ ពេលណាមានស្រឡាញ់ ពេលនោះមិនមាន
ក្រោធ ស្រឡាញ់និងក្រោធមិនអាចកើតឡើងព្រមគ្នាបានឡើយ។

នៅពេលកិលេសមួយណាកើតឡើង រមែងកើតឡើងយ៉ាងពេញ
ទី មិនមានពាក់កណ្ដាលចិត្តស្រឡាញ់ពាក់កណ្ដាលចិត្តទៀតស្អប់
នោះឡើយ។ ពិតណាស់ក្នុងមនុស្សម្នាក់ ពេលខ្លះស្រឡាញ់យ៉ាង
ផ្អែមល្ហែម ពេលខ្លះស្អប់ ឬក្រោធដ៏ជូរចត់តែវាមិនបានកើតព្រម
គ្នាទេ។
ក្នុងជីវិតនេះ មានតែរូបធម៌ និងនាមធម៌ប៉ុណ្ណោះផ្លាស់ប្ដូរជានិច្ច។

***************************************
២៨- សុបិនក្នុងដំណេកនៃកិលេស

មនុស្សដែលដេកលក់ហើយយល់សប្ដិ រមែងត្រេកអរសប្បាយ
ឬភ័យខ្លាច ទៅតាមរឿងរ៉ាវដែលសប្ដិឃើញនោះ យ៉ាងណាមិញ
មនុស្សដែលដេកលក់ដោយកិលេស ក៏យ៉ាងនោះដែរ គឺរមែង

រីករាយ ឬទោមនស្សទៅតាមហេតុការណ៍ផ្សេងៗក្នុងជីវិត នេះ
ព្រោះតែបញ្ញត្តិនិងមោហៈបិទបាំងបញ្ញាចក្ខុ ដូចការយល់សប្ដិ
បិទបាំងការពិតដូច្នោះឯង ។

កិលេសហើយនោះ ការវង្វេងស្រឡាញ់ស្អប់ក្នុងហេតុការណ៍
ផ្សេងៗ រមែងបាត់បង់អស់ទៅ នៅមានតែសតិ និងឧបេក្ខា
ញាណដ៏បរិសុទ្ធប៉ុណ្ណោះ ។

***************************************
២៩- កាត់ខ្សែឧបាទានទើបគ្មានបញ្ហា

ឧបាទាន គឺសេចក្ដីប្រកាន់ មានការទាក់ទងជាមួយនឹងចិត្ត
ដែលជាហេតុធើ្វឱ្យចិត្តញាប់ញ័រ។ ឧបាទានប្រកាន់នូវរបស់
ណាថាជាខ្លួនយើង កាលបើមានអ្វីមកប៉ះខ្ទប់នូវរបស់នោះ

ក៏រមែងញ័រញាក់មកដល់ចិត្ត ដូចគេយកវត្ថុច្រើនយ៉ាងចង
នឹងចុងខ្សែម្ខាង ហើយចុងខ្សែម្ខាងទៀតចង់ជាប់នឹងខ្លួនយើង
អ៊‍ីចឹងឯង។ បើយើងផ្ដាច់ខ្សែដែលចងនឹងខ្លួនយើងហើយ

ទោះជាអ្នកណាគេធើ្វឱ្យវត្ថុនោះៗ រមៀលត្រឡប់ត្រឡិន នៅ
ចុងខ្សែម្ខាងនោះយ៉ាងណាក៏ដោយ ក៏មិនបានញ័រញាក់ទាក់
ទាញខ្លួនយើងដែរ។

ការកាត់នូវខ្សែឧបាទានក៏ដូចគ្នាដែរ គឺធើ្វឱ្យចិត្តមិនញាប់ញ័រ
មានភាពសុខស្ងប់ចំពោះអារម្មណ៍ក្នុងលោក ។

***************************************
៣០- ល្អពីដើមដល់ចប់ គឺសេចក្ដីល្អ

ភាពល្អស្អាតស្រស់សង្ហាជាខាងក្រៅ ជារបស់សាបទៅដោយ
ងាយ កាលដែលជិតស្និទ្ធហើយ ក៏សន្សឹមៗអស់នូវសេចក្ដី
សំខាន់ទៅម្ដងបន្តិចៗ ប៉ុន្តែសេចក្ដីល្អជារបស់ដែលមិនចេះ

សាបឡើយ រឹតតែជិតដិតរឹតតែស្នឹទ្ធស្នាល រឹតតែក្រេបផឹករឹត
តែមានរសជាតិ ។ ម្យ៉ាងទៀត អ្វីៗទោះបីស្អាតយ៉ាងណាក៏
ដោយ ក៏គឺជាសង្ខារធម៌ ត្រូវមានការផ្លាស់ប្ដូរ គ្រាំគ្រាទ្រុឌទ្រោម

ត្រូវចាស់ ឈឺ និងស្លាប់ជាទីបំផុត រួចហើយស្អុយរលួយ មិនជា
ទីប្រាថ្នារបស់អ្នកណាៗឡើយ ឯសេចក្ដីល្អវិញ ដែលបំពេញ
ហើយ មិនដូច្នោះទេ គឺជារបស់ដែលឋិតថេរយឺនយូរ មិនមែន
ត្រូវរង្កៀសខ្ពើមឆ្អើមនៅពេលចុងក្រោយនោះឡើយ ។

***************************************
៣១- សន្តិភាពជាខ្លឹមសារនៃជីវិត

ឥទ្ធិពលរបស់សន្មតិក្នុងលោកនេះខ្លាំងណាស់ តែវាជាសំបក
របស់មនុស្សទេ មិនមែនជាខ្លឹមរបស់មនុស្សឡើយ។ សេចក្ដី
សំខាន់របស់កាំបិតនៅត្រង់មុត មិនមែននៅត្រង់ដងទេ

ទោះបីកាំបិតនោះមានដងមាស តែបើមិនមុតក៏ប្រើដើម្បីឱ្យ
បានប្រយោជន៍ជាកាំបិតមិនកើតដែរ ។

មនុស្សម្នាក់រវល់តែស្វែងរកមាស រកពេជ្រមកប្រដាប់ដងកាំបិត
បណ្ដោយឱ្យកាំបិតច្រែះស្នឹមខូច មុខលែងមុតតែម្នាក់ទៀត
ព្យាយាមសំលៀងមុខកាំបិតជានិច្ច ឯដងកាំបិតវិញ គ្រាន់តែ

ជាឈើសម្រាប់ចាប់ឱ្យល្មមដៃប៉ុណ្ណោះ ក្នុងសេចក្ដីនេះ អ្នក
សំលៀងកាំបិតទើបបានដឹងអំពីសារៈសំខាន់របស់កាំបិតពិត
ប្រាកដ។

ការចេះដឹង និងការប្រព្រឹត្តល្អ ព្រមទាំងសេចក្ដីស្ងប់គឺជាសារៈ
ខ្លឹមសារនៃជីវិត ដូច្នេះទើបគួរស្វែងរកខ្លឹមសារទាំងនេះមក
ប្រដាប់ជីវិត ទើបជីវិតមានខ្លឹមសារពិតប្រាកដ ។

***************************************
៣២- ល្អរត់រកល្អ ជួបល្អបានល្អ

គុណធម៌របស់មនុស្សល្អ មិនជាទីនិយមចូលចិត្តរបស់មនុស្ស
អាក្រក់ឡើយ សេចក្ដីនេះក៏ដូចគ្នានឹងអំពើអាក្រក់ផ្សេងៗរបស់
មនុស្សអាក្រក់ដែរ គឺមិនជាទីនិយមចូលចិត្តរបស់មនុស្សល្អ
ឡើយ ។

មនុស្សដែលយើងនិយមនោះឯង គឺជានិមិត្តបញ្ជាក់ប្រាប់ថា
យើងជាមនុស្សបែបណា ព្រោះមនុស្សដែលមានឧបនិស្ស័យ
ផ្សេងគ្នា រមែងច្រានគ្នាចេញ ឯមនុស្សដែលមានឧបនិស្ស័យ
ដូចគ្នា រមែងស្រូបរកគ្នា ។

***************************************
៣៣- សន្សំអ្វីបានហ្នឹង រំពឹងឱ្យសព្វ

មនុស្សយើងទោះជាធើ្វល្អដល់ថ្នាក់ណាក៏ដោយ ក៏នៅតែមាន
គេមិនចូលចិត្តដែរ មានខ្លះគេស្អប់ទៀតផង ព្រោះក្នុងលោកនេះ
រមែងមានបុគ្គលពួកខ្លះ មិនចូលចិត្តជាមួយនឹងមនុស្សល្អអ៊‍ីចឹងឯង។

ចិត្តរបស់គេជាសត្រូវជាមួយមនុស្សល្អ ទាំងនេះព្រោះសេចក្ដីល្អ
ក្នុងខ្លួនគេ មានតិចពេកទៅ មិនល្មមអាចនឹងទទួលយកសេចក្ដីល្អ
បាន ប៉ុន្តែ ជិតដិតស្និទ្ធស្នាលជាមួយនឹងមនុស្សអាក្រក់បុគ្គលពាល

ចិត្តសន្ដានគ្រោតគ្រាត។ បុគ្គលណាសន្សំរបស់ណាទុកក្នុងខ្លួនច្រើន
រមែងដល់ព្រមទៅដោយរបស់នោះ ។

មនុស្សល្អមិនត្រូវកែប្រែសេចក្ដីល្អក្នុងខ្លួន ដើម្បីឱ្យជាទីពេញចិត្ត
របស់មនុស្សមិនល្អឡើយ នៅពេលណាខ្លួនយើងជាទីស្រឡាញ់
នៃមនុស្សអាក្រក់ នៅពេលនោះសូមឱ្យប្រយ័ត្នសេចក្ដីសន្តរាយ ។

***************************************
៣៤- រក្សាល្អ បវរជីវិត

ការធើ្វសេចក្ដីល្អ ចាត់ថាជាការលំបាកហើយ ព្រោះត្រូវប្រឆាំង
ជាមួយនឹងកិលេស ប៉ុន្តែការរក្សាសេចក្ដីល្អ គឺជាការលំបាកជាង។
បុគ្គលដែលប្រឹងប្រែងបំពេញសេចក្ដីល្អនិងព្យាយាមរក្សាសេចក្ដី
ល្អទុកបានជានិច្ច រាប់ថាជាបុគ្គលរកបានដោយក្រ គួរគោរពបូជា
ចូលជិត និងយកជាគំរូល្អ ។

***************************************
៣៥- តម្កល់ខ្លួនត្រូវ នៅដោយបញ្ញា

សុខោ បញ្ញាបដិលាភោ ការបានបញ្ញានាំឱ្យបានសុខ។

ការស្វែងរកបញ្ញា ជាការស្វែងរកដ៏ប្រសើរពិតៗព្រោះហេតុដូច្នេះ
កាលណាបើយើងមានបញ្ញាជាទិសដៅសំខាន់ហើយនោះ យើង
គួរតម្កល់ខ្លួនទុកក្នុងកន្លែងដែលបញ្ញានឹងចម្រើនជានិច្ច។

ការស្ដាប់ធម៌រឿយៗ ការដល់ព្រមដោយកុសល និងការព្យាយាម
រម្ងាប់អកុសលនីវរណៈ ធើ្វឱ្យចិត្តមានសុខភាពល្អពេញលេញ នេះ
ជាកន្លែងដែលបញ្ញាមានការចម្រើនលូតលាស់ រហូតដឹងច្បាស់
នូវអរិយសច្ចធម៌ ។

***************************************
៣៦- សេចក្ដីល្អជារស្មីនៃជីវិត

មនុស្សដែលមានសន្ដានអាក្រក់ រមែងលំបាក់ព្រោះអំពើរបស់ខ្លួន
ធើ្វខ្លួនឱ្យជាឧបសគ្គនៃខ្លួនឯង កាលសន្សំកម្មអាក្រក់ទុកច្រើន
កម្មអាក្រក់នោះឯងនឹងមកជាគ្រឿងរារាំងនូវសេចក្ដីសុខ សេចក្ដី
ចម្រើន ។

មនុស្សដែលមានសីលធម៌ គឺជាមនុស្សល្អ រមែងរុងរឿងជានិច្ច
បីដូចជាភ្លើងប្រាកដទីណា រមែងមានពន្លឺភ្លឺស្វាងទីនោះ ។
ភាពភ្លឺស្វាងគឺជាភាពរុងរឿងរបស់ភ្លើងយ៉ាងណាសេចក្ដីល្អក៏
ជាគុណសម្បត្តិរបស់បណ្ឌិតយ៉ាងនោះដែរ ។

***************************************
៣៧- ត្រង់ផ្សំឆ្លាត ឱវាទព្រះពុទ្ធ

ទោះបីដឹងថាខ្លួនសំដៅរកប្រយោជន៍ពិត តែក៏គួរប្រព្រឹត្តទៅជា
មួយនឹងការឆ្លាតវាងវៃងផង ព្រោះការភ្លាំងភ្លាត់នាំឱ្យលំបាក ។
ចេតនាល្អ វិធីការល្អ ទើបអាចបានសម្រេចនូវផលល្អ ។

ភ្លើងចរាចរណ៍ពណ៌បៃតង យើងត្រូវទៅក៏ពិតមែនហើយ ប៉ុន្តែក៏
ត្រូវ មើលឆ្វេង មើលស្ដាំងផងដែរ នេះជាឧទាហរណ៍ក្នុងដំណើរ
នៃជីវិត ។

ព្រះសីលវត្ថេរ បានសម្ដែងថា សីលជាគុណជាតិដ៏ប្រសើរ អ្នក
មានបញ្ញាជាបុគ្គលខ្ពង់ខ្ពស់ ។ បើត្រូវការជ័យជម្នះទាំងក្នុងពួក
មនុស្ស ទាំងក្នុងពួកទេវតា គប្បីមាននូវគុណធម៌ទាំងពីរប្រការ
នេះគឺ សីល និង បញ្ញា ។

***************************************
៣៨- មនុស្សល្អ មានការដឹងគុណជាកម្លាំង

មនុស្សខ្លះមានអធ្យាស្រ័យសម្លឹងទោសអ្នកដទៃហើយថែមទាំងមិនសូវចូលចិត្តគុ

ណសម្បត្តិសេចក្ដីល្អរបស់គែទៀតផង ។ ចំណែក
បណ្ឌិតរមែងនឹកសម្លឹងគុណ គឺសេចក្ដីល្អរបស់អ្នកដទៃ មិនចូលចិត្ត

សម្លឹងទោសចាប់កំហុសគេនោះទេ បើឃើញកំហុស ក៏បណ្ឌិតឃើញ
ដល់ហេតុនៃកំហុសនោះផងដែរ ព្រមដោយការអនុគ្រោះឱ្យអភ័យ
ជានិច្ច ។

ការមិនសម្លឹងទោសអ្នកដទៃនោះឯង គឺជាកម្លាំងដ៏សំខាន់របស់
មនុស្សល្អមានជាតិបណ្ឌិត ច្រើនដោយមិត្តនៅជុំវិញ និងធើ្វការ
អប់រំដល់ពពួកជនជានិច្ច ។

***************************************
៣៩- ឧបនិស្ស័យល្អ កំដរជីវិត

ផលក្នុងបច្ចុប្បន្ន រមែងសម្ដែងប្រាប់ដល់ហេតុក្នុងអតីត ទោះបីយើង
មិនដឹង មិនឃើញក៏ដោយ ដូចជាចង្កៀងដែលកំពុងឆេះភ្លឺស្វាងអ៊‍ី
ចឹងឯង ទោះបីយើងមិនឃើញប្រេងក៏ដោយ តែចង្កៀងដែលកំពុង

តែឆេះនោះ បានសម្ដែងបញ្ជាក់ដល់ប្រេង ថាពិតជាមាន បើប្រេង
អស់ពេលណាភ្លើងក៏រលត់ពេលនោះដែរ ។

ថ្ងៃនេះនឹងក្លាយជាអតីតរបស់ថ្ងៃស្អែក ហើយស្អែកនេះក៏នឹងជាអតីត
របស់ថ្ងៃខានស្អែកដែរ។ ចូរធើ្វអ្វីៗក្នុងថ្ងៃនេះឱ្យបានល្អចុះ ឧបនិស្ស័យ
នៃសេចក្ដីល្អនឹងមានដល់ថ្ងៃស្អែកជាប្រាកដ ។

បើយកឈ្នះខ្លួនឯងបានក្នុងថ្ងៃនេះ ក៏រមែងជាបច្ច័យនាំឱ្យយកឈ្នះ
ខ្លួនឯងក្នុងថ្ងៃស្អែកបានងាយបន្តិចទៅទៀត តែបើចាញ់ក្នុងថ្ងៃនេះ
ហើយ ថ្ងៃស្អែកនោះអាចចាញ់ទៀតបាន នេះពោលអំពីឧបនិស្ស័យ
ផ្លូវចិត្តសន្ដាន ។

***************************************
៤០- ការទូន្មានចិត្ត ពិតជាកំពូលកិច្ច

ពេទ្យប្រាប់ឱ្យយើងឧស្សាហ៍ហាត់ប្រាណ ដើម្បីសុខភាពរបស់
កាយ ត្រូវព្យាយាមរាល់ៗថ្ងៃ ។

ក្នុងព្រះពុទ្ធសាសនា បានប្រាប់ឱ្យយើងឧស្សាហ៍ព្យាយាមហ្វឹកហាត់
អប់រំចិត្ត ដើម្បីសុខភាពផ្លូវចិត្ត។ ការហ្វឹកហាត់ចិត្តមានច្រើនវិធី
តែវិធីដែលល្អជាទីបំផុតគឺធើ្វសមាធិនិងវិបស្សនា គួរព្យាយាម
រាល់ថ្ងៃ ។

