អត្ថបទទើបផ្សាយចេញ

ការទទួលខុសត្រូវរបស់ធនញ្ជ័យ(ថ្នាក់ទី៨)

 អំណាន៖ការទទួលខុសត្រូវរបស់ធនញ្ជ័យ


  • សិក្សាពាក្យគន្លឹះ

ទត (កិ) : មើល។

ឆាន់   (កិ) : ហូប ពិសា។

ប្រស្នា (ន) :ពាក្យ ឬសេចក្ដីដែលមានអាថ៍កំបាំង

អាត្មា  (ន) : ខ្ញុំ

និមន្ត  (កិ) : ដើរ ត្រាច់ចរ។

ចៅហ៊្វា (ន) : អ្នកកាន់ការជំនុំ

ខ.អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទ អ្នកគប្បីអានដោយយកចិត្តទុកដាក់ដើម្បីឆ្លើយសំណួរទាក់ទងនឹងសេចក្ដីលម្អិតសំខាន់ៗ កាលអាកាសនិងទំនាស។

គ.អត្ថបទ

      […] លោកគ្រូជ័យ​ស្ដាប់​ហើយ​ក៏​និមន្ដ​ទៅ​តាម​អាមាត្យ​ លុះ​ទៅ​ដល់​ហើយ​ក៏​គង់​ស្ងៀម ឯ​ព្រះ​មហាក្សត្រ​ទត​ឃើញ​​ធនញ្ជ័យហើយ​ក៏​ត្រកអរ​ណាស់​ហើយ​សួរ​ថា លោក​តា​ជ័យ​អន់​ចិត្ត​នឹង​ព្រះ​ករុណា​ ឬ​ដូចម្ដេច? ឯ​លោកតា​ជ័យ​ថ្វាយ​ព្រះពរ​ថា​ទេ ទើប​មាន​ព្រះ​បន្ទូល​ថា ត្បិត​មាន​អាចារ្យ​ពី​ស្រុក​ចិន គេ​ឱ្យ​មក​ចោទ​ប្រស្នា​យក​នគរ បើ​ដូច្នោះ​តើ​ជា​លោក​ដោះ​រួច​ឬទេ? ឯ​លោក​តា​ជ័យ​ថា ដោះ​ថ្វាយ​កុំ​ព្រួយ​ព្រះ​ហឫទ័យ ស្ដេច​ស្ដាប​ហើយ​ក៏​ត្រេក​អរ​ក្នុង​ព្រះហឫទ័យ ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​លោក​តា​ជ័យ​ថា បើ​ដូច្នោះ មាន​តែ​សឹក​ចេញ​ទើប​ជា ទើ​បលោក​តាជ័យ​ថ្វាយ​ព្រះពរ​ថា អាត្មា​ភាព​សឹក​ថ្ងៃ​នេះ​ឯង​កុំ​ព្រួយ​ព្រះ​ហឫទ័យ​ឡើយ ហើយ​ស្ដេច​ឱ្យ​សំពត់​អាវ​ក្រមា​ក្រវាត់។ 

លោកតា​ជ័យ​ទទួល​យក​សំពត់​អំពី​ព្រះមហាក្សត្រ ហើយ​លា​វិល​ទៅសឹក​ចេញ ស្លៀក​សំពត់​អាវ​ក្រវាត់​ក្រមា ហើយ​ក៏​ចូល​ទៅថ្វាយ​គាល់ ស្ដេច​ទត​ឃើញ​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា បណ្ឌិត​ជ័យ​គេ​មក​ហើយ មើលទៅ​ល្អ​សមជា​បណ្ឌិតអ្នក​ប្រាជ្ញ​បាន​ជា បើ​អ្នក​ឯណា​បួស​ហើយ​សឹក​វិញ​គេ​ហៅ​ថា បណ្ឌិតៗដូច្នោះ​ឯង​ រួច​ហើយ​ស្ដេច​ដណ្ដឹងថា ឥឡូវ​នេះ​នឹង​ឱ្យ​អាចារ្យ​ចិន គេ​ឡើង​មក​ចោទ​ប្រស្នា​ថ្ងៃ​ណា ទើប​បណ្ឌិត​ជ័យ​ក្រាបទូល​ថា ក្នុង​បី​ថ្ងៃ​ទៀតឱ្យ​ឡើង​មក​នឹង​ចោទ​ប្រស្នា​គ្នា ហើយ​បណ្ឌិតជ័យ​ឱ្យ​គេ​រក​គម្ពីរ​ឱ្យ​ច្រើន ហើយ​ឱ្យ​រក​មហាតលិក​បាន​បួននាក់ ឱ្យ​យក​ខ្មៅ​ដុស​ឱ្យ​បាន​ច្រើនដាក់​នឹង​ថាស​នោះ បួន 

