អត្ថបទទើបផ្សាយចេញ

រឿងៈ គ្រូពេទ្យជើងបួន(កុម្ភៈកុមារ)

  រឿង៖គ្រូពេទ្យជើងបួន

        ត្រកូលសេដ្ឋីមួយ មានកូន៥នាក់សុទ្ធតែប្រុសទាំងអស់ ហើយកូនទី៥ កើតមកមានតែដៃនិងដងខ្លួន គ្មានជើងដើរនឹងគេនោះទេ។សេដ្ឋីជាមាតាបិតាមានសេចក្តីអៀនខ្មាស ដោយនឹកថាកូនពិការដូច្នេះមិនសមកិត្តិយសខ្លួន ក៏ប្រើទាសីឱ្យយកកូននោះដាក់ក្នុងឆ្នាំងបណ្តែតទឹកចោលទៅ។ ឆ្នាំងបាននាំទារកកំសត់អនាថានោះ ទៅតាមល្បឿនខ្សែទឹកហូរអស់មួយរាត្រី ក៏បានទៅដល់ភូមិមួយរបស់ព្រាហ្មណ៍អ្នកចេះវេជ្ជសាស្រ្ត(វិជ្ជាពេទ្យ) នៅជាយដែន។ព្រាហ្មណ៍រើសឆ្នាំងនោះ បានឃើញទារកកំបុតជើង ដែលនៅមានជីវិតនៅឡើយ មានសេចក្តីត្រេកអរណាស់ យកទៅចិញ្ចឹមថ្នាក់ថ្នមរក្សាដូចជាកូនរបសប់ខ្លួន សន្មតអោយឈ្មោះថា"កុម្ភកុមារ"។ចំណែកនាងទាសី ដែលយកទារកទៅបណ្តែតទឹក ដល់ត្រឡប់មកផ្ទះវិញ មានសេចក្តីអាណិតអាសូរចំពោះទារកនោះដេកមិនលក់ កណ្តាលអាធ្រាតុនាងដាច់ចិត្តរត់ចោលសេដ្ឋីជាចៅហ្វាយ ទៅតាមរកទារកនោះ ដើម្បីយកមកចិញ្ចឹម។

នាងទាសីក៏បានទៅជួបទារកនៅផ្ទះព្រាហ្មណ៍ ប៉ុន្តែនាងមិននិយាយអ្វីសោះ បែរជាសុំព្រហ្មណីនៅបំរើដោយឥតយកឈ្នួលទៅវិញ។ព្រាហ្មណ៍នឹកអស្ចារ្យក្នុងចិត្តណាស់ ថាទារកនេះជាមហាសេរីរបស់អញ គ្រាន់តែមកដល់ផ្ទះអញមានខ្ញុំបំរើភ្លាម។


៨ឆ្នាំកន្លងផុតទៅ កុម្ភកុមារចេះនិយាយស្តីដឹងការខុសត្រូវសព្វយ៉ាង ពេលនោះនាងទាសីមានឱកាសក៏ប្រាប់អាថ៌កំបាំងដល់កុមារតាមដំណើរ។ កុមារក្រោយពីបានដឹងសាច់រឿងហើយ ទឹកភ្នែកក៏ស្រក់ហូររហាមនឹកស្រណោះខ្លួនថា៖"អញជាមនុស្សអនាថា ជរាពិការដែលគេបំបរបង់ ប្រៀបដូចជាមនុស្សកាក់សំណល់ ដែលមិនអាចនឹងធ្វើខ្លួនឱ្យទៅជាមនុស្សមានទ្រព្យសម្បត្តិយសសក្តិនឹងគេបានឡើយ។" រួចក៏អោយទាសីនាំទៅប្រាប់ព្រាហ្មណ៍ជាឪពុកចិញ្ចឹម។

    ព្រាហណ៍បានដឹងរឿងរ៉ាវរបស់កុមារអស់ហើយ ក៏លួងលោម និង បានឲ្យដំបូន្មានថា

«ទ្រព្យសម្បត្តិយសសក្តិ មិនមែនកើតពីដៃជើង ពីឪពុកម្តាយ ពីញាត្តិមិត្តទេ គឺពិតជាកើតពីសេចក្តីព្យាយាម សូម្បីដំណក់ទឹកជាវត្ថុទន់ជ្រាយគ្មានវិញ្ញាណ គ្មានដៃជើង គ្មានឪពុកម្តាយញាតិមិត្ត ក៏អាចចោះទម្លុះថ្មភ្នំបានដោយសេចក្តីព្យាយាមដែលស្រក់ចុះតក់ៗរាល់ថ្ងៃ»។ចំណែកកូនគ្រាន់តែគ្មានជើងប៉ុណ្ណោះ បើកូនមានសេចក្តីព្យាយាម ហើយកូនអាចប្រសើរវិសេសជាងអ្នកមានជើងច្រើនទៅទៀត «កូនឃើញទេ អ្នកសុំទាមានដៃជើងគ្រប់គ្រាន់ដែរ ហេតុអ្វីក៏គ្មានទ្រព្យសម្បត្តិយសសក្តិ?»ម្យ៉ាងទៀត«ដូចជាយក្សទសកណ្ឌក្នុងរឿងរាមកេរ្តិ៍ មានដៃជើង ១ពាន់មានក្បាល ១០ ហេតុអ្វីច្បាស់ចាញ់ព្រះរាម និង ចាញ់ហនុមាណដែលជាសត្វទៅវិញ?»