សុខភាពផ្លូវកាយមានឧបការៈដល់រូបរាងកាយ យ៉ាងណា សុខ
ភាពផ្លូវចិត្តក៏មានគុណមានឧបការៈដល់ចិត្តវិញ្ញាណយ៉ាងនោះ
ដែរ ។

ចិត្តមនុស្សយើង មានសេចក្ដីសំខាន់ដល់សុខទុក្ខក្នុងជីវិតប្រចាំ
ថ្ងៃរបស់យើងខ្លាំងណាស់ មិនគួរឱ្យរំលងនូវការហ្វឹកហាត់អប់រំ
ផ្លូវចិត្តនេះឡើយ ចិត្តដែលហ្វឹកហាត់អប់រំបានល្អហើយ រមែង

នាំសេចក្ដីសុខមកប្រគល់ឱ្យចិត្តដែលហ្វឹកហាត់បានល្អ មាន
តម្លៃដ៏ក្រៃលែងបំផុតក្នុងជីវិតមនុស្ស ។

***************************************
៤១- ជឿលើល្អជាមង្គលជីវិត

កម្មក្នុងអតីតសាងយើងមកក៏ពិត តែបុគ្គលដែលមានបញ្ញាដឹង
ការពិតនៃជីវិត អាចកែប្រែជីវិតរបស់ខ្លួនឱ្យល្អឡើងបាន ដោយ
សារការសាងនូវកម្មថ្មីឱ្យល្អ ។

ប្រៀបដូចយើងចូលទៅនៅក្នុងផ្ទះ ដែលគេបានសាងស្រេចហើយ
បើយើងមានការចេះដឹងនៅក្នុងរឿងសាងផ្ទះយើងអាចកាច់ ឬត
បន្ថែមក្នុងកន្លែងដែលត្រូវធើ្វ កែខៃកន្លែងដែលខ្វះខាតឱ្យល្អឡើង
តាមសេចក្ដីត្រូវការរបស់យើង ។

រឿងរបស់ជីវិតក៏ដូចគ្នាដែរ ពិតមែនតែកម្មក្នុងអតីតបានសាងមក
ប៉ុន្តែយើងអាចកែខៃបានដោយអាស្រ័យការចេះដឹងក្នុងរឿងជីវិត។

ដូចបានបញ្ជាក់ហើយថា សេចក្ដីល្អគឺជារស្មីនៃជីវិត ដូច្នេះមនុស្ស
យើងត្រូវតែមានជំនឿជឿជាក់លើសេចក្ដីល្អក្នុងការកសាងខ្លួន
មិនត្រូវអស់សង្ឃឹម ឬរួញថយក្នុងជីវិតឡើយ ។

***************************************
៤២- ចិត្តស្រោបដោយបុណ្យសានគុណបានងាយ

ដូចម្ដេចបានជាមនុស្សខ្លះល្អបានដោយងាយ ឯមនុស្សខ្លះទៀត
ល្អបានដោយកម្រ ?

បើមិនមែនព្រោះអាសវក្កិលេស (គ្រឿងសៅហ្មងមានរាគៈទោសៈ
មោហៈជាដើមដែលដេកត្រាំក្នុងសន្ដានចិត្ត) ឬព្រោះបារមី
(សេចក្ដីល្អពិតក្នុងការកម្ចាត់កិលេស) ដែលម្នាក់ៗធ្លាប់បានសន្សំ
ទុកមកទេ តើនឹងឱ្យយកអ្វីមកជាចម្លើយក្នុងរឿងនេះ ដើម្បីឱ្យ
ជាក់ច្បាស់ទៅបានក្នុងសេចក្ដីនោះ ។

មនុស្សខ្លះហ៊ុមព័ទ្ធចិត្តដោយគុណធម៌ជានិច្ច ដូច្នេះចិត្តរបស់
គេទើបជាចិត្តមាននូវគុណធម៌ ។ មនុស្សខ្លះហ៊ុមព័ទ្ធចិត្តរបស់
ខ្លួនដោយភាវៈអាក្រក់ ទើបជាមនុស្សអាក្រក់បានដោយងាយ។

***************************************
៤៣- បូជនីយបុគ្គល គួរទទួលការបូជា

មនុស្សល្អជាសាមញ្ញ ក៏មានគេរាប់អានដែរ បើល្អជាកណ្ដាលមាន
គេគោរព ឯមនុស្សដែលល្អដ៏យ៉ាងខ្ពង់ខ្ពស់រមែងមានគេបូជា ។

អ្នកដែលប្រព្រឹត្តត្រឹមត្រូវតាមតួនាទីរបស់ខ្លួន ហៅថាល្អយ៉ាង
សាមញ្ញ មានជីវិតរស់នៅជាមនុស្សលោក ល្អតាមធម្មតា ។

អ្នកដែលតាំងនៅក្នុងសីល សង្រួមឥន្រ្ទិយ ហៅថាល្អយ៉ាងកណ្ដាល។
ឯចំណែកអ្នកដែលប្រព្រឹត្តបដិបត្តិធម៌ក្នុងសមាធិវិបស្សនា បានដុស
ខាត់ចិត្តរបស់ខ្លួនឱ្យប្រាសចាកនូវកិលេស ហៅថាល្អដ៏យ៉ាងខ្ពង់
ខ្ពស់ ។

មនុស្សយើងកាលណាដល់ថ្នាក់គេបូជាហើយ សូម្បីគ្រឿងប្រើប្រាស់
ផ្សេងៗរបស់បុគ្គលនោះ រហូតដល់ទៅឆ្អឹងក៏ក្លាយទៅជារបស់អស្ចារ្យ
គួរដល់ការគោរពបូជាផងដែរ ។

ទីកន្លែងផ្សេងៗដែលបូជនីយបុគ្គលនោះធ្លាប់អាស្រ័យនៅ ក៏ទៅជា
បូជនីយដ្ឋានទាំងអស់ ។

***************************************
៤៤- បូជាថ្វាយព្រះ លះបង់តណ្ហា

នៅពេលខ្លះយើងរួញរា មិនហ៊ានបរិច្ចាគលះបង់បូជាថ្វាយចំពោះ
ព្រះរតនត្រ័យ នូវអ្វីៗដែលយើងគិតថាវាជារបស់យើង ហើយ
យើងកំពុងតែពេញចិត្តផងដែរ ប៉ុន្តែចំពោះអ្នកដែលដឹងច្បាស់

នូវគុណព្រះរតនត្រ័យ តែងគិតដល់ថា បើព្រះពុទ្ធ ព្រះធម៌ និង
ព្រះសង្ឃ មិនសមគួរនឹងទទួលនូវអ្វីៗដែលយើងពេញចិត្តនោះ
ទេ តើសមគួរសម្រាប់អ្នកណាទៅវិញ សម្រាប់ទុកឱ្យភ្លើងឆេះ
ចោល ខូចចោល ឬក៏ខ្លួនឯងទើបគួរ ?

មនុស្សយើងជាអ្នកចាញ់ឬមិនទាន់ឈ្នះ ដូច្នេះសមគួរតែទទួល
យកនូវព្រះពុទ្ធោវាទប៉ុណ្ណោះ មកទូន្មានចិត្តឱ្យច្រើនហើយសម
គួរតែប្រាថ្នាយ៉ាងតិចបំផុតនូវបច្ច័យ ៤ សម្រាប់រស់ ឯបុគ្គល

ដែលសមគួរនឹងទទួលនូវអ្វីៗទាំងអស់ក្នុងលោកគឺអ្នកឈ្នះ
ពោលដោយចំពោះគឺព្រះសម្មាសម្ពុទ្ធ ។

***************************************
៤៥- ម្ចាស់ជីវិតពិតប្រាកដគឺមិនទៀង

បើយើងបានដឹងថាជីវិតនេះ មានចាស់ ឈឺ ស្លាប់ជាម្ចាស់ មានការ
ប្រែប្រួលជាធម្មតា រួចហើយយើងប្រគល់ជីវិតដែលមានខន្ធ ៥ នេះ
ឱ្យទៅម្ចាស់គេ យើងនឹងអស់នូវភារៈ ។

សេចក្ដីខាងលើនេះ មានទំនងដូចជាអ្នករក្សាសីល វៀរចាកការ
កាន់យកនូវរបស់ដែលគេមិនបានឱ្យ ដូច្នោះឯង ។ អ្នករក្សាសីល
ដឹងថាទ្រព្យមានម្ចាស់គេហើយ ក៏មិនកាន់យកក្នុងភាពជាចោរ
ឡើយ យ៉ាងណាមិញ អ្នកចម្រើនវិបស្សនា ក៏មិនកាន់យកនូវ
សង្ខារធម៌ទាំងពួង ដែលមានការមិនទៀងជាទុក្ខ និងជាអនត្តា
ជាម្ចាស់ យ៉ាងនោះដែរ ។

***************************************
៤៦- ជីវិតរស់នៅត្រូវប្រយ័ត្នសម្ដី

ទោះបីជាជឿថារឿងនោះពិត ក៏មិនគួរនិយាយជារឿយៗពេក
ឡើយ គួររំពឹងគិតដល់ប្រយោជន៍ដែលនឹងបានសម្រេចទាំងពីរ
ផ្នែក គឺទាំងផ្នែកយើងអ្នកនិយាយផង ទាំងផ្នែកអ្នកស្ដាប់ផង ។

បើឃើញថាមិនមានប្រយោជន៍ទេ នៅមាត់ស្ងៀមវិញល្អជាង។
ទោះបីឃើញផ្ទាល់ភ្នែកខ្លួនឯង ក៏មិនចេះតែនិយាយទៅដែរ
ត្រូវមើលកាលៈទេសៈ និងមនុស្សដែលយើងនិយាយជាមួយផង

តើជាមនុស្សបែបណា ហើយដែលសំខាន់គឺប្រយោជន៍ហ្នឹងឯង
បើមិនដូច្នោះទេ វានឹងខាតពេលទៅទទេៗ និងជាទោសដល់ខ្លួន
ឯងទៀតផង ។

ដោយចំពោះដ៏យ៉ាងក្រៃលែងនោះ គឺរបស់ដែលយើងបានដឹងនោះ
វាជាសេចក្ដីអាក្រក់របស់អ្នកដទៃ ត្រូវតែប្រយ័ត្នមាត់ឱ្យមែនទែន។

***************************************
៤៧- លើកទាប ដាក់ខ្ពស់ រស់ព្រោះប្រយ័ត្ន

កុំនិយាយអ្វីៗ ដោយត្រឹមតែដើម្បីអួតខ្លួនថា ជាអ្នកចេះដឹង
ជាអ្នកអង់អាចឡើយ ។ បើនឹងនិយាយក៏គប្បីនិយាយសំដៅ
ឱ្យបានប្រយោជន៍ដល់អ្នកស្ដាប់ ដើម្បីឱ្យគេបាននូវការចេះ
ដឹងបន្ថែម ឬដើម្បីឱ្យគេមានការយល់ត្រូវ ។

បើយើងនិយាយសំដៅដល់ប្រយោជន៍ ទោះបីយើងលើកយក
សេចក្ដីល្អ ការចេះដឹង និងសមត្ថភាពរបស់ខ្លួនយើងឡើងមក
ជាឧទាហរណ៍ខ្លះ ក៏មិនឈ្មោះថាអួតខ្លួនឯងដែរ គ្រាន់តែសូម
ឱ្យសមរម្យដល់ករណីប៉ុណ្ណោះ ។

ការគោរពកោតក្រែង មិនមែនសម្ដែងខ្លួនថាអន់នោះទេ គឺជា
គុណសម្បត្តិដែលគួរឱ្យលើកតម្កើងពិតៗ។

ធើ្វជាមនុស្សគឺត្រូវចេះប្រយ័ត្នក្នុងការធើ្វ ការនិយាយនិងការគិត
គឺត្រូវប្រយ័ត្នឱ្យក្រៃលែងជាងអ្នកបើកបររថយន្តទៅទៀត ។

***************************************
៤៨- និយាយត្រូវ បានទៅជាមនុស្សល្អ

មនុស្សល្អ គួរគោរពរាប់អាន និងឱ្យនូវកិត្តិយសដល់អ្នកដទៃ
តាមសមគួរដល់ឋានៈរបស់គេ។
មនុស្សល្អ គួរព្រមទទួលស្គាល់ទាំងពាក្យនិន្ទា ទាំងពាក្យ
សរសើរដោយស្មារតី។
មនុស្សល្អ គួររក្សាវាចាឱ្យត្រូវត្រង់ជាមួយនឹងចិត្តរបស់ខ្លួន
ប៉ុន្តែមិនគួរនិយាយតាមដែលខ្លួននឹកចង់និយាយនោះទេ
កុំឱ្យដូចជាពាក្យដែលលោកពោលថា (មនុស្សល្ងង់យក
បេះដូងទុកនឹងអណ្ដាត)។
មនុស្សល្អ មិនត្រូវមិននិយាយសោះនោះឡើយ តែត្រូវនិយាយ
ក្នុងការគួរ និងនិយាយនូវរឿងដែលគួរ ព្រមទាំងត្រូវនិយាយ
តែជាមួយនឹងបុគ្គលដែលគួរនិយាយទៀតផង។

ការធើ្វសេចក្ដីល្អ ឱ្យព្រមគ្នាទាំងកាយវាចា ចិត្តនោះឯង គឺជា
គុណប្រយោជន៍ ដល់ខ្លួនឯងនិងអ្នកដទៃ។

***************************************
៤៩- ចេះស្គាល់ប្រមាណ បានល្អសព្វកាល

មនុស្សល្អ គួរប្រាថ្នាឱ្យមនុស្សដទៃធើ្វសេចក្ដីល្អ និងគួរពេញ
ចិត្តក្នុងសេចក្ដីល្អ សេចក្ដីសុខ និងសេចក្ដីសម្រេចរបស់អ្នក
ដទៃនោះៗ ដូចខ្លួនឯងដែរ។

មនុស្សល្អ មិនគួរវាយកម្ទេចផ្លូវចិត្តរបស់អ្នកដែលភ្លាំងភ្លាត់
នោះឡើយ គួរឱ្យកម្លាំងចិត្តដើម្បីគេនឹងបញ្ឈប់នូវកំហុស
ហើយដើម្បីឱ្យគេបានធើ្វត្រូវតទៅ។

មនុស្សល្អ គួរតម្កល់ខ្លួនទុកក្នុងការស្គាល់ប្រមាណ។ ព្រះសម្មា-
សម្ពុទ្ធទ្រង់ត្រាស់ថា ការស្គាល់ប្រមាណ គឺល្អសព្វៗកាល ដូច
ជាការស្គាល់ប្រមាណក្នុងអាហារ ក្នុងការនិយាយ ការធើ្វ និង
ព្យាយាមជាដើម។

***************************************
៥០- ជីវិតចាំបាច់ត្រូវប្រើគុណធម៌

មនុស្សក្រសម្បត្តិទ្រព្យពិតៗជាមួយនឹងមនុស្សអ្នកមានទ្រព្យ
តែធើ្វខ្លួនដូចជាមនុស្សក្រនោះ រមែងមានសភាពមិនដូចគ្នា។
មនុស្សក្រពិតមានទឹកមុខសៅហ្មង មិនស្រស់បស់។ល។

ឯចំណែកអ្នកមានទ្រព្យ តែធើ្វខ្លួនដូចជាមនុស្សក្រ ព្រោះហេតុ
ណាមួយនោះ រមែងមានទឹកមុខភ្លឺថ្លាស្រស់បស់ ព្រោះនេះជា
ផ្នែកចិត្តជ្ជរូប(រូបកើតពីចិត្ត) ។

សេចក្ដីខាងលើនេះយ៉ាងណា មនុស្សសាមញ្ញជាមួយនឹងអ្នក
ដែលមានចិត្តប្រសើរមាននូវគុណធម៌ខ្ពង់ខ្ពស់នោះ ក៏យ៉ាង
នោះដែរ គឺអ្នកមានចិត្តប្រសើរមាននូវគុណធម៌ខ្ពង់ខ្ពស់សូម្បី

ធើ្វខ្លួនដូចជាមនុស្សសាមញ្ញ ក៏មានសភាពមិនដូចគ្នាដែរ
ដោយចំពោះ នៅពេលដែលមានហេតុការណ៍កើតឡើងហើយ
ត្រូវប្រើគុណធម៌ គេរមែងប្រើបានទាន់ពេល ដូចអ្នកមានទ្រព្យ
ច្រើន រមែងប្រើទ្រព្យបានទាន់ពេល ដូច្នោះឯង ។

***************************************
៥១- មិនមែនមានប្រាក់មានអ្វីៗគ្រប់យ៉ាងនោះទេ

មិនមែនមានប្រាក់អាចមាននូវអ្វីៗគ្រប់យ៉ាងនោះទេដូចជា មិនចាស់
មិនឈឺ មិនស្លាប់ មិនព្រាត់ប្រាស មិនមានអកុសលវិបាក មានតែ
កុសលវិបាកជាសុខតែម្យ៉ាង ជាដើមប៉ុន្តែ បើមានគុណធម៌ក្នុងចិត្ត
សន្ដានផង សូម្បីមិនមាននូវរបស់នោះៗ ក៏សុខចិត្តដែរ ។

ក្នុងជីវិតរាល់ថ្ងៃ ត្រូវប្រើប្រាស់គុណធម៌ច្រើនណាស់ទើបបានសុខ
មានជាអាទិ៍ដូចជាសេចក្ដីអត់ធន់ក្នុងការរង់ចាំអត់ធន់ទទួល
អនិដ្ឋារម្មណ៍ទាំងពួង មានសេចក្ដីសន្ដោសចេះព្រមចេះល្មម មាន

ស្មារតីភ្លឺស្វាង និងមាននូវបញ្ញាកាត់បង់នូវសេចក្ដីប្រាថ្នាផ្សេងៗ
ដោយដឹងថា (អ្វីៗមានហេតុទើបកើតឡើង អ្វីដែលមិនមានព្រោះ
អត់ហេតុ) មិនមែនចេះតែអន្ទះសាបង្ខំចង់បាននោះឡើយ ។