ហើយ​ឱ្យ​យក​ក្ដា​ធំ​រលីង​បួន​ជ្រុង​មក​ឱ្យ ហើយ​ឱ្យ​ចាប់​ក្ដាម​ឱ្យ​បាន​៤ក្អម ហើយ​ឱ្យ​យក​ក្រដាស់​ស​ពុម្ព​ធំឱ្យ​ច្រើន​មក​ឱ្យ ទូល​ព្រះ​បង្គំ​នឹង​ធ្វើ​ប្រស្នា​ថ្វាយ​ កុំ​ព្រួយ​ព្រះរាជហឫទ័យ ឯ​ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ ឱ្យ​រក​តាម​ពាក្យ​ធនញ្ជ័យ​បង្គាប់ បាន​មក​ហើយ​ឱ្យ​យក​ទៅ​ប្រគល់​ឱ្យ​​ធនញ្ជ័យ រួច​ហើយ​ឱ្យ​បម្រើ​ទៅ​ប្រាប់​អាចារ្យ​ស្រុក​ចិន​ដែល​មក​ចត​សំពៅ​នៅ​កំពង់ នៅ​មុខ​ព្រះលាន មានព្រះ​បន្ទូល​ឱ្យ​ប្រាប់​មក​ថា បី​ថ្ងៃទៀត​ឡើង​ទៅ​ចោទ​ប្រស្នា​នឹង​អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​យើង​ចុះកុំ​ ខានឡើយ ឯ​អាចារ្យ​ស្រុក​ចិន​ស្ដាប់​ហើយ​ទទួល​តាម លុះ​ដល់​ថ្ងៃ​ត្រូវ​សន្មត់ហើយ​អាចារ្យ​ចិន​ឡើង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​ក៏​ដើរ​ចុះ​ទៅទទួល​ពាក់​កណ្ដាល​ផ្លូវ មុខ​ព្រះលាន​ស្ដេច​នោះឯង អាចារ្យ​ស្រុក​ចិន​មើល​ទៅឃើញ​​ធនញ្ជ័យដើរ​មក​អំពី​ចម្ងាយ​ហើយ​ធ្វើ​ប្រស្នា ចង្អុល​ទៅ​មើល ឯ​​ធនញ្ជ័យ​ចង្អុល​ទៅឯ​ព្រះអាទិត្យ អ្នក​ប្រាជ្ញ​ចិន​ចង្អុល​ទៅក្រៅ​ដី លា​បាត​ដៃ​ហើយ​លើក​ម្រាម​ដៃ​បញ្ឈរ​ឡើង​ទៅ​លើ អ្នក​ប្រាជ្ញ​ចង្អុល​ចុះ​ទៅ​ក្រោម ​​ធនញ្ជ័យ​ចង្អុល​មក​ខ្លួន​ឯង។