ម្នាលកូនសំឡាញ់ ពីថ្ងៃនេះទៅកូនព្យាយាមរៀនអក្សរសាស្រ្ត និង វេជ្ជសាស្រ្តពីឪពុក

ចុះ ឪពុកនឹងបង្រៀន។១២ឆ្នាំ កន្លងផុតទៅ កុម្ភកុមារបានសំរេចវិជ្ជាអក្សរសាស្រ្ត និង

វេជ្ជសាស្រ្តយ៉ាងស្ទាត់ជំនាញ។


បន្ទាប់មកលោកឪពុកចិញ្ចឹមបាននាំទៅប្រឡងនៅទីក្រុងបានជាប់លេខ ១ ថ្នាក់បណ្ឌិតខាងពេទ្យមានកិត្តិស័ព្ទល្បីទូទៅពេញទីក្រុង។ ព្រះរាជាបានព្រះរាជប្រទានឋានន្តរសក្តិ

ជាឧត្តមមន្រ្តីកិត្តិយស ហើយទ្រង់ព្រះរាជទានបុរសមានកំលាំងពីរនាក់ និង អង្រឹងស្នែងមួយសំរាប់ជាយានជំនិះ។ តាំងពីពេលនោះមកមនុស្សទាំងឡាយនាំគ្នាហៅកុម្ភកុមារថា

«គ្រូពេទ្យជើងបួន» ដោយហេតុមានមនុស្សពីរនាក់ជាយានជំនិះនោះឯង។ចំណែកបងៗរបស់កុម្ភកុមារទាំង ៤នាក់ដែលជាទីស្រលាញ់របស់សេដ្ឋីជាឪពុកម្តាយគ្មានការសិក្សាមាំមួនទេ រវល់តែសប្បាយ ខ្លះយកប្រពន្ធចិត្តឯង ខ្លះដោយតាមពាក្យប្រពន្ធក៏រត់ចោលសេដ្ឋីអស់ទៅ បានលួយទាំងទ្រព្យសម្បត្តិ ដែលល្មមលួចបានយកទៅផង។ថ្ងៃមួយសេដ្ឋីមានជំងឺជាទម្ងន់ ហើយដោយគ្រូពេទ្យជាច្រើនមើលមិនជា ក៏បានសម្រេចចិត្តឲ្យអ្នកបំរើទៅអញ្ជើញគ្រូពេទ្យជើងបួនមកព្យាបាល ព្រោះឮល្បីថាពូកែសក្តិសិទ្ធណាស់។អ្នកបំរើបានទៅជួប

នាងទាសី ប៉ុន្តែនាងមិនប្រាប់អាថ៌កំបាំងទេ នាងបែរជានិយាយថា ខ្ញុំសព្វថ្ងៃនៅបំរើលោកគ្រូពេទ្យជើងបួន ឥឡូវលោករវល់ណាស់ទៅមើលចៅហ្វាយរបស់បងឯងមិនបានទេ សូមទៅជំរាបលោកវិញចុះ។


អ្នកបំរើទៅជំរាបសេដ្ឋីតាមដំណើររឿង។ សេដ្ឋី និង ភរិយាមិនអស់ចិត្តប្រើបំរើមកម្តងទៀតឲ្យជំរាបគ្រូពេទ្យថា «បើមើលជានឹងប្រគល់សម្បត្តិអោយទាំងអស់»។នាងទាសីឮអ្នកបំរើនិយាយដូច្នេះ ក៏នាំអ្នកបំរើទៅជួបគ្រូពេទ្យ តែនាងមិនប្រាប់ឲ្យគ្រូពេទ្យដឹងថាសេដ្ឋីនោះ

ជាឪពុកទេ។ គ្រូពេទ្យព្រមទទួលទៅមើល ហើយក៏បានព្យាបាលជាដូចបំណងសេដ្ឋី ហើយសេដ្ឋីនោះក៏បានប្រគល់សម្បត្តិអោយដូចពាក្យសន្យា។ក្នុងពេលប្រគល់សម្បត្តិ នាងទាសីចូលទៅបង្ហាញខ្លួនដល់សេដ្ឋីប្រាប់ថា «លោកគ្រូពេទ្យជើងបួននេះហើយ ជាកូនសំអប់របស់លោក ដែលឲ្យខ្ញុំយកទៅបណ្តែតទឹក។ គ្រាន់តែទាសីនិយាយប៉ុណ្ណោះ សេដ្ឋី និង ភរិយាស្ទុះមកឱបគ្រូពេទ្យសុំទោស។ គ្រូពេទ្យមានសេចក្តីត្រេកអរយ៉ាងក្រៃលែងដោយបានជួបឪពុកម្តាយ និង ដោយបានឪពុកម្តាយទទួលខ្លួនជាកូនវិញ។

ចំណែកតាព្រាហ្មណ៍ លោកគ្រូពេទ្យបានយកទៅនៅជួបជុំក្នុងត្រកូលសេដ្ឋី ឯនាងទាសីគ្រូពេទ្យបានលើកដំកើងជាបងបង្កើតយកទៅនៅជួបជុំគ្នាក្នុងត្រកូលសេដ្ឋីនោះដែរ៕


សំណួរ

១.តើកុម្ភកុមារជនរណា?

២.ក្រោយពីដឹងប្រវត្តិខ្លួន តើកុម្ភកុមារមានអារម្មណ៍ដូចម្ដេខ្លះ?

៣,តើព្រាណ្មណ៍ជាឪពុកចិញ្ចឹមបានអប់រំនិងលើកទឹកចិត្តកុម្ភកុមារដូចម្ដេចខ្លះ?

៤.ហេតុអ្វិបានជាកុម្ភកុមារមានឈ្មោះជាគ្រូពេទ្យជើងបួន?

៥.តើរឿងនេះមានតយអង្គណាខ្លះ? នណារជាតួអង្កឯក?


No comments