***************************************
៥២- សច្ចធម៌នៃជីវិត ពិតគួរដឹង

សច្ចធម៌រមែងមាននូវសភាពពិត ប្រចាំសង្ខារគ្រប់យ៉ាង និងរមែង
សម្ដែងនូវការពិតជានិច្ច ទោះជាអ្នកណាដឹងអ្នកណាមិនដឹងក៏ ដោយ។

ដូចជា ការមិនទៀងនៃសភាវៈទាំងពួង ការតាំងនៅដោយហេតុដោយបច្ច័យ

ការទ្រាំឋិតនៅមិនបាន និងការនៅក្រៅពីការបង្គាប់បញ្ជា ដែលពោលដោយសរុប

គឺ (អនិច្ចំ ទុក្ខំ អនត្តា) នោះឯងនេះជាសច្ចធម៌នៃសភាវៈគ្រប់យ៉ាង។

ការកំណត់ដឹងធម្មនិយាម (ទំនៀមរបស់ធម៌) បានយ៉ាងច្បាស់ប្រាកដហ្នឹងឯង

ដែលធើ្វឱ្យលះបង់នូវសេចក្ដីប្រកាន់ រមែងឱ្យការមិនមានទុក្ខជាផល

សឹងដែលជាកំពូលនៃសេចក្ដីប្រាថ្នារបស់មនុស្ស និងសត្វលោកទាំងពួង ។

***************************************
៥៣- ចិត្តបានសុខហើយ បញ្ហាត្រូវចប់

ដើម្បីសេចក្ដីសុខផ្លូវកាយ យើងត្រូវងូតទឹកជម្រះគ្រឿងសៅហ្មង
ត្រូវតមចំណីទាស់ផ្សេងៗ ត្រូវបំប៉នអាហារល្អៗ ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់

និងត្រូវប្រើថ្នាំកម្ចាត់រោគទៀតផង ។

ដើម្បីសេចក្ដីសុខផ្លូវចិត្ត យើងត្រូវមានសីល គឺការមិនធើ្វនូវបាប
ទាំងពួង នេះដូចជាការងូតទឹកនិងការតមចំណីទាស់តាមផ្លូវកាយ
ដែរ ។ ត្រូវបំប៉នអាហារល្អៗ គឺធម្មាហារបានដល់កុសលធម៌ទាំង

ពួងដែលត្រូវបំពេញ។ ត្រុវសម្រាកឱ្យបានគ្រប់គ្រាន់ គឺសម្រាក
ពីអកុសលនីវរណៈ ឬអកុសលវិតក្ក ដោយសមាធិភាវនា ព្រោះ
កាមច្ឆន្ទៈព្យាបាទនីវរណៈជាដើមនេះ នាំឱ្យខូចសុខភាពផ្លូវចិត្ត

ដូចអ្នកដែលទទួលទាន ដំណេកមិនលក់នាំឱ្យខូចសុខភាពផ្លូវ
កាយដូច្នោះដែរ ។

សំខាន់បំផុតគឺចិត្តមិនមានរោគ ។ កិលេសគ្រប់ប្រភេទគឺជារោគ
របស់ចិត្ត ដូច្នេះត្រូវអប់រំចម្រើនវិបស្សនាដើម្បីសេចក្ដីសុខរបស់
ចិត្ត នៅត្រង់មិនមានរោគ ។

***************************************
៥៤-​ សុខពិតមិនចាំបាច់ដណ្ដើមគ្នា

មាសប្រាក់សម្បត្តិទ្រព្យក្នុងលោក គឺមានកំណត់ចំនួនកាល
បើមានមនុស្សត្រូវការចង់បានច្រើន វារមែងមានការដណ្ដើម
ធើ្វឱ្យអ្នកផ្សេងមានសេចក្ដីដឹងខ្លួនថាមិនគ្រប់គ្រាន់។
រីឯសេចក្ដីស្ងប់ចិត្តវិញជាសេចក្ដីសុខខាងក្នុង មិនមានកំណត់
ចំនួនថាប៉ុណ្ណេះឬប៉ុណ្ណោះឡើយ ធើ្វឱ្យកើតបានក្នុងខ្លួនឯង
ដូច្នេះ ទើបមិនត្រូវទៅដណ្ដើមពីអ្នកដទៃណាឡើយ។
ការដែលម្នាក់ៗមានសេចក្ដីសុខស្ងប់ច្រើន រមែងមិនជំទាស់
រារាំងដល់សេចក្ដីសុខស្ងប់របស់អ្នកដទៃណាទាំងអស់ផ្ទុយ
មកវិញ គឺមានតែបើកផ្លូវឱ្យអ្នកដទៃមានសេចក្ដីសុខស្ងប់
ច្រើនឡើងទៀតផង។
រឿងនេះគ្រប់គ្នាមានសិទ្ធិស្មើគ្នា ក្នុងការសម្រេចនូវសេចក្ដី
សុខស្ងប់ឱ្យដល់ខ្លួនឯង ការយកឈ្នះខ្លួនឯងបាន គឺជាការ
ជួយឱ្យអ្នកដទៃមានឱកាសស្វែងរកសេចក្ដីសុខស្ងប់ឱ្យ
ដល់ខ្លួនគេបានដែរ។

***************************************

៥៥- ដើម្បីសេចក្ដីសុខផ្លូវចិត្ត

១- ត្រូវកុំសង្ឃឹមដូចតទៅ ៖

ក) កុំសង្ឃឹមការយកចិត្តយកថ្លើមពីអ្នកដទៃ។
ខ) កុំសង្ឃឹមការដែលអ្នកដទៃត្រូវដឹងគុណរបស់ខ្លួន។
គ) កុំសង្ឃឹមពាក្យសរសើរនិងការលើកតម្កើងជាដើម។
ឃ) កុំសង្ឃឹមការដែលអ្នកនេះទៅជាយ៉ាងនោះ អ្នកនោះមកជាយ៉ាង
នេះ ។ សន្ដានមនុស្សមិនដូចគ្នាទេ គេរមែងប្រព្រឹត្តទៅតាមសន្ដាន
របស់គេ មិនមែនតាមដែលយើងចង់ឡើយម្យ៉ាងទៀត សត្វលោក
រមែងប្រព្រឹត្តទៅតាមកម្មរៀងៗខ្លួន ។

២- ត្រូវបដិបត្តិដូចតទៅ ៖

ក) កាត់បន្ថាយសេចក្ដីត្រូវការរបស់ខ្លួន ឱ្យនៅសល់ត្រឹមតែរបស់
ដែលចាំបាច់ពិតៗ។ មនុស្សដែលមិនមានសេចក្ដីត្រូវការជាអ្នក
មានបានជាងមនុស្សដែលមានតែរបស់ច្រើន ។
ខ) ស្វែងរកការចេះដឹងនិងសេចក្ដីស្ងប់ក្នុងជីវិត ។
គ) ស្វែងរកឱកាសសម្រាប់ធើ្វសេចក្ដីល្អ និងធើ្វសេចក្ដីល្អឱ្យសម
ល្មមនឹងឱកាសដែលមាន ។

***************************************
៥៦- ដឹងការពិតហើយ អាចទ្រាំបាន

អ្វីៗសុទ្ធតែមានការពិតប្រចាំតួសភាវៈខ្លួនឯង មានហេតុមានផល
និងមានកាលកំណត់ត្រឹមត្រូវ ។ យើងត្រូវសិក្សាការពិតដើម្បី
ប្រយោជន៍ដ៏ក្រៃលែងដែលជាការមិនមានទុក្ខតាមផ្លូវចិត្តក្នុង
ជីវិតប្រចាំថ្ងៃ ។

កាលបើដឹងការពិត រមែងមានសេចក្ដីអត់ទ្រាំ ឬទ្រាំបានដោយមិន
លំបាកក្នុងចិត្តឡើយ ដូចជាការហាលសំពត់ឱ្យស្ងួត ដាំទឹកឱ្យពុះ
ជាដើម សុទ្ធតែត្រូវរង់ចាំ ព្រោះវាមានពេលវេលារបស់វា ។

អ្វីៗទៀតច្រើនណាស់ក្នុងជីវិត ដែលយើងត្រូវតែចេះរង់ចាំនូវផល
សម្រេចនោះ ដោយយើងមិនអាចចេះតែបង្ខំបានឡើយ ។

សូមកុំភ្លេចថា អ្វីៗដែលកើតឡើងសុទ្ធតែមានការពិតក្នុងខ្លួនឯង
មានហេតុ មានផលត្រឹមត្រូវ កាលដឹងច្បាស់ហើយ អាចទទួល
យកបានដោយសា្មរតី ទ្រាំបាន ព្រមទាំងមិនប្រកៀកប្រកាន់
ទៀតផង ។

***************************************
៥៧- ចេះដឹងពីជីវិត ពិតជាដោះបញ្ហាបាន

អ្នកដែលមិនចេះដឹងក្នុងគ្រឿងយន្ត កាលដែលគ្រឿងយន្តខូច
ក៏ខំព្យាយាមកែខៃយ៉ាងអន្ទះសា ទោះជាអស់ពេលយូរយ៉ាង
ណាក៏មិនសម្រេចដែរ អាចនាំឱ្យខូចលើសដើមទៀតផង ។

ចំណែកជាងដែលជាអ្នកចេះជំនាញក្នុងគ្រឿងយន្តវិញ កាល
ត្រួតមើលហើយ គ្រឿងយន្តខ្លះនោះគ្រាន់តែបន្តក់ប្រេង ក៏
ប្រព្រឹត្តទៅជាប្រក្រតីបាន ។

សេចក្ដីខាងលើនេះយ៉ាងណា អ្នកដែលមិនបានចេះដឹងក្នុង
រឿងជីវិត ជាមួយនឹងអ្នកចេះដឹង ក៏យ៉ាងនោះដែរ ។ កាល
ដែលមានបញ្ហាជីវិតកើតឡើង អ្នកមិនចេះដឹងរមែងខ្វាយខ្វល់

ហើយដោះស្រាយមិនបានសម្រេចអ្វីឡើយ មានតែបង្កបញ្ហា
ថែមទៀត ចំណែកអ្នកចេះដឹងពិតៗក្នុងរឿងជីវិតរមែងមិនមាន
នូវកង្វល់ ហើយដោះស្រាយបានដោយងាយ ។

***************************************
៥៨- ម្លប់ធម៌ម្លប់ជីវិត

ពេលរដូវក្ដៅ ថ្ងៃត្រង់ ស្ងប់ខ្យល់ នៅកណ្ដាលវាលមានកម្ដៅ
ក្ដៅខ្លាំងណាស់ ប៉ុន្តែដើមឈើក៏ឋិតនៅទ្រាំទ្រទទួលកម្ដៅថ្ងៃ
យ៉ាងគួរឱ្យសរសើរ ។

មើលចុះ! មើលដើមឈើដែលឱ្យម្លប់ដ៏ត្រជាក់ដល់មនុស្សនិង
សត្វ រមែងធន់ទ្រាំនឹងកម្ដៅព្រះអាទិត្យតាមធម្មជាតិរបស់ខ្លួន។

មនុស្សក៏ដូចគ្នា អ្នកដែលជាទីពឹង ជាម្លប់ត្រជាក់នៃអ្នកដទៃ
ខ្លួនឯងត្រូវមាននូវសេចក្ដីអត់ធន់ តស៊ូជាមួយនឹងសេចក្ដី
លំបាក ។

មើលមាតាបិតាចុះ! ដែលលោកទាំងពីរជាទីពឹងរបស់កូន តើ
លោកព្រមលំបាកយ៉ាងណាខ្លះ ។

ព្រះធម៌ដែលសម្រេចបានមកពីការព្យាយាមដ៏ខ្លាំងក្លារមែង
ជាម្លប់របស់ចិត្ត ។ មនុស្សល្អរមែងធើ្វជាម្លប់ឱ្យជីវិតខ្លួនឯង ។

***************************************
៥៩- គុណសម្បត្តិដល់ព្រម ជីវិតរុងរឿង

មនុស្សខ្លះឆ្លាត ល្មមអាចអាស្រ័យការឆ្លាតរបស់ខ្លួនធើ្វជីវិតឱ្យរុង
រឿងបាន តែខ្វះឧបនិស្ស័យដែលល្អ ខ្វះការហ្វឹកហាត់អប់រំ ធើ្វឱ្យ
ភាពឆ្លាតរបស់ខ្លួនដែលមានពីកំណើតមកនោះ ត្រូវនាំទៅប្រើ
ប្រាស់់ក្នុងផ្លូវខុស ។

មនុស្សខ្លះមានឧបនិស្ស័យល្អ តែខ្វះការឆ្លាត ទើបសម្រេច
ប្រយោជន៍បានតិច។

មនុស្សខ្លះឆ្លាតផងមានឧបនិស្ស័យល្អផង តែខ្វះការព្យាយាម
ដូចអ្នកដែលមានកាំបិតស្អាតល្អហើយ សាច់ដែកល្អទៀត តែ
ម្ចាស់មិនបានយកទៅធើ្វឱ្យសម្រេចប្រយោជន៍ ។

មនុស្សយើងរមែងរុងរឿងក្នុងជីវិតទៅបាន លុះត្រាតែប្រកបព្រម
ដោយគុណសម្បត្តិទាំង៣ នេះគឺ ៖
១- ឆ្លាតពីកំណើត ព្រោះបដិសន្ធិប្រកបដោយបញ្ញា ។
២- មានឧបនិស្ស័យល្អ ដោយបានសេពគប់នឹងសប្បុរស ។
៣- មានព្យាយាមត្រូវរហូតដល់ទីបំផុត ។

***************************************
៦០ – ចិត្តច្នៃមានតម្លៃជាងចរណៃទាំងពួង

ត្បូងពេជ្រមានតម្លៃតាមការសន្មមរបស់មនុស្ស សម្បត្តិអ្វីៗដទៃ
ក៏ដូចគ្នាដែរ វាមានតម្លៃទៅតាមការនិយមនិងទៅតាមសេចក្ដី
ត្រូវការរបស់មនុស្ស ប៉ុន្តែ ចំពោះគុណធម៌ទាំងពួងវិញ គឺមាន

តម្លៃក្នុងខ្លួនឯងផង ថែមទាំងធើ្វឱ្យមនុស្សដែលខ្លួនស្ថិននៅជា
មួយ មានតម្លៃទៀតផង ដូចស្ករផ្អែមដោយខ្លួនឯងហើយ ញ៉ាំង
ម្យៅដែលខ្លួនលាយជាមួយឱ្យទៅជានំដូច្នោះឯង ។

មនុស្សពូកែក្នុងការច្នៃត្បូង ច្នៃពេជ្រ ប៉ុន្តែមនុស្សក្នុងលោកលំបាក
នឹងច្នៃចិត្តខ្លួនឯងឱ្យមានពន្លឺរស្មីណាស់ ។ ចិត្តដែលច្នៃល្អហើយ
មានតម្លៃជាងគ្រឿងច្នៃទាំងពួង ។

***************************************
៦១- លះបង់មានះជាសុខឧត្តម

មានះថាខ្លួនឯងប្រសើរជាងគេ ក៏មិនល្អ នាំឱ្យលើកតម្កើង
ខ្លួន មាក់ងាយអ្នកដទៃ…។
មានះថាខ្លួនឯងអន់ជាងគេ ក៏មិនល្អដែរ​ គឺនាំឱ្យមើលងាយ
មើលថោកខ្លួនឯង ខូចចិត្ត…។
មានះថាខ្លួនឯងស្មើនឹងគេ ក៏មិនល្អទៀត នាំឱ្យមានការ
ប្រជែង រឹងរូស ច្រណែន…។
ក្នុងជីវិតដែលល្ង មនុស្សយើងគួរគោរព ទន់ភ្លន់ ព្រមស្ដាប់
និងបដិបត្តិដល់គ្នាទៅវិញទៅមក តាមប្រពៃណីទំនៀន
ទម្លាប់ដ៏សមរម្យ ។ ដល់ពេលគោរពគឺគោរព​ ដល់ពេល
ទន់ភ្លន់គឺទន់ភ្លន់ ដល់ពេលស្ដាប់គឺព្រមស្ដាប់ ដល់ពេល
រឹងប៉ឹងត្រូវរឹងប៉ឹង ពោលគឺបង្គាប់ខ្លួនឯងឱ្យចូលទៅក្នុង
ស្ថានការណ៍និងបុគ្គលទាំងពួងបានដោយល្អ។ មនុស្ស
ដែលឆ្លាតក្នុងការបង្គាប់ខ្លួនឯង លោកហៅថា ជាអ្នកធើ្វ
ខ្លួនឱ្យសមរម្យ អាចចងចិត្តមនុស្សនៅជុំវិញខ្លួនបាន។

***************************************

៦២-ស្គាល់ខ្លួនឯងពិត ជីវិតមាំមួន

ឆ្កែមិនបានអត់ចិត្តដោយហេតុមនុស្សយើងមិនសំពះវានោះទេ
ទោះជាមនុស្សយើងយកជើងលេងក្បាលវា ក៏វាមិនប្រកាន់ដែរ
សេចក្ដីនេះព្រោះវាព្រមទទួលនូវអ្វីៗ តាមសភាពខ្លួនជាសត្វ
តិរច្ឆាន ។

ជីវិតមនុស្សពិតជាប្រសើរជាងសត្វតិរច្ឆាន ព្រោះបដិសន្ធិដោយ
ផលបុណ្យ ប៉ុន្តែក្នុងរវាងការកើតនិងការស្លាប់រមែងមានផល
បុណ្យ និងផលបាបដូរផ្លាស់គ្នាជានិច្ច។ អ្នកតាមដានរឿងជីវិត
ដោយសតិ ទើបបានដឹងថា ជីវិតមួយផ្នែកជាវិបាករបស់កម្ម
មួយផ្នែកទៀតកំពុងសាងកម្ម ។