ឯ​អ្នក​ប្រាជ្ញ​ស្រុក​ចិន​សួរថា កាល​យើង​ចង្អុល​ទៅ​លើ​មេឃ ហើយ​អ្នកឯង​ចង្អុល​ទៅ​ព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ដូចម្ដេច ទើប​​ធនញ្ជ័យ​ថា អញ​ដឹងថា អ្នក​ឯង​ចង្អុល​ទៅ​លើ​មេឃ​នោះ គឺ​អ្នក​ឯង​សួរ​ថា​មាន​សត្វ​អ្វី ឯ​អញ​ចង្អុល​ទៅព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ឬ​ទេ? អ្នក​ប្រាជ្ញ​ចិន​ថា អញ​ដឹងអ្នក​ឯង​ថា​មេឃ​នោះមាន​តែ​ព្រះ​អាទិត្យ​ព្រះច័ន្ទ​នោះឯង​នៅ​លើមេឃ ទើប​អ្នកប្រាជ្ញ​ស្រុក​ចិន​ថា ដែល​អញ​ចង្អុល​ទៅ​ក្រៅ​ដី​នោះ តើ​អ្នក​ឯងថាដូចម្ដេច? ទើប​​ធនញ្ជ័យ​ឆ្លើយ​ថា​ អញ​ដឹង​ហើយ ឯង​ចង្អុល​ទៅ​ខាង​ក្រៅ​នោះថា សត្វអ្វី ទើប​​ធនញ្ជ័យថា អញ​ធ្វើ​ម្រាម​ដៃ​ឡើង​ទៅ​លើ​ជុំវិញ​នោះ តើ​អ្នក​ឯង​ថា​សត្វ​អ្វី ទើប​អាចារ្យ​ចិន​ថា អញ​ដឹង បាន​ជាឯង​ធ្វើ​ដូច្នេះ ថា​ក្រៅ​ផែនដី​មាន​ទឹក​សមុទ្រ ក្រៅ​សមុទ្រ​នោះ មាន​ភ្នំ​ចក្រ​វាល​ក្រៅ​នោះ​ឯង ទើប​អាចារ្យ​ចិន​ថា អញ​ចង្អុល​ចុះ​ក្រោម​នោះ តើ​អ្នក​ឯង​ដឹង ឬ​ទេ? ​ធនញ្ជ័យ​អញ​ដឹង ឯង​ចង្អុល​ចុះ​ក្រោម​នោះថា នៅ​លើដីនេះ តើ​មាន​សត្វ​អ្វី? ​ធនញ្ជ័យ​ថា​អញ​ចង្អុល​មក​ខ្លួន​អញ​នោះ តើ​ឯង​ដឹង​ឬទេ? ឯ​អាចារ្យ​ចិន​ថាអញ​ដឹង ឯង​ចង្អុល​ខ្លួន​ឯង​នោះថា នៅ​លើ​ដី​មាន​តែ​មនុស្ស។ សួរ​ឆ្លើយ​ទទួល​គ្នា រួច​ហើយ​អាចារ្យ​ចិនលា​ធនញ្ជ័យ​វិល​ទៅ​សំពៅ​វិញ។

លុះ​ព្រឹក​ឡើង​មក​ជួបនឹង​​ធនញ្ជ័យ ឯ​អាមាត្យ​ចិន​ធ្វើ​ប្រស្នា​ឱ្យ​ធនញ្ជ័យ ចាប់​ធ្វើ​ជា​រង្វង់ ឯ​​ធនញ្ជ័យ​ធ្វើ​បត់​ដុំ​ដៃ​បង្ហាញ​ទៅ​ អាមាត្យ​លា​ម្រាម​ដៃ​ទាំង​៥ បង្ហាញ​មក​​ធនញ្ជ័យ ​ធនញ្ជ័យ​បង្ហាញ​ម្រាម​១ បង្ហាញ​ទៅអាចារ្យ​ចិន អាចារ្យ​ចិន​ឃើញ​ហើយ​វិល​ទៅ​សំពៅ​វិញ ឯ​​ធនញ្ជ័យ​ក៏វិល​ទៅផ្ទះ​វិញ។លោកគ្រូ​សង្រាជ​បាន​ឭ​​ធនញ្ជ័យ​ចោទ​ប្រស្នា​នឹង​អាចារ្យ​ចិន ដូច្នោះហើយ ក៏​និមន្ដ​មក​សួរ​ចង់​ដឹង​ដំណើរការនោះ ជួប​នឹង​​ធនញ្ជ័យ​ជ័យ​ហើយ​ដណ្ដឹង​ថា កាល​អ្នក​ចោទ​ប្រស្នា​នឹង​ចិន​ធ្វើ​ដូចម្ដេច ទើប​​ធនញ្ជ័យ​ទូល​ថា ចិន​ធ្វើ​ដៃ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញ​ម្រាមដៃ​១។