នៅពេលជីវិតជាអកុសលវិបាក ជីវិតតែងទទួលអារម្មណ៍មិនល្អ។
ពិតមែនតែខ្លួនជាមនុស្សមិនមែនឆ្កែ ប៉ុន្តែគួរកំណត់ដឹងអកុសល
វិបាកពិតៗ ទើបមិនប្រកាន់ ហើយនៅដោយការស្ងប់ចិត្តទៅបាន។

***************************************
៦៣- ចិត្តសុទ្ធៗដឹងនូវអារម្មណ៍

មនុស្សយើងសប្បាចិត្តនៅក្នុងលោក ព្រោះដឹងខ្លួនថាខ្លួនជា
អ្នកដឹងអារម្មណ៍នោះៗ ប៉ុន្តែលុះដល់មានអារម្មណ៍មិនល្អ
មកប៉ះខ្ទប់ ព្រោះខ្លួនជាអ្នកទទួលនោះឯង ទើបកើតទុក្ខតាម
ផ្លូវចិត្ត ។

តាមធម៌បរមត្ថពិតៗ គឺត្រឹមតែវិញ្ញាណតាមទ្វារ៦ ទ្វារណាមួយ
ប៉ុណ្ណោះ ដែលកើតឡើងមកទទួលដឹងនូវអារម្មណ៍ក្នុងលោក
ដោយមិនមានខ្លួនយើងខ្លួនគេ ឬសត្វបុគ្គលណាជាអ្នកដឹង
អារម្មណ៍នោះឡើយ ។

ការចម្រើនសតិប្បដ្ឋានវិបស្សនា គឺប្រព្រឹត្តទៅដើម្បីដឹងការពិត
នៃបរមត្ថ កាលជាក់ច្បាស់ហើយ ទើបឃើញថា ៖

-លោកនេះមិនគួរឱ្យត្រេកអរទេ ។
-លោកនេះមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ ។

***************************************
៦៤- ធម៌ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន

សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន។ ចិត្តជា
អ្នកសាងនូវចិន្តនាការ (គំនិតល្អឬអាក្រក់) ជាធម្មជាតិដែលមាន
អំណាចដាច់ខាត ក្នុងការឱ្យសុខ ឬឱ្យទុក្ខដល់បុគ្គល ។

មនុស្សដែលមានសេចក្ដីសុខ ព្រោះមានចិត្តជាសុខ មនុស្សដែល
មានទុក្ខក៏ដូចគ្នា ព្រោះមានចិត្តជាទុក្ខ។ ចិត្តគឺជាធម្មជាតិ ដែល
មានសេចក្ដីសំខាន់ដ៏ក្រៃលែងក្នុងរឿងសុខទុក្ខនៃជីវិត ។

***************************************
៦៥- បានជាមនុស្សល្អ ព្រោះចិត្តប្រសើរ

មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះព្រោះគេបាន
ធើ្វល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមានការគិតល្អជា
មូលដ្ឋាន ។ អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធើ្វជាមនុស្ស
ល្អហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។

ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើងជាងយើង
ជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលយើងចង់ឱ្យអ្នកដទៃ
ធើ្វសេចក្ដីល្អឱ្យយើង គឺយើងត្រូវព្យាយាមធើ្វសេចក្ដីល្អឱ្យខ្លួន
ឯង ទៅតាមដែលយើងត្រូវការ ។

សេចក្ដីល្អដែលយើងធើ្វដោយខ្លួនឯង ទើបមានអានុភាពដល់
ចិត្តជាពិតប្រាកដ គឺធើ្វឱ្យចិត្តបានសុខស្ងប់។ កាលចិត្តសុខស្ងប់
ហើយ អ្វីៗក៏រៀបរយទៅផងដែរ ។

***************************************
៦៦- យ៉ាងណាៗ សម្រេចនៅលើចិត្ត

ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់មានតម្លៃជា
ទីបំផុត ត្រូវថែទាំឱ្យក្រៃលែង។

មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេ
នោះឯង តួយ៉ាង ព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ
ក៏ព្រោះមកអំពីព្រះទ័យរបស់ព្រះអង្គដែរ ។

មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្តជាទីគោរពបូជា
នៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាក
កិលេស រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់
មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធើ្វអាក្រក់ និយាយអាក្រក់
ទៅតាមចិត្តដែលអាក្រក់ហ្នឹងឯង ។

***************************************
៦៧- អាក្រក់ឬល្អ ដង្ហែតាមក្រោយចិត្ត

ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្តអាច
ឃើញច្បាស់បាន ។ អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែល
អាចធើ្វចិត្តឱ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដនៃ
ចិត្តនោះឯង ។

ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វីៗទៀតដែលអាក្រក់នឹងតាមមក
តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងមកតាមក្រោយ ដូចកង
រទេះវិលតាមស្នាមជើងគោដែលអូសនូវរទេះនោះដូច្នោះដែរ ។

***************************************
៦៨- រួចពីចាប ព្រោះគុណព្រះធម៌

ទីឃាវុកុមារ មិនបានប្រហារព្រះរាជាដើម្បីសងសឹកមិនមែនព្រោះ
ដោយសារបានទទួលប្រាក់ លានកោដិនោះទេតាមពិត ព្រោះនឹក
ឃើញដល់ឱវាទរបស់ព្រះបិតា និងព្រោះសុចរិតកម្មតែប៉ុណ្ណោះ ។

សេចក្ដីល្អមានតម្លៃណាស់មិនអាចយកប្រាក់ប៉ុនណាៗទិញបាន
ឡើយ ព្រោះហេតុដូច្នហើយ ទើបអ្នកប្រព្រឹត្តល្អទាំងឡាយ ឃើញ
គុណព្រះធម៌។

ព្រះធម៌ចូលខ្លួនពេលណា មនុស្សលោកក៏បានរួចពីបាបពេលនោះ
ដែរ ។

***************************************
៦៩- មនុស្សមានចិត្តខ្ពស់ មិនឱ្យជម្លោះរីករាលដាល

មនុស្សយើងដែលនៅរួមគ្នាក្នុងសង្គម រមែងមានចិត្តមិនស្មើគ្នាឡើយ
មានឥន្រ្ទិយទន់ខ្សោយជាងគ្នា។ មនុស្សខ្លះមានកិលេសស្រាលស្ដើង
ខ្លះទៀតកិលេសក្រាស់ ។

មនុស្សខ្លះសុភាពរាបសា ខ្លះទៀតច្រងេងច្រងាងច្រឡើសបើស
ដោយអំណាចនៃកិលេស ទើបមានការប្រព្រឹត្តប៉ះពាល់ដល់អ្នក
ដទៃ ។ល។

អ្នកបដិបត្តិធម៌ ទើបត្រូវមានសេចក្ដីអត់ធន់ ដែលជាគុណជាតិ
ដុតនូវកិលេស អត់ធន់ចំពោះពាក្យសម្ដីចាក់ដោតពាក្យទ្រគោះ
បោះបោក ខ្វះការគោរពជាដើម ។

អ្នកបដិបត្តិធម៌ មិនប្រាថ្នាឱ្យជម្លោះរីករាលដាលដល់ពួកខណៈ
ឡើយ ត្រូវបានពន្លត់ត្រឹមខ្លួនឯង ។

***************************************
៧០- មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់

ក្នុងជីវិតមនុស្សយើងនេះ ទោះបីមានអ្នកណាជាសត្រូវ ក៏មិនកាច
អាក្រក់ដូចខ្លួនឯងជាសត្រូវនឹងខ្លួនឯងដែរ ។

អ្នកដទៃជាសត្រូវ អាចល្មមរកផ្លូវការពារបាន ខ្លួនឯងក៏ខំការពារ
ខ្លួន ញាតិមិត្តក៏ជួយការពារ នគរបាលយោធាក៏អាចជួយការពារ
បានដែរ ទោះបីសត្រូវនោះប្រទូសរ៉ាយរហូតដល់ស្លាប់ ព្រោះ

ការពារមិនបាន ក៏មិនមែនត្រូវទៅអបាយភូមិនោះឡើយ បើយើង
ជាមនុស្សប្រព្រឹត្តល្អហើយ ។

ផ្ទូយមកវិញ បើយើងជាសត្រូវនឹងខ្លួនឯងនោះ ដោយមានការ
ប្រព្រឹត្តអាក្រក់វៀរចាកសេចក្ដីល្អជាប្រក្រតី តើអ្នកណានឹងជួយ
ការពារបាន ។

ក្នុងសេចក្ដីនេះ មានទំនងដូចគ្នាដែរ អ្នកណាជួយជ្រោមជ្រែង
ឬធើ្វឱ្យក្ដី គឺមិនអាចដូចធើ្វដោយខ្លួនឯងឡើយ ។ ឪពុកម្ដាយ
ញាតិមិត្តបងប្អូន ធើ្វបានត្រឹមតែជួយដាស់តឿនប៉ុណ្ណោះ ឯការ
ចុះដៃធើ្វគឺខ្លួនយើងផ្ទាល់ ។

***************************************
៧១- ចិត្តតម្កល់ខុស អាក្រក់ក្រៃលែង

ទិសោ ទិសំ យន្តំ កយិរា វេរី វា បន វេរិនំ មិច្ឆាបណិហិតំ
ចិត្តំ បាបិយោ នំ តតោ ករេ ។

ចោរឃើញចោរ ឬមនុស្សដែលមានពៀរឃើញមនុស្សដែលមាន
ពៀរនឹងគ្នាហើយ រមែងធើ្វសេចក្ដីវិនាសអន្តរាយហិនហោចណា
មួយ ដល់គ្នានឹងគ្នាជាមិនខានឡើយ ឯចិត្តដែលបុគ្គលតម្កល់ទុក

ខុសហើយ គប្បីធើ្វបុគ្គលនោះឱ្យអាក្រក់ជាងសេចក្ដីវិនាស ដែល
ពួកចោរនិងមនុស្សមានពៀរវេរាធើ្វដល់គ្នានឹងគ្នានោះទៅទៀត ។

ព្រះគាថាធម្មបទនេះនៅក្នុងចិត្តវគ្គ ព្រះអង្គប្រារព្ធ នន្ទគោបាល
ដែលត្រូវគេប្រហារជីវិតព្រោះបាបកម្មតាមទាន់ ។

ដែលឈ្មោះថា ចិត្ត ព្រោះជាធម្មជាតិដែលសន្សំនូវកម្ម និងជា
ធម្មជាតិឱ្យសម្រេចនូវវិបាក ម្យ៉ាងទៀត ចិត្តជាធម្មជាតិដឹង
ច្បាស់នូវអារម្មណ៍ មនុស្សសត្វបុគ្គល អ្នកដឹងអារម្មណ៍ក្រៅ
អំពីចិត្តទៀតពុំមានឡើយ ។

***************************************
៧២- ចិត្តតម្កល់ត្រូវ ល្អក្រៃលែង

ន តំ មាតា បិតា កយិរា អញ្ញេ វាបិ ច ញាតកា
សម្មាបណិហិតំ ចិត្តំ សេយ្យសោ នំ តតោ ករេ។
មាតាបិតា ឬពួកញាតិដទៃទៀត មិនអាចធើ្វនូវហេតុ
នោះឱ្យបានឡើយ ប៉ុន្តែចិត្តដែលបុគ្គលតម្កល់ទុកត្រូវ
ហើយគប្បីធើ្វនូវបុគ្គលនោះឱ្យប្រសើរជាងហេតុនោះ
ទៅទៀត។

ព្រះគាថាធម្មបទនេះ នៅក្នុងចិត្តវគ្គ ព្រះអង្គប្រារព្ធ
ព្រះសោរេយ្យត្ថេរ ដែលត្រូវបានសម្រេចជាព្រះអរហន្ត
ព្រោះមកពីការតម្កល់ចិត្តត្រូវដោយប្រពៃ។

ដែលឈ្មោះថា ចិត្ត ព្រោះជាធម្មជាតិសន្សំសន្ដានគឺសន្សំ
នូវអ្វីៗដែលសម្រេចក្នុងជវនកិច្ចហើយនោះ។ ចិត្តសន្សំទាំង
កុសល ទាំងអកុសល ព្រោះហេតុនេះ ទើបគួរឃើញច្បាស់
ថា ចិត្តមិនមែនជាតួខ្លួនយើងឡើយ ហើយក៏មិនមាននូវ
សភាវៈណាផ្សេងទៀតជាតួខ្លួនយើងដែរ។

***************************************
៧៣- សុខចិត្តខ្លួនឯង ជាគោលសំខាន់ក្នុងជីវិត

ពាក្យសរសើរ និងពាក្យនិន្ទានោះ នឹងយកឱ្យប្រាកដមិនបានឡើយ។
មនុស្សល្អសែនល្អ ក៏នៅគេនិន្ទា កាលបើគេមិនពេញចិត្ត ឯមនុស្ស
អាក្រក់សែនអាក្រក់ គង់មានគេសរសើរ ព្រោះគេពេញចិត្ត។

ព្រោះហេតុដូច្នោះ ផ្លូវដែលល្អជាទីបំផុតសម្រាប់យើងគឺ គេសរសើរ
ក៏ដោយ គេនិន្ទាក៏ដោយ យើងធើ្វតែការដែលជាតួនាទីរបស់យើង
ឱ្យល្អបំផុត តាមសមត្ថភាពដែលមាន។

បុណ្យយើងធើ្វ បាបយើងមិនសាង យើងមានសេចក្ដីសុខចិត្តរបស់
យើង សេចក្ដីសុខចិត្តនេះឯង អ្នកណាធើ្វជំនួសយើងពុំបានឡើយ ។

***************************************
៧៤- វិមានសុខក្រៃលែងជាងវិមានសួគ៌

សេចក្ដីសុខណាៗទាំងអស់ ទាំងក្នុងមនុស្សលោកទេវលោក
ព្រហ្មលោក ស្មើដោយសេចក្ដីសុខចិត្តពុំមានឡើយ ។

ចិត្តដែលមាននូវសេចក្ដីសុខ ព្រោះបានទូន្មានអប់រំព្រោះការ
តាមថែរក្សាជានិច្ច និងព្រោះបានកម្ចាត់បង់នូវរោគគឺកិលេស។

មនុស្សយើងអាចសាងនូវវិមានសុខ ក្រៃលែងជាងវិមានសួគ៌
ហើយអាចចូលទៅនៅបានក្នុងអត្តភាពនេះឯងព្រោះហេតុដូច្នេះ
មនុស្សអ្នកប្រាថ្នាសេចក្ដីសុខសម្រាប់ខ្លួនគប្បីទូន្មានចិត្តរបស់
ខ្លួនឱ្យបានជានិច្ច សាងនូវវិមានសុខពោលគឺចិត្តស្ងប់នូវកង្វល់។

***************************************
៧៥-​ សេចក្ដីល្អមានអំណាចធំក្រៃលែង

សេចក្ដីល្អ ជាគុណធម៌មានអំណាចសំខាន់ដ៏ក្រៃលែងនៅ
ក្នុងខ្លួនមនុស្ស ៖
១- ធើ្វឱ្យបានជាទីគោរព ជាទីលើកតម្កើងនៃមនុស្សទាំងឡាយ
រឹតតែមានច្រើន រឹតតែល្អ។
២- មិនមានអ្នកណាទម្លាយបានឡើយ ក្រៅពីខ្លួនឯង។
៣- អ្នកមាននូវគុណធម៌ ខ្លួនឯងក៏សប្បាយចិត្ត មានចិត្ត
ជាសុខ ជាផលឱ្យឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក។
៤- អ្នកដទៃដែលចូលមកអាស្រ័យ ក៏បាននូវម្លប់ត្រជាក់
ជាសុខផងដែរ។
៥- មិនមានការនិយាយអួតអាង មិនមានការចាំបាច់ត្រូវ
ឃោសនាបបួលអ្នកណាឱ្យមកជឿ តែនេះជាសេចក្ដីពិត
ក្នុងខ្លួនឯង ជាគុណតម្លៃនៃសេចក្ដីល្អ។
៦- សេចក្ដីល្អមានអំណាចឋិតថេរយឺនយូរ ល្អប្រសើរជាង
អំណាចអាជ្ញាណាៗទាំងអស់ ជាអំណាចដ៏បរិសុទ្ធ។
៧- អាចកម្ចាត់សត្រូវគឺកិលេសក្នុងខ្លួនឯងបាន។

***************************************
៧៦- សុខព្រោះការងារប្រាសចាកទោស

កុំរកសេចក្ដីសុខអំពីការខ្ជះខ្ជាយទ្រព្យសម្បត្តិ និងអំពីការខ្ជិល
ឡើយ ។ ចូរស្វែងរកសេចក្ដីសុខអំពីការងារគឺខំប្រឹងធើ្វការ
សិក្សាស្វែងរកការចេះដឹង និងប្រឹងឱ្យចិត្តសន្ដានប្រកបទៅ
ដោយគុណគឺសេចក្ដីល្អជានិច្ចរាល់ថ្ងៃ ។

សូមអធិដ្ឋានក្នុងចិត្ត ឱ្យខ្លួនឯងមាននូវឥស្សរភាពក្នុងការ
បំពេញសេចក្ដីល្អ សាងនូវសេចក្ដីស្ងប់ក្នុងចិត្តរបស់ខ្លួន ។
ក្នុងលោកនេះគ្មានអ្នកណាមកគាបសង្កត់ មិនឱ្យយើងមាន
សេចក្ដីសុខផ្លូវចិត្ត ក្រៅពីកិលេសក្នុងចិត្តរបស់ខ្លួនឯង
ឡើយ ។

***************************************
៧៧- ស្រវឹងនឹងពាក្យសរសើរ ចិត្តមិនស្ងប់

ស្រវឹងនឹងពាក្យសរសើរ ដូចបរិភោគស្រាពិសេសរមែងចង់បាន
ការសរសើររឿយៗ បើមានអ្នកណាតិះដៀលអ្វីបន្តិចបន្តួចក៏ទាស់
ចិត្តហើយក៏ជាទុក្ខ ។ នៅពេលដែលស្រវឹងហើយ ក៏មិនងាយនឹង
ដឹងថាពាក្យសរសើរណាប្លម ពាក្យសរសើរណាពិត ដោយចំពោះ
ណាស់នោះគឺអ្នកឋិតនៅក្នុងឋានៈខ្ពស់គឺងាយក្នុងការទទួលនូវ
ពាក្យសរសើរប្លមណាស់ ។

គ្រោះថ្នាក់ដ៏ធំមួយ គឺធើ្វអ្វីខុស ធើ្វអ្វីមិនត្រឹមត្រូវហើយ មិនមាន
អ្នកណាក្លាហានមកនិន្ទាតិះដៀលចំពោះមុខគេបណ្ដោយឱ្យធើ្វ
តាមចិត្ត មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងរកចំណុចសរសើរពី
នេះពីនោះទៀតផង ហើយបើមានធើ្វអ្វីត្រូវ សូម្បីបន្តិចបន្តួច
គឺគេខំចោមរោមសរសើរបន្ថែមបន្ថយខុសពីការពិត រហូតដល់
អ្នកដែលទទួលនូវការសរសើរម្យ៉ាងប៉ុណ្ណោះ មិនគួរមានអ្នកណា
មកតិះដៀលឡើយ យ៉ាងនេះប្រៀបដូចជាក្មេងដែលចូលចិត្ត
តែរបស់ផ្អែមៗ ។

***************************************
៧៨- សច្ចៈចំពោះខន្ធ ៥ គឺទុក្ខមិនមែនសុខទេ

ស្រវឹងនឹងសុខធើ្វឱ្យជាប់នឹងសេចក្ដីសុខនោះៗ រហូតដល់
គ្រាន់តែមានរឿងត្រូវទុក្ខបន្តិចបន្តួច ក៏ទ្រាំមិនបានដែរ។
មនុស្សយើងស្រវឹងនឹងសុខ ទើបមិនដឹថាអ្វីជាសេចក្ដីពិត
ម្យ៉ាងទៀតព្រោះអត់បញ្ញា។

តាមពិត គឺទុក្ខហ្នឹងឯងដែលជាសេចក្ដីពិត ព្រះអរិយបុគ្គល
ត្រាស់ដឹងទុក្ខសច្ច​ មិនមែនសុខសច្ចឡើយ ក្នុងសច្ចៈ ទី១
នោះ ។

ការត្រាស់ដឹងនូវសច្ចធម៌ ទើបបានយល់ដឹងអំពីជីវិតខ្លួនឯង
និងជីវិតអ្នកដទៃច្បាស់លាស់។

***************************************
៧៩- រកសុខខ្លួនឯង ដោយឱ្យសុខគេ

ការស្វែងរកសេចក្ដីសុខ ដែលគួរឱ្យតិះដៀលក៏មានដែលគួរឱ្យ
សរសើរក៏មាន ។ ការស្វែងរកសេចក្ដីសុខដើម្បីខ្លួន ដោយការ
ផ្ដល់ប្រគល់នូវទុក្ខភ័យឱ្យអ្នកដទៃ វាគួរឱ្យតិះដៀលណាស់ តែ

បើមិនបង្កទុក្ខភ័យឱ្យអ្នកដទៃទេ ជាការគួរឱ្យត្រេកអរ ហើយបើ
ការស្វែងរកសេចក្ដីសុខដើម្បីខ្លួននោះឯងដោយការផ្ដល់ប្រគល់
នូវសេចក្ដីសុខឱ្យដល់អ្នកដទៃ របៀបយ៉ាងនេះគួរឱ្យសរសើរ
មែនទែន ។

អ្នកស្វែងរកសេចក្ដីសុខ ប្រាថ្នាសេចក្ដីសុខដើម្បីខ្លួនដោយការ
បង្កនូវទុក្ខឱ្យដល់អ្នកដទៃ រមែងជាមនុស្សច្របូកច្របល់ទៅ
ដោយពៀរ រមែងមិនផុតចាកពៀរវេរាឡើយ ។

***************************************
៨០- ភ្លើងក្រោធដុតចិត្ត ក្ដៅហើយបាបទៀត

ការខឹងក្រោធធើ្វឱ្យចិត្តសៅហ្មង ក្ដៅក្រហាយក្រវល់ក្រវាយទោះ
ដេកឬអង្គុយក៏មិនជាសុខដែរ។ នេះគឺជាភ្លើងក្នុង អាស្រ័យនឹង
ចិត្តណាកើតឡើងរមែងដុតនូវចិត្តនោះ ដូចភ្លើងអាស្រ័យនឹង
អុសណាឆេះឡើង ក៏រមែងដុតកម្ទេចនូវអុសនោះ ដូច្នោះឯង។

ភ្លើងគឺសេចក្ដីក្រោធនេះ បើមិនចេះពន្លត់វាទេវានឹងឆេះឱ្យក្ដៅ
ជានិច្ចរឿយៗតទៅ បើពន្លត់បានក៏ត្រជាក់សប្បាយដេកនៅ
ជាសុខ ។

អ្នកណាស្អប់ខ្ពើមយើងក៏ស្រេចតែគេទៅ ព្រោះការស្អប់ខ្ពើម
បានទម្លាយនូវសេចក្ដីសុខភាពផ្លូវកាយ ជាពិសេសផ្លូវចិត្ត
របស់គេស្រេចទៅហើយ យើងមិនត្រូវស្អប់ត្រឡប់តបវិញ
ឡើយ ។ ការស្អប់ត្រឡប់តប គឺជាការទៅបន្តភ្លើងពីគេយក
មកដុតខ្លួនឯងផង ។

***************************************
៨១- ផ្លូវជីវិត ពិតជាត្រូវសិក្សា

ផ្លូវជីវិត គឺលំបាកជាងផ្លូវដើរធម្មតាក្រៃលែងណាស់ទាំងមានភាព
អាថ៌កំបាំងដ៏ខ្លាំងណាស់ទៅទៀតផង ។

ការដើរផ្លូវធម្មតា យើងគង់តែមានការសិក្សា ដើម្បីឱ្យដឹងផ្លូវទៅ
មក ទើបជាការងាយស្រួល និងនាំឱ្យរួចផុតពីភយន្តរាយទៀត
ផង ចុះផ្លូវជីវិតវិញ មានរឿងអ្វីដែលថាមិនចាំបាច់ត្រូវសិក្សានោះ។

អ្នកដែលមានការចេះដឹងក្នុងផ្លូវនៃជីវិត គឺដឹងថាអ្វីខុស អ្វីត្រូវ
អ្វីល្អ អ្វីអាក្រក់ និងអ្វីដែលគួរធើ្វ អ្វីដែលមិនគួរធើ្វ ហើយព្យាយាម
បដិបត្តិតាមដែលបានដឹង ដូច្នេះ រមែងនាំជីវិតទៅកាន់សេចក្ដី
សុខស្ងប់បានដោយពិត ។

ការសិក្សាអំពីជីវិត ជាការកពូននូវបញ្ញាសម្បត្តិ រួចហើយព្យាយាម
បដិបត្តិតាមដែលបានដឹងនោះ ដោយកម្លាំងចិត្តដ៏រឹងប៉ឹង សំដៅ
ទៅខាងមុខមិនរាថយ នេះឈ្មោះថា យកបញ្ញាមកប្រើឱ្យបាន
ជាប្រយោជន៍ ដោយសេចក្ដីព្យាយាម ។

***************************************
៨២- ដឹងថាងងឹត ត្រូវរកប្រទីប

កាលបើភាពងងឹតគឺអវិជ្ជានៅតែគ្របសង្កត់ជីវិត ការប្រព្រឹត្ត
ពិតជានៅមានខុស ។ កំហុសដែលកើតឡើងដោយភាពងងឹត
នោះឯង ធើ្វឱ្យជីវិតរឹតតែសៅហ្មងថែមទៅទៀត ។

ប្រៀបដូច មនុស្សដែលដើរក្នុងទីងងឹត រមែងភ្លាត់បា្លតដួល
បោកបានដោយងាយ កាលបើដួលនាំឱ្យប្រឡាក់ ឬគ្រោះថ្នាក់
បាក់ដៃបាក់ជើង ធើ្វឱ្យរាងកាយសៅហ្មងឬទ្រុឌទ្រោមដូច្នោះឯង។

ព្រះគាថាធម្មបទ ជរាវគ្គ
កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ
អន្ឋការេន ឱនទ្ឋា បទីបំ ន គវេសថ ។

កាលបើលោកសន្និវាស ត្រូវភ្លើងមានរាគៈជាដើមឆេះទ្រលោម
ជានិច្ច ម្ដេចក៏អ្នកសើច ម្ដេចក៏អ្នកត្រេកត្រអាលទៅបាន អ្នកទាំង
ឡាយ ត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ ម្ដេចឡើយក៏មិនស្វែងរក
ប្រទីបគឺប្រាជ្ញា ។

***************************************
៨៣- ទំនៀមរបស់ពូជ ដូចទំនៀមកម្ម

ការធើ្វល្អជាតួនាទីរបស់អ្នកដែលស្រឡាញ់អំពើល្អ តែការឲ្យផល
ល្អយ៉ាងណានោះ ជាតួនាទីរបស់កម្ម បុគ្គលមិនអាចបង្ខំតាមចិត្ត
ចង់បានឡើយ ។

ប្រៀបដូចការធ្វើស្រែដូច្នោះដែរ ភ្ជួររាស់ដកស្ទូងជាតួនាទីរបស់អ្នក
ស្រែ ឯការចេញកួរឲ្យផល វាជាតួនាទីរបស់ដើមស្រូវ អ្នកស្រែយំ
អង្វរដោយការប្រញាប់ចង់បានស្រូវយ៉ាងណា ក៏ដើមស្រូវមិនអាច
បញ្ចេញកួរមកបានដែរបើនៅមិនទាន់ដល់ពេលទេនោះ។

ក្នុងរឿងអ្នកចម្ការ ក៏មានទំនងដូចគ្នា បុគ្គលដាំពូជបែបណា

ក៏រមែងបានទទួលផលបែបនោះ ទោះជាប្រែក្លាយក៏មិនមែន
ស្វាយទៅក្រូចនោះទេ ហើយក៏មិនអាចអង្វរករសូមដូរផ្លាស់
ឱ្យផលខុសពីពូជដើមនោះបានឡើយ ។

***************************************
៨៤- ទោសៈចាប់សត្វដាក់ក្នុងកន្លែងនៃកំហុស

ចូរព្យាយាមរម្ងាប់នូវសេចក្ដីក្រោធ កុំឱ្យកើតឡើងបាន បើរម្ងាប់
មិនបានភ្លាមៗទេ ក៏សូមឱ្យនៅត្រឹមតែក្នុងចិត្តប៉ុណ្ណឹងចុះ កុំឱ្យ
ប្រាកដតាមមុខ តាមអាកប្បកិរិយា ឬតាមវាចាឡើយ ព្រោះបើ
យើងសម្ដែងចេញមកឱ្យប្រាកដ គឺវាជាការឃោសនា នូវសេចក្ដី
អាក្រក់របស់យើងដោយខ្លួនឯង ។

ពស់ចាប់កង្កែបលេប ឆ្មាចាប់កណ្ដុរស៊ី ខា្លចាប់ម្រឹគជាចំណី

សេចក្ដីខឹងក្រោធចាប់សត្វលោក លេបចូលទៅក្នុងកន្លែងនៃ
កំហុស ។

យើងត្រូវព្យាយាមគ្រប់គ្រងនូវសេចក្ដីក្រោធ បើមិនដូច្នោះទេ
នឹងត្រូវសេចក្ដីក្រោធចូលមកគ្រប់គ្រងលើយើងជាពិតប្រាកដ។

***************************************
៨៥- ទ្រុស្ដសីល ទ្រុស្ដសុខសីលសែនស័ក្តិសិទ្ធិ

បុគ្គលអ្នកទ្រុស្ដសីលគឺជាអ្នកប្រៀតបៀនខ្លួនឯងដោយពិតព្រោះ
ការទ្រុស្ដសីលគឺជាតួកម្មអាក្រក់ ជាធម្មតានៃកម្មអាក្រក់វាមិនមែន
ឱ្យផលល្អដល់អ្នកធើ្វឡើយ ។

អ្នកទ្រុស្ដសីលគឺជាចោរ តែជាចោរដែលធើ្វនូវសេចក្ដីវិនាសឱ្យ
ដល់ខ្លួនឯង ដូចដើមឈើដែលត្រូវវល្លិជ្រៃរួបរឹត ។

អ្នកមានសីលគឺជាអ្នកមាននូវវត្ថុដ៏ស័ក្តិសិទ្ធិអស្ចារ្យ៖
-សីលលាងជម្រះនូវមន្ទិលសៅហ្មងក្នុងចិត្ត ដែលមន្ទិលសៅហ្មង
នេះ មិនអាចលាងជម្រះបានដោយទឹកទន្លេគង្គាជាដើមបាន
ឡើយ។
-សីលកម្ចាត់បង់នូវអន្តរាយខាងក្នុង ដែលជាអន្តរាយដ៏ក្រៃលែង
អន្តរាយនេះមិនអាចកម្ចាត់បង់បានដោយអំណាចមន្តវិជ្ជាការ
ណាៗទាំងអស់ ។

***************************************
៨៦- ជីវិតមានសីល ខ្ពង់ខ្ពស់ឧត្តម

-សីល គឺជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សទាំងឡាយ។
-សីល មានក្លិនក្រអូបផ្សាយទៅគ្រប់ទិស និងសមគួរគ្រប់កាល។
-សីល មានគុណអំណាចដ៏ខ្ពង់ខ្ពស់ ស្ថិតនៅក្នុងបុគ្គលណា បុគ្គល
នោះ មនុស្សនិងទេវតាគួរគោរពបូជា ។
-សីល ជាជណ្ដើរឡើងទៅកាន់ទេវលោក ។
-សីល ជាឧបាយនាំឱ្យបានសម្រេចឈាននិងអភិញ្ញា ។
-សីល ជាផ្លូវនាំឱ្យបានដល់មហានគរគឺព្រះនិព្វាន ។
-សីល ជាភូមិប្រតិស្ឋាននូវសាវកពោធិ បច្ចេកពោធិនិងសម្មា
សម្ពោធិញ្ញាណ។
-សីល នាំឱ្យសម្រេចនូវរបស់ដែលប្រាថ្នា ប្រៀបដូចកប្បព្រឹក្ស
ឬកែវទិព្វក្នុងទេវលោក ។

***************************************
៨៧- សីលជាខ្លឹមសារនៃជីវិត

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា ៖
-ម្នាលភីក្ខុទាំងឡាយ បើអ្នកទាំងឡាយប្រាថ្នាថាអាត្មាគប្បីជាទី
ស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីលើកតម្កើងនៃសព្រហ្ម
ចារីទាំងឡាយ អ្នកទាំងឡាយគប្បីធើ្វឱ្យបរិបូណ៌ក្នុងសីលទាំង
ឡាយចុះ ។

-ម្នាលអានន្ទ កុសលសីលមានការមិនក្ដៅក្រហាយជា
ប្រយោជន៍។

-សីលជាកុសលសម្បត្តិដ៏ខ្ពស់ក្រៃលែង ព្រោះអ្នកមានសីល
សូម្បីកើតក្នុងត្រកូលទាបក៏ជាបូជនីយបុគ្គលរបស់ក្សត្រមហា
សាលជាដើមដែរ ។

-សីលជាឥស្សរៈ មិនទាសៈនៃកិលេស មានកិលេសនាំឱ្យ
សម្លាប់សត្វជាដើម ។

-សីលធើ្វឱ្យជីវិតមានតម្លៃ សូម្បីរស់នៅមួយថ្ងៃក៏ប្រសើរជាងការ
រស់នៅអស់រយនៃឆ្នាំដែលអត់សីលដែរ ។

***************************************
៨៨- សីលប្រសើរជាងសម្បត្តិទ្រព្យ

-សីលប្រសើរជាងរូបសម្បត្តិ ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់
ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។

-សីលប្រសើរជាងវិមានប្រាសាទ ព្រោះនាំមកនូវការត្រជាក់ចិត្ត
ពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។

-សីលប្រសើរជាងក្រុមញាតិ ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗ
ដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។

-សីលប្រសើរជាងកងទ័ព មន្តអាគម និងថ្នាំវិសេសណាៗទាំង
អស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យ
ភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។

-សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។
-សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រ
និងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។

***************************************
៨៩- ជីវិតគឺការដើរផ្លូវ

ការដើរផ្លូវត្រូវមានទិសដៅ យ៉ាងណាមិញ ជីវិតគឺជាការដើរផ្លូវ
ក៏ត្រូវមានទិសដៅយ៉ាងនោះដែរ ។

អ្វីដែលជាទិសដៅនៃជីវិត មនុស្សយើងម្នាក់ៗត្រូវកំណត់ឱ្យបាន
ច្បាស់ ហើយព្យាយាមដើរ ជាមួយគ្នានោះ ត្រូវប្រយ័ត្នវង្វេង និង
ប្រយ័ត្នគ្រោះថ្នាក់ ។ មានមនុស្សច្រើនណាស់ ដែលមិនបាន
ដល់ទិសដៅ ព្រោះតែសេចក្ដីប្រមាទរបស់ខ្លួនឯង ។

ដើម្បីកុំឱ្យវង្វេង ត្រូវមើលផែនទី ។ ផែនទីជីវិតគឺជាព្រះធម៌ដែល
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ។

ដើម្បីឱ្យរួចពីគ្រោះថ្នាក់ ត្រូវប្រយ័ត្នគ្រប់ជំហាន និងត្រូវដឹងថាអ្វី
ជាគ្រោះថ្នាក់ ។ គ្រោះថ្នាក់នៃជីវិតមានច្រើនប្រការណាស់ គ្រប់
គ្នាកំពុងដើរ តើមានឧបករណ៍អ្វីជាគ្រឿងការពារ? និងអ្វីជា
ស្បៀង? អ្វីជាគ្នា ?