ទើបលោកគ្រូ​សង្គ្រាជ​ដណ្ដឹងថា បើដូច្នោះ​តើដូចម្ដេច តើដូចម្ដេច ទើប​​ធនញ្ជ័យ​ថា ឯចិន​ធ្វើ​ដៃ​ជារង្វង់​ដូច្នោះ​ខ្ញុំ​ថា​ធ្វើ​អង្រុត​រុត​ត្រី ទើប​ខ្ញុំ​បង្ហាញ​កែង​ដៃនោះ ថា​បើ​អង្រុត​រុត​ត្រី​ដូច្នោះ តើ​អង្រុត​បាន​ត្រី​ប៉ុន្មាន ឯ​បង្ហាញ​ម្រាម​ដៃ​ប្រាំ​នោះថា បើ​បាន​ត្រីប៉ុណ្ណោះ ល្មម​ធ្វើ​ងៀត​បាន​៥​ចម្រៀក ឯ​បង្ហាញ​ចង្អុល​ដៃ​មួយ​ថា​ស៊ី​មួយ​ថ្ងៃ​មួយ​ចម្រៀក ក្នុង​ត្រី​មួយកន្ទុយ បាន​៥​ថ្ងៃ​ទើប​អស់។ ឯ​លោកគ្រូសង្គ្រាជ​បាន​ដឹង​ហើយ​ក៏វិល​ទៅកុដិ​វិញ។

ទើបលោក​សម្ដេច​ចៅហ្វាយ​ទៅ​សួរ​​ធនញ្ជ័យចង់​ដឹង​អំពី​ប្រស្នាចិននោះថា​ដូចម្ដេច​ប្រាប់​អញ​ផង អញ​ចង់​ដឹង​ធនញ្ជ័យ​ស្ដាប់​ហើយ​ជម្រាបថា ចិន​ធ្វើ​ដៃ ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញ​ម្រាមដៃ​១ លោក​សម្ដេច​ចៅហ្វាយ​ដណ្ដឹង​ថា បើដូច្នោះថា​ដូចម្ដេច​​ធនញ្ជ័យ​ប្រាប់​ថា​ ចិន​ឱប​ដៃ​ជា​រង្វង់នោះ​ថា នឹងចាប់​យក​នគរ។ ខ្ញុំ​បង្ហាញ​ដុំដៃ​ថា អញ​ថង​នឹង​កែង​ដៃ ចិន​បង្ហាញ​ម្រាម​៥ ថាគេ​មានគ្នា​ច្រើន ខ្ញុំ​បង្ហាញ​ចង្អុលដៃ​មួយនោះ​ថា អញតែ​ម្នាក់​ឯង អញ​វាយ​ឯង​មិន​ខ្លាច​ទេ លោក​ចៅហ្វាយ​ឭដូច្នោះ​ហើយ​ក៏វិល​ទៅ​វិញ ។

ឯ​ព្រះ​មហាក្សត្រស្ដេច​ឱ្យ​ហៅ​​ធនញ្ជ័យ​សួរថា កាល​អាចារ្យ​ចិន​គេ​ចោទ​ថា​ដូចម្ដេច​ខ្លះ ​ធនញ្ជ័យ​ក្រាបទូល​ថា កាល​អាចារ្យ​ចិន​គេ​មក​ដល់​ធ្វើ​ដៃ​ជា​ឱប​ដៃបង្ហាញ ទូល​ព្រះ​បង្គំបត់​កែង​ដែ​បញ្ឈរ​បង្ហាញ​ទៅ​វិញ ហើយ​អាចារ្យ​ចិន​បង្ហាញ​ម្រាម​ដៃ​ទាំង​៥ ទូល​ព្រះ​បង្គំ​បង្ហាញម្រាម​ដៃ​មួយទៅវិញ ទើប​ស្ដេច​មានព្រះ​បន្ទូល​ដណ្ដឹង​ថា ដូចម្ដេច​បើ​ដូច្នោះ ទើប​​ធនញ្ជ័យ​ក្រាប​ទូល​ថា ឯ​ចិន​ឱប​ដៃ​បង្ហាញ​មក​សួរថា ក្នុង​ទ្វីប​ទាំង​៤​នេះ​តើ​មាន​អ្វីខ្លះ? ទូល​ព្រះ​បង្គំ​បត់​ដុំ​ដៃ​បង្ហាញ​នោះ​ប្រាប់​ថា មាន​ព្រះ​សិនេរ​ត្រង់​កណ្ដាល ទើប​ចិន​បង្ហាញ​ម្រាម​ទាំង​៥​នោះ​ដណ្ដឹង​ថា មាន​ព្រះ​ពុទ្ធ​៥​អង្គ​បាន​ត្រាស់​ក្នុង​កប្ប​នេះ ទើប​ទូល​បង្គំ​បង្ហាញ​ម្រាម​ដៃ​មួយ នោះ​ប្រាប់​ថា​៥​អង្គ ប៉ុន្ដែ​បាន​ត្រាស់​៤​អង្គ​ទៅ​ហើយ នៅ​តែ​មួយ​អង្គទៀតមិន​ទាន់​បាន​ត្រាស់​នៅ​ឡើយ ប្រស្នា​នេះ​ដូច្នោះ​ឯង សូមទ្រង់​ជ្រាប ហើយ​​ធនញ្ជ័យ​ថ្វាយ​បង្គំ​លា​ទៅ​ផ្ទះ​វិញ។

លោក​គ្រូ​សង្គ្រាជ​និង​សម្ដេច​ចៅហ្វាយ​ទៅ​ជួបនឹង​មហាក្សត្រ ហើយ​និយាយ​តាម​ដំណើរ​ដែល​បាន​ដណ្ដឹង​​ធនញ្ជ័យ កាល​ចោទ​ប្រស្នា​នឹង​ចិនក្រាប​ទូល​ស្ដេច​ៗ​ស្ដាប់​ហើយមាន​ព្រះ​បន្ទូល​ថា វា​ប្រាប់លោក​គ្រូសង្គ្រាជ​ផ្សេង​ ប្រាប់​ចៅហ្វាយ​ផ្សេង វា​ប្រាប់​អញ​ផ្សេង​នឹង​ឱ្យ​ប្រាកដ​ជា​ប្រស្នា​ដូចម្ដេចនោះមិន​បាន​ឡើយ ស្ដេច​នូវ​អស់​ទាំង​នាម៉ឹន​ខ្លាច​ប្រាជ្ញា​​ធនញ្ជ័យ​ណាស់។

ឯ​​ធនញ្ជ័យ​ក៏​វិល​ទៅផ្ទះ ហើយយក​ខ្មៅ​ដុស​ក្ដារ​៤​ជ្រុង​ ក្រដាស់​ស និង​គម្ពីរ​ដែល​ឱ្យគេរក ហើយ​នឹង​ក្ដាម​ដែល​ដាក់​ក្នុង​ក្អមទាំង​៤​នោះមក​ ហើយ​ក៏យក​ក្ដាម​ដាក់​ត្រង់​កណ្ដាល ហើយ​យក​ថាសដាក់​ទឹក​ខ្មៅ ដាក់​គ្រប់​ជ្រុង​ទាំង​៥ ហើយ​យក​ក្រដាស​ក្រាល​លើ​ក្ដារ ហើយ​យក​ក្ដាម​ដាក់​ក្នុង​ថាស​ទឹក​ខ្មៅឱ្យ​វា​វារ​ឡើង​លើ​ក្រដាស់​នោះ ឯ​ទឹក​ខ្មៅ​នៅប្រឡាក់​នៅ​ជើង​ក្ដាមវារ​នោះ ដិត​ជាប់​នឹង​ក្រដាស់​នោះច្រើន ហើយ​យក​ទៅ​ហាល​ថ្ងៃ​ លុះ​ធ្វើ​ដូច្នោះ ឯង​បាន​ច្រើន​ហើយ ឱ្យ​យក​គម្ពីរ​មក​រុំ​ទុក ហើយ​យក​ក្រដាសមក​ដាក់​​ឱ្យ​ក្ដាម​វាវារ​លើ​ជាច្រើនទៀត រួច​ហើយ​ឱ្យ​យក​ក្ដារ​និង​ទឹក​ខ្មៅ​ទៅទុក ទើប​ឱ្យ​កូន​ក្មេង​មក​អង្គុយ​ច្រើន ហើយ​យក​ក្រដាស​មួយ​ពុម្ព​ម្នាក់ៗ​ឱ្យ​ក្មេង​អស់នោះទន្ទេញ​ថា​ផ្ដេស​ផ្ដាស​ទៅតាម​តែ​ក្មេង​ណា​ចង់​ថាទៅ ឱ្យ​ឭ​ដូច​ក្មេង​រៀន​អក្សរ​សាស្រ្ដ ឯ​អ្នក​ប្រាជ្ញ​ចិន​នោះ លុះ​ដល់​ព្រឹក​ឡើង​ហើយ ឡើង​ពី​សំពៅ​មក​ផ្ទះ​​ធនញ្ជ័យ នឹង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​មើល​ទៅ​ឃើញ​អាចារ្យ​មក​ដល់​ហើយ ក៏​ដើរ​ទៅទទួល​ចាប់​ដៃ​ចូល​មក​អង្គុយ​លើ​កៅអី 