***************************************
៩០- ជីវិតគឺការដូរផ្លាស់

ដុំពពកកណ្ដាលផ្ទៃមេឃ ដូរផ្លាស់រូបរាងជានិច្ច។ ភាពល្អស្អាត
នៃព្រះអាទិត្យដែលជិតលិចក្ដី ភាពស្រស់ត្រកាលនៃធម្មជាតិ
ដទៃទៀតក្ដី ទាំងអស់គឺគ្រាន់តែជាសភាពដូរផ្លាស់ប៉ុណ្ណោះ
អ្វីៗទាំងអស់ក្នុងលោកមិននៅដដែលឡើយ ។

យើងមិនអាចបង្គាប់ការដូរផ្លាស់បានទេ ហើយអ្វីៗដែលដូរផ្លាស់
វារមែងដូរផ្លាស់ទៅតាមហេតុ តាមពេលវេលាតាមក្រឹត្យក្រមរបស់
វា។

ជីវិតគឺជាធម្មជាតិ ស្ថិតនៅក្នុងការដូរផ្លាស់ជានិច្ចតាំងពីកើតរហូត
ដល់ស្លាប់។ គ្រប់វ័យនៃជីវិតដូចថ្ងៃបណ្ដើរកូន ឬដូចជាដុំពពុះទឹក
យើងមិនអាចចាប់យកវ័យណាមួយបានឡើយ ។ តាមពិត សភាព
ដូរផ្លាស់ទាំងអស់របស់ធម្មជាតិគឺជាមាយាធម៌ ជាបិសាចតែម្នាក់
ពោលគឺទុក្ខតែម្យ៉ាង ។

***************************************
៩១- ជីីវិតគឺការតស៊ូ

តស៊ូជាមួយអ្វី? ឬជាមួយអ្នកណា? អ្នកខ្លះថាតស៊ូជាមួយការងារ
រកស៊ី ខ្លះថាតស៊ូយកឈ្នះអ្នកនេះអ្នកនោះ ។

អ្នកខ្លះ សម្លឹងឃើញមេឃដី អាកាសធាតុក្ដៅត្រជាក់ជាដើម ជា
គូតស៊ូ ខ្លះតស៊ូក្នុងការសិក្សាស្រាវជ្រាវ ។ល។

ក្នុងព្រះគាថាធម្មបទ សហស្សវគ្គ ប្រារព្ធព្រះនាង កុណ្ឌលកេសី
ថេរី ព្រះសាស្ដាទ្រង់ត្រាស់ថា ៖

យោ សហស្សំ សហស្សេន សង្គាមេ មានុសេ ជិនេ ឯកញ្ច
ជេយ្យមត្តានំ ស វេ សង្គាមដុត្តមោ ។

បុគ្គលណា ឈ្នះមនុស្ស១ លាននាក់ក្នុងសមរភូមិបុគ្គលនោះ មិន
ឈ្មោះថា ជាអ្នកឈ្នះដ៏ប្រសើរក្នុងសង្រ្គាមឡើយ ចំណែកបុគ្គល
ណាឈ្នះខ្លួនឯងម្នាក់បាន បុគ្គលនោះឈ្មោះថាជាអ្នកឈ្នះដ៏
ប្រសើរបំផុតនៅក្នុងសមរភូមិ ។

***************************************
៩២- ជីវិតគឺជាកន្លែងសិក្សា

មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវ
សិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្ត
ទៅយ៉ាងណា ? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។

មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវ
បង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។ ប្រារព្ធសុខសាមណេរ ព្រះ
សាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុង
ស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្ត
បដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។

ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះ
អប់រំទូន្មានខ្លួនឯង ។

***************************************
៩៣- ជីវិតគឺជានគរមច្ចុរាជ

យើងស្វែងរកឥស្សរភាពនៃជីវិត ប៉ុន្តែកាលផុតចាករឿងមួយ
បានហើយ យើងក៏ជាប់ជំពាក់ក្នុងរឿងក្នុងអារម្មណ៍មួយផ្សេង
ទៀត ។

យើងសម្លឹងមើលជីវិតដោយសេចក្ដីប្រមាទ និងដោយសេចក្ដី
ត្រេកត្រអាល ព្រោះមានរបស់លួងលោមចិត្តជាច្រើន ។ យើង
មិនបានគិតថា យើងដែលត្រេកត្រអាលភ្លើតភ្លើនក្នុងជីវិត
វាជាការលោតទម្លាក់ជ្រោះ ឬដូចជានាយព្រានជីករណ្ដៅសម្រាប់
ចាប់សត្វនោះឡើយ ។ ប្រារព្ធវិឌូឌភៈក្នុងបុប្ផវគ្គ ព្រះគាថាធម្មបទ
ព្រះអង្គ ទ្រង់ត្រាស់ថា ៖

បុប្ផានិ ហេវ បចិនន្ដំ ព្យាសត្តមនសំ នរំ សុត្តំ គាមំ
មហោឃោវ មច្ចុ អាទាយ គច្ឆតិ ។

មច្ចុរាជគឺសេចក្ដីស្លាប់ រមែងអូសទាញយកនូវនរជនដែលមាន
ចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ជាអ្នកកំពុងតែជ្រើសរើស
យកកម្រងផ្កាគឺបញ្ចកាមគុណទៅ ដូចជាទឹកជំនន់ដ៏ធំ ដែល
កួចយកអ្នកស្រុកកំពុងដេកលក់ដូច្នោះឯង ។

***************************************
៩៤- ជីវិតគឺជាគុកធំ

នៅក្នុងគុកធំមានបន្ទប់តូចៗជាច្រើន ក្នុងបន្ទប់ខ្លះមានការធើ្វ
ទារុណកម្មអ្នកទោសដ៏ខ្លាំងក្លា បន្ទប់ខ្លះទៀតមានទារុណកម្ម
ខ្សោយជាលំដាប់ ។

ជីវិតចាប់បដិសន្ធិ ជាការចូលបន្ទប់តូចក្នុងគុកធំ ឯកាស្លាប់វា
ជាការត្រូវដូរផ្លាស់បន្ទប់ក្នុងគុកប៉ុណ្ណោះ ។ ក្រសែជីវិតក្នុងវដ្ដ
សង្សារគឺជាគុកធំ កងទុក្ខទាំងពួងជាទារុណកម្ម។ សត្វលោក
ជាប់គុកក្នុងជីវិតខ្លួនឯង អវិជ្ជាជាអ្នកគ្រប់គ្រងគុកតណ្ហាជា
អ្នកចាប់ ឧបាទានជាខ្នោះនិងជាសោគុក កម្មជាអ្នកយាម
ជាអ្នកធើ្វទារុណកម្ម ជាអ្នកឱ្យបាយ និងជាអ្នកផ្លាស់ប្ដូរបន្ទប់
ឱ្យអ្នកទោស ។

នៅពេលបានសម្រេចជាព្រះអរហន្ត គឺជាពេលបាននូវសេចក្ដី
សម្រេចថាត្រូវចេញចាកគុក ដល់ពេលព្រះអរហន្តចុតិ គឺជា
ដំណើររួចផុតចាកគុក ជាការរួចផុតរហូត ។

***************************************
៩៥- ជីវិតគឺជាអ្នកចិញ្ចឹមឃាតកៈ

សត្វលោកត្រូវការភាពមាំទាំក្នុងជីវិត

ប្រាថ្នាការរួចផុតពីវិបត្តិភយន្តរាយទាំងពួងព្រោះហេតុដូច្នេះ
ទើបមនុស្សយើងមិនត្រូវបៀតបៀនដល់សត្វលោកឡើយ ។

មនុស្សយើងស្វែងរកគ្រឿងការពារជីវិត ចាត់វិធានការគ្រប់បែប
យ៉ាង តែក្នុងទីបំផុតត្រូវដេកស្លាប់ ទាំងដែលអ្នកការពារនិងគ្រឿង
ធានាអាយុជីវិតនៅជិតទាំងអស់ នេះព្រោះបញ្ចក្ខន្ធជាឃាតកៈអ្នក
សម្លាប់ផ្ដាច់ជីវិត ដែលជីវិតបានចិញ្ចឹមរហូតមកហ្នឹងឯង ។ ព្ររព្ធ
ឧត្តរាថេរីក្នុងជរាវគ្គព្រះគាថាធម្មបទ ព្រះអង្គ ទ្រង់ត្រាស់សម្ដែងថា៖

បរិជិណ្ណមិទំ រូបំ រោគនិទ្ធំ បភង្គុណំ ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ
ហិ ជីវិតំ ។

រូបនេះគ្រាំគ្រាទ្រុឌទ្រោមហើយ ជាទីអាស្រ័យនៅនៃរោគ ជារបស់
ដែលផុយរលួយ កាយរបស់ខ្លួនជារបស់ដែលស្អុយគួរខ្ពើមរអើម
នឹងបែកធ្លាយ ព្រោះថាជីវិតនេះមានសេចក្ដីស្លាប់ជាទីបំផុត ។

***************************************
៩៦- ជីវិតគឺពិតជាអនត្តា

ជីវិតគឺជាការប្រជុំព្រមដោយខន្ធទាំង ៥ មានការសន្មតទៅតាមអត្តភាព

ភពភូមិកំណើត ថាជាសត្វ មនុស្សទេវតា មារព្រហ្ម ។

នៅក្នុងព្រះអដ្ឋកថាបដិសម្ភិទាមគ្គ ភង្គានុបស្សនាញាណនិទ្ទេស
បានសម្ដែងបញ្ជាក់ច្បាស់លាស់ ៖

ខន្ធា និរុជ្ឈន្តិ ន ចត្ថិ អញ្ញោ ខន្ធាន ភេទោ មរណន្តិ វុច្ចតិ តេសំ
ខយំ បស្សតិ អប្បមត្តោ មណីវ វិជ្ឈំ វជិវេន យោនិសោ ។

ខន្ធទាំងឡាយរមែងរលត់ មិនមានអ្វីដទៃ (គឺមិនមានសត្វបុគ្គល)
ការបែកធ្លាយនៃខន្ធ លោកហៅថា មរណៈបុគ្គលមិនប្រមាទ
ឃើញការអស់ទៅនៃខន្ធទាំងនោះ ដោយយោនិសោមនសិការ
(គឺការធើ្វទុកក្នុងចិត្តត្រូវតាមទំនងហេតុផល) ដូចជាងកែវមណី
យកចិត្តទុកដាក់ចោះកែវមណីដោយកែវវជីរគឺពេជ្រ ដូច្នោះឯង។

***************************************
៩៧- ជីវិតគឺជាឆាកល្ខោន

អវិជ្ជាជាថៅកែល្ខោន តណ្ហាជាអ្នកជ្រើសរើសតួអង្គឧបាទាន
ជាមេបំណុល កម្មជាអ្នកចាត់ចែងសាច់រឿង ។

សត្វលោកសម្ដែងរឿងល្ខោនក្នុងឆាកជីវិត ពោលគឺតួអង្គខន្ធ
បញ្ចកៈ ប្រព្រឹត្តទៅក្នុងវដ្ដៈ ទោះជាសម្ដែងធើ្វជាមនុស្សយ៉ាង
ណា ឬទេវតាយ៉ាងម៉េចក៏ដោយ គឺវាគ្រាន់តែជាសាច់រឿង
ប៉ុណ្ណោះ។

អ្នកសម្ដែងត្រូវដូរសាច់រឿងជីវិត តាមការចាត់ចែងរបស់កម្ម
ម្ដងធើ្វនេះម្ដងធើ្វនោះ វាគ្រាន់តែជារឿងបញ្ញត្តិក្នុងរោងល្លោន
ជីវិតហ្នឹងឯង ។

តាមពិត បរមត្ថធម៌រហូតសង្សារវដ្ដ ពុំមែនជាសត្វបុគ្គលឡើយ។
រឿងរ៉ាវជីវិតគ្រប់បែបយ៉ាង មានតែក្នុងគំនិតប៉ុណ្ណោះ។

***************************************
៩៨- សុបិនជីវិត

ពេលដេកលក់ ចិត្តក្នុងមនោទ្វារ បានដឹងនូវរឿងរ៉ាវផ្សេងៗដែល
ហៅថាសុបិន ឬយល់សប្ដិ ។ រឿងរ៉ាវដែលបានឃើញនៅពេលយល់
សប្ដិនោះគឺជារឿងរ៉ាវប៉ុណ្ណោះមិនមែនជីវិតយ៉ាងណាសូម្បីរឿងរ៉ាវពិតៗ
ក្នុងជីវិតនេះ ក៏គ្រាន់តែជាអារម្មណប្បញ្ញត្តិរបស់ចិត្តក្នុងមនោទ្វារ
ប៉ុណ្ណឹងឯង ប្រៀបដូចជារឿងយល់សប្ដិនៅ ពេលដេកលក់យ៉ាង
នោះដែរ ។

ក្នុងជរាសូត្រ ព្រះអង្គទ្រង់ត្រាស់ថា ៖
បុគ្គលអ្នកភ្ញាក់ពីដេក

រមែងមិនឃើញនូវរូបារម្មណ៍ជាដើមដែលបានឃើញនៅពេលយល់សប្ដិ

យ៉ាងណាមិញបុគ្គលមិនឃើញជនជាទីស្រឡាញ់

ដែលធើ្វកាលកិរិយាទៅកាន់លោកខាងមុខហើយ ក៏យ៉ាងនោះដែរ ។

***************************************
៩៩- ដំណោះស្រាយបញ្ហាប្ដីប្រពន្ធ

រឿងប្ដីប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះឮព្រះអរិយ
បុគ្គល២ពួកគឺព្រះសោតាបន្ន និងព្រះសកទាគាមីដែលមិន
បានបួស ក៏នៅគ្រប់គ្រងផ្ទះដែរ ។

បើប្ដីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ
គ្រួសារនោះឯង ក៏រមែងមាននូវសេចក្ដីសុខតាមលោកិយវិស័យ។

ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផងព្រោះហេតុដូច្នេះ
ទើបមានការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នាដូចអណ្ដាតនិងធ្មេញ។

ប្ដីប្រពន្ធដែលនៅជាមួយគ្នា មានសេចក្ដីសុខ ឬមានទុក្ខនោះវា
អាស្រ័យហេតុគឺ ស្នេហ៍ និងស្នៀត ។

-ស្នេហ៍ គឺជាជ័រស្អិតដែលធើ្វឱ្យប្ដីឬប្រពន្ធស្រឡាញ់ដូចជាពាក្យ
ពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយស្លៀតពាក់តែង
ខ្លួនស្អាតបាត រៀបរយជានិច្ច ព្យាយាមក្នុងការងារដែលជាតួនាទី
របស់ខ្លួនជាដើម ។

ជាប្រពន្ធគឺត្រូវធើ្វការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង
សម្អាតបន្ទប់ មិនហួងហែងហួសហេតុ មិនមានចិត្តចង្អៀតពេក
មិនទាស់ទែងជាមួយញាតិមិត្តរបស់ប្ដី គោរពប្រណិប័តន៍ចំពោះ
ឪពុកម្ដាយក្មេក និងប្ដីជានិច្ច ចេះក្រែងចិត្តអ្នកដទៃ ស្មោះត្រង់
ចំពោះប្ដី ដាច់ខាតគឺកុំលេងល្បែងស៊ីសងនិងត្រូវចេះដឹងក្នុង
ការចាយវាយជាដើម ។

ជាប្ដីវិញ ត្រូវព្យាយាមធើ្វការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿង
ញៀន អបាយមុខសព្វគ្រប់ ធើ្វខ្លួនឱ្យជាប្ដីល្អ និងជាឱពុកល្អ
ស្មោះត្រង់ព្រមដោយក្ដីអាណិតចំពោះភរិយាខ្លួនរហូត យ៉ាង
នេះជាដើមដែរ ។

ប្ដីប្រពន្ធ ត្រូវសិក្សាឱ្យយល់ដល់ចិត្តគ្នាទៅវិញទៅមកហើយ
ព្យាយាមថ្នមចិត្តគ្នា ជាមនុស្សយល់ហេតុផល កុំចេះតែតាម
ចិត្តរបស់ខ្លួន ជាពិសេសត្រូវចេះនឹងរលឹកដល់គុណ គឺ
សេចក្ដីល្អរវាងគ្នានឹងគ្នា ។

-ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឱ្យមាននូវអពមង្គល
រហូតដល់ពេលជួបគ្នាមានតែជេរ ឬមុខក្រញូវរអ៊ូរទាំដាក់គ្នា គេច
មុខមិនចង់ជួបគ្នា មិនចង់ចូលផ្ទះ…។

វិធីបដិបត្តិ

ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងមុនថា ហេតុដែលកើតឡើងនេះ
កើតមកពីអ្វី? អ្នកណាជាអ្នកបង្កឡើង? បើឃើញថាមកពីយើង
ក៏ត្រូវព្រមទទួលនិងប្រញាប់សម្រេចចិត្តកែខៃឱ្យបានទាន់ពេល។

បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឱ្យប្រឹក្សារកការដោះ
ស្រាយ ម្នាក់ៗជាមនុស្ស គឺត្រូវតែជាអ្នកយល់ហេតុយល់ផល
តែបើដោះស្រាយមិនបាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅ
ទៀត ។

ឧបសគ្គសំខាន់ ដែលធើ្វឱ្យប្ដីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នា
មិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរួស ឃើញតែពីខ្លួនឯងពេករហូត
ដល់ខ្វះមេត្តា ខ្វះការប្រាថ្នាល្អដល់គ្នា ។

ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង
ហើយច្រើនតែបន្ទោសអ្នកដទៃដែលខុសនោះមិនដាច់ពីមាត់
និយាយដដែលៗ បើខ្លួនឯងធើ្វខុសវិញមិនព្រមទទួលឡើយ
ហើយបិទបាំងទៀតផង ។

ចំពោះបុថុជ្ជន ថាឱ្យធើ្វអ្វីមិនចេះខុសនោះគ្មានឡើយលើកលែង
តែមិនធើ្វអ្វីសោះ ឯការមិនធើ្វអ្វីសោះនោះ វាជាកំហុសមួយ
ដោយឡែកផ្សេងទៀត។

វិស័យមនុស្សល្អ កាលបើធើ្វខុសហើយ រមែងទទួលកំហុស និង
ព្រមកែប្រែ មិនឱ្យខុសដដែលៗឡើយ ។

មនុស្សដែលធើ្វខុសហើយ មិនព្រមទទួលកំហុសជាមនុស្សខូច
សុខភាពផ្លូវចិត្ត នៅទីណា ជាមួយអ្នកណាក៏ក្ដៅក្រហាយទីនោះ
ព្រោះបើមានកំហុសអ្វីមួយកើតឡើងចេះតែបន្ទោសអ្នកដទៃ
ប៉ុណ្ណោះ លុះដល់មានត្រូវ មានល្អវិញក៏ប្រញាប់ទទួលខ្លួនឯង
មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារនោះរក
សន្តិសុខបានដោយលំបាក ។

ព្រោះហេតុដូច្នោះ គូប្ដីប្រពន្ធណាត្រូវការសេចក្ដីសុខក្នុងការគ្រប់
គ្រងផ្ទះរួមគ្នា ត្រូវបណ្ដុះគុណធម៌ក្នុងការគ្រប់គ្រងផ្ទះ ឱ្យមានទៅ
វិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែល
រោយទៅដោយត្របកផ្កាកុលាប ពោលគឺមង្គលជីវិតជាពិតប្រាកដ
ហោង ។

ដំណោះស្រាយបញ្ហាប្ដីប្រពន្ធ (ត ២)

គោលធម៌បដិបត្តិ

ត្រូវបដិបត្តិគោលធម៌ ៣ ក្រុមគឺត្រូវមានសីល ៥ ព្រមដោយ
កល្យាណធម៌ ត្រូវវៀរចាកអបាយមុខ ៦ យ៉ាងនិងត្រូវមាន
នូវឃរាវាសធម៌ ៤យ៉ាង ។

ក្រុងទី ១

សីល ៥ ព្រមដោយកល្យាណធម៌
ក្រុងទី១ នេះត្រូវហ្វឹកហាត់ឱ្យបាន៖

១- មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយចម្រើននូវមេត្តា
ករុណាឱ្យដល់ព្រម ។
២- មិនធើ្វចោរកម្មគ្រប់យ៉ាង ហើយដល់ព្រមដោយការចិញ្ចឹម
ជីវិតដ៏ប្រពៃ ។
៣- មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្ដីសន្ដោសគឺព្រម
ល្មមចិត្តតែជាមួយនឹងគូគ្រងរបស់ខ្លួនប៉ុណ្ណោះ មាននូវកាមសំវរ
គឺការសង្រួមក្នុងកាមគុណទាំងឡាយ ។
៤- មិននិយាយកុហកព្រមទាំងមាននូវសច្ចៈ។
៥- មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំស្មារតីសេចក្ដីមិន
ប្រមាទឱ្យដល់ព្រម ។

ក្រុមទី ២

អបាយមុខ ៦ យ៉ាង
ក្រុមទី២ នេះត្រូវវៀរឱ្យបានជាដាច់ខាត ៖

១- សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។
២- ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។
៣- លេងល្បែងភ្នាល់ ។
៤- ដើរលេងមិនស្គាល់ពេលវេលា ។
៥- សេពគប់មនុស្សអាក្រក់ជាមិត្ត ។
៦- ខ្ជិលច្រអូសក្នុងការងារ ។

ដំណោះស្រាយបញ្ហាប្ដីប្រពន្ធ (ត ៣)

ឃរាវាសធម៌ ៤ យ៉ាង
ក្រុមទី ៣ នេះគួរឱ្យមានជាប្រចាំចិត្ត៖

១- សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា។
២- ទមៈ ហ្វឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។
៣- ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។
៤- ចាគៈ ចេះឱ្យទាន និងចេះលះបង់ ។

បើគ្រួសារណា ទាំងប្ដី ទាំងប្រពន្ធបដិបត្តិបាននូវធម៌៣ក្រុមនេះគឺក្រុម
ទី១ ហ្វឹកហាត់សម្រេចបាន ក្រុមទី២ វៀរចាកបាននិងក្រុមទី៣ កើត
មានជាប្រចាំចិត្ត ជីវិតពិតជាមាននូវសេចក្ដីសុខ តាមវិស័យរបស់
បុថុជ្ជនដែលជាមនុស្សល្អ ។

សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុង
ធម៌ ៣ ក្រុមនេះដែរឬទេ ឬក៏សង្កេតឃើញមានបញ្ហាចេញពីប្រភព
ផ្សេងទៀតដូចជា ៖

ការរអ៊ូរទាំ និយាយច្រើន

ចំណុចនេះដោយច្រើនគឺមាននៅលើស្រ្តីជាភរិយា ឬជាមាតា
ចំណែកបុរសជាស្វាមីឬជាបិតាក៏មានដែរតែតិចតួចទេ ។ ដើម
ហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗត្រូវធ្លាក់មករកតែ
ម្នាក់ ទាំងការក្រៅ ការក្នុង ដោះស្រាយមិនចេញកើតរោគ
សរសៃប្រសាទ ។

ដំណោះស្រាយបញ្ហាប្ដីប្រពន្ធ (ត ៤)

ដំណោះស្រាយ

ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធើ្វបាន ក៏ជួយទៅ
ធើ្វទៅ ។ មេផ្ទះដែលឆ្លាត មិនត្រូវចងការងារក្នុងផ្ទះទុកសម្រាប់តែ
ខ្លួនឯង អ្នកណាៗធើ្វមិនត្រូវចិត្តនោះទេគួរបង្រៀនកូនៗឱ្យចេះដឹង
ហើយឱ្យកូនធើ្វនូវកិច្ចការនោះជំនួសខ្លួន ។

គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើយើងធើ្វទៅហើយ
មានផលឱ្យបានសុខទាំងអស់គ្នា ការងារនោះយើងត្រូវរីករាយ
នឹងធើ្វ ព្រោះជាបុណ្យក្នុងជីវិតប្រចាំថ្ងៃ ។

ការធើ្វអ្វីស្រេចតែចិត្តខ្លួនឯង

ចំណុចនេះ គឺចូលចិត្តធើ្វអ្វីផ្ដាច់ការ មិនប្រឹក្សាគ្នាជាមុន។ ប្ដីប្រពន្ធ
ទោះបីថាមានរូបរាងផ្សេងគ្នា តែគួរមានបេះដូងជាមួយគ្នា ទើបក្នុង
ផ្ទះមានសន្តិសុខ ។ ប្ដីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់
កុំធើ្វអ្វីៗស្រេចតែចិត្តចង់ កុំអាងខ្លួនឯងឱ្យជ្រុល ពិតមែនតែមិនបាន
ធើ្វឱ្យគ្រួសារបែកបាក់គ្នា តែត្រូវដេកបែរខ្នងដាក់គ្នា ព្រោះហេតុមិនសប្បាយចិត្ត


ដំណោះស្រាយ

ត្រូវគ្រប់គ្រងចំណង់ មុខធើ្វឬនិយាយ ត្រូវមានសតិនិងបញ្ញាគ្រប់គ្រង
ជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វីដែលរង្កៀសហើយត្រូវកុំធើ្វកុំនិយាយ

ត្រូវលះទិដ្ឋិមានះ និងឧបាទានចេញពីចិត្ត ដោយយកហេតុផល

និងភាពត្រឹមត្រូវជាគោលបដិបត្តិ ។

***************************************
១០០- ដំណោះស្រាយបញ្ហាកូន

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីបុត្រ ៣ ប្រភេទគឺអតិជាតបុត្រ
អនុជាតបុត្រ និងអវជាតបុត្រ ដោយទ្រង់លើកយកសីល ៥ មកជា
គ្រឿងវាស់ដូចតទៅ ៖

អតិជាតបុត្រ កូនដែលខ្ពស់ជាងត្រកូល គឺឪពុកម្ដាយមិនមានសីល៥
តែកូនជាអ្នកមានសីល ៥ ។

អនុជាតបុត្រ កូនដែលស្មើនឹងត្រកូល គឺឪពុកម្ដាយមានសីល ៥
ហើយកូនក៏ជាអ្នកមានសីល ៥ ផងដែរ ។

អវជាតបុត្រ កូនដែលទាបជាងត្រកូល គឺឪពុកម្ដាយមានសីល៥
តែកូនជាអ្នកមិនមានសីល ៥ ។

ឪពុកម្ដាយក្នុងសម័យបច្ចុប្បន្ននេះ មានច្រើនណាស់ដែលគិតខំ
តែពីការរកប្រាក់ទុកឱ្យកូន ត្រូវការឱ្យកូនរៀនពូកែរៀនបានខ្ពស់
ធើ្វការងារស្រាល មានកិត្តិយស ប្រាក់ខែច្រើនមានបានធូរធារ។

ម៉ែឪដោយច្រើនមិនសូវយកចិត្តទុកដាក់ចំពោះគុណធម៌ ឱ្យមាន
ក្នុងខ្លួនកូននោះទេ លទ្ធផលក៏គឺការខកចិត្ត យំបង្ហូរទឹកភ្នែក
កើតរោគសរសៃប្រសាទ ទាំងដែលកំពុងតែមានប្រាក់ច្រើន
ហ្នឹងឯង ។

ចេះតែតាមចិត្តកូនក្នុងផ្លូវខុស ថ្នមកូនមិនព្រមឱ្យកូនធើ្វអ្វីឡើយ
ដោយមានម៉ែមានឪឬមានអ្នកបម្រើធើ្វឱ្យស្រេចៗ កូនចង់បានអ្វី
ក៏ឱ្យ ចង់បានប្រាក់ប៉ុនណាក៏តាមចិត្តកូនគ្រប់យ៉ាង។

កូនក៏ក្លាយទៅដូចជាកូនទេវតា ប្រាថ្នាអ្វីក៏បានដូចចិត្តជាមនុស្ស
សំគាល់ខ្លួនខ្លាំង ពូកែចាយប្រាក់ តែកិច្ចការអ្វីៗមិនពូកែឡើយ
ដូចចាស់បុរាណពោលថា (ជើងមិនជាន់ដី ឬជាន់អាចម៍មាន់
មិនពៀច) ។

ការដែលត្រូវនោះ គឺសំដៅត្រង់បណ្ដុះបណ្ដាលនូវគុណធម៌
ឬសីលធម៌ឱ្យកើតមានក្នុងខ្លួនកូន គឺក្នុងចិត្តសន្ដានរបស់កូន
នៅតូចៗ ។ កាលកូនតូចមាននូវគុណធម៌ឬសីលធម៌ក្នុងចិត្ត

សន្ដានហើយ រមែងជាកូនកតញ្ញូមាននូវកតវេទិតាធម៌ចំពោះ
ម៉ែឪ គោរពនិងជឿស្ដាប់ដំបូន្មានរបស់មាតាបិតា ធើ្វតែការងារ
ល្អប្រសើរ នាំមកនូវការរីករាយចិត្តឱ្យដល់មាតាបិតា រាល់ពេល
ដែលនឹកឃើញដល់កូន ។

តែបើកូនខ្វះខាតនូវគុណធម៌ឬសីលធម៌ហើយ ទោះបីមានការចេះ
ដឹងក្នុងវិជ្ជាជីវៈខ្ពស់យ៉ាងណាក៏ដោយ ក៏មិនអាចជួយខ្លួនឱ្យរួចពី
អាក្រក់បានដែរ ។

បើមិនប្រញាប់បណ្ដុះបណ្ដាលនូវសីលធម៌ គុណធម៌ក្នុងចិត្តសន្ដាន
របស់កូនទុកតាំងតែពីកូននៅតូចទេ ឱកាសដែលកូននឹងបានទៅជា
មនុស្សល្អនោះ គឺពិតជាលំបាករក ។

រឹតតែលំបាករាល់ថ្ងៃទៅទៀត ព្រោះវិជ្ជាការខាងវត្ថុរឹតតែចម្រើន ចិត្ត
របស់មនុស្សក្នុងលោករឹតតែធ្លាក់ចុះ ចូលក្នុងការឃើញតែពីខ្លួនឯង
កាន់តែជ្រៅទៅ ចិត្តសន្ដានចេះតែកាចឡើងសាហាវឡើង ។

ដើមហេតុដែលសំខាន់គឺ ការប្រជែងគ្នាក្នុងរឿងវត្ថុសម្ភារៈ ម៉ែឪត្រូវ
ចេញទៅរកប្រាក់រឿុយៗ ហើយក៏អាចឃ្លាតឆ្ងាយពីកូនរឿយៗផង
ដែរ ។

ដោយហេតុនេះ រឿងមិត្តសម្លាញ់ទើបត្រូវបានមកជាបញ្ហាសំខាន់
របស់កូន។ ម៉ែឪដែលល្អ រមែងមិនបណ្ដោយតាមចិត្តកូនក្នុងផ្លូវ
ដែលខុសឡើយ នៅពេលដឹងថាកូនធើ្វខុសហើយ ក៏បានដាស់
តឿន ពេលខ្លះជេរ ពេលខ្លះមានរហូតដល់វាយទៀតផង ។

ចំណែកមិត្តសម្លាញ់របស់កូនវិញ មានតែពាក្យផ្អែមធើ្វអ្វីក៏បាន
ស្រេចតែចិត្ត មានតែសរសើរសូម្បីក្នុងផ្លូវខុសដូច្នេះ ទើបត្រូវ
ស្រឡាញ់មិត្តជាងម៉ែឪទៅទៀត ។

មនុស្សយើងកាលបើស្រឡាញ់គ្នាហើយ រមែងថ្នមចិត្តគ្នា ថែមទាំង
ព្យាយាមធើ្វអ្វីៗ តាមដែលមិត្តចូលចិត្ត ឬសំណូមពរ ។

ចំណុចងងឹត ឬចំណុចភ្លឺរបស់កូន នៅត្រង់នេះឯងបើគប់ជាមួយមិត្ត
ល្អ ក៏ជាសំណាងបុណ្យ តែបើគប់ជាមួយមិត្តអាក្រក់ ក៏នាំឱ្យខ្លួន
វិនាស ខូចអនាគត ទម្រាំតែដឹងខ្លួនវាហួសអស់ទៅហើយ ។

ហេតុម្យ៉ាងទៀង ដែលកូនៗ មិនមានការគោរពឬជឿស្ដាប់ម៉ែឪ
គឺព្រោះអាស្រ័យការប្រព្រឹត្តផ្ទាល់ខ្លួនរបស់មាតាបិតា ដូចជា ៖

មិនបានឱ្យការកក់ក្ដៅដល់កូន ឱ្យប្រាក់ចាយឱ្យបាយបរិភោគ
និងអ្វីៗទៀតក៏ពិតហើយ ប៉ុន្តែបានជាភ្លេចថា មនុស្សយើងមាន
ទាំងកាយមានទាំងចិត្ត ។ ការឱ្យនូវអាហារគួរឱ្យទាំងផ្លូវកាយ
ទាំងផ្លូវចិត្ត ។

ធើ្វខ្លួនជាគំរូមិនល្អ លេងស្រី ញៀនស្រា ជាប់ល្បែងភ្នាល់ រកស៊ី
ខុសច្បាប់ ។ល។

តាមអំណាចខ្លាំងពេក ខ្វះការពិនិត្យហេតុផលនៅពេលកូនធើ្វអ្វី
ខុសបន្តិចបន្តួច ឬខុសធំគ្រាន់ទៅនោះចេះតែជេរប្រទេច វាយ
ទាត់ធាក់ ប្រើអំណាចគំរាមកំហែង ។ ជាការឈ្នះកូនតាមផ្លូវកាយ
តែមិនអាចឈ្នះកូនតាមផ្លូវចិត្តឡើយ ។ ការគ្រប់គ្រងល្អបំផុត
គឺត្រូវគ្រប់គ្រងផ្លូវចិត្ត ។

ស្រឡាញ់កូនតាមចិត្តខ្លួនពេក ត្រូវការឱ្យកូនធើ្វយ៉ាងនេះ យ៉ាងនោះ
ដូចជាត្រូវរៀនមុខវិជ្ជានោះ ត្រូវធើ្វការងារនេះ ដូច្នេះជាដើម ហាក់
ដូចជាកូនមិនមានចិត្ត មិនមានបេះដូងអ្វីខ្លួនឯងសោះអីចឹង។ បង្ខំកូន
តាមចិត្តខ្លួនឯងជាម៉ែជាឪពេក នាំឱ្យខូចមនោសញ្ចេតនា ។

រអ៊ូរទាំច្រើនពេក គ្រប់គ្នាមិនថាក្មេងឬចាស់រមែងមិនចូលចិត្ត
មនុស្សរង៉ែរអ៊ូរទាំឡើយ ។ អ្នកស្ដាប់មានការធុញទ្រាន់ តែអ្នក
ពោលចូលចិត្តតែខ្លួនឯង ។ ឪពុកម្ដាយបើចង់ឱ្យកូនៗនៅជិត
គួរតែប្រយ័ត្នត្រង់ចំណុចនេះ ។

ចិញ្ចឹមកូនឱ្យខ្ជិល គឺខ្លាចកូនហត់នឿយ ខ្លាចកូនលំបាកម្ល៉ោះ
ហើយ អ្វីៗធើ្វជួសកូនគ្រប់យ៉ាង ។ កូនធើ្វអ្វីៗខ្លួនឯងអត់កើត
ទាំងអស់ ធំៗកម្លោះ ក្រមុំអស់ហើយបោខោអាវខ្លួនឯងក៏មិន
ស្អាត ដាំបាយមិនឆ្អិន… ចូលក្នុងពាក្យចាស់ថា (ចិញ្ចឹមកូន
មិនឱ្យធំ) ។

មាតាបិតាមានកូនល្អ នៅពេលដែលនឹកដល់រឿងកូនហើយ ក៏
បានសប្បាយចិត្ត នេះក៏ជាផលបុណ្យដែលមាតាបិតាបានធើ្វ
ទុកមក ។

មាតាបិតាមានកូនមិនល្អ កូនកើតមកជាសត្រូវ កើតមកបំផ្លាញ
បង្កតែទុក្ខក្ដៅក្រហាយមិនចេះចប់ នេះគឺមកអំពីអកុសលកម្ម
ឱ្យផល ។

រឿងដែលត្រូវ យើងគួរសិក្សាអំពីជីវិត ទទួលការពិតប្រឹងធើ្វល្អ
ជាបន្ត កុំឱ្យខូចចិត្ត ។ ត្រូវយល់អំពីអកុសលវិបាកសូម្បីតែ
ព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ទទួលនូវអកុសលវិបាកដែរ ។ ព្រះបាទ
ពិម្ពិសារជាព្រះអរិយបុគ្គល ត្រូវទទួលផលបាបយ៉ាងខ្លាំង
ហើយក៏សោយទិវង្គតទៅដោយសារកូនជាអ្នកសម្លាប់ ។

កុំគិតប្រៀបធៀបថា កូនគេមិនដូចជាកូនយើង ។ មនុស្សយើង
រមែងប្រព្រឹត្តទៅតាមកម្មរៀងៗខ្លួន ដូច្នេះតើឱ្យដូចគ្នាយ៉ាងម៉េច
ទៅ បើអាចជ្រើសរើសបាន គ្រប់គ្នាត្រូវជ្រើសយកតែអ្វីៗដែល
ល្អ គ្មានក្រ គ្មានឈឺ គ្មានកំណើតសត្វតិរច្ចានជាដើមឡើយ ។

កតញ្ញុតាធម៌ ជាភូមិឋានដ៏សំខាន់នៃគុណធម៌គ្រប់យ៉ាងផ្សេងទៀត
និងជាគ្រឿងសំគាល់ថាជាមនុស្សល្អ គួរបណ្ដុះបណ្ដាលឱ្យកើតមាន
ក្នុងចិត្តសន្ដានរបស់កូន ។

ចិញ្ចឹមកូនដោយហេតុផល ត្រូវតាមកូនក្នុងផ្លូវដែលត្រូវ ជំទាស់ក្នុង
ផ្លូវដែលខុស សរសើរក្នុងការងារល្អ អប់រំជានិច្ចក្រើនរំលឹកឱ្យបាន
ច្បាស់ ចំពោះកំហុសដែលកូនមាន អាចដាក់ទណ្ឌកម្មបានក៏ដាក់
ទៅ ។

បង្រៀនឱ្យកូនចេះប្រើគំនិត ដូចជាការងារមុខនាទីជាដើម ត្រូវ
បង្ហាត់ឱ្យកូនចេះប្រើគំនិតខ្លួនឯង ដោយមិនចាំបាច់ចង្អុលប្រាប់
គ្រប់មុខគ្រប់យ៉ាងនោះទេ ។

ប្រៀនឱ្យកូនចេះទទួលខុសត្រូវ គឺការងារអ្វីៗដែលកូនបានធើ្វ
បើខុសត្រូវចេះទទួលសារភាព ត្រូវចេះកែប្រែកុំឱ្យខុសដដែលៗ។
ការងារជាកិត្តិយសរបស់មនុស្ស បើមានកំហុសត្រូវទុកជាគ្រូ ។

ត្រូវចេះចិញ្ចឹមកូនឱ្យបានធំ កុំព្យាយាមចិញ្ចឹមកូនឱ្យតឿព្រោះម៉ែឪ
មិនអាចចេះតែនៅតាមចិញ្ចឹមកូនរហូត មួយជីវិតកូននោះបាន
ឡើយ។

ត្រូវតែជាគំរូល្អរបស់កូន កុំអនុវត្តតាមពាក្យដែលថា (ពុតគ្រូកុំត្រាប់
ច្បាប់គ្រូឱ្យយក) ឱ្យសោះ ។

ត្រូវស្រឡាញ់កូនដោយព្រហ្មវិហារឱ្យគ្រប់ទាំង ៤ កុំស្ដែងចេញឱ្យ
កូនដឹងថា ម៉ែឪស្រឡាញ់កូនមិនស្មើគ្នា (អគតិ) ។

គួររកឱកាសនាំកូនៗទៅវត្ត ស្ដាប់ធម៌ ឱ្យទាន រក្សាសីល ចម្រើន
ភាវនាតាមសមគួរ ជាពិសេសមុនកូនគេង ត្រូវបង្ហាត់ឱ្យកូនៗថ្វាយ
បង្គំព្រះ សូត្រធម៌ ថ្វាយបង្គំមាតាបិតាជានិច្ច ។

ត្រូវកុំភ្លេចថាយើងមានតួនាទីចិញ្ចឹមកូនឱ្យបានល្អ ហើយក៏កុំភ្លេចដែរ
ថា បើគេមិនចេះស្រឡាញ់សេចក្ដីល្អទេ វាជាបាបគ្រោះរបស់គេ

ពេលណាគេទទួលផល យូរៗទៅគេនឹងរាងចាល ។

កុំព្រមអត់សីលខ្លួនឯង ដោយព្រោះតែមុខរបរដើម្បីចិញ្ចឹមជីវិតខ្លួន
និងជីវិតកូនជាដើមឱ្យសោះ ។ សត្វកើតមកហើយ តែងស្លាប់ជា
ធម្មតា ធើ្វការរកស៊ីអ្វីក៏ស្លាប់ដែរ តែសូមឱ្យស្លាប់ជាមួយនឹងសីល។

***************************************
៚៚៚ កំណាព្យ ៚៚៚

ព្រះសារីបុត្រទូលព្រះថា ហេតុខ្ញុំព្រះករុណាមិនអាល័យ
មិនត្រេកអរនឹងវេទនាបី សូមថ្វាយសេចក្ដីដូច្នេះថា។
វេទនាទាំងបីមិនទៀងទាត់ កើតហើយប្រាសព្រាត់គ្រប់វេលា
ទោះចិត្តបានសោយសុខវេទនា គង់ប្រែគ្រាំគ្រាជាទុក្ខព្រួយ។
ព្រះពុទ្ធទទួលថា សាធុ អ្នកមានអាយុពិតជាជួយ
ការសោយអារម្មណ៍ឯណាមួយ ក្នុងលោកទុក្ខព្រួយនឹងមានខ្លាំង។
ការសោយវេទនាគ្រប់ប្រភេទ យំកិញ្ចិវេទយិតំ តំ
ទុក្ខស្មិន្តិ ទុក្ខកើតខ្លាំង បើនៅពឹងអាងធម៌លោកីយ៍។
ចិត្តព្រះអរហន្តមិនញាប់ញ័រ ពេលជួបលោកធម៌ទាំងប្រាំបី
លោកដាក់ចិត្តកាយដូចផែនដី ទទួលគ្រប់អ្វីៗដែលមកដល់។

(ដោយឧបាសិកា ឱម លក្ខណា)

——————————————

បើចង់ឱ្យគ្រប់ត្រូវឈប់ចង់

អ្នកបានរាល់ថ្ងៃរឹតតែចង់ មិនអស់ចំណងនៅតែប៉ង
ចំណែកអ្នកបានយូរៗម្ដង មិនបានដូចប៉ងត្រូវចេះទប់។
ចំណង់កើតពីកាមតណ្ហា នាំចិត្តប្រាថ្នាចង់គ្មានឈប់
តាំងពីព្រលឹមទល់ព្រលប់ ចង់ចង់ឱ្យគ្រប់ត្រូវឈប់ចង់។

(ដោយឧបាសិកា ឱម លក្ខណា)

——————————————

ឈ្នះខ្លួនឯងទើបប្រសើរ

ឈ្នះអ្នកដទៃនាំមានពៀរ ឈ្នះកិលេសមារសុខអង្វែង
ឈ្នះគេនៅតែព្រួយចំបែង ការឈ្នះខ្លួនឯងទើបប្រសើរ។

(ដោយឧបាសិកា ឱម លក្ខណា)

——————————————

មនុស្សពិត

ទោះបីដឹងថា កម្មនេះចែងចារ វាសនាជីវិត
មិនគួរលះបង់ ព្យាយាមក្នុងចិត្ត ផ្ដេកផ្ដួលគំនិត
ត្បិតកម្មវាសានា។

កម្មអ្នកកំហិត មនុស្សអ្នកប្រព្រឹត្ត ដោយចិត្តហានក្លា
អាចជាបច្ច័យ លកលៃជួយស្ដារ កែប្រែវាសនា
ថ្លៃថ្លាប្រពៃ។

យើងជាមនុស្សពិត ឈរឡើងពិនិត្យ ឱ្យដឹងសេចក្ដី
ពង្រឹងជំហរ ប្រាថ្នាស្មារតី ប៉ាន់ធីកែខៃ
វិថីជីវិត។

រូបកើតព្រោះកម្ម បុណ្យបាបចំណាំ ព្រោះកម្មអតីត
បញ្ញាជាងច្នៃ ថ្វីដៃពិសិដ្ឋ បិទបាបឱ្យជិត
ត្បិតបុណ្យបច្ចុប្បន្ន។

ព្យាយាមអត់ធន់ បញ្ញាជាទុន នៅពេលអាសន្ន
កុំព្រួយភ័យភិត គិតពីបែរបន់ ឥតមានអ្នកគ្រាន់
ជាងខ្លួនយើងឡើយ។

បុណ្យព្រេងវាសនា គឺយើងអ្នកចារ ដោយខ្លួនឯងហើយ
ឥតមានឥន្រ្ទព្រហ្ម ណាកំណត់ឱ្យ ផុតទុក្ខល្ហែល្ហើយ
ដោយការយល់ត្រូវ។

ព្យាយាមជាថ្មី ថ្ងៃមុនចាញ់ដៃ ថ្ងៃនេះអាស្រូវ
កំហុសពីមុន គន់កែតម្រូវ ធើ្វខ្លួនឱ្យទៅ
ជាម្ចាស់វាសនា។

ព្យាយាមពុះជ្រែក ទោះទាំងទឹកភ្នែគ ហូរជោកភក្រ្ដា
កំចាត់កិលេស ឆេះក្នុងអាត្មា ទើបឆ្លងសង្សារ
ដល់ត្រើយក្សេមក្សាន្ត។

(ដោយឧបាសិកា ជូ ស៊ូហៀង)

—————————————-

កុំចេះតែចង់ គ្មានប្លង់កុំទៅ

បានអាចបានស្ដាប់សារសព្ទវែងខ្លី ពាក្យពេចន៍មានន័យសម្ដីទឹកឃ្មុំ
ផ្អែមល្ហែមរៀបរាប់បង្កប់អប់រំ ធម៌ព្រះពាក្យព្រហ្មចាស់ទុំទូន្មាន។

ថាកុំចង់បានរបស់ដែលអត់ ហេតុមិនប្រាកដកុំចង់បំពាន
កុំជាប់ចិត្តនឹងរបស់ដែលមាន អ្វីទាំងប៉ុន្មានពុំមានខ្លឹមសារ។

ព្រោះអ្វីកើតឡើងមានហេតុបច្ច័យ ពេលហេតុអស់ថ្លៃរលត់សង្ខារ
កើតហើយអស់ទៅជារឿងធម្មតា ជរាពិការជាអ្នកកំដរ។

គ្មានអ្វីដែលល្អសម្រាប់យើងឡើយ ជាងយើងនេះហើយដែលជាមនុស្សល្អ
ប្រព្រឹត្តបដិបត្តិតាមផ្លូវព្រះធម៌ ជីវិតបវរទទួលជោគជ័យ។

ជីវិតជាការតស៊ូប្រឹងប្រែង អប់រំខ្លួនឯងតាមធម៌វិន័យ
កុំអស់សង្ឃឹមគិតតែពីភ័យ ត្រូវខំលកលៃតាមតួនាទី។

ជីវិតជាការប្រែប្រួលប្ដូរផ្លាស់ ពីក្មេងទៅចាស់ជរាញាំញី
ចុងក្រោយគឺស្លាប់ចោលលើប្រឹថពី ចំណីធរណីចោលកូនរហង់។

ជីវិតប្រៀបដូចជាការដើរផ្លូវ ព្រះធម៌គង់នៅប្រៀបដូចជាប្លង់
ផែនទីនៅមានម្ដេចមិនតម្រង់ ដើរវិលឥតប្លង់កុំចង់ដល់ឆាប់។

ភ្លឺណាស់ច្បាស់ណាស់ព្រះសទ្ធម្មថ្លៃ អស់ក្ដីសង្ស័យក្រោយពីបានស្ដាប់
ប្រៀបដូចបើកផ្ងាររបស់ដែលផ្កាប់ ឬដូចគេប្រាប់អ្វីដែលកំបាំង។

ដូចបង្ហាញផ្លូវដល់អ្នកវង្វេង ដែលដើរផ្សងព្រេងដល់ទីតាំង
ឬដូចគេទ្រោលប្រទីបបញ្ចាំង ទីងងឹតខ្លាំងឱ្យមានរស្មី។

អ្នកមានភ្នែកភ្លឺអាចយល់សណ្ឋាន មើលឃើញដឹងបានចម្រើនស្មារតី
គេចផុតវាលភក់នរកអវីចី ឆ្លងផុតទុក្ខភ័យអាស្រ័យធម្មយាន។

ខ្ញុំសូមប្រកាសសច្ចវាចា ថាបុណ្យនេះណាកើតព្រោះធម្មទាន
ដែលធ្លាប់បានស្ដាប់មកទាំងប៉ុន្មាន នាំចិត្តសន្ដានឱ្យមានសទ្ធា។

សូមអនុមោទនាកុសល ឧទ្ទិសជូនផលដល់ញាតិគ្រប់គ្នា
មាតាបិតាគ្រូឧបជ្ឈាយ៍ បងប្អូនមីងមាញាតិគ្រប់សន្ដាន។

សូមឱ្យបានសុខសិរីសួស្ដី ផុតទុក្ខផុតភ័យរកស៊ីមានបាន
សូមបុណ្យដែលខ្ញុំធើ្វទាំងប៉ុន្មាន ជួយនាំរុញច្រានបានជួបធម៌ពិត។

បើមានគូគ្រងសូមគូដោយធម៌ បើមានកូន ព សូមជាបណ្ឌិត
សូមជួបតែញាតិជាកល្យាណមិត្ត សូមមានគំនិតគិតតែរឿងល្អ។

គ្រប់ជាតិសូមជួបតែផ្លូវមានប្លង់ បុណ្យជួយតម្រង់ទានតាមកំដរ
បើមានភ្លាំងភ្លាត់សីលស្រង់បន្ត សូមតោងព្រះធម៌លុះដល់និព្វាន។

ចាប់ពីបច្ចុប្បន្នជាតិនេះតទៅ សូមដើរតាមផ្លូវនៃព្រះទ្រង់ញាណ
ផ្លូវឆ្នៃបន្លំកុំឱ្យកើតមាន សូមដល់និព្វានកុំយឺតយូរឡើយ។

(ដោយឧបាសក គុយ សុធន)

————————–
៚ សព្វរតឹ ធម្មរតិ ជិនាតិ
សេចក្ដីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្ដីត្រេកអរទាំងពួង។
៚តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ
ការអស់ទៅនៃតណ្ហា ឈ្នះអស់ទុក្ខទាំងពួង។
៚សុខា សទ្ធម្មទេសនា
ការសម្ដែងនូវព្រះសទ្ធម្ម នាំមកនូវសេចក្ដីសុខ
៚សុខោ បុញ្ញស្ស ឧច្ចយោ
ការសន្សំបុណ្យ នាំមកនូវសេចក្ដីសុខ

——————————————-

៚ ម្លប់ធម៌ម្លប់ជីវិត ៚

ពេលរដូវក្ដៅ ថ្ងៃត្រង់ ស្ងប់ខ្យល់ នៅកណ្ដាលវាល មានកម្ដៅ
ក្ដៅខ្លាំងណាស់​ ប៉ុន្តែដើមឈើក៏ឋិតនៅទ្រាំទ្រទទួលកម្ដៅថ្ងៃ
យ៉ាងគួរឱ្យសរសើរ។
មើលចុះ! មើលដើមឈើដែលឱ្យម្លប់ដ៏ត្រជាក់ដល់មនុស្ស
និង សត្វ រមែងធន់ទ្រាំនឹងកម្លាំងព្រះអាទិត្យធម្មជាតិរបស់ខ្លួន។
មនុស្សក៏ដូចគ្នា អ្នកដែលជាទីពឹង ជាម្លប់ត្រជាក់នៃអ្នកដទៃ
ខ្លួនឯងត្រូវមានសេចក្ដីអត់ធន់ តស៊ូជាមួយគ្នានឹង​សេចក្ដីលំបាក។
មើលមាតាបិតាចុះ! ដែលលោកទាំងពីរជាទីពឹងរបស់កូនតើ
លោកព្រមលំបាកយ៉ាងណាខ្លះ។
ព្រះធម៌ដែលសម្រេចបានមកពីការព្យាយាមដ៏ខ្លាំងក្លារមែងជា
ម្លប់របស់ចិត្ត។
មនុស្សល្អរមែងធើ្វជាម្លប់ឱ្យជីវិតខ្លួនឯង។

——————————————————————-

No comments