ហើយ​​ធនញ្ជ័យ​ឱ្យ​យក​ទឹក​តែ​មក​ឱ្យ​អាចារ្យ​ផឹក ឯ​ក្មេង​ៗ​ទាំង​នោះក៏​រៀន​អក្សរ​ឭ​កង​រំពងនឹង​ស្ដាប់​ភាសា​គ្នា​មិន​បាន ឯ​អាចារ្យ​ចិន​ឃើញអស់​ក្មេង​រៀន​សំបុត្រ​ហើយ​ឱ្យ​យក​ទៅបក​មើល មិន​ស្គាល់​តួអក្សរ​ដល់​១​សោះ ​ធនញ្ជ័យ​សួរ​ថា អាចារ្យ​ស្គាល់​អក្សរ​នេះ​ឬទេ អាចារ្យ​ចិន​ថា​ទេ ​ទើបធនញ្ជ័យ​ថា នេះ​គេ​ហៅ​អក្សរ​មីង​ឆ្វេង​ អក្សរ​ព្រាហ្មណ៍​ចាម បើ​មិន​ស្គាល់​ដូច្នេះ​នឹង​ឆ្លើយ​ប្រស្នា​នឹង​គ្នា​មិន​បាន​ទេ អ្នក​ឯង​ចាញ់​អញ​នឹងអក្សរ​នេះ​ហើយ អាចារ្យ​ចិន​ទទួល​ព្រម ​ធនញ្ជ័យ​ថា បើ​ចាញ់​ហើយ​អញ​យក​តែ​របស់​ក្នុង​សំពៅទាំង​៤ ឯ​សំពៅនោះ អញ​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ឯ​នគរ​ក៏​អញ​ថ្វាយ​ទៅក្រុង​ចិន​វិញ​ដែរ តែ​អំពីថ្ងៃ​នេះ បើ​ឭ​ឈ្មោះ​​ធនញ្ជ័យ អ្នកប្រាជ្ញ​ឱ្យ​ខ្លាច​គ្រប់​ប្រទេស​ទៅ អាចារ្យ​ចិន​ក៏​ព្រម​ឱ្យ​របស់​ក្នុង​សំពៅទាំង​៤​នោះ ហើយ​ក៏​បើក​សំពៅទៅស្រុក​ចិន​វិញ ឯ​​ធនញ្ជ័យ​កាល​បើ​បាន​របស់​អំពី​សំពៅទាំង​បួន​នោះ ហើយ ឱ្យ​បញ្ជូន​អស់​ទ្រព្យ​នោះ ទៅថ្វាយ​ព្រះបាទ​ជា​ម្ចាស់​ទាំង​អស់​នឹង​មាន​យកជារបស់​ខ្លួន​ក៏ទេ ឯ​ព្រះមហាក្សត្រ បាន​ឭថា​​ធនញ្ជ័យ​ឈ្នះ​ប្រស្នា​អាចារ្យ​ចិន​ដូច្នោះហើយ លុះ​ដល់​ឃើញ​​ធនញ្ជ័យ​ឱ្យ​ជញ្ជូន​អស់​របស់​ទ្រព្យ​មក​ថ្វាយដូច្នោះ ក៏​ត្រេកអរ​ក្នុង​ព្រះហឫទ័យ ហើយ​មាន​ព្រះ​បន្ទូល​ថា​ធនញ្ជ័យ​ឯង​បាន​ទុក​ខ្លះ​ហើយ​ឬទេរបស់​ទាំង​អស់​នេះ ​ធនញ្ជ័យ​ក្រាបទូល​ថា ទូល​ព្រះ​បង្គំ​ពុំ​បាន​យក​ទុក។ 

សំណួរ

១.តើការដោះប្រស្នាលើកនេះគេផ្នាល់ដាក់អ្វី?

២.តើអ្នកប្រាជ្ញចិនសុខចិត្តចុះចាញ់លើប្រធានបទអ្វី?

៣.តើទទួលខុសត្រូវលើកនេះ ជាការទទួលខុសត្រូវដូចម្ដេចចំពោះវាសនាប្រទេសជាតិ?



No comments